យុវជនខ្មែរ១២រូបទទួលឱកាសបណ្តុះបណ្តាលភាពយន្តខ្លីរយៈពេល១ឆ្នាំពេញពី«ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៨

  • 2025-04-07 03:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ២០១៨មក «ក្រុមភាពយន្តឈូករ័ត្ន» (Sunflower Film Alliance - SFA) បានចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ តាមរយៈ ការបណ្តុះបណ្តាលដល់យុវជនខ្មែរ គាំទ្រការផលិត ភាពយន្តខ្លី និងមហោស្រពភាពយន្តខ្លីចតុមុខ។ ឆ្នាំនេះ ដើម្បី បង្កើនទាំងបរិមាណ និងគុណភាពធនធានមនុស្ស ក្នុងបរិប្រព័ន្ធភាពយន្ត «ឈូករ័ត្ន» បានបន្តបេសកកម្មនេះ ដោយបានជ្រើសរើស យុវជន១២រូបមកពីសាវតា ផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៧ជំនាន់មុនៗ។

សម្រាប់កញ្ញា ឃុំ ធីតា ដែលបម្រើការនៅក្រុមហ៊ុនដឹកជញ្ជូន១កន្លែង និងជាអនុប្រធាន«ក្រុមភាពយន្តឈូករ័ត្ន» ឆ្នាំ២០២៥៖ «នាងខ្ញុំចង់សិក្សាពីរៀបធ្វើការងាររបស់សមាជិកSFA និងចង់ជួយរៀបចំកម្មវិធីមហោស្រព ភាពយន្ត។ ទី២ ខ្ញុំចង់សិក្សាពីភាពយន្តឱ្យបានស៊ីជម្រៅ ជាពិសេសគឺស្វែងរកខ្លួនឯងថា នាងខ្ញុំគួរតែចាប់យក ជំនាញមួយណាក្នុងវិស័យនេះ។ ទី៣ នាងខ្ញុំចង់មានទំនាក់ទំនង និងស្គាល់គ្នាជាមួយមិត្ត និងសហការីបន្ថែម នៅក្នុងសហគមន៍ភាពយន្តឱ្យកាន់តែច្រើន សម្រាប់អាជីពរបស់នាងខ្ញុំទៅថ្ងៃមុខ។»

រីឯលោក សុខនា សុវណ្ណៈ កំពុងសិក្សាឆ្នាំទី១ ផែ្នករចនាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យន័រតុន និងជា ប្រធានផ្នែកផលិតរបស់«ក្រុមភាពយន្តឈូករ័ត្ន»ជំនាន់ទី៨នេះ បានសម្តែងចំណាប់អារម្មណ៍ថា៖ «ដោយសារ ពេលចូលក្រុមភ្លាម ពួកយើងបានទស្សនាភាពយន្តផ្សេងៗជាច្រើន។ «រាត្រីភាពយន្ត»បែបនេះ ជួយឱ្យទាំងអស់ គ្នា រៀនផង សប្បាយរីករាយផង។ កម្មវិធីនេះបានជួយកែលម្អជំនាញរបស់ខ្ញុំបាទផ្ទាល់ ក្នុងការវិភាគភាពយន្ត ដែលងាយស្រួលឱ្យខ្ញុំបាទយកមេរៀនទាំងនោះទៅអនុវត្តជាក់ស្តែង។ រាល់ភាពយន្ត សុទ្ធតែជំរុញឱ្យមាន កិច្ចពិភាក្សា និងជួយឱ្យយើងទាំងអស់គ្នាឃើញថាតើភាពយន្តមានអានុភាពខ្លំាងយ៉ាងណា សម្រាប់ការរៀន និង អនុវត្តក្នុងជីវិត និងការងារ។»

បើតាមលោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន៖ «ឆ្នាំនេះ ក្រៅពីបេក្ខភាពច្រើនជាងមុនហើយ ពួកគាត់បញ្ជាក់ការប្តេជ្ញាចិត្ត ចំពោះកម្មវិធីសិក្សាយើង តាមរយៈការបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ បើទោះបីជា ច្រើនជាងមុន៥ដងក៏ដោយ។ ក្រៅពីឱកាសសិក្សាភាពយន្ត តាមរយៈការទស្សនារឿងជុំគ្នា និង វគ្គចែករំលែក ជំនាញពីសមិទ្ធករមានបទពិសោធន៍ និងការផលិតរឿង២ប្រចាំឆ្នាំ ជំនាន់ទី៨នឹងទទួលរៀបចំ «មហោស្រព វីដេអូ​ដើម្បីកុមារអាស៊ីអាគ្នេយ៍» បន្ថែមពីលើ «មហោស្រពភាពយន្តខ្លីចតុមុខ» ដែលជា បេសកកម្មប្រចាំឆ្នាំ របស់«ឈូករ័ត្ន»គ្រប់ជំនាន់។»

គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលការបណ្តុះបណ្តាល៨សប្តាហ៍ ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ លើជំនាញចំនួន៦ គឺ៖ ផ្នែកគ្រប់គ្រងការផលិត សរសេរអត្ថបទរឿង ដឹកនាំរឿង ថតនិងចាប់ប្លង់ ថតសម្លេង និងកាត់តវីដេអូ។ ហើយទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ»ឆ្នាំ២០២៥ ក្នុងខែតុលានេះ។

ដូចជាឆ្នាំមុនដែរ ក្រៅពី«អង្គការភាពយន្តឈូករ័ត្ន» «ក្រុមភាពយន្តឈូករ័ត្ន»បានទទួលការគាំទ្រថវិកាពីមូលនិធិ Sombath Somphone Memorial Fund ដែលបញ្ជាក់ពីការបន្តទុកចិត្តដល់ក្រុមនេះ ក៏ដូចជាដៃគូ ផ្សេងៗរួមមាន Sabay News, TV5, Neal, 11:11 and Chill Out Cafe។ ក្រៅពីនេះ ដៃគូថ្មីរួមមាន៖ ផលិតកម្ម Box Media ដែលផ្តល់ទីស្នាក់ការដល់សម្មភាពបរិប្រព័ន្ធ«ឈូករ័ត្ន» និង «សាលាសិល្បៈសម្តែង» ដោយសារ«ឈូករ័ត្ន»មានបំណងភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុងសហគមន៍ ភាពយន្ត និងសិល្បៈកម្ពុជាទាំងមូល។

ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន»នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មីនេះ ប្រកបដោយ ភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖​ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

អំពី «ក្រុមភាពយន្តឈូករ័ត្ន»

ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film​ ​Alliance (SFA) គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយ អង្គការភាពយន្ត ឈូករ័ត្ន - Sunflower Film Organization (SFO) ។ ក្រុមភាពយន្តឈូករ័ត្ន មាន សមាជិកចូលរួមដោយ អ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលពួកគាត់សុទ្ធតែមាន ចំណង់ចំណូលចិត្ត ទៅលើជំនាញ ផលិតភាពយ​ន្ត ដែលមានអាយុ​ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការភាពយន្តឈូករ័ត្នបានចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ ចំណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

ក្រុមភាពយន្តឈូករ័ត្នក៏បានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ ២០១៧ ដែល រួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ទូរទស្សន៍ ជាតិ​កម្ពុជា (ទទក) និងភាពយន្តខ្លីៗជាច្រើនទាក់ទងនឹង គ្រួសារ និងសង្គមមិនតិចជាង១០ចំណងជើង ដោយរឿងខ្លះត្រូវបានជ្រើសរើសដោយមហោស្រព ភាពយន្តផ្សេងៗទៀត។ ដោយឡែកក្រុមនេះ ក៏ទទួលបន្ទុករៀបចំ មហោស្រពភាពយន្ត ខ្លីចតុមុខ​ (Chaktomuk Short Film Festival) ជារៀងរាល់ឆ្នាំ ដើម្បីបើកឱកាសឱ្យសមិទ្ធករថ្មីថ្មោងឯទៀតៗ។ តាំងពីឆ្នាំ ២០១៩ ក្រុមនេះក៏ បានរៀបចំកម្មវិធី«តស់ ថត ឯកសារនៅកម្ពុជា» (Let’s Document Cambodia) ដោយបាន បណ្តុះបណ្តាល យុវជននៅភ្នំពេញ និងតាមខេត្តនានាបានមិនតិចជាង ២០០នាក់ទេ។ ក្រុមភាពយន្តឈូករ័ត្ន មានគោលដៅដ៏ចម្បង គឺចង់ឱ្យមាន ការ​យល់ដឹង កាន់តែ ទូលំទូលាយ អំពីការផលិត ភាពយន្ត ដើម្បីកសាងឧស្សាហកម្ម ភាពយន្តកម្ពុជាឱ្យ រឹងមានដោយ រៀបចំវគ្គ បណ្តុះបណ្តាលខ្លីៗ និង ចាក់បង្ហាញស្នាដៃ តាមប្រព័ន្ធផ្សព្វផ្សាយនានា និង រោង ភាពយន្ត ឬមហោស្រពនានា ជាមួយ​សម្ព័ន្ធមិត្តតាមបណ្តាខេត្តនៅកម្ពុជា ក៏ដូចជា ដៃគូនៅ ក្រៅស្រុក ដើម្បីនាំស្នាដៃយុវជនខ្មែរ ឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • លោក អ៊ុង ស៊ីវថុង
  • ប្រធាន«ក្រុមភាពយន្តឈូករ័ត្ន»ឆ្នាំ ២០២៥ ទទួលបន្ទុកព័ត៌មាន
  • +855 16 570 001
  • sivthong.ung@gmail.com