ប្លែកមែន! ចិន រៀបចំការប្រណាំង ម៉ារ៉ាតុង លើកដំបូងបង្អស់លើពិភពលោក រវាងមនុស្ស និងមនុស្សយន្ត
- 2025-04-24 08:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមែន! ចិន រៀបចំការប្រណាំង ម៉ារ៉ាតុង លើកដំបូងបង្អស់លើពិភពលោក រវាងមនុស្ស និងមនុស្សយន្ត
ចន្លោះមិនឃើញ
ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតម៉ារ៉ាតុង (២១ គីឡូម៉ែត្រ) ដំបូងគេលើលោករវាងមនុស្ស និងមនុស្សយន្ត កាលពីពេលថ្មីៗនេះ នៅតំបន់ Yizhuang ទីក្រុងប៉េកាំង។ មនុស្សយន្តមានរាងដូចមនុស្សចំនួន ២១ គ្រឿង បានប្រកួតជាមួយអ្នករត់ប្រណាំង ដែលជាមនុស្សជាង ១២,០០០ នាក់ ដែលបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យាមនុស្សយន្តរបស់ចិន នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនេះ។
ការប្រណាំងនេះបានប្រព្រឹត្តទៅនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង (E-Town) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់។ មនុស្សយន្តទាំងនោះ មកពីក្រុមហ៊ុនចិនដូចជា DroidVP, Noetix Robotics និង UBTech មានទំហំចាប់ពី ១២០ សង់ទីម៉ែត្រ ដល់ ១៨០ សង់ទីម៉ែត្រ។ ពួកវាត្រូវបានរចនាឱ្យដើរឬរត់ដោយជើងពីរ ដោយហាមប្រើកង់ និងត្រូវមានរាងស្រដៀងមនុស្ស។ មនុស្សយន្តខ្លះមានលក្ខណៈពិសេសដូចជាមុខស្ត្រី អាចញញឹម ឬងក់ភ្នែក ដែលបន្ថែមភាពទាក់ទាញដល់ព្រឹត្តិការណ៍នេះ។
មនុស្សយន្តឈ្នះលេខ១ គឺ Tiangong Ultra ដែលផលិតដោយមជ្ឈមណ្ឌលនវានុវត្តន៍មនុស្សយន្តប៉េកាំង ដោយបញ្ចប់ការប្រណាំងក្នុងរយៈពេល ២ ម៉ោង ៤០ នាទី និង ៤២ វិនាទី។ ទោះបីជាលទ្ធផលនេះគួរឱ្យចាប់អារម្មណ៍ ក៏វានៅយឺតជាងអ្នកឈ្នះផ្នែកមនុស្ស ដែលបញ្ចប់ក្នុងរយៈពេល ១ ម៉ោង ២ នាទី។ Tiangong Ultra ដែលមានកម្ពស់ ១,៨ ម៉ែត្រ បានធ្វើត្រាប់តាមរបៀបរត់ម៉ារ៉ាតុងរបស់មនុស្ស ប៉ុន្តែត្រូវផ្លាស់ប្តូរថ្មចំនួន ៣ ដងក្នុងអំឡុងការប្រណាំង។
ទោះបីជាមានភាពជឿនលឿន មនុស្សយន្តជាច្រើនបានជួបបញ្ហាបច្ចេកទេស។ មនុស្សយន្តមួយចំនួនបានដួលនៅចំណុចចាប់ផ្តើម ដោយមួយគ្រឿងបានដេករាបស្មើរអស់ជាច្រើននាទី ខណៈមួយទៀតបានបុករបាំង ធ្វើឱ្យអ្នកបច្ចេកទេសដួលតាម។ មនុស្សយន្តភាគច្រើនត្រូវការអ្នកជួយរត់តាម ឬប្រើខ្សែ និងឧបករណ៍បញ្ជាពីចម្ងាយដើម្បីការពារការដួល។ មានតែ ៦ គ្រឿងប៉ុណ្ណោះក្នុងចំណោម ២១ គ្រឿង ដែលបញ្ចប់ការប្រណាំង។
ការប្រណាំងនេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីមហិច្ឆតាបច្ចេកវិទ្យារបស់ចិន។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានចាត់ទុកឧស្សាហកម្មមនុស្សយន្តជា “ជួរមុខថ្មីនៃការប្រកួតប្រជែងបច្ចេកវិទ្យា” ដោយកំណត់គោលដៅផលិតមនុស្សយន្តទ្រង់ទ្រាយធំនៅឆ្នាំ២០២៥។
ចិន មានគម្រោងរៀបចំកម្មវិធីកីឡាមនុស្សយន្តមួយទៀតនៅខែសីហា ឆ្នាំ២០២៥ ដែលរួមមានការប្រកួតរត់ បាល់ទាត់ និងការប្រកួតជំនាញផ្សេងទៀត។ ព្រឹត្តិការណ៍ទាំងនេះនឹងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តរបស់ចិន ដែលត្រូវបានគេមើលឃើញថាជាកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច៕