មុខបែកសុះ ភ្នែកជាំ មួយប្រកួតទើបបញ្ចប់ទៅនេះ វង្ស ណយ ធ្វើឲ្យអ្នកគាំទ្រហើបគូទពីកៅអីនៅចុងទឹកទី ៣

  • 2025-05-25 04:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុនខ្មែរពីភេជ្ជៈ​ WUSKZ រវាងកីឡាករ វង្ស ណយ និងកីឡាករ លឿន វ៉ានដេន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងចំណោមការប្រកួត ៥គូផ្សេងទៀតដែលរៀបចំឡើងនៅលើទឹកដីវៀតណាម ដោយមានកីឡាករ-កីឡារិនីខ្មែរល្បីៗចូលរួមប្រកួត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

រូបថត និងវីដេអូ៖ ហ្វេសប៊ុក វង្ស ណយ

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កីឡាករ វង្ស ណយ បានបង្ហោះវីដេអូ និងរូបថត ១សន្លឹកបង្ហាញពីស្ថានភាពរបស់ខ្លួនទាំងអំឡុងពេលប្រកួត និងក្រោយប្រកួត។ តាមរយៈការបង្ហោះនេះ គេឃើញផ្ទៃមុខ វង្ស ណយ បែកសុះ ជាំភ្នែក ប៉ុន្ដែបើកងាកទៅមើលដៃគូប្រកួតរបស់គេវិញក៏ចូលកំណាប់ដៃ និងផ្លែជង្គង់របស់ វង្ស ណយ យ៉ាងដំណំដែរ។

លទ្ធផលប្រកួតបីទឹក ធ្វើឲ្យកីឡាករ វង្ស ណយ ចាញ់ពិន្ទុ នេះ បានធ្វើឲ្យគេចាប់អារម្មណ៍លើការវាយសន្ធាប់ពីកីឡាករជើងខ្លាំងវៀតណាម នៅបង្គោលប្រហម ចូលកណ្ដាលមុខ វង្ស ណយ ពេញៗឡើងសឺ រហូតធ្វើឲ្យអាជ្ញាកណ្ដាលរាប់តាំងដើមទឹក១តែម្ដង។ ប៉ុន្ដែនៅទឹក២ និងចុងទឹក៣ អ្នកទស្សនាបានចាប់អារម្មណ៍លើ វង្ស ណយ វិញម្ដង ដោយប្រើផ្លែជង្គង់ធ្ងន់ៗទៅលើកីឡាករ លួង វ៉ាន់ដេន។

កីឡាករវៀតណាម លួង វ៉ាន់ដន ចាប់ផ្ដើមដកថយ លែងឲ្យ វង្ស ណយ ចូលក្រៀក ដោយរអានឹងផ្លែជង្គង់របស់ វង្ស ណយ។ ប៉ុន្ដែនៅពាក់កណ្ដាលទឹក៣ វង្ស ណយ បានល្បួងជាប់ហើយព្រលែង ២ជង្គង់ធ្ងន់ៗធ្វើឲ្យកីឡាករ វៀតណាម ចុកួលទៅលើតាប៊ី អាជ្ញាកណ្ដាលរាប់រហូតដល់ ៨។

ជាលទ្ធផល ក្រោយបញ្ចប់ទឹក៣ វង្ស ណយ នៅតែចាញ់ពិន្ទុ ដោយគេមើលឃើញថា បើទោះបីជា ការប្រកួតដ៏ស្វិតស្វាញនេះធ្វើឲ្យគូប្រកួតត្រូវអាជ្ញារកណ្ដាលរាប់ម្ដងម្នាក់ក៏ពិតមែន ប៉ុន្ដែកីឡាករវៀតណា បានប្រើកណ្ដាប់ដៃចូលកីឡាករ វង្ស ណយ ច្រើនជាង។ ប៉ុន្ដែតាមរយៈការប្រកួតនេះ ក៏មានអ្នកគាំទ្រមួយចំនួនលើកឡើងថា លទ្ធផលចាញ់ ប៉ុន្ដែវង្ស ណយ បានយកឈ្នះចិត្ដអ្នកគាំទ្របាត់ទៅហើយ ដោយការតស៊ូវាយមិនដកថយ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី