រដ្ឋាភិបាលថៃ គ្រោងដោះស្រាយបញ្ហាជម្លោះព្រំដែន ជាមួយកម្ពុជា ដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

  • 2025-06-04 06:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា ខ្លួនកំពុងខិតខំប្រឹងប្រែងអស់លទ្ធភាពដើម្បីការពារអធិបតេយ្យភាពជាតិនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា និងមានផែនការដោះស្រាយបញ្ហានេះដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុផ្ទុះអាវុធរវាងទាហានថៃ និងទាហានកម្ពុជានៅតំបន់ព្រំដែន មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រដ្ឋាភិបាលផ្តល់អាទិភាពលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ថៃ ដោយផ្អែកលើមធ្យោបាយសន្តិភាព ច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។ ទាក់ទងនឹងឧប្បត្តិហេតុនៅ Chong Bok សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កងកម្លាំងថៃបានការពារខ្លួន និងតំបន់អធិបតេយ្យភាពរបស់ថៃ ដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ។

នៅថ្ងៃទី២៩ ខែឧសភា មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅច្រកព្រំដែនខេត្តសុរិន ដើម្បីស្វែងរកមធ្យោបាយជៀសវាងការប៉ះទង្គិចបន្ថែមទៀត។ កងទ័ពថៃបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងឱ្យកងទ័ពដកថយចេញពីតំបន់នោះ ដើម្បីកាត់បន្ថយភាពតានតឹង ខណៈរង់ចាំកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនរួម (JBC) ដែលរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភុមថាំ វេជ្ជាយ៉ាជៃ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីដោះស្រាយវិបត្តិនេះដោយជៀសវាងការប្រឈមមុខ ដាក់គ្នាបន្ថែមទៀត។ លោកបាននិយាយនៅលើហ្វេសប៊ុកថា៖ «ខ្ញុំសូមធានាថា យើងនឹងជៀសវាងការកើនឡើងនៃជម្លោះ ដែលនឹងនាំឱ្យមានការខាតបង់សម្រាប់ភាគីទាំងពីរគ្រប់រូបភាព។»

អត្ថបទ ៖ Nich