កម្មវិធីសម្ពោធជាផ្លូវការភ្នាក់ងារផ្តល់សេវាកម្មតារាបង្ហាញម៉ូដអន្តរជាតិ COMERCI TALENT ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Rosewood Phnom Penh
- 2025-06-10 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីសម្ពោធជាផ្លូវការភ្នាក់ងារផ្តល់សេវាកម្មតារាបង្ហាញម៉ូដអន្តរជាតិ COMERCI TALENT ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Rosewood Phnom Penh
ចន្លោះមិនឃើញ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT បានបង្ហាញខ្លួននៅក្នុងទីផ្សារហ្វេសិននៃប្រទេសកម្ពុជាហើយ ដោយក្រុមហ៊ុនបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃភ្នាក់ងារ COMERCI TALENT ដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះបានរៀបចំឡើងនៅក្នុងសណ្ឋាគារ Rosewood Phnom Penh។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភ្នាក់ងារខ្នាតអន្តរជាតិ COMERCI TALENT គឺជាភ្នាក់ងារតំណាងឱ្យម៉ូដែលលំដាប់អន្តរជាតិ និងលំដាប់ពិភពលោក ដែលប្រមូលផ្តុំដោយតារាម៉ូដែលពេញដោយទេពកោសល្យ មានជំនាញច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យដើរបង្ហាញម៉ូដខ្នាតធំលំដាប់អន្តរជាតិ។
នៅក្នុងឱកាសនោះដែរ ក្រៅពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT ប្រចាំនៅប្រទេសកម្ពុជា និងតារាម៉ូដែលលំដាប់អន្តរជាតិនៃភ្នាក់ងារ COMERCI TALENT ជាច្រើនរូបបានចូលរួម ក៏មានការអញ្ជើញចូលរួមពីសំណាក់តារាសម្តែង តារាម៉ូដែលល្បីឈ្មោះ និងអ្នកមានឥទ្ធិពលនៅក្នុងវិស័យហ្វេសិននៅក្នុងប្រទេសកម្ពុជាចូលរួមយ៉ាងច្រើនកុះករផងដែរ ដែលញ៉ាំងឱ្យកម្មវិធីទាំងមូលកាន់តែសប្បាយរីករាយ និងអធិកអធមឡើង។
ក្នុងនោះដែរ នាយកប្រតិបត្តិនៃក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT លោក Tino និងលោក Eric Comerci ដៃគូ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT បានផ្តល់នូវព័ត៌មានយ៉ាងលម្អិតទាក់ទងនឹងសេវាកម្ម និងជំនាញរបស់ភ្នាក់ងារ COMERCI TALENT ថា៖ “COMERCI TALENT គឺជាភ្នាក់ងារគ្រប់គ្រងតារាបរទេសដែលពេញដោយទេពកោសល្យ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
យើងតំណាងឱ្យតារាម៉ូដែលអន្តរជាតិ អ្នករាំ អ្នកចម្រៀង តន្ត្រីករ ឌីជេ និងពិធីករល្បីល្បាញជាច្រើន។ ក្នុងនាមខ្ញុំជាជនបរទេស ខ្ញុំដឹងថាវាលំបាកប៉ុណ្ណាក្នុងការរស់នៅប្រទេសផ្សេងឆ្ងាយពីគ្រួសារ ដោយព្យាយាមដើរតាមក្តីស្រមៃរបស់ខ្លួនយើង។ នោះហើយជាមូលហេតុដែលខ្ញុំបង្កើតទីភ្នាក់ងារនេះឡើង ដូច្នេះជនបរទេសដែលមកធ្វើការជាមួយពួកយើង ពួកគេអាចមានកន្លែងដែលពួកគេមានអារម្មណ៍ថា ដូចនៅផ្ទះរបស់ពួកគេ ព្រមទាំងទទួលបានការគោរព និងការគាំទ្រ គឺយើងជួយពួកគេឱ្យរីកចម្រើន មានអារម្មណ៍សុវត្ថិភាព និងស្វែងរកកន្លែងរបស់ពួកគេនៅទីនេះ”។
ក្នុងនោះ កញ្ញា Sydney Marith តារាម៉ូដែលសញ្ជាតិខ្មែរ-អាមេរិកាំង ជាម្ចាស់ជ័យលាភីលេខ1នៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ និងទេពកោសល្យលំដាប់អន្តរជាតិ Miss Supranational Cambodia 2025 ក៏មានវត្តមានចូលរួម និងជួយសម្របសម្រួលនៅក្នុងកម្មវិធីនេះផងដែរ ព្រមទាំងបានចូលរួមចែករំលែកនូវបទពិសោធន៍របស់នាងនៅក្នុងអំឡុងពេលនៃកម្មវិធីប្រកួត Miss Supranational Cambodia នៅក្នុងវគ្គសិក្ខាសាលានារសៀលថ្ងៃកម្មវិធីនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកាសបើកជាផ្លូវការក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT នៅក្នុងប្រទេសកម្ពុជា គឺជាដំណឹងដ៏ល្អ និងជួយលើកកម្ពស់វិស័យបង្ហាញម៉ូដនៅក្នុងប្រទេសយើងជាខ្លាំង ហើយក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT ក៏បានផ្តល់នូវឱកាសការងារជាច្រើនដល់តារាបង្ហាញម៉ូដ ឌីជេ អ្នករាំ អ្នកសម្តែង និងអ្នកមានទេពកោសល្យនៅក្នុងវិស័យបង្ហាញម៉ូដ ទាំងអ្នកនៅក្នុងប្រទេសកម្ពុជាផ្ទាល់ តារាម៉ូដែលកូនកាត់ខ្មែរ-បរទេស និងអ្នកនៅក្រៅប្រទេសដែលមានទេពកោសល្យពិសេស និងមានរូបរាងដ៏ស្រស់ស្អាតជាច្រើនរូបផងដែរ ។ ហើយលើសពីនេះទៅទៀត ក្រុមហ៊ុនក៏នឹងជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលត្រូវបានពិភពលោកស្គាល់កាន់តែច្រើន និងល្បីល្បាញនៅលើឆាកអន្តរជាតិក្នុងវិស័យដើរម៉ូដ វិស័យសិល្បៈ និងវិស័យហ្វេសិនផងដែរ។
កម្មវិធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT ដែលជាភ្នាក់ងារផ្តល់នូវសេវាកម្មតារាបង្ហាញម៉ូដលំដាប់អន្តរជាតិនេះរៀបចំឡើងដោយ ភ្នាក់ងារ COMERCI TALENT និងសហការឧបត្ថម្ភដោយសណ្ឋាគារ Rosewood Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ5 នៅក្នុងអគារ វឌ្ឍនៈ កាពីតាល។
អំពីក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT៖ ក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT នឹងផ្តល់នូវម៉ូដែលដ៏ស្រស់ស្អាត និងទាក់ទាញ ឌីជេ អ្នករាំ អ្នកចម្រៀង តន្ត្រីករ ពិធីករ និងអ្នកសម្ដែង ដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងសេវាកម្មរបស់លោកអ្នកទៅតាមតម្រូវការ និងការចង់បានរបស់អតិថិជន។ យើងមានម៉ូដែលមកពីប្រទេសបារាំង អាមេរិក ឡាទីន រុស្ស៊ី កូរ៉េ ចិន ម៉ិកស៊ិកូ និងជាច្រើនប្រទេសទៀត។ សេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT មានលក្ខណៈប្លែកពីគេ ព្រមទាំងមានតារាម៉ូដែលដែលមានជំនាញ និងមានវិជ្ជាជីវៈខ្ពស់ យើងធានាថានឹងផ្តល់នូវសេវាកម្មដ៏ល្អបំផុតដល់អតិថិជន ដើម្បីតំណាង និងផ្សព្វផ្សាយផលិតផល និងអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេកក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 092 45 55 55៕