ប្រទេសអូស្ត្រាលី រកឃើញកំណប់អណ្ដូងរ៉ែដែក ធំបំផុតលើពិភពលោក
- 2025-06-25 08:28:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអូស្ត្រាលី រកឃើញកំណប់អណ្ដូងរ៉ែដែក ធំបំផុតលើពិភពលោក
ចន្លោះមិនឃើញ
រដ្ឋ Western Australia ប្រទេសអូស្ត្រាលី បានក្លាយជាទៅជាទីតាំង នៃកំណប់ធនធានធម្មជាតិមហាសាល ដោយសារគេទើបបានរកឃើញអណ្ដូងរ៉ែដែក ធំបំផុតលើពិភពលោក មានកំហាប់រ៉ែដែកប្រមាណ ៦០% នៃចំនួនរ៉ែសរុបក្នុងតំបន់នោះ ដែលប៉ាន់ស្មានមានប្រមាណ ៥៥ ពាន់លានតោន គិតជាទឹកប្រាក់ប្រហែល ៦ ទ្រីលានដុល្លារអាមេរិក។
ស្ថិតនៅតំបន់ Hamersley ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថា ជាទីតាំងមានរ៉ែធម្មជាតិច្រើន តាមរយៈការស្រាវជ្រាវភូមិសាស្ត្រ និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារុករករ៉ែទំនើប។ យោងតាមអ្នកជំនាញភូមិសាស្ត្រ លោកបណ្ឌិត Liam Courtney Davies ភូគព្ភវិទូ នៃសាកលវិទ្យាល័យ Curtin University បង្ហាញថា ការរកឃើញកំណប់អណ្ដូងរ៉ែដែក នៅតំបន់ Hamersley អាចជារ៉ែដែក ដែលបានកកើតឡើងនិងវិវត្តតាំងពី ១,៤ ពាន់លានឆ្នាំមុនម្ល៉េះ និងអាចមានទំហំច្រើនជាង ៥៥ ពាន់លានតោនទៅទៀត អាស្រ័យទៅលើការរុករក និងជម្រៅនៃការជីក។
ការរកឃើញកំណប់អណ្ដូងរ៉ែដែកធំបំផុតលើពិភពលោកនេះ ក៏នឹងជួយដល់ទំហំសេដ្ឋកិច្ចប្រទេសអូស្ត្រាលីផងដែរ ដោយសារតែបច្ចុប្បន្ន តម្រូវការលោហៈធាតុ និងដែកកើនឡើងខ្ពស់ ចំណែកតម្លៃវិញ ជាមធ្យម ៩៥ ដុល្លារអាមេរិក ក្នុងមួយតោន។ បន្ថែមពីនេះ តំបន់ Hamersley នឹងអាចក្លាយទៅជាតំបន់ឧស្សាហកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ច្រករបៀងដឹកជញ្ជូន ការបង្កើតរោងចក្រកែច្នៃរ៉ែដែក ការពង្រីកកំពង់ផែ និងផលិតកម្មរ៉ែដែកកើនឡើង សម្រាប់ការនាំចេញ ជំរុញដល់សេដ្ឋកិច្ចរដ្ឋខាងលិច ប្រទេសអូស្ត្រាលី។