ពណ៌បៃតង និងពណ៌ស្វាយ ទំនងជាពណ៌ថ្មីរបស់ iPhone 17 ឆ្នាំនេះ

  • 2025-06-25 10:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌បៃតង និងពណ៌ស្វាយ ទំនងនឹងមាននៅលើ iPhone 17 ឆ្នាំនេះ

នៅសល់តែជាង ២ ខែទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវ iPhone 17 Series ក្នុងអំឡុងខែកញ្ញា ២០២៥ ក្នុងនោះគេអាចនឹងបញ្ចេញ ៤ ម៉ូឌែលតែម្ដង រួមមាន៖ iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max។ យោងតាមព័ត៌មានលេចធ្លាយកន្លងមក Apple នឹងមិនសូវផ្លាស់ប្ដូររចនាបថអ្វីច្រើនឡើយ ប៉ុន្តែជំនួសមកវិញ នូវការបន្ថែមពណ៌ថ្មី អោយខុសពីឆ្នាំមុន។

iPhone 17 ក្នុងឆ្នាំនេះ ត្រូវបានលេចធ្លាយមកថានឹងមានបន្ថែមពណ៌ថ្មី គឺពណ៌បៃតង និងពណ៌ស្វាយ ជំនួសអោយពណ៌ផ្កាឈូក ពណ៌ទឹកប៊ិច និងពណ៌ទឹកសមុទ្រ ដែលធ្លាប់មានលើ iPhone 16 ហើយសម្រាប់ជម្រើសពណ៌ស និងពណ៌ខ្មៅ នឹងនៅតែបន្ដ មានវត្តមានជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ ចំពោះរចនាបថ iPhone 17 នឹងមិនរំពឹងថាខុសប្លែកពី iPhone 16 ប៉ុន្មានទេ ប៉ុន្តែឆ្នាំនេះ Apple ផ្ដល់ជម្រើសច្រើន សម្រាប់អ្នកចង់បានទូរសព្ទស្ដើង តម្លៃទាប និងកាមេរ៉ាតែ ១ គ្រាប់ អាចជ្រើសយក iPhone 17 Air ចំណែកអ្នកចង់បាន កាមេរ៉ា ៣ គ្រាប់ រចនាបថប្លែក និងអេក្រង់ 120Hz អាចមានជម្រើស iPhone 17 Pro និង 17 Pro Max វិញ។

ព័ត៌មានបែកធ្លាយកន្លងមក បង្ហើបថា iPhone 17 នឹងប្រើប្រាស់ឈីប A18 ដូចទៅនឹង iPhone 16 ឆ្នាំមុនដែរ និង RAM 8GB មានតែ iPhone 17 Pro និង 17 Pro Max ប៉ុណ្ណោះ ដែលនឹងបំពាក់ឈីបជំនាន់ចុងក្រោយ A19 និង RAM 12GB។ យ៉ាងណាមិញ iPhone 17 Series នឹងដំនើរការដោយ iOS 26 ដែលទើបប្រកាសចេញ កាលពីព្រឹត្តការណ៍ WWDC 2025 កន្លងទៅ ដែលពង្រឹងទៅលើ បទពិសោធន៍ប្រើប្រាស់ រចនា UI ប្លែកពីជំនាន់មុន មុខងារថ្មីៗសម្រាប់កម្មវិធីនៅលើ iOS សម្រាប់ មុខងារ AI និងរចនា Layout ជាច្រើនទៀត។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម