ក្រុមហ៊ុន អ្នកឧកញ៉ា សួរ វីរៈ និង ក្រុមហ៊ុន ខូលថល ស៊ីធី ចាប់ដៃគ្នា បោះទុនអភិវឌ្ឍន៍តំបន់តារាសាគរ ទំហំ ១០០ហិកតា

  • 2025-07-01 08:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ វ៉េត ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាមួយក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដំបូងលើផ្ទៃដី ១០០ហិកតា និងបង្កើតភាពជាដៃគូក្នុងគម្រោង «វ៉េត អ៊ែរវ៉េ» នៅតំបន់តារាសាគរ ខេត្តកោះកុង។ គម្រោងនេះមានចក្ខុវិស័យប្រែក្លាយតំបន់សម្បូរដោយធនធានធម្មជាតិមួយនេះ ទៅជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ប្រកបដោយនិរន្តរភាព និងទាក់ទាញភ្ញៀវទេសចរ។

ពិធីចុះហត្ថលេខាដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និង លោក Li Meng Chen អគ្គនាយកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការនេះថា៖ «ចក្ខុវិស័យរួមរបស់យើង គឺអភិវឌ្ឍន៍តំបន់តារាសាគរឱ្យក្លាយជាគោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដោយយើងនឹងបញ្ចូលគ្នានូវវប្បធម៌ដ៏ល្អផូរផង់ បរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល និងសេវាកម្មទេសចរណ៍កម្រិតខ្ពស់។ គម្រោងនេះមិនត្រឹមតែបង្កើតនូវភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងទៀតផង»។

អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា គម្រោងនេះគឺលើសពីការអភិវឌ្ឍលើទំហំដី ១០០ហិកតា តែវាជាការវិនិយោគដល់អនាគតរុងរឿង ជីវិតល្អប្រសើរ និងសុខុមាលភាពរបស់ប្រជាជននៃតំបន់មួយនេះ។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែង និងចក្ខុវិស័យរួមគ្នារបស់យើង តារាសាគរនឹងលេចចេញមុខមាត់ថ្មីនៃការរីកចម្រើន និងជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខ»។

ក្រោមគម្រោងដ៏មានសក្ដានុពលនេះ ក្រុមហ៊ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រណិត និងរស់រវើក ដើម្បីធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ គម្រោង «វ៉េត អ៊ែរវ៉េ» នឹងនាំមកនូវការអភិវឌ្ឍថ្មីស្រឡាងសម្រាប់វិស័យដឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានតារាសាគរ តាមរយៈការបង្កើត សាលាហោះហើរ (Flight School) និង ចំណតយន្តហោះចុះលើទឹក (Seaplane Terminal) ដើម្បីធ្វើឱ្យការធ្វើដំណើរមកកាន់តំបន់នេះកាន់តែមានភាពងាយស្រួល។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការបោះជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណដ៏ល្អប្រសើរដែលបង្ហាញពិភពលោកបានឃើញថា តារាសាគរ គឺជាតំបន់ទេសចរណ៍ដ៏រស់រវើក ទំនើប និងជាត្បូងពេជ្រមួយគ្រាប់ដែលកំពុងចែងចាំងក្នុងតំបន់ និងពិភពលោក៕

អត្ថបទ ៖ គីម ណារ៉ាក់