រំលឹកខួប ៨ឆ្នាំ! ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ចំពោះភារកិច្ចអាជ្ញាធរជាតិសំបូរព្រៃគុក និងដៃគូអភិរក្ស
- 2025-07-08 08:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹកខួប ៨ឆ្នាំ! ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ចំពោះភារកិច្ចអាជ្ញាធរជាតិសំបូរព្រៃគុក និងដៃគូអភិរក្ស
ចន្លោះមិនឃើញ
ថ្ងៃនេះ កាលពី ៨ឆ្នាំមុន កម្ពុជា បានធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់នូវសិល្បៈ វប្បធម៌ជាតិខ្មែរ តាមរយៈអង្គការយូនីស្កូបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងខួបលើកទី៨ ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទនរោត្ដម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា និងអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងកូនចៅដែលជាជនរួមជាតិខ្មែរទាំងអស់ជាថ្មី ចំពោះការដាក់រមណីយដ្ឋានសំបូរព្រៃគុក ជាទៅជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
យោងតាមព្រះរាជសារ ការចុះបញ្ជីនេះ បានជួយថែរក្សា និងអភិរក្សប្រាសាទសំបូរព្រៃគុក ឱ្យស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់សព្វរាជាហឬទ័យ និងគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ICC/ANGKOR-SAMBOR PREI KUK និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់។
ផ្នែកលើការស្រាវជ្រាវរបស់បុរាណវិទូ និងឯកសារនានា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈរបស់កម្ពុជានៅមុនសម័យអង្គរ ចន្លោះសតវត្សរ៍ទី៦ ដល់ទី៧។ ជារាជធានីនៃអាណាចក្រចេនឡាមានលក្ខណៈពិសេសជាច្រើន ដែលខុសប្លែកពីប្រាសាទនានា។
តួប្រាសាទ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ជ្រុង ដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយៗ និងនៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះ។ ចំណែកគំរូស្ថាបត្យកម្ម តុបតែងលម្អលើជញ្ជាំង និងផ្តែរទ្វារជាប្រភពព័ត៌មានដ៏សម្បូរបែបពីគំនិត និងជំនឿ នៃការប្រណិប័តន៍បត្តិសាសនានាសម័យចេនឡា។
ក្នុងការចុះបញ្ជីប្រាសាទ និងរចនាសម្ព័ន្ធសំណង់ប្រាសាទជិត៣០០ ក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក មាន ៤ក្រុមធំៗ គឺប្រាសាទរបងរមាស ប្រាសាទរណប កំពែងក្រុង និងក្រុមប្រាសាទសំខាន់ បីទៀត គឺប្រាសាទសំបូរ យាយព័ន្ធ និងប្រាសាទតោ។
សូមជម្រាបជូនថា តំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅតាមបណ្ដោយស្ទឹងសែន ខេត្ដកំពង់ធំ បានក្លាយជារមណីយដ្ឋានប្រវត្ដិសាស្ដ្ររបស់ខ្មែរទី៣ ក្រោយយូណេស្កូដាក់ ដាក់បញ្ចូលរមណីយដ្ឋានប្រវត្ដិសាស្ដ្រខ្មែរចំនួន ២ គឺរមណីយដ្ឋានអង្គរ ខេត្ដសៀមរាប និងព្រះសាទព្រះវិហារ នៅខេត្ដព្រះវិហារ៕