ស្ថាប័នធំៗចំនួនបួន ចាប់ដៃគ្នាសហការ ផ្ដល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក
- 2025-08-05 08:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នធំៗចំនួនបួន ចាប់ដៃគ្នាសហការ ផ្ដល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក
ចន្លោះមិនឃើញ
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស សាខាអូប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាមួយនិង មន្ទីរពហុព្យាបាល អេគីប មេឌី ខល សេនធើ (Ekip Medical Centre) និង ក្រុមហ៊ុន ហ៊ួ អ៊ិចប្រេស ខូអិលធីឌី (Hou Express Co., Ltd)
គោលបំណងនៃកិច្ចសហប្រតិបត្តិការ៖
ផ្តល់អាហារូបករណ៍ប្រចាំឆ្នាំជូនដល់សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភាសសឹក ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបានប្រារព្ធឡើងជាផ្លូវការរវាងស្ថាប័ន និងក្រុមហ៊ុនចំនួនបួនខាងក្រោម៖
• វិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
• វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូប្ញស្សី
• មន្ទីរពហុព្យាបាល អេគីប មេឌី ខល សេនធើ (Ekip Medical Centre)
• ក្រុមហ៊ុន ហ៊ួ អ៊ិចប្រេស ខូអិលធីឌី Hou Express Co., Ltd
គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីផ្តល់អាហារូបករណ៍ប្រចាំឆ្នាំជូនសិស្សដែលកំពុងប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ គ្រួសារពលី និងគ្រួសារភាសសឹក។
ដោយមើលឃើញពីភាពចាំបាច់ និងតម្រូវការ របស់ប្រទេសជាតិកំពុងជួបការលំបាកដែលរងផលប៉ះពាល់ពីសង្គ្រាម ស្ថាប័នទាំងបួនខាងលើបានយល់ឃើញថា ការអប់រំជាកត្តាចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិវែងឆ្ងាយ។ ប្រសិនបើយើងអាចជួយឲ្យសិស្សានុសិស្ស និងយុវជនបានបន្តការសិក្សា ពួកគេនឹងអាចមានជីវភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រក្នុងសង្គម និងបង្កើតឱកាសថ្មីៗសម្រាប់ជីវិតពួកគេ ជាពិសេសនិងអាចក្លាយជាធនធានពិតប្រាកដដើម្បីជួយគ្រួសារ សហគមន៍ និងប្រទេសជាតិយើងនាពេលខាងមុខ។
ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៍ កតញ្ញូចំពោះជាតិ និងស្មារតីរួបរួមសាមគ្គី។
កន្លងមកនេះ វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមដោយឧបត្ថម្ភ និងជួយយុវជនជំនាន់ក្រោយ តាមរយៈកម្មវិធីអាហារូបករណ៍ សិក្លាសាលាអប់រំ វគ្គបណ្តុះបណ្តាល និងគម្រោងចុះកិច្ចការសហគមន៍ជាច្រើននាពេលកន្លងមក។
ស្ថាប័នទាំងបួនបានឯកភាពគ្នាយ៉ាងមុតមាំថា នេះជាការចូលរួមតាមជំនាញ និងធនធានដែលខ្លួនមាន ព្រោះក្នុងកាលៈទេសៈនេះ ការចូលរួមជួយជាតិមាតុភូមិពិតជាចាំបាច់ណាស់។
ទន្ទឹមនឹងនេះ ស្ថាប័នទាំងបួនមានការប្ដេជ្ញាចិត្តថា៖
• ធ្វើការជាដៃគូដោយមានភាពស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក;
• រក្សាការទំនាក់ទំនងបើកចំហសម្រាប់ការសម្របសម្រួល និងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ
• ប្រាកដថាកិច្ចសហប្រតិបត្តិការនេះនឹងអាចផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត សហគមន៍ និងសង្គមជាតិទាំងមូល។
ដូច្នេះ សូមសិស្សានុសិស្សដែលមានជីវភាពលំបាក និងប្អូនៗដែលមកពីគ្រួសារពលី និងភៀសសឹក អាចមកដាក់ពាក្យស្នើរសុំអាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូប្ញស្សី ដែលមានការផ្តល់ជូនអាហារូបករណ៍ដោយស្ថាប័នពីរធំៗខាងលើ គឺមន្ទីរពហុព្យាបាល អេគីប មេឌីខល សេនធើ (Ekip Medical Centre) និងក្រុមហ៊ុន ហ៊ួ អ៊ិចប្រេស ខូអិលធីឌី (Hou Express Co., LTD)។ ការផ្តល់ជូននេះនឹងធ្វើទៅតាមកម្រិតជាក់ស្ដែង និងមានតែតាមរយៈ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូប្ញស្សី តែមួយគត់។
ទំនាក់ទនងសម្រាប់ព័ត៌មានបន្ថែម៖
០១០ ៨៨៤ ២៣១/០៩៦ ៣១៦ ៧១៧១/០៨៧ ៤៦៥ ៤៤៨/០១៥ ៥៤១ ១៩៧
តេឡេក្រាម៖ puciflorussey