រលាស់ខ្លួនភឹងចេញពីថៃលើការនាំចូលប្រេង ប្រទេសពីរនេះ នឹងក្លាយគោលដៅបង្កើនការបញ្ជាទិញរបស់កម្ពុជា
- 2025-08-19 07:53:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលាស់ខ្លួនភឹងចេញពីថៃលើការនាំចូលប្រេង ប្រទេសពីរនេះ នឹងក្លាយគោលដៅបង្កើនការបញ្ជាទិញរបស់កម្ពុជា
ចន្លោះមិនឃើញ
កម្ពុជា បាននាំចូលប្រេងម៉ាស៊ូត សាំង និងឧស្ម័នហ្គាស ដើម្បីបំពេញតម្រូវការលើគ្រឿងយន្ដគ្រប់ប្រភេទ មានបរិមាណកើនឡើងជាបន្ដបន្ទាប់។ បើគិតចាប់ពីឆ្នាំ២០២០ តម្រូវការបានហក់ឡើងដល់ចំនួន ២.៨ ពាន់លានតោន ហើយក្រសួងពាណិជ្ជកម្មកម្ពុជា បានព្យាករណ៍ថា តម្រូវការអាចនឹងកើនដល់ ៤.៨ លានតោន ក្នុងឆ្នាំ២០៣០។
ប៉ុន្ដែបរិមាណនាំចូលសរុបគិតជាប្រាក់ដុល្លារក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ នេះ បានធ្លាក់ចុះចំនួន ១៣.២% ពោលគឺធ្លាក់មកនៅត្រឹម ១.២៤ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ១.៤៣ ពាន់លានដុល្លារ។
មិនបានបញ្ជាក់ពីមូលហេតុ នៃការធ្លាក់ចុះការនាំចូលប្រេងម៉ាស៊ូត សាំង និងឧស្ម័នហ្គាសនៅពេលនេះ ប៉ុន្ដែបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ រហូតដល់មានការបិទការនាំចូលប្រេងទាំងស្រុងពីប្រទេសថៃ ដើម្បីចែកចាយបន្ដនៅតាមដេប៉ូនានានៅកម្ពុជា ក៏ជាផ្នែកមួយដែរ។
តួលេខឆ្នាំ២០២៤ ថៃប្រកាសថាខ្លួនបាននាំប្រេងចូលទីផ្សារកម្ពុជាចំនួន ២.២៨ ពាន់លានលីត្រ ដែលគិតជាទឹកប្រាក់ប្រមាណ ៤៧.៤៨ ពាន់លានបាត។ កាសែត The Nation Thailand បញ្ជាក់ថា កម្ពុជា គឺជាប្រទេសធំក្នុងការនាំចេញប្រេងរបស់ខ្លួនលំដាប់ទី២ បន្ទាប់ពីប្រទេសសិង្ហបុរី។
ស្ថានីយប្រេងឥន្ទៈ PTT ដែលជាក្រុមហ៊ុនជាតិរបស់ថៃ OR សរុបចំនួន ២,៧៦១ ស្ថានីយ ក្នុងនោះធ្លាប់ប្រតិបត្ដិការនាំចូល និងចែកចាយប្រេងនៅកម្ពុជាចំនួន ១៨៦ ស្ថានីយ។ បច្ចុប្បន្ន នៅកម្ពុជា បានផ្អាកការនាំចូលទាំងស្រុង ហើយកំពុងរូតរាស់ប្ដូរឈ្មោះស្ថានីយពី PTT ទៅជា PPC វិញ ដោយអ្នកជំនួញល្បីឈ្មោះក្នុងវិស័យប្រេងសាំង ហើយត្រូវបង្វែប្រភពនាំចូលពីប្រទេសផ្សេង។
បើតាមឧកញ៉ា ទៀ ស្យាម ដែលជាអ្នកទិញសិទ្ធិប្រេនធំរបស់ PTT បានបញ្ជាក់ថា ជំហ៊ានដំបូងក្រុមហ៊ុនលោកបានសម្រេចបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ ហើយប្ដូរមកប្រេនថ្មីឈ្មោះ PPC ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរជំនួសវិញ។
ក្នុងចំណោមស្ថានីយសរុបចំនួន ៣៥ ដែលក្រុមហ៊ុនលោកកំពុងសហការជាមួយគឺក្នុងនោះមានចំនួន ៣១ ស្ថានីយកំពុងដំណើរការខណៈ៤ ស្ថានីយផ្សេងទៀត កំពុងដំណើរការសាងសង់ហ្គារាសថ្មី។
តាមរយៈសេចក្ដីជូនដំណឹងមួយដែលមានចុះហត្ថលេខាដោយឧកញ៉ា ទៀ ស្យាម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឲ្យដឹងថា គិតចាប់ពីពេលដូរប្រេនចាស់ ដាក់ជំនួសមកវិញនូវប្រេនថ្មី គឺហោចណាស់ក្រុមហ៊ុន ត្រូវចំណាយពេល ៣ខែ ដើម្បីធានាបាននូវដំណើរការដោយរលូន។ ក្នុងរយៈពេលផ្លាស់ប្ដូរនេះ ក្រុមហ៊ុន ត្រូវបង្កើតរចនាសម្ព័នអាជីវកម្មថ្មី និងចាត់ចែងស្ដុកប្រេងតាមស្ថានីយនីមួយៗមុនធ្វើការផ្លាស់ប្ដូរ ប៉ុន្ដែប្រេងដែលនាំចូលមកស្ដុកនោះ មិនមែនជាប្រេងនាំចូលពីប្រទេសថៃ ដែលពលរដ្ឋកំពុងពហិការប្រើនោះឡើយ។
កម្ពុជា មានប្រភពនាំចូលប្រេងម៉ាស៊ូត សាំង និងហ្គាសពីប្រទេសសំខាន់ៗ ចំនួន ៣ គឺសិង្ហបុរី វៀតណាម និងប្រទេសថៃ។ ចង់មិនចង់ នៅពេលនេះ កម្ពុជានឹងបង្កើនការទិញប្រេងពីប្រទេសវៀតណាម និងសិង្ហបុរីទ្វេដង ដើម្បីជំនួសការនាំចូលប្រេងប្រមាណ ២៩% របស់ថៃ។ ក្នុងចំណោមប្រេងនាំចូលគិតជាទឹកប្រាក់រួមគ្នា នៃប្រទេសទាំង ៣ កន្លងទៅ គឺមានចំនួន ៥១៤ លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤។
ដើម្បីកុំឲ្យមានលេសនេះ ឬលេសនោះ ក្រោយការគំរាមហំហែងរបស់ភាគីថៃលើវិស័យថាមពល កម្ពុជាបានសម្រេចបិទការនាំចូលប្រេងទាំងស្រុងពីថៃ តាំងពីចុងខែមិថុនា ឆ្នាំ២០២៥ ហើយងាកទៅបង្កើនការបញ្ជាទិញពីប្រភពផ្សេងៗក្រៅពីថៃវិញ។ ភ្លាមៗ ផលប៉ះពាល់រយៈពេលខ្លី បានកើតមានលើបុគ្គលិកចាក់សាំង និងម្ចាស់ស្ថានីយមួយចំនួន ប៉ុន្ដែកម្ពុជាបានធ្វើពិពិធកម្មលើវិស័យនេះ ដោយឈរលើស្មារតីជាតិនិយម។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានមើលឃើញថា នេះជាឱកាសកម្ពុជាពង្រឹងខ្លួនឯងទៅវិញទេ ដោយពិពិធកម្មលើវិស័យនេះជាស្រេច ហើយតម្លៃប្រេងសាំងនៅកម្ពុជា ក៏មិនបានហក់ឡើងលើសតម្លៃទីផ្សារអន្ដរជាតិឡើយ។ អាចរលាស់ខ្លួនផ្ដាច់ពីការនាំចូលប្រេងពីថៃ ដោយងាយ ខណៈម្ចាស់ស្ថានីយសម្របខ្លួនបន្ដិចម្ដងៗលើការគ្រប់គ្រងបុគ្គលិក និងកែសម្រួលស្ថានីរបស់ខ្លួនស្របទៅតាមស្ដង់ដាក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុកនៃក្រុមហ៊ុននាំចូលប្រេង ក្រៅពីប្រទេសថៃ៕