ថៃទទួលពលករ ៣ ម៉ឺននាក់ពីស្រីលង្កា ក្រោយពលករខ្មែរ វិលត្រលប់មកកម្ពុជាវិញ!

  • 2025-08-20 09:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ ត្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ៣ លាននាក់ នៅទូទាំងប្រទេសលើវិស័យកសិកម្ម សំណង់ និងផលិតកម្ម ដោយសារតែប្រជាជនថៃមានវ័យចំណាស់ និងត្រូវពឹងផ្អែកលើកម្លាំងពលករពីបរទេស រួមទាំងប្រទេសកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្រោយពលករខ្មែរជាច្រើនសែននាក់ បានត្រលប់មកកាន់មាតុប្រទេសវិញ ប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាកង្វះខាតកម្លាំងពលកម្ម សម្រាប់បម្រើការងារ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Pongkawin Jungrungruangkit បានបញ្ជាក់ថា ពលករខ្មែរ ប្រមាណ ៥២០ ០០០ នាក់ បានត្រលប់មកប្រទេសកម្ពុជាវិញ ដែលស្មើនឹង ១២% នៃកម្លាំងពលកម្មបរទេសសរុប។ ដូចនេះ ទើបប្រទេសថៃ ចុះឈ្មោះពលករជាង ៣ ម៉ឺននាក់ មកពីប្រទេសស្រីលង្កា ហើយក្នុងនោះ ១ ម៉ឺននាក់ នឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ក្នុងដំណាក់កាលដំបូង។

ស្រីលង្កា ជាប្រទេសដែលមានភាគរយពលករទៅធ្វើការនៅក្រៅប្រទេសច្រើនបំផុត នៅតំបន់អាស៊ីខាងត្បូង ហើយកាលពីឆ្នាំ២០២៤ ពលករស្រីលង្កាជាង ៣១ ម៉ឺននាក់ បានទៅធ្វើការនៅបរទេស រួមមាន មជ្ឈិមបូព៌ា កូរ៉េខាងត្បូង និងជប៉ុនផងដែរ។

អត្ថបទ៖ Khong Phearum