សម្ពោធរឿង “ភូមិគ្រឹះអាគម” ជាស្នាដៃភាពយន្ដដំបូងរបស់ PeyPey Dy ធ្វើឲ្យតារា និងហ្វេនៗបើកភ្នែកធំៗ

  • 2025-08-26 05:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីអ្នករកស៊ីអនឡាញធម្មតា PeyPey Dy បានជ្រៀតខ្លួនចូលកាន់តែជ្រៅក្នុងមុខជំនួញធំៗ និងបានបង្កើតផលិតកម្ម Film Corner ធ្វើឲ្យមហាជនភ្ញាក់ផ្អើលតាមរយៈស្នាដៃភាពយន្ដខ្នាតធំដំបូងរបស់ខ្លួនមួយដែលចំណាយទុនថតអស់ ១០ម៉ឺនដុល្លារ។

ក្នុងឱកាសសម្ពោធខ្សែភាពយន្ដ រឿង “ភូមិគ្រឹះអាគម” កាលល្ងាចថ្ងៃទី២៥ ខែសីហា នាផ្សារទំនើប K Mall ក្នុងនាមសហផលិតករ និងជាចាងហ្វាង Film Corner PeyPey Dy បានបង្ហាញមុខជាសាធារណៈ ដើម្បីទទួលស្វាគមន៍ហ្វេនៗ និងតារាល្បីៗដោយផ្ទាល់ក្នុងទឹកមុខសប្បាយរីករាយបំផុត។

បើតាម PeyPey Dy “ភូមិគ្រឹះអាគម” ជាខ្សែភាពយន្ដបែបភ័យរន្ធត់ លាយឡំនឹងឈុតឆាកកំប្លែង បង្ហាញពីអត្ដចរិតតួអង្គផ្ទាល់តែម្ដង ដោយចំណាយពេលថត ១ឆ្នាំ ដោយមានការចូលរួមដឹកនាំសម្ដែងដោយលោក កៅ សីហា។ ការបញ្ចេញខ្សែភាពយន្ដដែលជាស្នាដៃកូនខ្មែរនៅពេលនេះ គឺលោកចង់ប្រាប់ទៅប្រទេសជិតខាងដែលតែងតែមើលស្រាលខ្មែរនោះថា ខ្មែរក៏មានលទ្ធភាព និងសមត្ថភាពផលិតភាពយន្ដខ្នាតធំល្អៗដែរ។

លោក PeyPey Dy៖”និយាយដោយត្រង់ទៅ គឺចំណាយអស់ ១០ម៉ឺន(ដុល្លារ) ហើយខ្ញុំមិនរំពឹងថាអាចនឹងចំណេញមកវិញ ឬយ៉ាងណាទេ តែនិយាយមួយ គឺខ្ញុំចង់ឲ្យបងប្អូនបានស្គាល់ពីស្នាដៃរបស់ពួកខ្ញុំ។ យើងចេញទៅនេះ អាចនឹងមានចន្លោះប្រហោង តែយើងរីករាយនឹងទទួលយកពីមហាជន ដើម្បីកែលំរឿងរបស់យើងក្រោយៗទៀត ឥឡូវយើងត្រៀមសម្រាប់ថតមួយរឿងទៀតហើយ”។

ក្នុងឱកាសសម្ពោធខ្សែភាពយន្ដដំបូងរបស់ខ្លួនជាផ្លូវការ PeyPey Dey បានធ្វើឲ្យអ្នកចូលរួមបើកភ្នែកធំៗ និងកោតសរសើចំពោះការរៀបចំពិធីយ៉ាងស្ងប់ស្ងែង។ ដោយផលិតករ កៅ សីហា បានលាចាកលោកដោយជំងឺ ស្របពេលដំណើរការថតរឿង “ភូមិគ្រឹះអាគម” មិនទាន់ចាប់ ១០០% ប៉ុន្ដែលោកបានរួមចំណែកផលិត និងផ្ដល់តំបូន្មានល្អៗដល់ផលិតករជំនាន់ក្រោយ ស្រាប់តែនៅថ្ងៃសម្ពោធ PeyPey Dy បានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ និងគោរពអញ្ជើញមន្ដ្រីក្រសួងវប្បធម៌ ចូលរួមគោរព និងបំពាក់កម្រងផ្កាផងដែរ។

ក្រោមស្នួរទះដៃ និងស្រែកគាំទ្រពីក្រោមឆាកទៅយ៉ាងកងរំពង PeyPey Dy ក៏បញ្ចេញសំឡេងខ្សឹបខ្សួល ដោយនិយាយអគុណចំពោះទៅដៃគូផលិតម្នាក់ទៀត ព្រមទាំងលោក កៅ សីហា ដែលអាចធ្វើឲ្យលោកមានមុខនៅលើឆាកនៅពេលនេះ។ ទន្ទឹមគ្នានឹងអគុណដៃគូផលិត លោកក៏អគុណអ្នកគាំទ្រ និងតារាល្បីៗដែលបានចូលរួមសម្ដែងក្នុងរឿងផ្ទាល់ និងខ្លះបានចូលរួមជាភ្លៀវកិតិយស គឺមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា សុគន្ធ នីសា កញ្ញា វី ឌីណែត និងតារាសម្ដែងជើងចាស់ ស្វែង សុជាតា ជាដើម។

សូមបញ្ជាក់ថា ខ្សែភាពយន្ដ រឿង“ភូមិគ្រឹះអាគម” ចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ តទៅ នៅគ្រប់រោងភាពយន្ដ Legion និងរោងកុន Prime ព្រមទាំងរោងកុនល្បីៗនៅតាមបណ្ដាខេត្ដមួយចំនួនទៀត៕

អត្ថបទ៖ សំណាង