កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នានៅចុងឆ្នាំ២០២៥
- 2025-09-15 10:30:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នានៅចុងឆ្នាំ២០២៥
ចន្លោះមិនឃើញ
ស្ថាប័នគ្រប់គ្រងកម្មវិធី World Miss University ហៅកាត់ថា WMU កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ បានប្រារព្ធរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយ ក្នុងបំណងប្រកាសឱ្យសាធារណជនដឹងថា កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នា នៅចុងឆ្នាំ២០២៥នេះ។
សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារកំាបូឌីយ៉ាណា ដោយមានការចូលរួមពីប្រធានគណៈកម្មការរៀបចំការប្រកួត World Miss University លោក ស៊ឹងមិន អ៊ី (Seung Min Lee) , កញ្ញា Nagma Shrestha ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ ២០១៦ មកពីប្រទេសនេប៉ាល់ , កញ្ញា Karolina Chernoshei ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ២០១៧ មកពីប្រទេសបេឡារ៉ូស , កញ្ញា ប៊ី សុវណ្ណផន ម្ចាស់ជយលាភី 2024 World Miss University Cambodia និងបុគ្គលពាក់ព័ន្ធសំខាន់ៗជាច្រើនរូបទៀត។
តាមការបញ្ជាក់ឱ្យដឹងពី លោក ស៊ឹងមិន អ៊ី ប្រធានគណៈកម្មការរៀបចំការប្រកួត World Miss University កម្មវិធី ២ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះគឺ ទី១. ការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា (32nd World Miss University Cambodia ) ដែលនឹងប្រព្រឹត្តិឡើងចាប់ថ្ងៃទី០១-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និង ទី២. ការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។
តាមការបញ្ជាក់ឱ្យដឹងពីប្រធានគណៈកម្មការរៀបចំការប្រកួត World Miss University បវរកញ្ញាស្រស់សោភាមកពី ៤៥ ប្រទេសជុំវិញពិភពលោក នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ ហើយគណៈកម្មការនឹងអញ្ជើញបវរកញ្ញាទាំងអស់ឲ្យឈរថតរូបនៅវិមានឯករាជ្យ និងបង្ហាញសារផ្សេងៗទៅកាន់ពិភពលោកចំថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃ ៩ វិច្ឆិកា តែម្តង។ ការធ្វើដូច្នេះ គឺស្របតាមកម្មវិធី WMU ដែលបង្កើតឡើងតាំងពីឆ្នាំ 1986 ដើម្បីអបអរសាទរ «ឆ្នាំសន្តិភាពអន្តរជាតិ» ដែល UN បានប្រកាស និងទទួលស្គាល់។ ជារួម WMU គឺជាវេទិកាអន្តរជាតិ ដែលយុវជនមិនត្រឹមតែមានសំឡេងសន្តិភាពទេ វាអាចត្រូវបានគេហៅថាជាវេទិកាសកលអនុវត្តសន្តិភាព។
លោករំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាសារនិមិត្តរូប ដែលនឹងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសគឺទិដ្ឋភាពដែលយុវជនមកពីប្រទេសនីមួយៗ ប្រកាសសន្តិភាពនៅមុខប្រាសាទអង្គរវត្ត។ មិនតែប៉ុណ្ណោះ WMU នឹងមានវេទិកាសន្តិភាព សេដ្ឋកិច្ច បរិស្ថានជាមួយនិស្សិតសាកលវិទ្យាល័យមកពីជុំវិញពិភពលោក។
តាមរយៈការបញ្ចប់ដោយជោគជ័យនៃ World Miss University ទី៣២ យើងនឹងចែករំលែកស្មារតី នៃការរួបរួមពិភពលោកជាមួយប្រជាជនកម្ពុជា។ ភ្ជាប់ជាមួយគ្នានោះ ការប្រកួតក៏ជំរុញឱ្យមានសកម្មភាពសប្បុរសធម៌ផ្សេងៗ រួមទាំង៖ គម្រោងដំណើរការហាងកាហ្វេ Go Peace ជាមួយនឹងអត្ថន័យនៃសន្តិភាព និងប្រើប្រាស់ប្រាក់ចំណេញដើម្បីគាំទ្រកម្មវិធីអាហារូបករណ៍ជាដើម។
ចំពោះការបោះឆ្នោតតាមអ៊ីនធឺណិត ចាប់ពីថ្ងៃទី1ខែតុលា ដល់ ថ្ងៃទី16ខែវិច្ឆិកា ឆ្នាំ2025 ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមជាសកល តាមរយៈប្រព័ន្ធ blockchain WMU Coin ដែលប្រកបដោយភាពសុក្រិត អ្នកបោះឆ្នោតនឹងទទួលបានCoinសម្រាប់គាំទ្របេក្ខជនរបស់ពួកគេ ដែលនឹងត្រូវបានប្រើដើម្បីផ្តល់អាហារូបករណ៍ទៅដល់បេក្ខជន។ បន្ថែមទីនេះ WMU មានចលនា mecenat ដែលមិនមែនគ្រាន់តែជាការបរិច្ចាគ ឬការឧបត្ថម្ភនោះទេ ប៉ុន្តែជាប្រព័ន្ធដែលផ្តល់ឱ្យសង្គមវិញតាមរយៈសម្បត្តិវប្បធម៌។ ជាឧទាហរណ៍ វាជាឌីជីថលដល់ស្នាដៃរបស់វិចិត្រករវ័យក្មេង ភ្ជាប់ពួកវាទៅកាន់ទីផ្សារពិភពលោក ហើយបន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្តល់មូលនិធិដល់គម្រោងអប់រំ និងបរិស្ថាន។ សម្រាប់សន្និសីទនេះ យើងក៏កំពុងរៀបចំពិព័រណ៍សហការជាមួយសិល្បករក្នុងស្រុកផងដែរ។ WMU Mecenat Modelដែលភ្ជាប់សិល្បៈ សេដ្ឋកិច្ច និងតម្លៃសង្គម។
ទន្ទឹមគ្នានោះ កញ្ញា ប៊ី សុវណ្ណផន ម្ចាស់ជយលាភី 2024 World Miss University Cambodia និង កញ្ញា លីម សុខលាភ ជយលាភីលំដាប់រងទី១ 2024 World Miss University Cambodia បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងការត្រៀមបង្ហាញសមត្ថភាពប្រកួតប្រជែងកម្មវិធីអន្តរជាតិ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះចុងឆ្នាំនេះ។
(ដាក់សម្លេង កញ្ញា ប៊ី សុវណ្ណផន ម្ចាស់ជយលាភី 2024 World Miss University Cambodia និង កញ្ញា លីម សុខលាភ ជយលាភីលំដាប់រងទី១ 2024 World Miss University Cambodia)
សូមជម្រាបឱ្យដឹងផងដែរថា បន្ទាប់ពីចប់ការប្រកួតលំដាប់អន្តរជាតិ បវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា ស្ថាប័ន World Miss University នឹងបន្តរៀបចំការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់លក្ខខណ្ឌចុះឈ្មោះ បេក្ខនារីត្រូវតែមានសញ្ជាតិខ្មែរ ជានិស្សិត (បរិញ្ញាបត្រ , អនុបណ្ឌិត , បណ្ឌិត) អាយុ២៧ឆ្នាំចុះក្រោម ត្រូវមានភាពឆ្លាតវៃ សីលធម៌ រូបសម្បត្តិ សមរម្យ ចូលចិត្តការចូលរួមសកម្មភាពសង្គមផងដែរ។ ទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
រួសរាន់ឡើង កុំឱ្យឱកាសបញ្ចេញសមត្ថភាពនេះរំលងហួសទៅឱ្យសោះ ដើម្បីអ្នកមានឱកាសឈោងចាប់ក្តីស្រមៃជាតារាពន្លកថ្មីដ៏ចែងចាំង៕