វីរុសផ្ដាសាយបក្សី H5N1 សម្លាប់កូនខ្លារាប់សិបក្បាល នៅក្នុងសួនសត្វមួយក្នុងប្រទេសថៃ
- 2026-02-23 09:07:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុសផ្ដាសាយបក្សី H5N1 សម្លាប់កូនខ្លារាប់សិបក្បាល នៅក្នុងសួនសត្វមួយក្នុងប្រទេសថៃ
ចន្លោះមិនឃើញ
(បាងកក) – អាជ្ញាធរថៃបានរាយការណ៍ពីការបាត់បង់សត្វខ្លាយ៉ាងច្រើន បន្ទាប់ពីវីរុសផ្ដាសាយបក្សីប្រភេទ H5N1 បានឆ្លងរាលដាលសម្លាប់កូនខ្លារាប់សិបក្បាល នៅក្នុងសួនសត្វឯកជនមួយកន្លែងក្នុងប្រទេសថៃ។
យោងតាមរបាយការណ៍បានឱ្យដឹងថា កូនខ្លាដែលងាប់ទាំងនោះត្រូវបានរកឃើញថាបានឆ្លងមេរោគ បន្ទាប់ពីពួកវាត្រូវបានគេផ្ដល់ចំណីជា «សាច់មាន់ស្រស់» ដែលមានផ្ទុកវីរុសផ្ដាសាយបក្សី។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងក្ដីបារម្ភជាថ្មីអំពីលទ្ធភាពនៃវីរុសផ្ដាសាយបក្សីដែលអាចឆ្លងពីសត្វស្លាបទៅកាន់សត្វចតុប្បាទ ជាពិសេសសត្វអម្បូរឆ្មាធំៗ។
មន្ត្រីសុខាភិបាលសត្វបានបញ្ជាក់ថា យ៉ាងហោចណាស់មានកូនខ្លាចំនួន ២០ ក្បាលបានងាប់បាត់បង់ជីវិត។ អាជ្ញាធរបានចាត់វិធានការភ្លាមៗដោយការធ្វើតេស្តរកមេរោគលើសត្វដទៃទៀតនៅក្នុងសួនសត្វ និងដាក់ចេញនូវវិធានការណ៍យ៉ាងតឹងរ៉ឹងក្នុងការគ្រប់គ្រងប្រភពចំណីអាហារសត្វ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អកុសលនេះបានរំលឹកទៅដល់ករណីកាលពីឆ្នាំ ២០០៤ ដែលកាលនោះប្រទេសថៃបានជួបប្រទះការផ្ទុះឡើងនៃមេរោគផ្ដាសាយបក្សីយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យសត្វខ្លាជាង ១៤០ ក្បាលនៅក្នុងសួនសត្វខ្លាស្រីរ៉ាឆា (Sriracha Tiger Zoo) បានងាប់ និងខ្លះទៀតត្រូវបានគេសម្លាប់ចោលដើម្បីទប់ស្កាត់ជំងឺ។
បច្ចុប្បន្ន អ្នកជំនាញផ្នែកសត្វព្រៃ និងអាជ្ញាធរពាក់ព័ន្ធកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់បំផុត ដោយសារតែវីរុស H5N1 ត្រូវបានគេស្គាល់ថាជាមេរោគដែលអាចបំប្លែងខ្លួន និងមានគ្រោះថ្នាក់ខ្លាំង ប្រសិនបើវាឆ្លងរាលដាលដល់សត្វចិញ្ចឹម ឬមនុស្ស។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់សួនសត្វ និងកសិដ្ឋានចិញ្ចឹមសត្វទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះអនាម័យ និងប្រភពសាច់ដែលយកមកធ្វើជាចំណីសត្វ៕