វៀតណាមប្រើកាមេរ៉ា AI ចាប់អ្នកបំពានច្បាប់ចរាចរណ៍ ១សប្ដាហ៍រកឃើញបទល្មើសជាង៤ពាន់ករណី​

  • 2026-09-29 03:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីក្រុងហាណូយ៖ ប្រព័ន្ធកាមេរ៉ាចរាចរណ៍ប្រើបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរកឃើញការបំពានច្បាប់ចរាចរណ៍ចំនួន ៤ ០០៧ករណី ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាម Tuoi Tre News ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងចំណោមករណីទាំងនេះ ការបើកបរបញ្ច្រាសទិសមានចំនួនច្រើនជាងគេរហូតដល់ ២ ១៣០ករណី បន្ទាប់មកគឺការមិនពាក់មួកសុវត្ថិភាព ១ ៣៩០ករណី និងការមិនគោរពភ្លើងសញ្ញាចរាចរណ៍ ១៦២ ករណី។ ប្រព័ន្ធកាមេរ៉ា AI បានផ្ញើការជូនដំណឹងអំពីការផាកពិន័យទៅកាន់អ្នកប្រព្រឹត្តបទល្មើស។

ក្នុងរយៈពេលដូចគ្នា ប៉ូលិសចរាចរណ៍ហាណូយបានដោះស្រាយការបំពានច្បាប់សរុប ៨ ៤៥៦ករណី ឃាត់យានយន្ត ១ ៨៤៧គ្រឿង ដកហូតបណ្ណបើកបរ ៦០បណ្ណ និងកាត់ពិន្ទុបណ្ណបើកបរ ១ ២០៨បណ្ណ។ ក្នុងនោះមានករណីពាក់ព័ន្ធនឹងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងចំនួន ១ ៤៤៨ករណី។

ទីក្រុងហាណូយបានចាប់ផ្តើមប្រើប្រព័ន្ធកាមេរ៉ា AI ទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២៥ ហើយបន្តពង្រីកបណ្តាញកាមេរ៉ាសម្រាប់តាមដាន និងរកឃើញការបំពានច្បាប់ដោយស្វ័យប្រវត្តិ។ នៅពាក់កណ្តាលឆ្នាំ២០២៦ ប្រព័ន្ធនេះមានកាមេរ៉ាជាង ២ ៤០០គ្រឿង ក្នុងនោះជាង ១ ១០០គ្រឿង មានសមត្ថភាពរកឃើញការបំពានច្បាប់ចរាចរណ៍។

ទិន្នន័យបង្ហាញថា កាមេរ៉ា AI រកឃើញការបំពានជាមធ្យមប្រមាណ ៥៧២ករណីក្នុងមួយថ្ងៃ ក្នុងសប្តាហ៍កន្លងទៅនេះ ដែលខ្ពស់ជាងមធ្យមភាពប្រចាំថ្ងៃប្រមាណ ១៨៣ករណីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦។ អាជ្ញាធរហាណូយនិយាយថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការចំពោះការបំពានច្បាប់ចរាចរណ៍៕

ប្រភព៖ Tuoi Tre News

ដោយ៖ តារា