អតីត​គ្រូ​បង្វឹក​ Chelsea​ ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​ហ្គាណា

  • 2014-11-29 18:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Avram Grant​ អតីត​អ្នក​ចាត់​ការ​ក្លិប​តោ​ខៀវ ​Chelsea​ បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​​ក្រុម​ជម្រើស​ជាតិ​ហ្គាណា ​​​ក្រោយ​​ចុះ​កុង​ត្រា​រយៈពេល​២៧​ខែ។

 

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីស្រាអែល វ័យ​៥៤ឆ្នាំ​​​ នឹង​ចូល​ដឹក​នាំ​ជម្រើស​ជាតិ​នៅ​អាហ្វ្រិក​មួយ​នេះ​ ​ក្នុង​យុទ្ធនាការ​​​​ប្រកួត​ពាន​រង្វាន់​អាហ្រ្វិក African Nation Cup ដែល​ចូល​មក​ដល់​នៅ​​ខែ​មករា​ខាង​មុខ។ ការ​ចូល​ដឹក​នាំ​នៅ​ពេល​នេះ គឺ​​ជំនួស​លោក​ Kwesi Appiah​ ដែល​ត្រូវ​បណ្ដេញ​ចេញ​កាល​ពី​ខែ​កញ្ញា ​ក្រោយ​ចប់ World Cup នៅ​ប្រទេស​ប្រេស៊ីល។

 

 

លោក Kwesi Nyantakyi ​ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​​ហ្គាណា​ បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​​​ថា​លោក​នឹង​ផ្ដល់​ឱកាស​​ឲ្យ​លោក ​Avram Grant​ ដឹក​នាំ​ដើម្បី​ប្រកួត​​ក្នុង​ពាន​រង្វាន់​ African Nation Cup ឆ្នាំ​២០១៥​ និង​២០១៧។ ​ខាង​សហព័ន្ធ​បាន​កត់សម្គាល់​ និង​ពិចារណា​ជ្រើស​លោក​ Grant​ ជាង​ពីរ​បី​សប្ដាហ៍​មក​ហើយ ​និង​បាន​ឆ្លង​យោបល់​ទៅ​ក្រសួង​យុវជន​ និង​កីឡា​រួច​ហើយ​ដែរ ​កាល​ពី​សប្ដាហ៍​មុន។

 

នេះ​ជា​ឱកាស​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​លើក​ទី​ពីរ​ហើយ​សម្រាប់​លោក Grant ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​អ៊ីស្រាអែល​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ World Cup​ តាំង​ពី​ឆ្នាំ​ ២០០២ ​រហូត​ដល់​ ឆ្នាំ​២០០៦។ ចំណែក​ការ​ដឹក​នាំ​​ក្នុង​ក្លិប​វិញ​ លោក​ធ្លាប់​ដឹក​នាំ​ Chelsea ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​នៅ​ឆ្នាំ​២០០៨ ​តែ​ត្រូវ​ចាញ់​ Manchester United ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី។ ​​លោក​ក៏​ធ្លាប់​ដឹក​នាំ​​ក្លិប​​ West Ham United, Portsmouth, Partizan Belgrade និង​​ក្លិប​មួយ​ចំនួន​ទៀត​នៅ​អ៊ីស្រាអែល​ផង​ដែរ៕​

 

ប្រែ​សម្រួល៖ ​អូន សៅណាត

ប្រភព៖​ Dailymail

អត្ថបទថ្មី