​ឱ​! ​បុប្ផា​បាត់ដំបង​ ដែល​ខ្ញុំ​ប៉ង​ស្នេហ៍​ ​​ផ្ដល់​សង្ឃឹម​ហើយ​​​​​​​មេត្តា​កុំ​ធ្វើ​អីចឹង​បាន​ទេ?

  • 2014-12-02 16:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“មិត្ត ​អើយ!​ យើង​បែក​គ្នា​ហើយ​ យើង​បែក​រហូត​ ឬ​មួយ​យ៉ាង​ណា? តែ​យើង​នៅ​សង្ឃឹម​ថា​ គង់​មាន​ថ្ងៃ​ណា​បាន​ជួប​គ្នា​ទៀត!”។ ដូច​ការ​រំពឹង​ទុក​ក្នុង​បទ​ចម្រៀង​មួយ​នេះ​ ដែល​គេ​និយម​យក​មក​ច្រៀង​មុន​ថ្ងៃ​បែក​គ្នា​ក្រោយ​បោះ​ជំរំ​​ យុវជន​មួយ​រូប​បែរ​ជា​បាន​ជួប​នឹង​នារី​ធ្លាប់​បោះ​ជំរំ​ជុំ​គ្នា​វិញ​​ រយៈពេល​បី​ឆ្នាំ​ក្រោយ។ ហើយ​នេះ​ជា​រឿង​របស់​យុវជន​រូប​នោះ​ ដែល​ផ្ញើ​មក​គេហទំព័រ​ Sabay៖

 

សួរ ​ស្ដី​មិត្ត​ទាំង​អស់​គ្នា! តាម​ពិត​ទៅ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ជា​ភាសា​អង់គ្លេស​ទេ​ ដោយសារ​ខ្ញុំ​មិន​ចេះ​វាយ​អក្សរ​ខ្មែរ។ អរគុណ​ Sabay​ ដែល​សន្យា​ថា​នឹង​បក​ប្រែ​​អត្ថបទ​នេះ​ជា​ភាសា​ខ្មែរ។ ខ្ញុំ​ចង់​ចែក​រំលែក​ជីវិត​ស្នេហ៍​របស់​ខ្ញុំ​ជាមួយ​មិត្ត​ទាំង​អស់​ ដែល​ធ្លាប់​រង​ទុក្ខ​ដោយសារ​បញ្ហា​ស្នេហា​ដូច​ខ្ញុំ​ដែរ។

ដំបូង​ អនុញ្ញាត​ឲ្យ​ខ្ញុំ​ណែនាំ​ខ្លួន​បន្តិច។ ខ្ញុំ​ឈ្មោះ​ ចេតនា​ រស់​នៅ​ខេត្ត​ព្រះសីហនុ។ ថ្មី​ៗ​នេះ​ ខ្ញុំ​កំពុង​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន​ឯណោះ។

 

ខ្ញុំ ​ចងចាំ​ថា​ ខ្ញុំ​បាន​ជួប​នារី​ម្នាក់​ដោយ​ចៃដន្យ។ នាង​មក​ពី​ខេត្ត​បាត់ដំបង។ យើង​បាន​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​យុវជន​នៅ កំពង់សោម​ទាំង​អស់​គ្នា។ ពេល​នោះ​ ខ្ញុំ​ជា​ប្រធាន​ក្រុម​ ហើយ​នាង​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ខ្ញុំ។ ព្រឹក​មួយ​ យើង​ធ្វើ​សកម្មភាព​ខាង​ក្រៅ​ ហើយ​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​ ដើម្បី​រាយការណ៍​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ពី​សកម្មភាព​ដែល​យើង​ធ្វើ។

 

នៅ ​ពេល​ខ្ញុំ​ឃើញ​នាង​នៅ​ក្នុង​ក្រុម​ខ្ញុំ​ដំបូង​ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​នាង​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ហេតុ​អ្វី​នៅ​ពេល​ខ្ញុំ​ឃើញ​នាង​ ចង្វាក់​បេះ​ដូង​របស់​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ ហើយ​ភ្នែក​ទាំង​គូ​របស់​ខ្ញុំ​តែង​សម្លឹង​​មើល​នាង​ពុំ​ឈប់។ បន្ទាប់​ពី​នោះ​ ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ទៅ​កៀន​ៗ​នាង​ ហើយ​ក៏​សម្រេច​ចិត្ត​សួរ​នាង​ ថា​តើ​នាង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ហើយ​ ឬ​នៅ។

តាម ​ពិត​ នាង​ជា​មនុស្ស​ឆ្លាត​ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ចង់​នៅ​ក្បែរ​នាង​ផង​ទេ​ ទើប​ខ្ញុំ​ដើរ​ទៅ​កៀក​ៗ​នាង​ ហើយ​ធ្វើ​ជា​​សួរ​នាង​ ថា​តើ​នាង​មាន​ឆ្ងល់​អ្វី​អត់។ សំណាង​អាក្រក់​ នាង​មិន​បាន​សួរ​ខ្ញុំ​អ្វី​ទាំង​អស់! ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​ម្នាក់​ ដែល​សួរ​នាង​ដំបូង​គេ​ ហើយ​ខ្ញុំ​បាន​បង្គាប់​​នាង​ថា​ គួរ​តែ​ធ្វើ​នេះ​ ឬ​ធ្វើ​នោះ។

 

ចុច​អាន​៖ សង្សា​ខ្ញុំ​សុំ​រួម​រក្ស​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់?

រូប​តំណាង​​

 

ខ្ញុំ​រីក​រាយ​យ៉ាង​ខ្លាំង​ និង​មាន​ឱកាស​បាន​និយាយ​ជាមួយ​នាង។ នៅ​ពេល​ម៉ោង​សម្រាក​ យើង​បាន​ញ៉ាំ​អាហារ​សម្រន់​ទាំង​អស់​គ្នា​ ហើយ​យើង​បាន​ជជែក​គ្នា​លេង។ នាង​មិន​នៅ​តែ​ឯង​ទេ​ នាង​នៅ​ជាមួយ​មិត្តភ័ក្ដិ​របស់​នាង​ ហើយ​យើង​ជជែក​គ្នា​ពី​អ្វី​ដែល​យើង​ចង់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រោយ​បញ្ចប់​ការ​ងារ​អង្កេត​លើ​សកម្មភាព​ផ្សេង​ៗ​ យើង​បាន​ត្រឡប់​ទៅ​កាន់​ជំរំ​វិញ​ និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ទី​នោះ។

នៅ ​ម៉ោង​៧​ល្ងាច​ ខ្ញុំ​បាន​ជួប​នាង​ម្ដង​ទៀត​ នៅ​ក្នុង​បរិវេណ​ជំរំ។ នាង​បាន​ទៅ​ងូតទឹក​ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ពី​ក្រោយ​នាង​ ហើយ​ចាប់​ផ្ដើម​និយាយ​ បើ​ទោះបី​មិន​មាន​អ្វី​ត្រូវ​សួរ​នាង​ក៏​ដោយ។ យើង​បាន​ចំណាយ​ពេល​យ៉ាង​យូរ​និយាយ​គ្នា​ ហើយ​យើង​មាន​ពេល​ល្អ​ជាមួយ​គ្នា។ មុន​នឹង​ចាក​ចេញ​ ខ្ញុំ​ក៏​​បាន​សុំ​លេខ​ទូរសព្ទ​នាង​ ហើយ​នាង​ក៏​ព្រម​ឲ្យ​ដែរ។ ខ្ញុំ​រីករាយ​ណាស់​ នៅ​ពេល​បាន​លេខ​ទូរសព្ទ​នាង! មុន​ពេល​ចូល​គេង​ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​នាង​ ហើយ​បាន​ជជែក​លេង​ជាមួយ​នាង​បន្ត​ទៀត​ ​ពី​សកម្មភាព​កាល​ពី​ថ្ងៃ។

 

ពេល ​ការ​បោះជំរំ​ត្រូវ​បាន​បញ្ចប់​ ម្នាក់​ៗ​បាន​វេច​ខោអាវ​របស់​ខ្លួន​ដាក់​លើ​ឡាន​ ដើម្បី​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ ខ្ញុំ​ចាប់​ផ្ដើម​ក្រៀមក្រំ​ ដោយសារ​ខ្ញុំ​មិន​មាន​ពេល​បាន​ជួប​ និយាយ​ជាមួយ​នាង​ទៀត។ នាង​រស់​នៅ​​ខេត្ត​បាត់ដំបង​ឯណោះ​ ចំណែក​ខ្ញុំ​រស់​នៅ​ខេត្ត​កំពង់សោម​ឯណោះ។ យើង​នៅ​ឆ្ងាយ​ពី​គ្នា​ណាស់។ នៅ​ពេល​នាង​ទៅ​ដល់​ស្រុក​កំណើត​ នាង​បាន​ខល​ប្រាប់​ខ្ញុំ​ថា​ នាង​ដល់​ផ្ទះ​ហើយ។ នៅ​​ផ្ទះ​ ខ្ញុំ​តែង​តែ​គិត​អំពី​​នាង​ និង​នឹក​នាង​យ៉ាង​ខ្លាំង។

 

ខ្ញុំ​មិន​ដែល​រំពឹង​ថា​ ពេល​ណា​នឹង​បាន​ជួប​នាង​ជា​ថ្មី​ម្ដង​ទៀត​ទេ។ យើង​មិន​បាន​ជួប​គ្នា​អស់​រយៈពេល​បី​ឆ្នាំ​ ដោយសារ​ជាប់​ការ​​សិក្សា​តែ​រៀង​ៗ​​ខ្លួន។ ខ្ញុំ​នៅ​ចងចាំ​ថា​ នាង​តែង​តែ​ខល​មក​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​ នាង​មាន​កូន​ចិត្ត​មួយ​មក​លើ​ខ្ញុំ​ទេ។ នាង​មិន​ដែល​ប្រាប់​ខ្ញុំ​ថា​ នាង​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​សោះ​ ​ពេល​កំពុង​នៅ​បោះ​ជំរំ​ជាមួយ​គ្នា។

 

នៅ ​ពេល​ខ្ញុំ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ខ្ញុំ​បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​ នៅ​រាជ​ធានី​ភ្នំពេញ។ នៅ​ពេល​នោះ​ នាង​ក៏​បញ្ចប់​វិទ្យាល័យ​ដែរ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា​ នាង​ក៏​នឹង​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ដែរ។ ថ្ងៃ​ជួប​គ្នា​ឡើង​វិញ​ យើង​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ​ ពី​ព្រឹក​ទល់​យប់។ យើង​ញ៉ាំ​អាហារ​ជាមួយ​គ្នា​ និង​រីករាយ​ជាមួយ​គ្នា។ នៅ​ពេល​យើង​អង្គុយ​នៅ​មុខ​សណ្ឋាគារ​ណាហ្គា​វើល​ នាង​បាន​ប្រាប់​ខ្ញុំ​ថា​ នាង​ក៏​ស្រលាញ់​ខ្ញុំ​ និង​នឹក​ខ្ញុំ​ដែរ​ តាំង​ពី​នាង​បែក​ពី​ខ្ញុំ​មក។ ខ្ញុំ​សែន​រីករាយ​ពេល​ឮ​នាង​ថា​ ស្រលាញ់​ខ្ញុំ!

 

ខ្ញុំ ​បាន​នៅ​ជាមួយ​នាង​ ហើយ​បាន​ចាប់​ផ្ដើម​ខិត​ចូល​គ្នា​ និង​តែង​តែ​ចេញ​ក្រៅ​ជាមួយ​គ្នា​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ នាង​ជា​នារី​ដែល​ស្រលាញ់​ខ្ញុំ​ខ្លាំង​ និង​មិន​ដែល​ស្រលាញ់​បុរស​ណា​ដូច​ខ្ញុំ​ពី​មុន​មក​ទេ។ រហូត​ដល់​យើង​រៀប​ចំ​គម្រោង​ភ្ជាប់​ពាក្យ​នឹង​គ្នា​ ស្រាប់​តែ​អាកប្បកិរិយា​របស់​នាង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ។ នាង​ចាប់​ផ្ដើម​បង្កើត​បញ្ហា​ដាក់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ មាន​អ្វី​កើត​ឡើង​ចំពោះ​នាង​នោះ​ទេ។

 

ថ្ងៃ​មួយ​ នាង​បាន​ខល​សុំ​ខ្ញុំ​​ចេញ​ក្រៅ​ ហើយ​យើង​បាន​ញ៉ាំ​អី​ជាមួយ​គ្នា។ ពេល​ខ្ញុំ​កំពុង​ញ៉ាំ​ នាង​បាន​ប្រាប់​ខ្ញុំ​ថា​ នាង​ចង់​បែក​ពី​ខ្ញុំ។ ខ្ញុំ​មាន​ការ​រន្ធត់​ចិត្ត​ ហើយ​ខ្ញុំ​ក៏​ឈប់​ញ៉ាំ​ត​ទៅ​ទៀត​ តែ​មាន​សំនួរ​សួរ​ទៅ​នាង​វិញ​ថា​៖ “តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ និង​មាន​អី​កើត​ឡើង​ចំពោះ​អ្នក?”។ នាង​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ជា​មនុស្ស​ភ្លឺ​ និង​មិន​ដឹង​អ្វី​ទៅ​ជា​ស្នេហា។ ខ្ញុំ​មិន​យល់​ពី​បេះ​ដូង​របស់​នាង​ ហើយ​មិន​ដឹង​ថា​ នាង​ចង់​បាន​អ្វី​ទេ។ ខ្ញុំ​បាន​អង្វរ​នាង​ ប៉ុន្តែ​នាង​មិន​ស្ដាប់​ខ្ញុំ​ទេ។ ​នាង​និយាយ​ថា​ យើង​ចប់​គ្នា​ហើយ។ គ្មាន​ទៀត​ទេ! នៅ​ពេល​ខ្ញុំ​ឮ​អីចឹង​ ខ្ញុំ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ តែ​ព្យាយាម​ខល​ទៅ​នាង​ ដើម្បី​និយាយ​ជាមួយ​នាង​ ប៉ុន្តែ​នាង​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ។ ក្រោយ​មក ​នាង​ក៏​បាន​ដូរ​លេខ​ទូរសព្ទ​ទៀត។ ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​បាត់​លេខ​ទំនាក់ទំនង​ជាមួយ​នាង​ និង​មិន​អាច​ឃើញ​មុខ​នាង​ជា​រៀង​រហូត។

 

នាង​ជា​នារី​ម្នាក់​ ដែល​ខ្ញុំ​ស្រលាញ់​ ប៉ុន្តែ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ស្នេហា​បរាជ័យ​លើក​ដំបូង​ នេះ។ ដូច្នេះ​ខ្ញុំ​ចង់​សួរ​ទៅ​មិត្ត​អ្នក​អាន​ទាំង​អស់​ ថា​តើ​អ្នក​មាន​មតិយោបល់​អ្វី​ ឬ​គំនិត​អ្វី​ អាច​ចែក​រំលែក​ជាមួយ​ខ្ញុំ​បាន​អត់។ ខ្ញុំ​ចង់​ឮ​ពី​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា។

 

អរគុណ!

 

ពី​ខ្ញុំ​ ចេតនា

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​ សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​អ្នក​មក​កាន់​ meas.roth@cidc.com.kh៕

 

ចុច​ត្រង់​នេះ...! ដើម្បី​ចូល​ទៅ​បណ្ដុំ​រឿង​រ៉ាវ​ស្នេហា​ពិត​ជា​ច្រើន​ទៀត

អត្ថបទថ្មី