នាយ​កណ្ដុរ ងាក​មក​ចាប់​អាជីព​តារា​ចម្រៀង

  • 2014-12-04 15:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជុំ ផានិត ហៅ D.Jកណ្ដុរ បាន​និយាយ​ប្រាប់ Sabay​ថា លោក​ចង់​​​បន្ថែម​​អាជីព​​តារា​ចម្រៀង​​មួយ​ទៀត លើ​ការងារ​ជា​តារា​​សម្ដែង​បច្ចុប្បន្ន។ ការ​ចង់​បន្ថែម​អាជីព​នេះ​ក៏​ព្រោះ​តែ​លោក​គិត​ថា ប្រសិន​បើ​​ចេះ​ច្រៀង​នោះ​ប្រជាប្រិយភាព​របស់​ខ្លួន​​នឹង​​កាន់តែ​រីកចម្រើន​ថែម​ទៀត ហើយ​ម្យ៉ាង​ទៀត​លោក​ក៏​​អាច​មាន​សមត្ថភាព​ច្រៀង និង​តែង​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​​បាន​ថែម​ទៀត​ផង។

 

នាយ​កណ្ដុរ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​លោក​បាន​​ផលិត​បទ​ចម្រៀង​៤ មក​ហើយ ដោយ​​បទ​ចម្រៀង​ទាំង​នោះ​សុទ្ធតែ​បាន​ថត​ជាMVទាំង​អស់ ក្នុង​នោះ​មាន​បទ "អា​កូន​ចង្រៃ" ​និយាយ​ការ​អប់រំ​គ្រឿង​ញៀន ដោយ​លោក​​​បាន​ដាក់​​បញ្ចូល​លើ you tube កាល​ពី​ពេល​ថ្មីៗ​នេះ និង​កំពុង​តែ​មាន​ការ​គាំទ្រ​ខ្លាំង។ ចំណែក​៣បទ​ទៀត ​មាន​" បទ​ប្ដី​ល្អ" "ចង់​ដឹង​ភួយ​សាច់" និង​​បទ "សម្រស់​ផ្លូវ​៦០" ជា​ប្រទេស​បទ​កន្ទ្រឹម លោក​បាន​ដាក់​ចូល​​ទៅ​ផលិតកម្ម រស្មី​សិង្ហ​មាស។

តារា​សម្ដែង​​មាន​កំណើត​មក​ពី​ភូមិ ព្រៃឃ្នេស ឃុំ ព្រៃឃ្នេស ស្រុក មេ​សាង ខេត្ត ព្រៃវែង បញ្ជាក់​ប្រាប់ថា គ្រប់​បទ​ចម្រៀង​ទាំង​អស់ ជា​អ្នក​តែង​និពន្ធ​ដោយ​ខ្លួន​​ឯង​ទាំង​អស់ ដោយ​នៅ​ក្នុង​នោះ​លោក​បាន​យក​សាច់​ភ្លេង​ពី​គេ តែ​លោក​បាន​បញ្ចូល​ទ្រ​ខ្មែរ និង ឧបករណ៍​ភ្លេង​ផ្សេង​ទៀតបន្ថែម។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​នេះ ក៏​ព្រោះ​តែ​តារា​រូប​នេះ​ធ្លាប់​បាន​ប្រលូក​ការងារ​ច្រើន។ លោក ធ្លាប់​ធ្វើ​ជា D.J វិទ្យុ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ឯ​ទឹក​ដី ខេត្ត​សៀមរាប​ អ្នក​ខេត្ត​មួយ​នេះ​ភាគ​ច្រើន​បាន​ស្គាល់​លោក ព្រោះ​ក្រៅ​ពី​ធ្វើ​ជា D.J វិទ្យុ លោក​ក៏​ធ្វើ​ជា​ពិធី​ករ​កាត់​នំ​នៅ តាម​មង្គល​ការ​ផង​ដែរ ។ ជា​មួយ​គ្នា​នោះ នាយ​​ក៏​ជា​ប្រធាន​ក្រុម​​រាំ ក្មេង​អនាថា នៅ​ក្នុង​ខេត្ត​សៀម​រាប ដោយ​លោក​បាន​ជួយ​ក្មេងៗ​ទាំង​នោះ​ជាង​៣០នាក់ ឲ្យ​មាន​អនាគត​ថែម​ទៀត​ផង។

 

នាយ​កណ្ដុរ​បាន​​លើក​ឡើង​ទៀត​ថា ជីវិត​​អ្នក​សេព​គ្រឿងញៀន ក៏​ដូច​ជា អ្នក​កើត​ជំងឺ​អេដស៍ លោក​បាន​ស្គាល់​ច្បាស់​ណាស់ ត្បិត​អី​លោក​ធ្លាប់​ធ្វើ​ការងារ​ជា​មួយ​​អ្នក​ទាំង​នោះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ខេត្ត សៀមរាប មុន​បោះ​ជំហាន​ចូល​​សិល្បៈ។ បទ​ពិសោធ​ទាំង​ប៉ុន្មាន​ខាង​លើ បូក​រួម​ទាំង​ការងារ​សិល្បៈ​ជា​៣០រឿង និង ខារ៉ាអូខេ​ជា​ច្រើន​បទ ទើប​ធ្វើ លោក អាច​សរសេរ​បទ​ចម្រៀង​បាន។

ជា​មួយ​នឹង​ស្នាដៃ​បទ​ចម្រៀង​ទាំង៤បទ​ដែល​មាន​១បទ​បាន​ចេញ​ហើយ​នោះ លោក ជុំ ផានិត ហៅ D.Jកណ្ដុរ បាន​ស្នើ​​ឲ្យ​ទស្សនិកជន​មេត្តា​គាំទ្រ​ឲ្យ​​បាន​ច្រើន ដើម្បី​ជា​កម្លាំង​ចិត្ត ក្នុង​ការ​ផលិត​​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត៕

https://www.youtube.com/watch?v=b15e5RBSzzc

អានអត្ថបទ៖ សំឡេង​មធ្យម​ទេ ធំ​កាយវិការ​ អស់ស្ទះ​មិន​ចាញ់​តារា​អាជីព​ទេ! អានអត្ថបទ៖ ហង្ស​មាស សាន់ដេ និង Town ពង្រឹង​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា​សម្រាប់​​ឆ្នាំ ​២០១៥! អត្ថបទ៖ ខុត សីហា