ហង្ស​មាស សាន់ដេ និង Town ពង្រឹង​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា​សម្រាប់​​ឆ្នាំ ​២០១៥!

  • 2014-12-04 13:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម រស្មី​ហង្ស​មាស សាន់ដេ និង Town បាន​ពង្រឹង​យុទ្ធសាស្ត្រ​ផ្សេងៗ​ពី​គ្នា​នៅ​ចុង​ឆ្នាំ​២០១៤ ក៏​ដូច​ជា​ឆ្នាំ​២០១៥​ខាង​មុខ ដើម្បី​ស្រូប​យក​ការ​គាំទ្រ​ពី​មហាជន។

 

    ជាក់​ស្ដែង​ផលិតកម្ម រស្មី​ហង្ស​មាស​ពង្រឹង​ទៅ​លើ​វិស័យ​ទូរទស្សន៍ ច្រើន​ជាង​ការ​ផលិត​ចម្រៀង ព្រោះ​ផលិតកម្ម​នេះ​ទើបតែ​បង្កើត​ទូរទស្សន៍ ហើយ​បាន​នាំ​យក​កម្មវិធី​ល្អ​ជាង​ច្រើន​ពី​បរទេស ដូច​ជា The Voice Cambodia និង Cambodia's Got Talent កំពុង​ចាក់​ផ្សាយ​រៀងរាល់​សប្ដាហ៍​ជា​ដើម។   ប្រការ​នេះ​ធ្វើ​ឱ្យ​ការ​ផលិត​បទ​ចម្រៀង​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស ហាក់​មិន​សូវ​ជា​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ដូច​មុន​ពី​ទស្សនិកជន​ឡើយ។   រីឯ​ផលិតកម្ម​ សាន់ដេ បាន​ខិតខំ​ពង្រឹង​ជា​ខ្លាំង​លើ​​វិស័យ​ភាពយន្ត ដោយ​មួយ​ឆ្នាំៗ​ផលិតកម្ម​នេះ​ត្រៀម​ផលិត​ភាពយន្ត​ឱ្យ​បាន​យ៉ាង​តិច ២​ ទៅ​ ៣​ រឿង​ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ។   ដោយ​ឡែក​ងាក​ទៅ​ផលិតកម្ម Town ឯណោះ​វិញ​គឺ​ពង្រឹង​ខ្លាំង​តែ​លើ​ការ​ផលិត​ចម្រៀង​តែ​ប៉ុណ្ណោះ ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​គាំទ្រ​របស់​ខ្លួន។   ​​ទាក់ទង​នឹង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​នេះ​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​សាន់ដេ​លោក ឡាយ សុក​ចំរើន ទទួល​ស្គាល់​ថា​ផលិតកម្ម​របស់​ខ្លួន​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​វិស័យ​ភាពយន្ត​ពិត​ប្រាកដ​មែន។ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដោយសារ​តែ​ឃើញ​ទីផ្សារ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង។   ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​អះអាង​ថា​ ការ​ផលិត​ចម្រៀង​នៅ​តែ​ជា​អាទិភាព​ខ្ពស់​ដដែល ក្នុង​ការ​បំពេញ​តម្រូវការ​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ។   លោក ឡាយ សុក​ចំរើន បញ្ជាក់​ថា៖"តាម​ពិត​អាទិភាព​ខ្ពស់​របស់​យើង​គឺ​ការ​ផលិត​ចម្រៀង​ឯណោះ​ទេ តែ​យើង​ចង់​ឱ្យ​ការ​ផលិត​កុន​នេះ​ដើរ​ខ្លាំង​ដូច​យើង​ផលិត​ចម្រៀង​ដែរ។ ចឹង​ហើយ​ទើប​មួយ​រយៈ​ចុង​ក្រោយ​យើង​ពង្រឹង​កុន​ខ្លាំង​បន្តិច"។   ចំពោះ​បញ្ហា​នេះ​ដែរ ​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​ Town លោក មាស សុខ​រតនៈ ក៏​ទទួល​ស្គាល់​ថា ​ផលិតកម្ម​របស់​ខ្លួន​គឺ​ពង្រឹង​តែ​វិស័យ​ចម្រៀង​មួយ​មុខ​ប៉ុណ្ណោះ មិន​ទាន់​ចាប់​អារម្មណ៍ វិស័យ​ភាពយន្ត ឬ​ទូរទស្សន៍​ដូច​ផលិតកម្ម​ដទៃ​ទៀត​ឡើយ។

 

លោក​និយាយ​ថា៖"អូន​ឃើញ​ស្រាប់​ហើយ​តើ ពេល​នេះ​យើង​មាន​តែ​ចម្រៀង​មួយ​មុខ​ទេ​ត្រូវ​ពង្រឹង​ខ្លាំង។ ជំហាន​បន្ទាប់​ទៀត​ត្រូវ​មាន​យុទ្ធសាស្ត្រ​បែប​ណា​នោះ បង​មិន​អាច​ប្រាប់​បាន​ទេ ព្រោះ​ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន"។   ចំណែក​​ឯ​លោក អ៊ិន ទីតូ អ្នក​ចាត់ចែង និង ​ដឹក​នាំ​ការ​ផលិត​ប្រចាំ​ផលិតកម្ម​ រស្មី​ហង្ស​មាស មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​អះអាង​ថា​ កំពុង​ជាប់​ប្រជុំ។   យ៉ាង​ណា​ក៏​ដោយ​បើ​គេ​មើល​ទិដ្ឋភាព​ជាក់​ស្ដែង​ក្នុង​ផលិតកម្ម​នេះ ការ​ផលិត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន ហាក់​មិន​សូវ​មាន​សន្ទុះ និង​ការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន​ដូច​មុន​ទេ។ បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ដោយសារ​តែ​ផលិតកម្ម​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​ផ្ដោត​លើ​វិស័យ​ទូរទស្សន៍។ ជា​ពិសេស​ការ​នាំ​យក​កម្មវិធី​ល្បីៗ​លំដាប់​ពិភពលោក​មក​កម្ពុជា ​ហើយ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ទស្សនិកជន។   ទាំង រស្មី​ហង្ស​មាស សាន់ដេ និង Town សុទ្ធតែ​មាន​អ្នក​គាំទ្រ និង​តារា​ចម្រៀង​ល្បីៗ​ច្រើន​រៀង​ខ្លួន។ តាម​រយៈ​ការ​ពង្រឹង​យុទ្ធសាស្ត្រ​ផ្សេងៗ​ពី​គ្នា​ធ្វើ​​ឱ្យ​ផលិត​កម្ម​ទាំង​៣​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន​ដូច​គ្នា​នា​ពេល​បច្ចុប្បន្ន៕

 

សូមចុចអាន៖ គាប់​ជួន​ទៀត​តារា​ខ្មែរ​ពីរ​ដួង​សុខ​ចិត្ត​អត់​ខ្លួន​ឯង​យក​អាហារ​ជួយ​ជនអនាថា​ក្នុង​ថ្ងៃ​តែ​មួយ   សូមចុចអាន៖ រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់​រវាង Coach និង​កូន​ក្រុម សុវណ្ណ​រាជ-ប៊ុត​សីហា   សូមចុចអាន៖ តាប៊ុយ អ្នក​គ្រប់គ្រង​កម្មវិធី​លេចធ្លោ​​ម្នាក់​នៅ MYTV

 

អត្ថបទ៖ អ៊ីង សុឡា