ដឹង​រឿង​នេះ អ្នក​នៅ​ផ្ទះ​ជួល តិច​លែង​ហ៊ាន​នៅ​ទៅ…!!!

  • 2014-12-07 19:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ខ្មោច​ទៀត​ហើយ​គ្នា​យើង...នេះ​ជា​បទ​ពិសោធន៍​របស់​លោកមីនា អ្នក​ខេត្ត​បាត់​ដំបង ដែល​លោក​បាន​​ជួប​នៅ​ភ្នំពេញ​កាល​ពី​ប្រមាណ​ ៣-៤ ឆ្នាំ​មុន​ប៉ុណ្ណោះ ដែល​បទ​ពិសោធន៍​នោះ ពាន​ធ្វើ​ឲ្យ​លោក​ព្រឺ​ឆ្អឹង​ខ្នង​មិន​តិច។ សូម​ស្តាប់​ការ​ការ​រៀប​រាប់​របស់​លោក​ខាង​ក្រោម៖

 

ខ្ញុំ​បាទ ឈ្មោះ ម៉ៅ មីនា ជា​អ្នក​រស់​នៅ​ខេត្ត​បាត់ដំបង បច្ចុប្បន្ន​មាន​អាយុ ៣១​ឆ្នាំ​ហើយ។ កាល​ពី​ប្រមាណ ៥​ឆ្នាំ​មុន ខ្ញុំ​បាន​ឡើង​មក​បន្ត​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ជំនាញ​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​បៀលប្រាយ។ មិន​ចម្លែក​ទេ និស្សិត​ឡើង​មក​ពី​ខេត្ត​មាន​ជម្រើស​មិន​ច្រើន​ទេ សម្រាប់​ការ​ស្នាក់​នៅ ក្នុង​នោះ បើ​មិន​នៅ​វត្ត គឺ​ជួល​ផ្ទះ​ស្នាក់​នៅ។ អីចឹង​ខ្ញុំ​ក៏​ដូច​គ្នា គឺ​បាន​ទៅ​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំការ​មន តម្លៃ ៥០ដុល្លារ​ក្នុង​មួយ​ខែ ស្នាក់​នៅ​ជាមួយ​ប្អូន​ស្រី​ម្នាក់​ទៀត ហើយ​កាល​ណោះ ខ្ញុំ និង​ប្អូន​ស្រី គឺ​ជា​ចំណូល​ថ្មី​បំផុត​ហើយ។

 

ផ្ទះ ​ដែល​ខ្ញុំ​ជួល​នោះ គឺ​ជា​ផ្ទះ​ទាប​ជាប់​ដី​ដែល​មាន​បន្ទប់​ជាប់​ៗ​គ្នា​ប្រមាណ​ជា១០​បន្ទប់​ ស្ថិត​ក្នុង​ដី​ឡូ​មួយ​កន្លែង ហើយ​នៅ​ពី​មុខ​បន្ទប់​នីមួយ​ៗ គឺ​សុទ្ធ​តែ​មាន​គ្រែ​ឈើ​មួយ​ៗ​គ្រប់​បន្ទប់​ដែល​ម្ចាស់​ផ្ទះ​ដាក់​សម្រាប់​ ឲ្យ​អង្គុយ ឬ​សម្រាក​លេង។ ទៅ​ស្នាក់​នៅ​ទី​នោះ ប្រមាណ​ជា ១ ខែ ដោយ​សារ​តែ​ចាញ់​អាកាស​ធាតុ​ក្តៅ​ស្អុះ​ស្អាប់​ក្នុង​ផ្ទះ​ពេក ផ្សំ​នឹង​ទម្លាប់​មិន​សូវ​ចូល​ចិត្ត​ខ្យល់​កង្ហារ​ផង ខ្ញុំ​ក៏​សម្រេច​ចេញ​មក​ដេក​នៅ​គ្រែ​មុខ​បន្ទប់។ នៅ​ខាង​ក្រៅ​ខ្យល់​រហើយ​ណាស់ យប់​ណា​ក៏​គេង​លក់​ស្រួល​ដែរ ដល់​ទៅ​អីចឹង ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី ក៏​គេ​គ្រប់​គ្នា​មិន​ចេញ​មក​ដេក​ខាង​ក្រៅ សុខ​ចិត្ត​ដេក​ខាង​ក្នុង​ស្អុះ​ស្អាប់​ចង់​ងាប់​ហ្នុង!។ ប៉ុន្តែ​ចម្ងល់​នេះ ក៏​មិន​ជា​ខ្លាំង​ក្លា​ប៉ុន្មាន​ដែរ ព្រោះ​ម្យ៉ាង​យល់​ថា ប្រហែល​ជា​ពួក​គេ​មិន​ទម្លាប់​ដេក​ខាង​ក្រៅ​បន្ទប់ ឬ​ក៏​គេ​ខ្លាច​រឿង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជា​ដើម។ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​ដេក​ក្រៅ​បន្ទប់​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ឈប់​នៅ។

 

យ៉ាង ​ណា​ក៏​ដោយ កាល​ណោះ យូរ​ៗ​ម្តង រិទ្ធ ដែល​ជា​អ្នក​ជួល​បន្ទប់​នៅ​ក្នុង​ដីឡូ​ជាមួយ​តែង​តែ​មក​ជជែក​លេង​ពី​នេះ​ពី​ នោះ។ ម្តងម្កាល គេ​ឆ្លៀត​សួរ​ថា “បង​អ្ហែង​គេង​ក្រៅ​អីចឹង​លក់​ស្រួល​ទេ “ ឬ​ក៏ “បង​ឯង​ដែល​ឃើញ​អី​អត់?” ជា​ដើម។ ខ្ញុំ​ឆ្លើយ “មាន​អី​លក់​ស្រួល​រាល់​តែ​យប់…ឃើញ​ស្អី​បើ​ដាក់​លក់​ៗ​ទល់​ៗ​ភ្លឺ​ហ្នឹង!”។ បាន​ចម្លើយ​អីចឹង រិទ្ធ ក៏​ឈប់​សួរ ឯ​ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍។

 

 

ប្រមាណ​ជា​១​សបា្តហ៍​ក្រោយ​មក រិទ្ធ នៅ​តែ​មក​សួរ​ខ្ញុំ​នូវ​សំណួរ​ដដែល​ទាំង​សើច​ញឹម​ៗ​ថា “បង…សួរ​ម្តង​ទៀត​មើល រាល់​យប់…អត់​ដែល​ឃើញ​អី​សោះ?”។ ខ្ញុំ​នៅ​តែ​ឆ្លើយ​ដូច​មុន ថា​អត់​ទេ។ ម្តង​នេះ ខ្ញុំ​ហាក់​ចាប់​អារម្មណ៍​នឹង​សម្ដី​របស់ រិទ្ធ ក៏​ដេញ​សួរ​វិញ “យី​មាន​រឿង​អី រិទ្ធ ឃើញ​តែ​មក​សួរ​ខ្ញុំ​ដដែលៗ​អីចឹង?”។ “ខ្មោច…!” រិទ្ធ ឆ្លើយ។ ខ្ញុំ​ភ្លាត់​មាត់ “អី​គេ​ខ្មោច” ឯ រិទ្ធី បន្ត​ទៀត “ត្រូវ​ហើយ​ខ្មោច…នៅ​ទី​នេះ…”។ “និយាយ​លេង និយាយ​មែន” ខ្ញុំ​សួរ​បន្ថែម​ទៀត។

 

រិទ្ធី ឆ្លើយ​ទៀត “ត្រូវ​ហើយ​បង បង​អ្ហែង​មិន​ដឹង​ទេ​អ្ហី នៅ​ដី​ឡូ​យើង​ហ្នឹង កំពូល​ខ្មោច​លង​ហើយ”។ គ្រាន់​តែ​លឺ​ប៉ុណ្ណឹង ខ្ញុំ​ព្រឺ​ក្បាល​ខ្ញាក រោម​ចាប់​ផ្តើម​បះ។ មក​ដល់​ត្រឹម​នេះ ខ្ញុំ​នឹក​ឃើញ​រឿង​មួយ គឺ​យប់​មួយ ម៉ោង​ប្រមាណ​ជា ១-២ រំលង​អាធ្រាត្រ ពេល​ក្រោក​បត់​ជើង​តូច ខ្ញុំ​ឃើញ​ ស្រី​ណា ដែល​ធ្វើ​ការ​នៅ​បៀហ្គាដិន ជួល​បន្ទប់​ខាង​ចុង​បង្អស់​ខាង​លិច ត្រឡប់​មក​ពី​ធ្វើការ ស្លៀក​ពាក់​ស​ដើរ​កាត់​មុខ​ខ្ញុំ។

 

ពេល​នោះ​ជា​ការ​គួរ​សម ខ្ញុំ​សួរ​ថា “ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​ទេ​ហ្អី អាណា?” តែ​នាង​អត់​ឆ្លើយ​មួយ​មាត់ ខ្ញុំ​គិត​ថា ប្រហែល​ជា​នាង​ធ្វើការ​ហត់​ពេក ហឹង​ត្រចៀក​ស្តាប់​មិន​លឺ ឬ​ខ្ជិល​ឆ្លើយ​ខ្លាច​ខ្ញុំ​ញ៉ែ ក៏​ហី​ទៅ តែ​ឆ្ងល់​ថា ធ្វើ​ការ​បៀរហ្គាដិន ចាំ​បាច់​ស្លៀក​ស​លើ​ក្រោម​អីចឹង​ដែរ! យ៉ាង​ណា​ក៏​មិន​នឹក​ភ្នក​ទៅ​លើ​រឿង​ខ្មោច​អី​ដែរ ព្រោះ​ថា នៅ​កណ្តាល​ក្រុង​ទៅ​មាន​ខ្មោច​ឯណា បើ​នៅ​ភូមិ​ស្រុក​អី​ក្រែង​មែន។

 

 

ខ្ញុំ ​ប្រាប់​រឿង​នេះ​ទៅ រិទ្ធ  ហើយ​សួរ​ថា “តិច​ខ្មោច​ទេ​ដឹង វ៉ី?” “ច្បាស់​ណាស់…!” រិទ្ធ ឆ្លើយ​ ហើយ​គេ​បន្ត​ថា “អាឡូវ ចង់​ដឹង​ច្បាស់ តោះ​ទៅ​សួរ​ស្រី​ណា​ទាំង​អស់​គ្នា ចាំ​ខ្ញុំ​ជូន​ទៅ”។ ខ្ញុំ​ពីរ​នាក់ រិទ្ធ ដើរ​សំដៅ​ទៅ​បន្ទប់ ស្រីណា។ រិទ្ធ ស្រែក​ហៅ​ពី​ក្រៅ​ “ណា​ណា ខ្ញុំ​សុំ​សួរ​បន្តិច​” “មាន​ការ​អី​បង” ស្រី​ណា សួរ​បក ខណៈ​ដើរ​ចេញ​មក​មិន​ទាន់​ដល់​ទ្វារ​ផង។ “កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម៉ោង ប្រហែល ១​យប់ ខ្ញុំ​ឃើញ​ស្រី​ណា ដើរ​កាត់​មុខ​ខ្ញុំ​ហើយ​ខ្ញុំ​បាន​សួរ​ថា ទើប​មក​ពី​ធ្វើការ​មែន…តើ​ស្រី​ណា​នៅ​ចាំ​ទេ?” “អត់…អត់​ដឹង​អី​ផង ខ្ញុំ​ឈប់​ធ្វើ​ការ​នៅ​បៀហ្គាដិន​យូរ​ហើយ​តើ អត់​មាន​ត្រូវ​មក​ផ្ទះ​យប់​ព្រលប់​ទៀត​ទេ! តើ​មាន​រឿង​អី?”។ “អត់…អត់​មាន​រឿង​អី​ទេ អរគុណ…!” ខ្ញុំ​ឆ្លើយ ហើយ​ក៏​ដឹក​ដៃ រិទ្ធ ចេញ​មក។

 

ខ្ញុំ ​ព្រឺ​សម្បុរ​ម្តង​ទៀត “ពុទ្ធោ រិទ្ធ ខ្ញុំ​ជួប​ខ្មោច...! ” ខ្ញុំ​និយាយ​ទៅ​កាន់ រិទ្ធ។ “អីចឹង​ហើយ​បាន​ខ្ញុំ​ចេះ​តែ​មក​សួរ​បង​ឯង​ហ្នឹង…ព្រោះ​បង​ឃើញ​ស្រាប់​ហើយ​ នៅ​ហ្នឹង អត់​មាន​អ្នក​ណា​ហ៊ាន​ចេញ​ដេក​ក្រៅ​បន្ទប់​ទេ!” រិទ្ធ តប​មក​ខ្ញុំ។

 

រិទ្ធ បន្ត​ទៀត​ថា “អា​ឡូវ​ចាំ​ខ្ញុំ​ប្រាប់​បង​ឯង...នៅ​បន្ទប់​ខាង​កើត​រំលង​បន្ទប់​បង​ឯង​មួយ​បន្ទប់​ហ្នឹង កាល​ពី​មុន​មាន​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​ពីរ​នាក់​បាន​មក​ជួល​នៅ ប៉ុន្តែ​ក្រោយ​មក ប្រពន្ធ​បាន​ស្លាប់​ដោយ​សារ​រអិល​ជើង​បោក​ក្បាល​ត្រូវ​នឹង​ជ្រុង​ចង្ក្រាន ហើយ​តាំង​ពី​ហ្នុង​មក ខ្មោច​ស្ត្រី​វៀតណាម​នោះ ចេញ​លង​មិន​ថា​យប់​មិន​ថា​ថ្ងៃ​ឡើយ!”។

 

រិទ្ធ និទាន​បន្ត “ខ្ញុំ​ប្រាប់​បង​ឯង​ទៀត​ ក្រោយ​ពី​ប្រពន្ធ​ស្លាប់​ទៅ បុរស​ជា​ប្តី ឈប់​នៅ​ហ្នឹង​ទៀត​ហើយ តែ​មាន​ប្តី​ប្រពន្ធ​ខ្មែរ​មួយ​គូ និង​កូន​ស្រី​តូច​ម្នាក់​ផង បាន​មក​នៅ ប៉ុន្តែ​នៅ​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ រើ​ចេញ​វិញ​ភ្លាម​!”។ “មាន​រឿង​អី​កើត​ឡើង​ទៅ?” ខ្ញុំ​សួរ​ទៅ រិទ្ធ។

 

 

រិទ្ធ ឆ្លើយ “មាន…ថ្ងៃ​មួយ នៅ​ម៉ោង​ប្រមាណ​ជា ១​រសៀល​ហ្នឹង កូន​ស្រី​ម្ចាស់​បន្ទប់​ថ្មី​ហ្នឹង​បាន​ចូល​បន្ទប់​ទឹក ពេល​ចេញ​មក​វិញ វា​បាន​មក​ប្រាប់​ម្តាយ​វា​ថា ម៉ាក់…​ម៉ាក់ ពេល​ញ៉ុម​កំពុង​ជុះ​អាចម៍​មិញ មីង​មួយ​នោះ​សក់​វែង អង្គុយ​លើ​បង្គន់​(ជញ្ជាំង​បង្គន់​ដែល​ខាង​លើ​អត់​ដំបូល តែ​មាន​ដំបូល​ផ្ទះ​គ្រប់​ពី​លើ​ខ្ពស់) សើច​ស្ញេញ​ដាក់​ញ៉ុម​!។ លឺ​កូន​ស្រី​ប្រាប់​ដូច្នេះ ម្តាយ​រត់​ចូល​ទៅ​មើល អត់​ឃើញ​មាន​អី ក៏​យក​រឿង​ហ្នឹង​មក​និយាយ​ប្រាប់​អ្នក​នៅ​បន្ទប់​ផ្សេង​ៗ ហើយ​ត្រូវ​គេ​ប្រាប់​តាម​ដំណើរ​រឿង។គ្រាន់​តែ​ដឹង​រឿង​ភ្លាម​មិន​បង្អង់​យូរ​ឡើយ ស្ត្រី​នោះ​រៀប​ចំ​ឥវ៉ាន់​រើ​ចេញ​ក្នុង​ថ្ងៃ​នោះ​ភ្លាម​តែ​ម្តង”។

 

រិទ្ធ បន្ថែម​ថា “ហ្នឹង​រឿង​ពេល​ថ្ងៃ ដល់​ពេល​យប់​វិញ...កាល​មុន អាវីដ វា​នៅ​បន្ទប់​ជាប់​បង​ឯង​ហ្នឹង រាល់​យប់​តែ​មក​ពី​ដើរ​លេង​វិញ វា​ដេក​តែ​លើ​គ្រែ​ក្រៅ​ហ្នឹង។ ប៉ុន្តែ​យប់​មិញ​មួយ វា​ស្រាប់​តែ​ស្រែក​ភ្លាត់​សំឡេង​កណ្ដាល​យប់ "ខ្មោច​ៗ...នៅ​ចុង​ជើងៗ" វា​ថា ពេល​កំពុង​តែ​ដេកៗ មាន​មនុស្ស​ដាស់​ឲ្យ​ភ្ញាក់ លុះ​វា​បើក​ភ្នែក ឃើញ​មនុស្ស​ស្រី​ម្នាក់​អង្គុយ​ចុង​ជើង ដល់​ពិនិត្យ​មើល​ទៅ​អត់​មាន​ក្បាល។ ខ្ញុំ​ប្រាប់​...អីចឹង​ហើយ​បាន​អត់​មាន​អ្នក​ដេក​នៅ​ក្រៅ...មាន​រឿង​ច្រើន...ទាល់​តែ​ម្ចាស់​ផ្ទះ និមន្ត​លោក​មក​ធ្វើ​ពិធី​ពីរ​បី​ដង​ឯណោះ​បាន​ស្ងាត់ ប៉ុន្តែ​នៅ​តែ​​គ្មាន​នរណា​ហ៊ាន​ដេក​ក្រៅ​ដដែល ទើប​ឃើញ​មាន​តែ​បង​ឯង​ម្នាក់​ហ្នឹង...ខ្ញុំ​ប្រាប់ គេ​គ្រប់​គ្នា...ចាំ​មើល​តែ​ប្រតិកម្ម​បង​ឯង​ទេ(សើច)”។

 

 អត្ថបទ៖រឿង​ហួស​ចិត្ត…បុក​ខ្មោច!!!

 

បាន​ស្តាប់​ការ​រៀប​រាប់​របស់ រិទ្ធ ខ្ញុំ​ព្រឺ​សម្បុរ​គីង្គក់ នឹក​មិន​ដល់​សោះ​ថា នៅ​កណ្តាល​ក្រុង​ក៏​មាន​ខ្មោច​ដែរ ហើយ​ក៏​នឹក​មិន​ដល់​ទៀត​ថា ជួប​ខ្មោច​ទាំង​មិន​ដឹង​ខ្លួន​ដូច្នេះ​សោះ។ បើ​ដឹង​មុន កុំ​ថា​ដល់​ថ្នាក់​មក​ដេក​ក្រៅ គឺ​មិន​ខ្ចី​ជួល​ផ្ទះ​ហ្នឹង​នៅ​តែ​ម្តង ព្រោះ​ខ្ញុំ​ក៏​កំពូល​អ្នក​ខ្លាច​ខ្មោច​ដែរ កាល​នៅ​ស្រុក តែ​លើ​ផ្ទះ​ខ្លួន​ឯង​សោះ​ហ្នឹង ពេល​យប់​ម្នាក់​ឯង​ក៏​មិន​ហ៊ាន​ឡើង​ដែរ។យ៉ាង​ណា បើ​ទោះ​ដឹង​រឿង​ហើយ​ក្តី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្នាក់​នៅ​ផ្ទះ​នោះ និង​នៅ​តែ​ដេក​ខាង​ក្រៅ​ដដែល ព្រោះ​ក្រោយ​មក គ្រប់​បន្ទប់ គេ​បាន​ចេញ​មក​ដេក​ក្រៅ​ទាំង​អស់​គ្នា​ហើយ ហើយ​ក៏​មិន​ដែល​មាន​រឿង​អី​កើត​ឡើង​ដែរ រហូត​ដល់​ខ្ញុំ​ចាក​ចេញ​រៀបការ​ប្រពន្ធ។

 

និយាយ​រឿង​ខ្មោច​កណ្តាល​ទី​ ក្រុង​នេះ ខ្ញុំ​ធ្លាប់​លឺ​អ្នក​រត់​ម៉ូតូ​កង់​បី និយាយ​ថា នៅ​ម្តុំ​គុក​ទួល​ស្លែង មាន​អ្នក​នៅ​ក្បែរ​ៗ​អះអាង​ថា យប់​ខ្លះ​នៅ​ក្នុង​អគារ​គុក​ទួល​ស្លែង គេ​លឺ​សំឡេង​បិទ​បើក​ទ្វារ ឬ​សំឡេង​អូស​ច្រវាក់​ក្រោក​ក្រាក​ជា​ដើម ហើយ​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ក៏​ប្រាប់​ដែរ​ថា ផ្ទះ​ជួល​មួយ​នៅ​ម្តុំ​ជិត​សាកល ក៏​ល្បី​មាន​ខ្មោច​លង​មិន​ណយ​ដែរ អីចឹង​ប្រយ័ត្ន​អ្នក​នៅ​ផ្ទះ​ជួល មិន​ដឹង​ថា មាន​នៅ​កន្លែង​ណា​ខ្លះ​ទៀត​ទេ ហេសហេ…៕