Online Business ប្រភេទបោក​ នៅ​តែ​បន្តសម្លាប់​ខ្មែរ!

  • 2014-12-09 15:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​អនឡាញ ឬ Online Business កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​​ទូទាំង​ពិភព​លោក​ ខណៈ​ដែល​ប្រជាជន​ខ្មែរ​ក៏​កំពុង​ហ៊ឹកហ៊ាក់​​នឹង​អាជីវកម្ម​ប្រភេទ​នេះ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

Online Business ដែល Sabay លើក​មក​និយាយ​ក្នុង​ថ្ងៃ​នេះ ​គឺ​សំដៅ​លើ​ប្រភេទ Online Scam (​អាជីវកម្ម​ឆបោក​លើ​អនឡាញ) ឬ Pyramid Scheme ឬ Ponzi Scheme លក្ខណៈ​ជា MLM (Multi-Level Marketing) ដែល​ជា​ប្រភេទ​អាជីវកម្ម​​ជា​បណ្ដាញ (Network)។ មាន​ន័យ​ថា ទាល់​តែ​ធ្វើ Network តៗ​គ្នា​ជា​លក្ខណៈ​ពីរ៉ាមីត​ ទើប​ចំណេញ​ប្រាក់​ច្រើន។

 

 

នៅ​ក្នុង​គំរូ​អាជីវកម្ម​ពីរ៉ាមីត​នេះ អ្នក​វិនិយោគ (investor) ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​លើស​លប់​ពី​ក្រុមហ៊ុន​រហូត​ដល់​ជាង ២០០% ដោយ​គ្រាន់​តែ​វិនិយោគ​លើ​កញ្ចប់​គម្រោង​ណា​មួយ​ នោះ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ចំណូល​ប្រចាំ​សប្ដាហ៍​ (Passive Income) ទៅ​តាម​ទំហំ​នៃ​កញ្ចប់​គម្រោង​នោះ។

 

ឯ​ចំណូល​ប្រចាំ​សប្ដាហ៍​ទៀត​សោត ត្រូវ​ការ​ពេល​ច្រើន ដើម្បី​ទទួល​បាន​ប្រាក់​គ្រប់​ដើម​វិញ និង​ចំណេញ។ អីចឹង​ទេ ត្រូវ​ធ្វើ network ឬ​ហៅ​មនុស្ស​ចូល​វិនិយោគ ទើប​ចំណេញ​ច្រើន ព្រោះ​ក្រុមហ៊ុន​ឲ្យ​ប្រាក់​កម្រៃ​ជើងសា និង​ប្រាក់​បន្ថែម (direct sponsor, pairing & matching bonus) ​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី និង​ឆាប់​មាន​ដោយ​ស្រួល។ ក្នុង​ន័យ​នេះ មេ​នៅ​ខាង​លើ​គេ ហៅ​ថា Upline ខណៈ​អ្នក​ចូល​រួម​វិនិយោគ​ក្រោយៗ​នៅ​ខាង​ក្រោម​ហៅ​ថា Downline

 

 

តើ Online Business ប្រភេទ​នេះ​ស្ថិតស្ថេរ​បាន​យូរ​ប៉ុន្មាន​ដែរ? ហើយ​នរណា​ជា​ជន​រងគ្រោះ ឬ​ក៏​ក្លាយ​ជា​សេដ្ឋី​អ្នក​មាន​ទាំង​អស់​គ្នា​ក្នុង​មួយ​ពិភពលោក?

 

ពាក្យ​ថា Online Business (MLM) គ្មាន​ទេ​ ពាក្យ​ថា​នៅ​គង់វង្ស​យូរ​អង្វែង ពោល​គឺ​មាន​ចាប់​ពី​១​ខែ, ៣ខែ, ៦​ខែ, ១​ឆ្នាំ និង​យ៉ាង​យូរ ២ ឆ្នាំ​ គឺ​នឹង​បិទ​បាត់​ស្រមោល​ដោយ​ស្វ័យ​ប្រវត្តិ​ឯកឯង​តែ​ម្ដង ឬ​ក្រោម​លេស​ផ្សេងៗ (ឧ. ពាក់​ព័ន្ធ​នឹង​ច្បាប់​)។ ឯ​អ្នក​រងគ្រោះ គឺ downline ដែល​ចូល​រួម​វិនិយោគ​ទិញ​កញ្ចប់​គម្រោង​ក្រោយ​គេ​បង្អស់ ព្រោះ​តែ​លោភលន់​ចង់​ឆាប់​មាន​តាម​ផ្លូវ​កាត់ ខណៈ​ដែល​អ្នក​ចេះ​ក្ដាប់​ឱកាស​ពី​ចិត្ត​លោភ​របស់​មនុស្ស ហើយ​ចំណេញ​កប់​ពពក គឺ upline។

 

ជាក់​ស្ដែង ប្រជាជន​ពិភពលោក​ជា​ពិសេស​ជនជាតិ​ប្រេស៊ីល​សញ្ជាតិ​អាមេរិក កាណាដា និង​កម្ពុជា​ផង​ដែរ រង្គោះរង្គើ​រង​គ្រោះ​ខាត​បង់​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី TelexFree ដែល​ជា​ Online Business ដ៏​មាន​ប្រជាប្រិយភាព​​អាយុ​កាល​ជាង ១ ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បិទ​ទ្វារ រឹប​អូស​ទ្រព្យ​សម្បត្តិ​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា បន្ទាប់​ពី​​​ជាប់​​ចោទ​ពី​បទ​ធ្វើ​ Prymid Scheme ​បោក​ប្រាស់​ប្រាក់​ពី​ប្រជាជន​លើ​ពិភពលោក​ជាង ១ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Boston Globe ។

 

ទោះ​ជា​មាន​មេរៀន​បែប​នេះ​ក៏​ដោយ ​គេ​នៅ​តែ​សង្កេត​ឃើញ Online Business គ្មាន​អាជ្ញាប័ណ្ណ​​លក្ខណៈ​ជា investment ឬ​តុងទីន និង​ខ្លះ​ក្លែង​រូបភាព​ជា​ទិញ​ស្ដុក (shares) បន្ត​មាន​វត្ត​មាន​ជា​​ច្រើន​នៅ​កម្ពុជា​ដដែល ខណៈ​មួយ​ភាគ​ធំ​បាន​ក្លាយ​ជា scam ឬ​ក៏​ដួល​រលំ​បណ្ដើរៗ​តាម TelexFree ដូច​ជា WCM777  និង Gmax ជា​ដើម។ នៅ​ទី​បញ្ចប់ តើ​នរណា​ចំណេញ នរណា​រងគ្រោះ ហើយ​នរណា​ទទួល​ខុស​ត្រូវ?

 

 

អត្ថបទថ្មី