ព្រាយ​ចូល​ខ្លួន គ្រូ​ទី១​ជួយ​​អត់​ឈ្នះ ប៉ះ​គ្រូ​ទី២​មានអី​...

  • 2014-12-11 15:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​បង​សប្បាយ! ខ្ញុំ​ឈ្មោះ ថារ៉ា មក​ពី​ខេត្តកំពង់​ចាម។ តាម​រយៈ​ Sabay ខ្ញុំ​បាន​អានរឿង​​ជាច្រើនទាក់ទង​នឹង​អប្បិយជំនឿ​ ជា​ពិសេស​គឺ​​​បទ​ពិសោធន៍​ប្លែកៗ​ដែល​ទាក់ទង​នឹង​ខ្មោច​ព្រាយ​បិសាច​ជា​ដើម។ ចំណែក​ខ្ញុំ​ក៏​មាន​រឿងចង់​ចែករំលែកមួយ​​ដែរ បើ​និយាយ​ថា​​មិន​ជឿ​ក៏​មិន​កើត ព្រោះ​អី​ខ្ញុំ​ជួប​ផ្ទាល់​តែ​ម្ដង ហើយ​​កើត​លើ​មីង​​ក្បែរ​ផ្ទះខ្ញុំទៀត។

 

រូប​តំណាង

 

អ្នក​ទាំងអស់​គ្នា សាក​ស្រមៃ​បន្តិច​មើលថា ​ពេល​មនុស្ស​ម្នាក់​ត្រូវ​ខ្មោច​ចូល អ្នក​នោះ​មាន​សភាព​បែប​ណា គឺ​ច្បាស់​ជា​​យំស្រែក​ជេរគេជេរ​ឯង​​ហើយ។

 

តាម​ទម្លាប់ខ្ញុំ​​ ឱ្យ​តែ​មាន​រឿង​អីតិច គឺ​​ខ្ញុំ​ភ័យ​ញ័រ​ខ្លួន និង​ឆាប់​ស្លុតណាស់​​។ កាលនោះ​​ខ្ញុំ​​​រៀន​នៅ​​ថ្នាក់​ទី​១២ នៅ​​វិទ្យាល័យ​ស្រេងគីម។ ម៉ោង​ប្រហែល​​៤​ជាង បន្ទាប់​មក​ពីរៀន​ ខ្ញុំ​ហេវ​នោះ​ហេវ ហើយ​ក៏​បោះ​កាតាប​ព្រូស ​សំដៅ​ឆ្នាំង​បាយ។ អីចឹង​ណ មនុស្ស​កំពុង​ឃ្លាន ហូបអី​ក៏​ឆ្ងាញ់​ដែរ។  ​កំពុង​តែ​ឆ្ងាញ់​ៗផង  ស្រាប់​តែ​មីង​ លី ​ខាងត្បូង​ផ្ទះ​ខ្ញុំ ចុក​ពោះ​យំ​ស្រែក ​ជេរគេ​ជេរ​ឯង​គ្រប់​គ្នា។

 

ស្រែក​​យំ​ខ្លាំង​រហូត​ផ្អើល​គេ​ឯង​ដល់​ចុង​ភូមិ ចំណែក​កូនៗ​របស់​គាត់​ស្រែក​យំ​ហ៊ូ..."អុំ​​ជួយ​ម៉ែ​ខ្ញុំផង! បង​​ជួយ​ម៉ែ​​ផង!”។ ខ្ញុំ​ឯណេះ​រត់​ឆ្លេឆ្លា​សួរ​​ ហើយ​យាយ​ខ្ញុំ​ថា៖ "យាយ! មីង លី គាត់​កើត​អី!?” យាយប្រាប់​​ថា ហ្រហែល​ខ្មោច​ចូល! គាត់​ថា​ឱ្យ​​គ្រូឈឹម។ គ្រូ​ឈឹម​ ជា​គ្រូ​ល្បីម្នាក់ប្រចាំ​ភូមិ​ខ្ញុំ។ គាត់​ពូកែ​មើល​គេ​ណាស់។

 

"មិន​បាច់​ហៅ​អាណា​ទេ...អញ​មិន​ចាញ់​ទេ! អញ​ត្រូវ​យក ​​មី​មួយ​ហ្នឹង" (ខ្មោចនិយាយ)។ អូយ​...គ្រាន់​ឮ​ចឹង​ ខ្ញុំ​ភ័យ​ដុកដាក់ ភ្លាម។

 

ម៉ោរ​ហើយ! គ្រូ​ឈឹម​ម៉ោរ​ហើយ! មីងៗ​​ពូៗ ដែល​ឈរ​មើល​ទាំងភ័យផង ព្រួយផង ​ស្រែក​ប្រាប់។ គ្រាន់​តែ​ឮ​ថា​គ្រូ​ម៉ោរ ខ្មោច​​នោះ កាន់​តែ​ស្រែក​ជេរខ្លាំង​ឡើង។ "ចាប់​វា​ឱ្យ​ជាប់!!!" គ្រូ​បញ្ជា។ បី​បួន​នាក់​ចាប់​​ស្ទើរ​មិន​ចង់​ឈ្នះ។ គ្រូ​ចាប់​ផ្ដើម​សូត្រ​មន្តអាគម បណ្ដេញ​ខ្មោច​ចេញ... វ៉ៃ​ធូប​ផង​អី​ផង... យូរ​ដែរ តែ​ធ្វើ​​ម៉េច​​ក៏​​វា​អត់​ចេញ ហើយគ្រូ​ប្រាប់​ថា ​​រាសីគាត់​ក្រោម​វា គាត់​​ធ្វើ​អី​វា​អត់​កើត​ទេ។

 

"យី​អា​ខ្មោច​នេះ អី​ក៏​ខ្លាំង​ម៉េស! គ្នា​យើង​ទៅ​រក​អ្នកណា​ឱ្យ​ជួយ​កើត?" អុំ អន ស្រែកឡើង។ អ្នក​ជិត​ខាង​ខ្ញុំ​ម្នាក់​​បន្លឺទាំងភ័យ​​ថា អើ!​ តា​ដាំ ​តា​ដា​។ ពូបេ ប្ដី​មីង លី បាន​ហៅ អាកៅ មិត្តភ័ក្តិ​​ខ្ញុំ​ទៅ​ជាមួយគាត់។ អាកៅ​ក៏​ទាញ​ម៉ូតូវឹង ​​ជិះសំដៅ​ទៅ​ផ្ទះ​គ្រូ ប្រហែល​១គីឡូ​ដី។

 

និយាយពី​មនុស្ស​វិញ ដូច​មក​មើល​​ល្ខោន​ចឹង រោម​ណែន។ ចំណែក​អា​ខ្មោច​​ហ្នឹង​ ក្បាល​រឹង​ណាស់ អាង​តែ​គេ​ធ្វើ​អី​វា​មិន​កើត វា​បានចិត្តវា​ស្រែក​ថា អាណា​ធ្វើ​បាប​អញ វា​​យក​ទាំងអស់ ។ ចំណែកមីង លី នៅ​​​ដឹង​ខ្លួន តែ​សតិ​អត់​សូវ​ល្អ​ទេ គាត់​ស្រែកថ្ងូរ​រវើរវាយ អូយ​...​ឈឺ​ណាស់​ ម៉ែអើយ​ជួយ​​ផង ចេញ​​ពី​អញ​ទៅ!។

“អា​កញ្ចាស់​មក​​ធ្វើ​អី អញមិនទៅ​ណាទេ ទាល់តែ​អញ​បាន​រូប​នេះ ​​ទើប​អញ​ទៅ" ។ ខ្មោច​ស្រែកជេរ​​គ្រូ​ដាំ​។ តា​ដាំ​មក​ដល់​ល្មម...ឮ​អី​ចឹង​តា​ឡើង​​គ្រែ​ ចាប់​ពោះពោះមីង លី ​ជាប់​អត់​ឱ្យ​រើ​រួច​។ "ង៉ែង​ម៉ោ​ររក​អី? អាណា​ឱ្យ​ម៉ោរ?”  ត្រង់​នេះ​ខ្ញុំ​ចាំ​បាន​វា​ជេរតា​ថា ចេញ​ទៅ​​អាកញ្ចាស់ វា​អត់​ដឹង​ទេ... វា​អត់​ដឹង​ទេ... អូយ! អូយ!

 

"បើ​អត់​ដឹង​ចូល​រូប​គេ​ធ្វើ​អី? ប្រាប់​ឬ​​មិន​ប្រាប់? បើ​មិន​ប្រាប់​ឈឺ​ ប្រយ័ត្ន​ឈឺជាង​​ហ្នឹង​ទៀត"។ ​តា​ដាំ​និយាយ​បណ្ដើរ​ សូត្រ​មន្ត​អាគម​បង្ក្រាប​បណ្ដើរ។

 

"អូយ...អញ​ឈឺ​!" ខ្មោច​ប្រឹង​រើ​ចេញ​ពី​ដៃ​គ្រូ តែ​រើ​មិន​រួច។ តាដាំ​ស្រែក​​វា​វិញថា​ ង៉ែង​ខ្លាំង​ហ្អេះ! ង៉ែង​ខ្លាំង​ហ្អេះ! អូយ...! "អញឈឺ​ណាស់ ឈប់​ធ្វើ​បាបអញ"។ អើ! បើ​ចង់​ឱ្យ​អញ​ឈប់ ទាល់​តែ​ប្រាប់​អញ​ថា មក​​ធ្វើ​បាប​រូបគេ​ហ្នឹងធ្វើ​អី? អ្នកណា​ឱ្យ​មក? ឬ​ចង់​ស៊ី​អី​មែន? បើ​ចង់​ស៊ី​អី​ប្រាប់​គេ​មក គេ​​រៀប​ចំ​ឱ្យ ម៉េច​ចាំ​បាច់​ធ្វើ​បាប​គេ​ធ្វើ​អី?

 

ពេល​​នោះ​ហើយ​ ទើប​​ខ្ញុំដឹង​ច្បាស់​ថា វា​ចង់​បាន​អី​ឱ្យ​ប្រាកដ។ វា​ថា​វា​ចង់​បាន​​រូប​ហ្នឹង ព្រោះ​រូប​ហ្នឹង​ស្អាត គេ​ឱ្យវា​​មក​យក។ ពេល​ប្រាប់​ហើយ តា​ដាំ​​និយាយ​ថា រូប​នេះ​គេ​មាន​គ្រួសារ​ហើយ...ឥលូវ​ចេញ​ឬ​មិន​ចេញ? ចំណែក​ មីង លី ​វិញ យំ​ស្រែក​ជួយ​ផង! តាជួយ​​ផង! ចេញ​​ទៅ!  តា​ដាំប្រើប្រេងកូឡាគាត់ផង សូត្រ​អាគម​ផង ច្របាច់​ពោះ​វា​ផង យូរ​ណាស់​ទម្រាំ អា​ខ្មោច​ក្បាល​រឹង​នេះ​ចេញ។

 

​មីង​ខ្ញុំ​ដែល​ត្រូវ​ខ្មោច​ចូល​ មុខ​ឡើង​ស្លេក។ ពេល​គេ​សួរ មីង​ខ្ញុំ​ឆ្លើយ​ប្រាប់​ថា មាន​មនុស្ស​ស្រី​​ម្នាក់​សក់​វែង អង្គុយ​បែរខ្នង វាអត់គាត់​​ឃើញ​មុខ​ទេ ​វា​ថាវា​ចង់​បាន​គាត់។ ចំណែក​តា​ដាំ​​ប្រាប់​ថា វា​មិន​មែន​ខ្មោច​ទេ​ គឺ​ព្រាយនៅ​ទិស​ខាងកើត មាន​គេ​ឱ្យ​វា​មក។

 

អូ! ខ្ញុំ​ទើប​នឹង​ឃើញ...និយាយ​ចឹង​បង​ស្រី​ជីដូន​មួយ​ខ្ញុំ​ម្នាក់ ឈ្មោះ ចែឡា ក៏​ធ្លាប់​ខ្មោច​ចូលដែរ​ពេល​ទៅ​ស្ទូងឱ្យ​គេ។ ពេល​នោះ​ប្រហែល​គាត់​និយាយ​អីខុស​ហើយ ព្រោះ​កន្លែង​ដែល​គាត់​ទៅ​ស្ទូង​នោះ មាន​អ្នកតាកាន់​។ គាត់​និយាយ​សើច និយាយ​សើច អស់​ពី​សើច​យំ ទាល់​តែ​យក​មក​ផ្ទះ​ឱ្យ​តា​ដាំ​មើល និង​​រក​នេះ​រក​នោទើប​ជា។ ចាស់ៗ​ថា គាត់​ត្រូវ​របស់​គេ។

 

ចុះ​ប្រិយមិត្ត​ ធ្លាប់​ជួប​រឿង​ដូចឬ​ស្រដៀង​ខ្ញុំ​អត់?

 

 

ស្ត្រី​ម្នាក់​មាន​ដែកគោល​២០០០ដើម​​ សង្ស័យថា​អាបធ្មប់