​​​ម៉ូដ​​​ខោ​អាវ​​​​​​​​សម័យ​​​ថ្មី​​​រចនា​​​ដោយ​អ្នក​​​ច្នៃ​​​ម៉ូដ​​​កម្ពុជា​​​​​​​​​វ័យ​​​ក្មេង​​​ Dr.Fashion

  • 2014-12-11 22:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​​​ដល់​​​ម៉ូដ​​​ខោអាវ​​​ខ្មែរ ប្រិយមិត្ត​​​​​​ទាំង​​​អស់​​​គ្នា​​​ប្រហែល​​​ជា​​​នឹក​​​ដល់​​​ម៉ូដ​​​ខោអាវ​​​បែប​​​ប្រពៃណី​​​​​​មុន​គេ ព្រោះ​​​ថា​​​​ហាង​​​កាត់​​​សំលៀក​​​បំពាក់​​​បែប​​​ប្រពៃណី​​​នៅ​​​ភ្នំពេញ​​​មាន​​​ច្រើន​​​ស្ទើរ​​​រាប់​​​មិន​​​អស់។ ចំណែក​​​ឯ​​​ហាង​​​ខោអាវ​​​ម៉ូដ​​​សម័យ​​​ទំនើប​​​ដែល​​​រចនា និង​​​ដេរ​​​ដោយ​​​កូន​​​​​​ខ្មែរ​​​​​​វិញ ហាក់​​​បី​​​ដូច​​​ជា​​​នៅ​​​ឆ្ងាយ​​​ពី​​​ភ្នែក​ប្រជាជន​​​ក្នុង​​​ស្រុក​​​បន្តិច បើ​​​ធៀប​​​នឹង​​​ម៉ូដ​​​ខោអាវ​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​ជិត​​​ខាង​​​។

 

ដោយ​​​មើល​​​ឃើញ​​​បែប​​​នេះ យុវជន ហុង ឈិន និស្សិត​​​បញ្ចប់​​​ថ្នាក់​​​បរិញ្ញាប័ត្រ​ផ្នែក Fashion Design ពី​​​សាកលវិទ្យាល័យ​​ LimkokWing សម្រេច​​​ចិត្ត​​​បើក​​​អាជីវកម្ម​​​ផ្ទាល់​​​ខ្លួន​​​មួយ ក្នុង​​​គោល​​​បំណង​​​ពីរ ​​​ទីមួយ​​​គឺ​​​​​​ចង់​​​បង្កើន​​​សមត្ថភាព​​​ផ្នែក​​​ច្នៃ​​​ម៉ូដ ចំណែក​​​ឯ​​​គោលដៅ​​​ទី​​​ពីរ​​​ គឺ​​​ចង់​​​ឲ្យ​​​ប្រជាជន​​​ខ្មែរ​​​ដឹង​​​ថា​ខ្មែរ​​​​​​ក៏​​​មាន​​​ម៉ូដ​​​ខោអាវ​​​សម័យ​​​ថ្មី​​​ដូច​​​ប្រទេស​​​ជិត​​​ខាង​​​ដែរ។

 

 

Dr.Fashion ជា​​​ឈ្មោះ​​​ដែល​​​យុវជន​​​ខាង​​​លើ​​​ប្រើ​​​សម្រាប់​​​ដាក់​​​ឈ្មោះ​​​ហាង​​​ផង និង​​​ជា​​​ឈ្មោះ​​​ម៉ូដ​​​ខោអាវ​​​ផង។ ស្ថាបនិក​​​បង្កើត​​​ម៉ាក Dr.Fashion នេះ ​​​បាន​​​និយាយ​​​ប្រាប់​​​ Sabay ថា ឈ្មោះ​​​នេះ​​​មិន​​​សំដៅ​​​លើ​​​កម្រិត​​​ថ្នាក់​​​បណ្ឌិត​​​ច្នៃ​​​ម៉ូដ​​​អី​​​នោះ​​​ទេ ឈ្មោះ​​​នេះ​​គ្រាន់​​​តែ​​​ដាក់​​​ឲ្យ​​​ឃើញ​​​ថា​​​ប្លែក​​​តែ​​​ប៉ុណ្ណោះ និយាយ​​​រួម​​​​​​ស្រួល​​​ស្ដាប់​​​ និង​​​ស្រួល​​​ហៅ។

ហុង ឈិន​​​ បន្ថែម​​​ថា យុវវ័យ​​​សម័យ​​​ថ្មី​​​ភាគ​​​ច្រើន​ឲ្យ​​​តែ​​​នឹក​​​ឃើញ​​​ដល់​​​ការ​​​លេង​​​ម៉ូដ​​​ខោអាវ​​​កាលីបៗ គឺ​​​តែង​​​នឹក​​​ដល់​​​ប្រទេស​​​ជិត​ខាង ហើយ​​​ពេល​​​ខ្លះ​​​ពួក​​​គាត់​សុខ​​​ចិត្ត​​​ធ្វើ​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ដើម្បី​​​ទិញ​​​ទៀត​​​ផង។ មូលហេតុ​​​​​នេះ​​​ហើយ​​​ដែល​​​នាំ​ឲ្យ​រូប​​​លោក បើក​​​ហាង​​​តូច​​​​​មួយ​​​ដើម្បី​​​ផ្គាប់​​​ចិត្ត​​​យុវវ័យ​​​ក្នុង​​​ស្រុក​មួយ​​​ចំនួន​ឲ្យ​​​ងាក​​​មក​​​រក​​​មើល​​​ម៉ូដ​​​ខោអាវ​​​សម័យ​​​ថ្មី​​​ដែល​​​ធ្វើ​​​ដោយ​​​កូន​​​ខ្មែរ​​​វិញ​​​ម្ដង។

 

"ខ្ញុំ​​​នៅ​​​ក្មេង​​​! កែវ​​​ភ្នែក​​​ខ្ញុំ​​​គឺ​​​ស្ថិត​​​មិន​​​ឆ្ងាយ​​​ពី​​​ការ​​​លេង​​​ខ្លួន​​​របស់​​​យុវវ័យ​​​ឡើយ ដូច្នេះ​​​ម៉ូដ​​​​​​ដែល​​​ខ្ញុំ​​​ធ្វើ​​​ឡើង​​​ដោយ​​​ខ្លួន​​​ឯង​​ទាំង​​​អស់​​​​នោះ ខ្ញុំ​​​ជឿ​​​ថា​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​កន្លែង​​​ទាក់ទាញ​​​ណា​​​មួយ​​​អាច​​​ផ្គាប់​​​ចិត្ត​​​ពួក​​​គាត់​​​បាន​​​ខ្លះ​​​​​​ដែរ"។ លោក​បញ្ជាក់។

 

 

ហាង Dr.Fashion មាន​​​រចនា​​​ម៉ូដ​​​ខោអាវ​​​បុរស​​​នារី​​​ជា​​​ច្រើន​​​មាន​​​ដូច​​​ជា អាវ​​​យឺត អាវ​​​ក្រណាត់ ខោ​​​វែង​​​និង​​​ខ្លី កន្សែង​​​បង់​​​ក សំពត់ រ៉ូប និង​​​ឈុត​​​​​សម្រាប់​​​​នារី​​​ពាក់​​​ចូល​​​រួម​​​​​កម្មវិធី​​​​​​សំខាន់ៗ​​​មួយ​​​ផង​​​ដែរ។ គ្រប់​​​​​​ម៉ូដ​​​ដែល​​​រចនា​​​ឡើង​​​គឺ​​​ដេរ​​​ដោយ​​​ដៃ​​​ផ្ទាល់ ដែល​​​ភាគ​​​ច្រើន​​​ផ្ដោត​​​តាម​​​រដូវ និង​​​តាម​​​ចំណូល​​​ចិត្ត​​​ផ្ទាល់​​​ខ្លួន​​​របស់​​​​​មនុស្ស​​​ម្នាក់ៗ ដូច្នេះ​​​បាន​​​ជា​​​នៅ​​​ក្នុង​​​ហាង​មាន​​​ច្រើន​​​ម៉ូដ​​​ទាំង​​​ខោអាវ​​​ប្រុស​​​និង​​​ស្រី។

​​​

ក្រៅ​​​ពី​​​បង្ហាញ​​​ស្នាដៃ​​​នៅ​​​ក្នុង​​​ហាង​​​ផ្ទាល់​​​ខ្លួន យុវជន​​​ ហុង ឈិន ក៏​​​ធ្លាប់​​​បាន​​​រចនា​​​ម៉ូដ​​​ខោអាវ​​​ដល់​​​តារា​​​ចម្រៀង​​​ខ្មែរ​​​មួយ​​​ចំនួន​​​ទៀត​​​ផង ​​​ដូច​​​ជា​​​ លោក ម៉ានិត ច្រៀង​​​នៅ​​​ផលិត​​​កម្ម​​​ភ្លេង Record លោក​​​ ម៉ា ច័ន្ទ​​​បញ្ញា ដែល​ទើប​ឈ្នះ​ពាន Asia Top Fashionable Singer Of The Year ក្នុង​កម្មវិធី Fashion Asia Award 2014 នៅ​ប្រទេស​ចិន​ និង​​​តារា​​​ជា​​​ច្រើន​​​តាម​​​បណ្ដា​​​ផលិត​​​កម្ម​​​ធំៗ​​​។

 

 

Fashion អាច​​​និយាយ​​​បាន​​​ថា​​​ជា​​​ការ​​​ងារ​​​ពិបាក​មួយ​​​ដែល​​​ត្រូវ​​​ប្រើ​​គំនិត​​​ច្នៃ​​​ប្រឌិត​​​ច្រើន ម្យ៉ាង​​​ទៀត​​​ឧស្សាហកម្ម​​​សំលៀក​​​បំពាក់​​​ពី​​​ក្រៅ​​​ស្រុក​​​ក៏​​​ជា​​​ផ្នែក​​​មួយ​​​ធ្វើ​ឲ្យ​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​ផង​​​ដែរ។ ត្រង់​​​នេះ អ្នក​​​ច្នៃ​​​ម៉ូដ​​​វ័យ ២២ ឆ្នាំ​​​រូប​​​នេះ និយាយ​​​ដោយ​​​មិន​​​លាក់​​​លៀម​​​ថា ការ​​​ពិត​​​ទៅ​​​គ្រាន់​​​តែ​​​គំនិត​​​ចង់​​​បោះបង់​​​ចោល គឺ​​​មាន​​​ច្រើន​​​ដង​​​មក​​​ហើយ តែ​​​គិត​​​ឲ្យ​​​សព្វៗ​​​ទៅ បើ​​​ដើរ​​​ដល់​​​ពាក់​​​កណ្ដាល​​​ផ្លូវ​​​ហើយ មាន​​​រឿង​​​អី​​​ត្រូវ​​​បោះ​​​បង់​​​ចោល អីចឹង​​​មាន​​​តែ​​​ខំ​​​ប្រឹង​​​បន្ត​​​ទៀត ណា​​​មួយ​​​មាន​​ក្រុម​គ្រួសារ និង​​​មិត្តភ័ក្ដិ​​​ជា​​​អ្នក​​​ផ្ដល់​​​កម្លាំង​​​ចិត្ត​​​ថែម​​​ទៀត ដូច្នេះ​​​ការ​​​បោះ​​​បង់​​​ចោល​​​បាន​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​ការ​​​គិត​​​របស់​​​លោក​​​បាត់​​​​​អស់​​​ហើយ។

 

​​​

មេរៀន​​​មួយ​​​ដែល​​​យុវជន ហុង​​​ ឈិន​​​ ទទួល​​​បាន​​​ពី​​​ការ​​​បើក​​​ហាង​​​ច្នៃ​​​ និង​​​ផលិត​​​សំលៀក​​​បំពាក់​​​ដោយ​​​ខ្លួន​​​ឯង ចង់​​​ប្រាប់​​​ដល់​​​យុវវ័យ​​​ទាំង​​​អស់​​​គ្នា​​​ថា៖ “ មនុស្ស​​​វ័យ​​​ក្មេង​​​តែង​​​មាន​​​គំនិត​​​ចង់​​​ផ្លាស់​​​ប្ដូរ​​​ច្រើន តែ​​​ពេល​​​ខ្លះ​​​បើ​​​សិន​​​ជា​​​គិត​​​មិន​​​បាន​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​នោះ​​​ទេ ការ​​​ផ្លាស់​​​ប្ដូរ​​​អាច​​​នឹង​​​ផ្ដល់​​​គុណវិបត្តិ​​​មួយ​​​ចំនួន អាច​​​ជះ​​​ឥទ្ធិពល​​​​​​ដល់​ជីវិត​​​ប្រចាំ​​​ថ្ងៃ ដូច​​​ជា​​​ខ្ញុំ​​​អីចឹង! បើ​​​តាម​​​តែ​​​​ចិត្ត​​​ឆេវ​​​ឆាវ​​​ខ្លួន​​​ឯង​​​មួយ​​​ពេលៗ មិន​​​ដឹង​​​ថា​​​ពេល​​​នេះ​​​ឈ្មោះ  Dr.Fashion នៅ​​​ណា​​​ទេ ដូច្នេះ​​​​​​​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​មនុស្ស​​​នៅ​​​អាយុ​​​ស្របាល​​​ខ្ញុំ​​​នេះ ត្រូវ​​​ប្រាកដ​​​ថា​​​ហ៊ាន​​​ទទួល​​​យក​​​លទ្ធផល​​​ឬ​​​ក៏​​​អត់​ ​​បន្ទាប់​​​ពី​​​សម្រេច​​​ចិត្ត​​​​​​ដោយ​​​ខ្លួន​​​ឯង”៕​​​​

 

 

ចុច​អាន​អត្ថបទ៖ ស្ដាប់​​​​ធាតុ​​ស្នូល​​​នេះ បើ​​​អ្នក​ប្រាថ្នា​​​​​​ចាប់​ផ្ដើម​​អាជីវកម្ម​ផ្ទាល់​ខ្លួន

 

ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត​ទស្សនាវដ្ដី Sabay Magz...

 

អត្ថបទ៖ Sabay Magz

អត្ថបទថ្មី