ស្ដាប់​​​​ធាតុ​​ស្នូល​​​នេះ បើ​​​អ្នក​ប្រាថ្នា​​​​​​ចាប់​ផ្ដើម​​អាជីវកម្មផ្ទាល់​ខ្លួន

  • 2014-12-11 15:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​ជោគជ័យ​ក្នុង​ជំនួញ​របស់​សហគ្រិន​ម្នាក់​ៗ ​មិន​ប្រាកដ​ថា​ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របៀប​រក​ស៊ី​ ដែល​មាន​កត់ត្រា​ស្រាប់​ក្នុង​សៀវភៅ​ណា​មួយ​​ទេ។ ​​សម្ភាស​មក​ Sabay ​កន្លង​មក​​ក្រុម​សហគ្រិន​​និយាយ​ថា​​ភាព​ជោគជ័យ​គឺ​ទាម​ទា​ឲ្យ​ពួក​គេ​​មាន​វិធី​សាស្ត្រ​រៀង​ៗ​ខ្លួន។ ​អីចឹង​​​ តើ​​​​សហគ្រិន​​កម្ពុជា​​មាន​វិធី​សាស្ត្រ​យ៉ាង​ណា​​រុញ​ច្រាន​ជំនួញ​​ខ្លួន​ឆ្ពោះ​ទៅ​ដល់​គោលដៅ​ដូច​សព្វ​ថ្ងៃ​នេះ​? ​

 

អ្នក​ស្រី ស្រ៊ាត ​មុំ​សុភា អាយុ​៣១​ឆ្នាំ​ មាន​ក្រុមហ៊ុន​រហូត​ដល់​​​ទៅ​៣​ក្នុង​ដៃ

 

«ដើម្បី ​អាច​ក្លាយ​ជា​អ្នក​​រកស៊ី​ជោគជ័យ​ យុវជន​គួរ​តែ​គិត​គូរ​ និង​រៀបចំ​ផែនការ​ធ្វើ​អាជីវកម្ម​នោះ​​ឲ្យ​បាន​ហ្មត់​ចត់​ និង​ច្បាស់លាស់។​ មិន​មែន​ធ្វើ​ដោយ​ប្រថុយប្រថាន​នោះ​ទេ។ ដូច​​ពាក្យ​ថា​ “ប្រថុយ​ខ្លាំង​ ​ចំណេញ​ខ្ពស់”​ ឬ “High Risk; High Return” គឺ ​អាច​ជា​​ពាក្យ​​​ត្រឹមត្រូវ។​ ប៉ុន្តែ​​ខ្ញុំ​មិន​អនុវត្ត​​​តាម​ទេ។ មុន​ចាប់​ផ្ដើម​អាជីវកម្ម​ អ្នក​គួរ​តែ​​វិភាគ​ថា​ មុខ​របរ​មួយ​នោះ​មាន​ឧបសគ្គ​អ្វី​ខ្លះ? យើង​មាន​ជំនាញ​ដែរ​ឬ​អត់? គួរតែ​ចាប់​ផ្ដើម​ពី​ពេល​ណា​ទើប​​ប្រសើរ​? តើ​គូ​ប្រជែង​របស់​យើង​ជា​អ្នក​ណា? ​ សំខាន់​មួយ​ទៀត តើ​មុខ​របរ​នោះ​ស័ក្ដិសម​សមត្ថភាព​យើង​ដែរ​​ឬ​ទេ? តើ​យើង​អាច​ទៅ​រួច​ដែរ​ ឬ​អត់?»។

 

 

លោក លឹម ​ហុកឆាយ នាយក​ប្រតិបត្តិ​របស់​ភោជនីយដ្ឋាន​ The Asian Kitchen

 

«កុំ ​គិត​ថា ​ទាល់​តែ​កូន​អ្នក​មាន​​ទើប​អាច​ទទួល​បាន​ជោគជ័យ។ កូន​អ្នក​ក្រ​ក៏​អាច​ទទួល​បាន​ជោគជ័យ​ដែរ ឲ្យ​តែ​ប្រឹង​ប្រែង​ ​ហើយ​គិត​​នូវ​​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​ប្រកប​ដោយ​ភាព​វិជ្ជមាន។ មនុស្ស​ម្នាក់​បើ​គិត​ពី​ភាព​អវិជ្ជមាន​ នោះ​គឺ​គ្មាន​សង្ឃឹម​អ្វី​ទាំងអស់។ ត្រូវ​ចងចាំ​ថា​ មាន​បញ្ហា​ទើប​មាន​ដំណោះស្រាយ​ មាន​ឧបសគ្គ​ទើប​មាន​ជ័យជម្នះ»។

 

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ ឈាម​ជ័រ​​កូន​ខ្មែរ​ ជាប់​ជា​តំណាង​​រាស្ត្រ​នៅ​អាមេរិក​ជា​ប្រវត្តិសាស្ត្រ

 

លោក ​សាំង​ តារា​រស្មី​ ​​​​នាយក​ប្រតិបត្តិ​​​​នៃ​ក្រុម​ហ៊ុន​​ វ័យ​​២២​ឆ្នាំ​ ​​

 

​«​យុវជន​គួរ​តែ​ឈរ​លើ​កត្តា​បី​ដើម្បី​ជីវិត​ទទួល​បាន​ជោគ​ជ័យ។ ទី ​មួយ​ គឺ​ត្រូវ​មាន​ផែន​ការ​ប្រចាំ​ជីវិត​ច្បាស់​លាស់​ នោះ​ទើប​អាច​ដើរ​ទៅ​ដល់​គោល​បំណង​ដែល​ខ្លួន​ចង់​បាន។​ មាន​តែ​ខ្លួន​យើង​ផ្ទាល់​ទេ​ទើប​ដឹង​ថា​​ ​ចង់​បាន​អ្វី​ ហើយ​ដើម្បី​​​សម្រេច​មហិច្ឆតា​នោះ​ ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បាន។ ទី​ពីរ​ ត្រូវ​រក​បុគ្គល​ណា​ម្នាក់​ដែល​ជា​បុគ្គល​ឆ្នើម​មក​ធ្វើ​ជា​​មនុស្ស​​គំរូ​​ របស់​ខ្លួន។ កាល​ណា​យើង​មាន​នរណា​ម្នាក់​ដែល​ខ្លាំង​ ហើយ​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត ​យើង​នឹង​អាច​ដើរ​តាម​ផ្លូវ​មួយ​ដែល​ល្អ​ដូច​គាត់​បាន។

 

ទី​បី​ យុវជន​គ្រប់​រូប​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា​ និង​ទទួល​ស្គាល់​ការ​ពិត។ បុគ្គល​មួយ​ចំនួន​ខឹង​ច្រឡោត​​ និង​ប្រតិកម្ម​តប​ទៅ​វិញ​ភ្លាម​​ នៅ​ពេល​ដែល​ឮ​គេ​និយាយ​ពី​ចំណុច​ខ្សោយ​ ឬ​ចំណុច​មិន​ល្អ​របស់​ខ្លួន​ តែ​សម្រាប់​លោក​វិញ​​ មិន​ដែល​គិត​ដូច្នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​​ ខ្ញុំ​​កាន់​តែ​ខិត​ខំ​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​ឲ្យ​​បាន​ល្អ​ ប្រសើរ»។

 

 

លោក សំ ទេត្រា មាន​អាយុ​៣៨​ឆ្នាំ​  ម្ចាស់​​​ក្រុមហ៊ុន​២​​

 

«ធ្វើការ​​ងារ​អ្វី​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​​ ទើប​អាច​សម្រេច​កិច្ច​ការ​គ្រប់​ប្រភេទ​បាន​ដោយ​ជោគ​ជ័យ។​ ខ្ញុំ​មើល​ឃើញ​ យុវជន​ជា​ច្រើន​ដែល​មក​ធ្វើការ​ងារ​ហាក់​មិន​សូវ​ប្រឹង​អស់​ពី​សមត្ថភាព​នោះ ​ទេ។ មាន​ខ្លះ​ធ្វើ​ការ​ខ្លាច​ថៅកែ​ចំណេញ ពេល​ញ៉ាំ​ខ្លាច​ថៅកែ​ខាត ផ្ទុយ​ពី​ខ្ញុំ​ពេល​ធ្វើការ​ឲ្យ​គេ​ដំបូង​​ មាន​ថ្ងៃ​ខ្លះ​ធ្វើ​លង់​រហូត​ដល់​ម៉ោង​១​យប់​ក៏​មាន​ ហើយ​ធ្វើការ​ គឺ​ខ្ញុំ​ធ្វើ​ឲ្យ​បាន​ស្អាត​បំផុត ​គុណភាព​ល្អ​បំផុត​ ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​​។

 

​ធ្វើ​យ៉ាង​នេះ​យូរ​ទៅ​គឺ​មិន​ខ្វះ​ឱកាស​ក្នុង​ការ​រក​ចំណូល​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ប្អូនៗ​​ ពេល​ធ្វើការ​គួរ​តែ​តាំង​ចិត្ត​​​ឲ្យ​បាន​មុតមាំ​ ​ធ្វើ​ឲ្យ​អស់​សមត្ថភាព​ ធ្វើ​ឲ្យ​ដូច​របស់​ខ្លួន​ឯង​ និយាយ​ជា​រួម គឺ​ធ្វើ​ដោយ​ទទួល​ខុសត្រូវ​លើ​​​៤កត្តា​សំខាន់​ៗ​ គឺ​ គុណភាព សន្សំសំចៃ សុវត្ថិភាព និង​សោភ័ណភាព​ ពេល​នោះ​អ្នក​នឹង​​ទទួល​បាន​​ជោគជ័យ​ក្នុង​ជីវិត​មិន​ខាន“។

 

 

លោក​ ម៉ៅ​ វុត្ថា​ ​វ័យ​៣៣ឆ្នាំ ​នាយក​ក្រុមហ៊ុន​​​នាំ​ចូល​​​​​ត្រី​សាលម៉ុន និង​ត្រីធូណា​ដ៏​ធំ​​​នៅ​កម្ពុជា KS Seastar Co., LTD

 

«យុវជន ​​ត្រូវ​មាន​គោលដៅ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ និង​ប្រកាន់​​គោល​ជំហរ​មិន​បោះ​បង់។​ បើ​ប្រកប​អាជីវកម្ម ដែល​មាន​គូរ​ប្រជែង​​ ត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​របស់​​យើង និង​របស់​​គេ។ ត្រូវ​ដុស​ខាត់​ព្រលឹង​ ឆន្ទៈ​ និង​ទស្សនៈ​វិស័យ​របស់​ខ្លួន​តាម​​រយៈ​​ការ​កំណត់​គោល​ដៅ​ខ្លីៗ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព​ ដូច​សុភាសិត​ខ្មែរ​ពោល​ថា​ ព្យាយាម​គង់​​បាន​សម្រេច»។

 

 

 

ទាំង ​អស់​នេះ​​សុទ្ធ​តែ​ជា​ទ្រឹស្ដី​ ដែល​សហគ្រិន​វ័យ​ក្មេង​ទាំង​នេះ​​យក​មក​ អនុវត្ត​រហូត​ទទួល​បាន​ជោគ​ជ័យ​ដល់​សព្វ​ថ្ងៃ​​។ តើ​ប្រិយមិត្ត​​មាន​​យោបល់​អ្វី​ក្រៅ​ពី​នេះ​​ទេ?។

 

ឈាម​ជ័រ​ជា​កូន​ខ្មែរ​ ជាប់​ជា​តំណាង​​រាស្ត្រ​នៅ​អាមេរិក​ជា​ប្រវត្តិសាស្ត្រ

អតីត​អ្នក​លាង​ចាន ​បច្ចុប្បន្ន​មាន​ចំណូល​​មិន​ក្រោម​១​សែន​ដុល្លារ

អត្ថបទ៖ យិន សំបូរ