អតីត​អ្នក​លាង​ចាន ​បច្ចុប្បន្ន​មាន​ចំណូល​​មិន​ក្រោម​១​សែន​ដុល្លារ

  • 2014-12-02 23:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែជីវិត​ប្រែប្រួល​មិន​ទៀង​ លោក​ លឹម ​ហុកឆាយ ​ជា​កូន​អ្នក​មាន​ បែរ​ជា​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​អ្នក​លាង​ចាន។ ទាំង​នេះគឺ​​ដោយសារវក់​នឹង​ការ​ដើរ​លេង ភ្លេច​ការ​សិក្សា ប៉ុន្តែ​ក្រោយ​ជួប​ការ​លំបាក ការ​តស៊ូ​​​ជម្នះ​​ឧបសគ្គ​ជា​ច្រើន​ រយៈ​ពេល​១០​ឆ្នាំ​ក្រោយ លោក​បាន​ក្លាយ​ជា​​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​ទទួល​បាន​ចំណូល​ មិន​ក្រោម​១​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

 

តើខ្សែ​ជីវិត​របស់​លោក លឹម ​ហុកឆាយ នាយក​ប្រតិបត្តិ​របស់​ភោជនីយដ្ឋាន​ The Asian Kitchen មាន​ការ​បត់បែន​យ៉ាងណា​ខ្លះ? ខាង​ក្រោម​​នេះ​ ជា​ឆាក​ជីវិត​ពិត​របស់​លោក។

 

 

កុមារភាព

 

យុវជន លឹម ហុកឆាយ កើត​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​១៩៨៥ នៅ​ទីក្រុង​ភ្នំពេញ ជា​កូន​ទី​៣ ក្នុង​ចំណោមបង​ប្អូន​​៤​នាក់ ដែល​មាន​​​ឪពុក​ឈ្មោះ​ លឹម ហួរ និង​អ្នក​ម្ដាយ​ឈ្មោះ លឹម​ ប៉ោងគួង។ ឆ្នាំ​១៩៩០ កុមារ​ លឹម ហុកឆាយ បាន​ចូល​រៀន​ភាសា​ចិន ​មួយ​ឆ្នាំ​មុន​​​ចូលរៀនសាលា​រដ្ឋ​ជា​​ភាសា​ខ្មែរ។ ដោយ​កើត​ក្នុង​ត្រកូល​អ្នក​រកស៊ី​ធំដុំ ជាប់​សែស្រឡាយ​ចិន លឹម ហុកឆាយ ​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា គ្មាន​ការ​បារម្ភ​​អ្វី​​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ចង​ចាំ លោក​ជា​កុមារ​ម្នាក់​ដែល​ចូលចិត្ត​រំអុក​ប៉ា​ម៉ាក់​ឲ្យ​នាំ​​ដើរ​លេង​ កម្សាន្ត​ មើល​អ្វី​ដែល​ថ្មីៗ ដូចជា​ទៅ​លេង​ភ្នំ​តាម៉ៅ ឬ​ទៅ​កម្សាន្ត​នៅ​កន្លែង​ឆ្ងាយ បែប​ធម្មជាតិ។

 

អាយុ​១៤​ឆ្នាំ​ ចាយ​មួយ​ថ្ងៃ​មិន​ក្រោម​១០​ដុល្លារ មាន​រថយន្ត​ជិះ​ដើរ​លេង

 

ឆ្នាំ ​១៩៩៩ ឈាន​ចូល​វ័យ​១៤​ឆ្នាំ​ លោក​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​បាក់ទូក។ កាល​ណោះ​លោក​មាន​លទ្ធភាព​ចាយ​លុយ​១០​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​សម្រាប់​លោក​លុយ​គ្មាន​ឧបសគ្គ​នោះ​ទេ គឺ​អាច​សុំ​ម៉ាក់​ ឬ​ប៉ា​លោក​ប៉ុន្មាន​ក៏​បាន។ ស្ថិត​ក្នុង​វ័យ​ជំទង់​បែប​នេះ លោក​ក៏​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧ ដោយសារ​​ចូលចិត្ត​ដើរ​លេង​ច្រើន។ រាល់​ថ្ងៃ​លោក​បាន​ដើរ​លេង​គ្មាន​ខ្វាយខ្វល់​នឹង​ការ​រៀន​សូត្រ​ឡើយ​។ ពេល​នោះ​លោក​មាន​មិត្តភ័ក្ដិ​២​ក្រុម ដែល​មាន​មួយ​ក្រុម​ជា​ក្មេង​មាន​អំណាច​ និង​មួយ​ក្រុម​ទៀត​ជា​ក្មេង​ដែល​មាន​លុយ​ហើយ​ចូលចិត្ត​ដើរ​លេង​ច្រើន​មិន​ ចូល​សាលា។ រវាង​ក្រុម​ទាំង​ពី​រ​ លោក​ចូលចិត្ត​ដើរ​ជាមួយ​ក្រុម​ដើរ​ច្រើន គឺ​មួយ​ថ្ងៃ​គិត​ពី​បើក​ឡាន​ដើរ​លេង ទៅ​នេះ​ទៅ​នោះ ឬ​ទៅ​លេង​ខេត្ត ប៉ុន្តែ​យ៉ាងណា​ក៏​ លោក​មិនមែន​ជា​ក្មេង​ដែល​ដើរលេង​ដាច់​យប់​​មិន​ចូល​ផ្ទះ​នោះ​ទេ។ លោក​តែង​​​ត្រលប់​មក​ផ្ទុះ​​វិញ​រាល់​ពេល​ល្ងាច​។ ​

គ្រួសារ​រឹតត្បិត​ ព្រោះ​ខ្លាច​កូន​ដើរ​ផ្លូវ​ខុស

 

ស្ថិត ​ក្នុង​ស្ថានភាព​បែប​នេះ​មិន​យូរប៉ុន្មាន​ ​ឪពុកម្ដាយ​របស់​លោក​​បាន​ដឹង​ពី​រឿង​ដើរ​លេង​ មិន​ចូល​សាលា​របស់​លោក។ ពេល​នោះ​ពួកគាត់​ចាប់​ផ្ដើម​​រៀបចំ​ផែនការ​រឹតត្បិត​ពេលវេលា​ ចំពោះ​លោក​មិន​ឲ្យ​ដើរ​លេង ទៅ​ក្រៅ​ឡើយ ប៉ុន្តែ​ធ្វើ​ឡើង​តាម​វិធី​សាស្ត្រ​ត្រជាក់ គឺ​ដាក់​ផែនការ​នាំ​លោក​ដើរ​លេង ឬ​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ គឺ​ធ្វើ​យ៉ាងណា​​ឲ្យ​លោក​គ្មាន​ពេលវេលា​ដើរ​លេង ជួបជុំ​មិត្តភ័ក្ដិ​ខាង​ក្រៅ​ឡើយ​។

 

សម្រេច​ឲ្យ​ទៅ​នៅ​ក្រៅ​ប្រទេស ដើម្បី​លត់ដំ​ខ្លួន

 

ដោយ​បារម្ភ​ខ្លាច​កូន​គ្មាន​អនាគត ឪពុកម្ដាយ​របស់លោក​​បាន​ពិភាក្សា​គ្នា​ចង់​ឲ្យ​លោក​ទៅ​រស់នៅ​ស្រុក​បារាំង​ ជាមួយ​បង​ស្រី​ជីដូន​មួយ​របស់​លោក ជៀសវាង​លោក​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ក្រុម​ដើរ​លេង​ខូច​អនាគត ប៉ុន្តែ​យ៉ាងណា​​ក៏​ពួកគាត់​ទាំង​ពី​​រ​​ទុក​ឲ្យ​លោក​ជា​អ្នក​ពិចារណា និង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​ ។

 

តាម​ ពាក្យ​សំដី​របស់​ឪពុកម្ដាយ​លោក​ថា៖ “​ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​នៅ​ពេល​នេះ ប៉ុន្តែ​គឺ​កូន​ជា​អ្នក​គ្រប់គ្រង​អនាគត​ខ្លួន​ឯង​”។ ដោយ​ឆ្លង​កាត់​ជា​ការ​ពិចារណា ​ក្មេង​វ័យ​១៦​ឆ្នាំ​រូប​នេះ​ បាន​មើល​ឃើញ​ពី​ការ​រៀបចំ​របស់​ចាស់​ៗ និង​គិត​ពី​អនាគត​របស់​ខ្លួន។ ពេល​នោះ​លោក​ក៏​សម្រេច​ចិត្ត​ ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​។

 

ពី​ជីវិត​ធ្លាប់​សោយសុខ​ ក្លាយ​ជា​កម្មករ​ធ្វើការ​ដ៏​លំបាក

 

ដើមឆ្នាំ​​​២០០២ លោក​ក៏​ត្រូវ​ធានា​ឲ្យ​ទៅ​រស់នៅ​ប្រទេស​បារាំង​ ជា​មួយ​បង​ស្រី​ជីដូនមួយ នៅ​ភោជនីយដ្ឋាន​ ម៉ុងតារា​ នា​ទីក្រុង​​​​មួយ​​​ ក្នុង​ប្រទេស​បារាំង​។ ក្នុង​ភោជនីយដ្ឋាន​នោះ ការងារ​ដំបូង​សម្រាប់​យុវជន​១៦​ឆ្នាំ​ដូច​លោក​ គឺ​​ជា​អ្នក​លាងចាន​ ​ដែល​ជា​ការងារ​លំបាក​​ ​កូន​​អ្នក​មាន​មិន​ធ្លាប់​ស្រមៃ​ថា​ត្រូវ​ធ្វើ​វា ​ គឺ​ផ្ទុយ​ស្រលះ ពី​ស្ថានភាព​​​កូន​អ្នក​មាន​ រស់​នៅ​ដោយ​ស្រណុក​នៅ​កម្ពុជា​។

 

ប្រាក់​ខែ​នៅ​ស្រុក​បារាំង​ មិន​ស្មើ​ស្រុក​ខ្មែរ​

 

ប៉ុន្តែទោះជា​យ៉ាង​នេះ​ក្ដី​លោក​មិន​បាន​រួញរា​នឹង​ការងារ​នេះ​ទេ ព្រោះ​លោក​តែង​មាន​គំនិត​មួយ គឺ​ចង់​ឈ្នះ ដូច្នេះ​លោក​សម្រេច​ចិត្ត​ថា គេ​អាច​ធ្វើ​បាន​លោក​ក៏​អាច​ធ្វើ​បាន​ដូចគ្នា ។ ការងារ​របស់​លោក​បានរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​​ថ្ងៃ​ ពី​អ្នក​លាង​ចាន ទៅ​​រត់​តុ​ និង​ពី​អ្នក​​រត់​ត ទៅ​ធ្វើ​ការងារ​ក្នុង​​​​ចង្ក្រាន​បាយ។ មុន​ដំបូង​លោក​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន ៣​ពាន់​ហ្វ្រង់​ ប្រហែល​ស្មើ​៣០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តិច​ជាង​លុយ​លោក​ទទួល​បាន​ពី​ប៉ា​ម៉ាក់​​​ ចាយ​តាំង​ពី​វ័យ​កុមារ​​ទៅ​ទៀត។ មិន ​យូរ​ប៉ុន្មាន លោក​បាន​​ឡើង​ប្រាក់​ខែ​ជា​បន្តបន្ទាប់​រហូត​ដល់​១០០០​អឺរ៉ូ ប្រហែល​ជាង​១​ពាន់​ដុល្លារ អាមេរិក​ដោយសារ​​ការ​យល់​ដឹង​ និង​ការងារ​​​យ៉ាង​ស្ទាត់​​ជំនាញ​​ក្នុង​ចង្ក្រាន​បាយ​​របស់​លោក។

 

ភាព​ជឿជាក់​ នាំ​ឲ្យ​ជោគជ័យ

 

ដោយ​មើល​ឃើញ​លោក​ប្រឹងប្រែង​ការងារ​ខ្លាំង ​៣​ខែ​ក្រោយ​ បងថ្លៃ​ជីដូន​មួយ​ក៏​សម្រេច​ចិត្ត​បណ្ដុះបណ្ដាល​លោក​ឲ្យ​ក្លាយ​ជា​ចុងភៅ។ ពេល​វេលា​មិន​ដល់​មួយ​អាទិត្យ​ទេ លោក​ចាប់​បាន​ទាំង​អស់​នូវ​​រូបមន្ត​ និង​ក្បួន​ធ្វើ​ម្ហូប​ចិន បាន​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ដឹង​ពី​វិធី​គ្រប់គ្រង​ក្នុង​ផ្ទះ​បាយ​ទាំង​អស់​។ ជាង​១​ខែ​ បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​ចុងភៅ មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​នោះ​បាន​រករឿង​ចាក់​រុក​ថៅកែ​ថា បើ​ទុក​លោក​ជា​ចុងភៅដែរ​ ​គេ​នឹង​ឈប់​ធ្វើការ​ ប៉ុន្តែ​បង​ជីដូន​មួយ​របស់​លោក​មិន​ស្ដាប់ ស្រាប់​តែ​មេ​ចុងភៅ​នោះ​ សម្រេចចិត្ត​លា​ឈប់​ពី​ហាង។ ដោយ​សម្អាង​ថា​លោក​ជា​ក្មេង​ទើប​ចេះ​ធ្វើ​ម្ហូប​ មិន​អាច​មាន​លទ្ធភាព​ធ្វើ​ជា​មេ​ចុងភៅ​នោះ​ទេ តែ​ដោយ​ភាព​ជឿជាក់ លោក​ក៏​សម្រេច​ចិត្ត​សាកល្បង ឃើញ​ថា​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ។

 

ពី​មេ​ចុងភៅ​ក្លាយ​អ្នក​គ្រប់គ្រង

 

បន្ទាប់ ​ពី​ក្លាយ​ជា​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​​រយៈ​ពេល​៦​ខែ​មក លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ផ្នែក​សេវាកម្ម ដូចជា​ចាត់ចែង​​អ្នក​រត់តុ​​ អ្នក​ធ្វើ​អនាម័យ​ជាដើម​ បន្ថែម​លើ​តួនាទី​ជា​មេ​ចុងភៅ​។ រយៈ​ពេល​១​ឆ្នាំ​ លោក​ត្រូវ​បាន​ដំឡើង​ជា​អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​​តែ​ម្ដង ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ ១៨០០ អឺរ៉ូ ស្មើ​ជាង​២ពាន់​ដុល្លារ។

 

ធ្វើការ​រហូត​សន្លប់ នៅ​ពេល​កំពុង​រត់​តុ

 

ជាង​៣​ឆ្នាំ​ក្រោយ​ លោក​ត្រូវ​បានគេ​​មើល​ឃើញ​ថា​ ជា​មនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​កាន់​កាប់​ភោជនីយដ្ឋាន ពេល​មិត្តភ័ក្ដិ​របស់​បង​ជីដូនមួយ​លោក បាន​សុំ​លោក​ឲ្យ​ជួយ​រៀបចំ​​ភោជនីយដ្ឋាន​ថ្មី​មួយ ដោយ​មាន​ការ​យល់​ព្រម​ពី​​បង​ជីដូនមួយ និង​ដោយសារ​ចង់​សាកល្បង​ជាមួយ​ការ​​គ្រប់គ្រង​ហាង​ថ្មី​សន្លាង​ ​ទំហំ​ធំ​ជាង​ហាង​បង​​របស់​លោក​ពីរ​ដងឯណោះ។ លោក​បាន​ធ្វើការ​ជា​អ្នក​ គ្រប់គ្រង​ផង និង​ចូល​ជួយ​ការងារ​ចង្ក្រាន​ផង។ មាន​ពេល​ខ្លះ​លោក​ត្រូវ​រត់​តុ​​ទៀត​។ មាន​ថ្ងៃ​មួយ​ដោយ​អស់​កម្លាំង​ខ្លាំង​ពេក ​បន្ទាប់​ពី​​មិន​បាន​សម្រាក​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ លោក​បាន​​​ដួល​សន្លប់​។​បន្ទាប់​ពី​កាន់កាប់​ឲ្យ​ភោជនីយដ្ឋាន​នោះ​ ដំណើរ​ការ​រលូន​ហើយ លោក​បាន​វិល​ត្រលប់​មក​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ ម៉ុង តារា វិញ​ជា​ធម្មតា​។

 

បើក​ភោជនីយដ្ឋាន​លើ ទឹកដី​ប្រទេស​បារាំង​

 

ឆ្នាំ ​២០០៩ ដោយ​មើល​ឃើញ​លោក​មាន​គំនិត​ចង់​អភិវឌ្ឍ​សហគ្រិន រយៈ​ពេល​៨​ឆ្នាំ​បងប្រុស​ជីដូន​មួយ​​ចង់​បើក​ភោជនីយដ្ឋាន​មួយ​ទៀត​ នៅ​ទីក្រុង​បារីស​ លក់​ម្ហូប​បែប​ថៃ ចំណាយ​២០​ម៉ឺន​អឺរ៉ូ ដោយ​លោក​បាន​​ចូលរួម​ភាគហ៊ុន​ទុន​៦​ម៉ឺន​អឺរ៉ូ។ ដោយ​បង​ថ្លៃ​ជី​ដូន​មួយ​បាន​ជំរុញ​លើក​ទឹកចិត្ត និង​​គាំ​ទ្រ​ហិរញ្ញវត្ថុ​ខ្លាំង​ លោក​ក៏​សម្រេច​ចិត្ត​បោះ​ទុន​ចូលរួម ប្រែ​ក្លាយ​ខ្លួន​ពី​អ្នក​ធ្វើការ​ឲ្យ​គេ មក​ជា​​សហគ្រិន​វិញ​ម្ដង​។ ក្រោយ​ពេល​៣ទៅ​៤​ខែ ហាង​ថ្មី​នាទី​ក្រុង​បារីស​បាន​ដំណើរ​ការ​រលូន​ហើយ​ លោក​ និង​បង​ប្រុស​​ក៏​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​មួយ​ទៀត​នៅ​ប្រទេស​ អូស្ត្រាលី។

 

១០​ឆ្នាំ​លើស​៥​នាទី មក​ជាន់​ដី​ស្រុក​ខ្មែរ​វិញ

 

ថ្ងៃ​ទី​​៥ ខែធ្នូ​ ឆ្នាំ​២០០១​ ដល់​ថ្ងៃ​ខែ​ដូចគ្នា ឆ្នាំ​២០១១ គិត​ទៅ​១០​ឆ្នាំ​គត់​ លើស​៥​នាទី​លោក​បាន​មក​ជាន់​ទឹកដី​កម្ពុជា​ ដូច​ការ​សន្យា​របស់​លោក​ជាមួយ​លោក​ឪពុក​អ្នក​ម្ដាយ ជាមួយ​មោទនភាព​ ព្រោះ​លោក​មិន​ធ្វើ​ឲ្យ​ពួកគាត់​អស់​សង្ឃឹម​មក​វិញ​ក្នុង​នាម​​ជា​ក្មេង​ ពាលា​អាវាសែ តែ​មក​​ក្នុង​នាម​ជា​សហគ្រិន​ដែល​ទទួល​បាន​ជោគជ័យ។

 

សម្រេច​ការប៉ង​​ប្រាថ្នា​រយៈ​ពេល​១០​ឆ្នាំ​មុន​

 

ដើម្បីសម្រេច ​​នូវ​បំណង​ប្រាថ្នា​ពី​អតីតកាល​របស់​ខ្លួន គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​មាន​លទ្ធភាព​បើក​ភោជនីយដ្ឋាន​ឲ្យ​បាន​ចំនួន​​មួយ ​ឬ​ពីរ​នៅ​ប្រទេស​កំណើត។​ មិន​ដល់​រយៈ​ពេល​៣​ខែ​ផង​ក្រោយ​ពី​ត្រលប់​មក​ស្រុក​កំណើត​វិញ​ លោក​បាន​សម្រេច​ចិត្ត​​ចូលរួម​ជា​មួយ​មិត្តភ័ក្ដិ​ និង​រៀម​ច្បង​មួយ​ចំនួន បើក​ភោជនីយដ្ឋាន​លក់​ស៊ុប​ទំនើប​មួយ​ ឈ្មោះ​ថា I​food នៅ​​ចំហៀង​ស្ដាត​​អូឡាំពិក ដោយ​​​មាន​ដើម​ទុន​ប្រមាណ​២០​ម៉ឺន​ដុល្លារ ដែល​ចំណែក​របស់​លោក​ក៏​មាន​ដើម​ទុន​៥​ម៉ឺន​ដុល្លារ ។

 

មិន​ដល់​២​ឆ្នាំ​បើក​ហាង​មួយ​ទៀត

 

ដោយ​មាន​សហការ​ពី​ដៃគូ​ពាណិជ្ជកម្ម ក៏​សម្រេចចិត្ត​ធ្វើ​Franchise ពី​ប្រទេស​សិង្ហបុរី​ នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា The Asian Kitchen។ នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ ក៏​បាន​បើក​សម្ពោធ​នៅ​មហាវិថី​ព្រះ​មុនីវង្ស ដែល​ក្នុង​នោះ​លោក​មាន​ដើម​ទុន​៣០​ភាគរយ​នៃ​ថ្លៃ​ដើម​សរុប។

 

បច្ចុប្បន្នភាព​

 

លោក ​លឹម​ ហុកឆាយ  ​បាន​ចូលរួម​វិនិយោគទុន​ជា​មួយ​ដៃ​គូ​ លើ​ភោជនីយដ្ឋាន​ចំនួន​៤​ នៅ​ក្រៅ​ប្រទេស​ចំនួន​២ (នៅ​ប្រទេស​បារាំង​មួយ នៅ​ប្រទេស​អូស្ត្រាលី​មួយ) និង​នៅ​រាជធានី​ភ្នំពេញ ចំនួន​២ ដែល​ភោជនីយដ្ឋាន​នៅ​ស្រុក​ខ្មែរ​ ​លោក​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​។ សម្រាប់​ភោជនីយដ្ឋាន​ទាំង​ពីរ​​នៅ​ក្រៅ​ប្រទេស អាច​រក​ចំណូល​ចូល​មិន​ក្រោម​១​​សែន​ដុល្លារ​ ក្នុង​១​ឆ្នាំ​ ក្នុង​នោះ​មិន​រាប់​បញ្ចូល ចំណូល​ពី​ភោជនីយដ្ឋាន​ពីរ​ដែល​ទើប​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​ឡើយ​។

 

ផែនការ​អនាគត​

 

លោក​ចង់​​ពង្រីក​បន្ថែម​​ភោជនីយដ្ឋាន​២​ទៅ​៣​កន្លែង​ទៀត។ ​នៅ​​ពេល​អនាគត​ គឺ​​នៅ​ពេល​លោក​មាន​អាយុ​៤៥​ឆ្នាំ​ ទើប​លោក​រៀបការ ពេល​នោះ​លោក​មាន​ថវិកា​គ្រប់គ្រាន់​អាច​នាំ​ភរិយា​ដើរ​លេង​ជុំវិញ​ពិភពលោក​ និង​សិក្សា​ពី​ឱកាស​បើក​ទីផ្សារ​បន្ថែម។

 

បទពិសោធន៍​ជីវិត “អរគុណ​ចំពោះ​អ្នក​តិះដៀល​លោក​នៅ​ស្រុក​បារាំង”​

 

មនុស្ស ​ម្នាក់​ដែល​លោក​មិន​អាច​បំភ្លេច​ គឺ​បងស្រី​ជីដូន​មួយ​របស់​លោក​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ ម៉ុង តារា នៅ​ប្រទេស​បារាំង។ ខណៈ​ពេល​ដែល​លោក​ធ្វើជា​អ្នក​លាងចាន ពាក្យ​ពេចន៍​គ្រោតគ្រាត​រាប់​ភ្លេច បាន​តិះដៀល​រាល់​ថ្ងៃ​ មក​លើ​លោក​ ​ដូច​ជា​ មនុស្ស​អត់​កំណើត កូន​បំផ្លាញ មនុស្ស​គ្មាន​សំណាង​កើត​លើ​ទ្រព្យ​សម្បត្តិ​ហើយ បែរ​ជា​មក​លំបាកលំបិន​ ខណៈ​ដែល​លោក​មិន​ទាន់​ទម្លាប់​ជាមួយ​ការងារ​នោះ​នៅ​ឡើយ។ លោក​បាន​ដេក​យំ​ដោយសារ​តែ​ពាក្យ​ធ្វើ​ឲ្យ​លោក​ឈឺ​ ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ខំ​ប្រឹង​ សន្យា​ថា​នឹង​បើក​ហាង​នៅ​ស្រុក​បារាំង​ឲ្យ​បាន​ ហើយ​ធ្វើ​ជា​មនុស្ស​មាន​កំណើត​​វិញ។

 

ការ​ចែក​រំលែក​បទពិសោធន៍ និង​ការ​ផ្ដាំផ្ញើ​

 

តាម​ប្រវត្តិ​របស់​លោក​ គឺ​ដោយសារ​តែ​លោក​ជា​សាច់ឈាមនឹង​ម្ចាស់​ហាង​ ទើប​លោក​ឆាប់​រហ័ស​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពិត​ដែរ​ទេ? ចំពោះ​ចំណុច​នេះ លោក​ទទួល​ស្គាល់​មែន ប៉ុន្តែ​បើសិនជាលោក​​ប្រកាន់​ចរិត​កូន​អ្នក​មាន​ហើយ មិន​ចុះញ៉ម និង​មិន​ប្រើ​ភាព​អំណត់ តស៊ូ ប្រឹងប្រែង ​ហើយ​លោក​រត់​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​នោះ លោក​​មិន​អាច​​បាន​ជោគជ័យ​ដូច​ថ្ងៃ​នេះ​ទេ។ ដូចជា​ពេល​ខ្លះ​លោក​​សុខចិត្ត​​សម្ងំ​យំ ពេល​ប៉ា​ម៉ាក់​លោក​​សួរ​សុខ​ទុក្ខ​ លោក​​ប្រាប់​ថា​ គ្មាន​បញ្ហា​ ហើយ​ចាប់​តាំង​ពី​ទៅ​នៅ​ប្រទេស​បារាំង មិន​បាន​ទទួល​យក​នូវ​ថវិកា​ដែល​ឪពុក​ម្ដាយ​​ផ្ញើ​មក​ឲ្យ​នោះ​ទេ គឺ​សុខ​ចិត្ត​រស់​នៅ​​ក្នុង​ស្ថានភាព​លំបាកលំបិន​ ទ្រាំ​ជាមួយ​ពាក្យ​ជេរដៀល​រាល់​ថ្ងៃ​ និង​ប្រឈម​នឹង​ការងារ​ជា​ច្រើន​។

 

ក្នុងអំឡុង​ពេល​ដូចគ្នា​នេះ បង​ជីដូន​មួយ​លោក​ក៏​បាន​បណ្ដុះបណ្ដាល​មនុស្ស​ជា​ច្រើន​ ឲ្យ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ហាង​ដែរ ហើយ​ក៏​មាន​អ្នក​ខ្លះ​មាន​សមត្ថភាព ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ដូច្នេះ​កូន​អ្នក​ក្រ​ក៏​ដោយ​ កូន​អ្នក​មាន​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​​​ភាព​តស៊ូ អំណត់​ព្យាយាម ទើប​ទទួល​បាន​ជោគជ័យ​។

 

គ្មាន​ទេពាក្យ​ថា​ហួស​ពេល​

 

ហួស ​ពេល​ជា​លេស​ សម្រាប់​អ្នក​បរាជ័យ​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​យុវជន​ដែល​ចង់​ទទួល​បាន​ជោគជ័យ​ សូម​កុំ​និយាយ​ពាក្យ​ថា ហួស​ពេល​ឲ្យ​សោះ។ បើសិនជា​សន្យា​នឹង​ខ្លួន​ឯង​ថា ធ្វើ​អ្វី​មួយ​ហើយ ត្រូវ​សម្រេច​ដល់​គោលដៅ​ដែល​ចង់​បាន​ ទោះ​១០​ឆ្នាំ​ទើប​សម្រេច​ក៏​មិន​ទាន់​យឺត​ពេល​ដែរ​។ ដូច​​លោក​អីចឹង​​ កាល​ពី​១០​ឆ្នាំ​មុន លោក​​ធ្លាប់​សន្យា​ថា នឹង​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ស្រុក​ខ្មែរ ​ គឺ​១០​ឆ្នាំ​មែន​ ប៉ុន្តែ​យឺត​៣​ខែ​ប៉ុណ្ណោះ ដូច្នេះ​កុំ​និយាយ​ថា​ហួសពេល​អី។

 

កុំ​គិត​អ្វី​ ដែល​អវិជ្ជមាន​

 

កុំ​គិត​ថា​ទាល់​តែ​កូន​អ្នក​មាន​ ទើប​អាច​ទទួល​បាន​ជោគជ័យ។ កូន​អ្នក​ក្រ​ក៏​អាច​ទទួល​បាន​ជោគជ័យ​ដែរ ឲ្យ​តែ​ប្រឹង​ប្រែង​ ​ហើយ​គិត​​នូវ​​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​ប្រកប​ដោយ​ភាព​វិជ្ជមាន។ មនុស្ស​ម្នាក់​បើ​គិត​ពី​ភាព​អវិជ្ជមាន​ នោះ​គឺ​គ្មាន​សង្ឃឹម​អ្វី​ទាំងអស់ ត្រូវ​ចងចាំ​ថា​ មាន​បញ្ហា​ទើប​មាន​ដំណោះស្រាយ​ មាន​ឧបសគ្គ​ទើប​មាន​ជ័យជម្នះ៕

 

ចុច​ត្រង់​នេះ​អាន​អត្ថបទ៖ ឈាម​ជ័រ​កូន​ខ្មែរ តែ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​នៅ​អាមេរិក

អត្ថបទ​៖​ កង ចាន់​បញ្ញា