អគ្គនាយក​ក្រុមហ៊ុន មាន​អតីត​កាល​ជា​អ្នក​លក់​ស្ករ​ទាញ

  • 2014-11-27 16:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឌិន វីរៈ មាន​អតីតកាល​ជូរចត់​ ជា​អ្នក​ស៊ី​ឈ្នួល​គេ​ ធ្វើ​នំ​ប៉ាវ ​លក់​ស្ករ​ទាញ ប៉ុន្តែ​ដោយសារ​មាន​ឆន្ទៈ ​ក្នុង​ការ​សិក្សា លោក​ក៏​ពុះពារ​ឧបសគ្គ​ក្រេប​យក​ចំណេះ​ រហូត​ក្លាយ​អគ្គនាយក​ក្រុមហ៊ុន​ V Capital ។

 

តើ​ឆាក​ជីវិត​របស់​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​ មាន​ភាព​បត់បែន​យ៉ាងណា​ខ្លះ?

 

លោក ឌិន វីរៈ កើត​នៅ​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ​១៩៧២ នៅ​ទីក្រុង​ភ្នំពេញ មាន​លោក​ឪពុក​ឈ្មោះ សុខ ចាន់ អ្នក​ម្ដាយ ឈ្មោះ​ចាន់ ហេង ។ នៅ​ឆ្នាំ​១៩៧៥ ឈាន​ចូល​ដល់​ សម័យ​ប៉ុលពត គ្រួសារ​របស់​លោក​ត្រូវ​បាន​​ជម្លៀស​​ទៅ​តំបន់​ព្រៃ​ភ្នំ​ ជាប់​ជើង​ភ្នំ​ដងរែក ស្ថិត​ក្នុង​​ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បាត់​ដំបង ( បច្ចុប្បន្ន​ស្រុក​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យ) ដោយ​ត្រូវ​ធ្វើការ​ជា​ទម្ងន់ ជា​អកុសល លោក​ក៏​បាត់បង់​ ប្អូន​ប្រុស​ម្នាក់ និង​ លោក​ឪពុក​ជា​ទី​ស្រឡាញ់ ក្នុង​សម័យ​នោះ។

 

កុមារភាព​

 

ក្រោយ ​ឆ្នាំ ១៩៧៩ ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ គ្រួសារ​លោក​បាន​ផ្លាស់​ទៅ​នៅ​ខេត្ត​មួយ​ចំនួន ហើយ​ សម្រេច​ចិត្ត​ចុង​ក្រោយ គឺ​មក​រស់នៅ​ភ្នំពេញ​វិញ នៅ​ឆ្នាំ​១៩៨០ លោក​មាន​អាយុ​៨ ឆ្នាំ ក៏​ចូល​រៀន​នៅ​សាលាបឋមសិក្សា​វត្ត​ឧណ្ណាលោមនិងធ្វើជាកូនសិស្សលោកតា នន្ទ ង៉ែត (បច្ចុប្បន្ន សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត)។

 

គ្រូ​កាច សិស្ស​ពូកែ

 

នៅ​ដំបូង លោក​ជា​សិស្ស​រៀន​ខ្សោយ​ មិន​សូវ​ពូកែ​ទេ ប៉ុន្តែ​ពេល​លោក​ចូលរៀន ​ថ្នាក់​ទី​៣ បាន​រៀន​ជួប​ជាមួយ​លោកគ្រូ​ម្នាក់​ ដែល​កាច​មាន​វិន័យ​តឹងរ៉ឹង សិស្ស​ត្រូវ​តែ​បាន​ពិន្ទុ​១០ បើ​មិន​ដូច្នេះ​ទេ បាត់​មួយ​ពិន្ទុ គឺ​មួយ​រំពាត់ ចំពោះ​សិស្ស​ណា​ធ្វើ​ហើយ​​ក្រោយ​គេ គឺ​ត្រូវ​ពិន័យ​១០​​រំពាត់ ​តែ​ម្ដង ទោះបីជា​លំហាត់​ឆ្លើយ​ត្រូវ​ក៏​ដោយ​ ។ វិន័យ​ដ៏​តឹង​រ៉ឹង​​​នេះ​បាន​ជំរុញ​ឲ្យ​សិស្ស​ទាំងអស់​ខិតខំប្រឹង​ប្រែង​រៀន ​សូត្រ ​ដោយ​ប្រឡង​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ គឺ​ពេល​ដែល​លោក​គ្រូ​សរសេរ​លំហាត់ ​ឬ​ចំណោទ​ចប់​ភ្លាម សិស្ស​ក៏​ធ្វើ​រួច​ យក​មក​ដាក់លើ​តុ​គ្រូ​​ភ្លាមៗ​ដែរ​។ ​ដោយសារ​ខ្លាច​គ្រូ​ពេក​ លោក​ក៏​បាន​ខិតខំ​រៀន ​ក្លាយ​ជា​សិស្ស​ពូកែ​ចាប់ពី​ពេល​នោះ​មក។ រហូត​ដល់​ពេល​លោក​រៀន​ថ្នាក់​ទី​៥ ​លោក​ក៏​ជា​សិស្ស​ពូកែ និង​​ក្លាយ​ជា​​ប្រធាន​ក្លឹប​សិស្ស​ពូកែ​ទៀត​ផង​។ ​

 

កំពុង​រើស​អាចម៍​គោ​ ស្រមៃ​ចង់​ជិះ​យន្តហោះ​

 

ឆ្នាំ​១៩៨៦ លោក​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​វត្ត​កោះ។ សម័យ​នោះ សិស្ស ​ទាំង​អស់​ត្រូវ​​ធ្វើ​ពលកម្ម ដោយ​សាលា​បាន​ចាត់​ឲ្យ​ទៅ​រក​រើស​អាចម៍គោ​ដើម្បី​ធ្វើ​ជី​នៅ​ចំការ​ដូង ឬ​នៅ​មុខ​ព្រលាន​យន្តហោះ​ពោធិចិនតុង។ មាន​ពេល​មួយ​លោក​ឃើញ​យន្ត​ហោះ​ លោក​បាន​ប្រាប់​មិត្តភ័ក្ដិ​ថា លោក​នឹង​ជិះ​យន្តហោះ​ទៅ​រៀន​​បរទេស​​នៅ​ថ្ងៃ​ណា​មួយ​។

 

ក្មេង​រើស​អាចម៍​គោ ​មាន​វាសនា​ទៅ​លេង​ស្រុក​បារាំង

 

លោក ​នៅ​តែ​រក្សា​បាន​នូវ​តំណែង​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ ប្រចាំរដ្ឋធានីភ្នំពេញ ចាប់តាំងពីថ្នាក់ទី៥​ រហូតដល់ថ្នាក់ទី១១ ដែលជា​​ឆ្នាំ​ប្រឡង​បាក់ឌុប។​ ឱកាស​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​ តាម​រយៈ​អភិបាល​ក្រុង​ភ្នំពេញ ដែល​ត្រូវ​អភិបាល​ក្រុង​ប៉ារីស​អញ្ជើញ​​​សិស្ស​ពូកែ ២៥​នាក់​ ទូទាំង​រដ្ឋធានី​ភ្នំពេញ​ ទៅ​​ទស្សនកិច្ច​​នៅ​ប្រទេស​បារាំង ជា​ភ័ព្វ​សំណាង​លោក​ក៏​ស្ថិត​ក្នុង​ចំណោម​ ២៥​នាក់​នោះ​ដែរ ។ ក្ដី​ប្រាថ្នា​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត មិន​ត្រឹម​តែ​ទៅ​​ក្នុង​នាម​ជា​ភ្ញៀវ​ទៅ​លេង​ធម្មតា​នោះ​ទេ គឺ​ជា​ទស្សនកិច្ច​ផ្លូវការ ដោយ​មាន​ការ​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់​ក្ដៅ​ពី​អភិបាល​ក្រុង​ប៉ារីស​ ទៀត​ផង​។

 

មិន​ហ៊ាន​ធ្វើ​អន្តោប្រវេសន៍ រង​សម្ពាធ​គ្រួសារ

 

សម័យ ​នោះ​អ្នកណា​ក៏​ចង់​ធ្វើ​អន្តោប្រវេសន៍​ទៅ​នៅ​ប្រទេស​សេរី ជឿនលឿន ដូចជា​ អាមេរិក បារាំង អូស្ត្រាលី​ជា​ដើម ដូច្នេះ​ហើយ ក្រុម​គ្រួសារ ​និង​ញាតិមិត្ត​របស់​លោក តែងតែ​ប្រាថ្នាថា​​ ពេល​លោក​ទៅ​នោះ​អាច​ រត់​គេច ធ្វើ​អន្តោប្រវេសន៍ រស់នៅ​ប្រទេស​បារាំង​តែ​ម្ដង ប៉ុន្តែ​សម្រាប់​លោក​ផ្ទាល់​មិន​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​​លោក​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​គណៈប្រតិភូ​ខ្មែរ។ ពេល​លោក​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ និង​ញាតិមិត្ត​ ស្ដីបន្ទោស​ថា​ ឆ្អឹង​មិន​អណ្ដែត ដោយ​សម្អាង​ថា អ្នក​ដទៃ​គេ​បាន​ពុះពារ​ហែល​ទឹក​ឆ្លងកាត់​គ្រោះថ្នាក់​ជាច្រើន ទម្រាំ​បាន​ទៅ​រស់នៅ​ទីនោះ ចំណែក​ឯ​លោក​បាន​​ជិះ​យន្តហោះ​ទៅ​ដល់​ស្រុក​គេ​ហើយ តែ​មិន​ចេះ​​រក​ក្រឡា​រស់​នៅ​ទីនោះ។ ពេល​នោះ​លោក​បាន​ត្រឹម​នៅ​ស្ងៀម​ និង​តាំង​ចិត្ត​ថា​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ម្ដង​ទៀត។

 

លត់​ដែក​ទាន់​នៅ​ក្ដៅ ប្រដៅ​កូន​ចៅ​ទាន់​នៅ​ក្មេង

 

ដោយ ​គ្រួសារ​លោក​ជាប់​សែស្រឡាយ​ចិន គេ​មាន​វប្បធម៌​មួយ ពេល​កូន​ធំ​ដឹង​ក្ដី អាយុ១៤ ឬ ១៥​ឆ្នាំ​ ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​សិន នៅ​ហាង​ធ្វើ​ស្បែក​ជើង ​ ឬ​កន្លែង​ធ្វើ​នំប៉ាវ​ជាដើម ដើម្បី​ឲ្យ​ស្គាល់​រសជាតិ​​ការ​លំបាក នៃ​ការ​រកលុយ​ចាយ និង​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​ទាំង​នោះ ប៉ុន្តែ​​ភាព​ជា​អ្នក​ធ្វើការ​ឲ្យ​គេ វា​មិន​ដែល​ស្រួល​នោះ​ទេ គឺ​គេ​ចង់​ប្រើ​ពេល​ណា​ក៏​ដោយ លោក​គ្មាន​សិទ្ធិ​តវ៉ា​អ្វី​ទាំង​អស់ ហើយ​ស៊ីឈ្នួល​គេ ជា​ការ​ប្រើ​កម្លាំង​កាយ រួម​ផ្សំ​ជាមួយ​ការងារ​ ក្នុង​ផ្ទះ​​របស់​ថៅកែ​ ជា​ច្រើន​មុខ​ទៀត ដែល​ទាមទារ​ឲ្យ​លោក​ត្រូវ​ប្រឹងប្រែង​ទាំង​​លំបាកលំបិន​ តាំង​ពី​ព្រលឹម​រហូត​ដល់​ព្រលប់ ដែល​ក្នុង​មួយ​សប្ដាហ៍​ លោក​អាច​ទទួល​បាន​កម្រៃ​បន្តិចបន្តួច​ សម្រាប់​ទៅ​លេង​ផ្ទះ​តែ​ប៉ុណ្ណោះ។

 

អ្នក​រៀន​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល

 

ក្នុងគ្រួសារ​របស់​លោក ជា​ពិសេស​លោក​យាយ​តែ​ម្ដង គឺ​មាន​ផ្នត់​គំនិត​យល់​ថា អ្នក​រៀន​​គឺ​សុទ្ធ​ជា​មនុស្ស​ខ្ជិល មិន​ចង់​ធ្វើការ​រកស៊ី ចង់​ហូប​ស្រាប់ ហើយ​គេចវេះ សម្រាក​ក្រោម​លេស​ទៅ​រៀន ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្ដី ដោយសារ​ឧបនិស្ស័យ​ពី​ធម្មជាតិ​ចូលចិត្ត​ធ្វើការ​ដោយ​ប្រើ​ប្រាជ្ញា​ និង​មិន​ចង់​​​ធ្វើការ​ដោយ​កម្លាំងកាយ​ ទៅ​ថ្ងៃ​អនាគត លោក​បាន​សម្រេច​ចិត្ត ឈប់​ធ្វើការ​ឲ្យ​គេ ហើយ​ស្រវា​យក​ការ​រៀន​សូត្រ​វិញ​ ទោះបីជា​ត្រូវ​ក្រុម​គ្រួសារ​មិន​គាំទ្រ​ក៏​ដោយ​។

 

លក់​ស្ករ​ទាញ​ ដើម្បី​ការ​សិក្សា​

 

មិនត្រឹម​​តែ​ខឹង​ ឬ​ចង់​​​ស្ដី​បន្ទោស​នោះ​ទេ គឺ​ស្ទើរ​តែចង់​​កាត់​កាល​ចោល​តែ​ម្ដង ដោយសារ​តែ​​លោក​សម្រេច​ចិត្ត​ចូល​រៀន​វិញ ពួកគាត់​សូម្បី​​លុយ​មួយ​កាក់​មួយ​សេន ក៏​មិន​ឲ្យ​លោក​ដែរ ​ដូច្នេះ​លោក​ត្រូវ​​បង្ខំ​ចិត្ត​រក​មុខ​របរ​មួយ​​ដើម្បី​​ផ្គត់ផ្គង់​ការ​ ចាយវាយ​ពេល​សិក្សា​ សម្រាប់​ទ្រទ្រង់​ការ​រៀន​សូត្រ ដូច្នេះ​ក្រៅ​ពី​ពេល​ចូល​រៀន​នៅ​ពេល​ព្រឹក លោក​យក​កង់​​ដឹក​​ស្ករ​ទាញ​ ចូល​ទៅ​លក់​ក្នុង​បរិវេណ​សាលា នៅ​ពេល​រសៀល​ដើម្បី​​ទទួល​កម្រៃ​ទ្រទ្រង់​ការ​រៀន​សូត្រ។ នៅ​ឆ្នាំ ​១៩៩២ លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​បាក់ឌុប។ សម្រាប់​លោក​ចំណេះ​ដឹង​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ ព្រោះ​លោក​ជា​មនុស្ស​ដែល​មាន​ឧបនិស្ស័យ​ខាង​សិក្សា​ ជា​ពិសេស​លោក​មាន​ក្ដី​ស្រមៃ​មួយ​ គឺ​ចង់​ធ្វើការ​ក្នុង​ការិយាល័យ មាន​ម៉ាស៊ីន​ត្រជាក់ ស្លៀក​ពាក់​ស្អាត​បាត ប្រើ​ចំណេះ​ ដើម្បី​រកលុយ ជៀសវាង​ពី​ការងារ​ប្រើ​កម្លាំង​កាយ (កម្លាំងបាយ)​។

 

រត់​ម៉ូតូ​ឌុប ដើម្បី​ការ​សិក្សា

 

នៅ ​ឆ្នាំ១៩៩២-១៩៩៣ លោក​បាន​ចូល​រៀន​ថ្នាក់​ត្រៀម​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ( ​បច្ចុប្បន្ន​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង)​ ដើម្បី​ប្រឡង​យក​អាហារូបករណ៍​ក្នុង​មហាវិទ្យាល័យ។ ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​ថ្នាក់​ត្រៀម​នេះ លោក​បាន​រត់​ម៉ូតូ​ឌុប នៅ​ពេល​សម្រាក​ពី​ការសិក្សា។

 

រៀន​ផង​ធ្វើការ​ផង មួយ​ថ្ងៃ​សម្រាក​បាន​៣​ម៉ោង

 

លោក ​ក៏​បាន​ប្រឡង​ជាប់ ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៦ គឺ​ពី​ឆ្នាំ​ទី​១ ដល់​ឆ្នាំ​ទី៣ ដើម្បី​មាន​លទ្ធភាព​ទ្រទ្រង់​ជីវភាព​សិក្សា លោក​បាន​ទទួល​ឱកាស​ចូល​ធ្វើការ​វេន​យប់​ ​នៅ​សណ្ឋាគារ​ហូលីដេ​អន្តរជាតិ (Holiday International Hotel) ជា​បុគ្គលិក​ការិយាល័យ​ជួរ​មុខ (​Receptionist and Telephone Operator) ពី​ម៉ោង​១១យប់ ដល់ម៉ោង​៧​ព្រឹក ចេញ​ពី​ធ្វើការ​គឺ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​បន្ត​ទៀត​ ដូច្នេះ​សរុប​មក​​ លោក​អាច​សម្រាក​បាន​ជា​មធ្យម​​ត្រឹម​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

 

លក់​ម៉ូតូ យក​លុយ​ ​បន្ត​ការ​សិក្សា

 

នៅឆ្នាំ១៩៩៦-១៩៩៧ លោក​បាន​ប្រឡង​ចូលរៀន​ថ្នាក់​ពិសេស​មួយ (Pre-Master of Management, Bachelor of Business Administration – BBA) ​ដែល​រៀបចំ​ដោយ​សហប្រតិបត្តិការ​បារាំង ដោយ​មាន​អាហារូបករណ៍​៥​នាក់​ទៅ​បន្ត​ការសិក្សា​នៅ Asian Institute of Technology (AIT) ទីក្រុង​បាងកក​ ប្រទេស​ថៃ និង​អាហារូបករណ៍​៣​នាក់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Lumière Lyon 2 ទីក្រុង​លីយ៉ុង​ ​ប្រទេស​បារាំង។ ថ្នាក់​ពិសេស​នេះ​តម្រូវ​ឲ្យ​និស្សិត​ទាំងអស់​ចេះ​ភាសា​បារាំង ​និង​​អង់គ្លេស និងបង់ថ្លៃ៣០ដុល្លារក្នុង១ខែ។

 

ដើម្បី​ប្រឡង​យក​ អាហារូបករណ៍ លោក​បង្ខំ​ចិត្ត​ឈប់​ធ្វើការ ​និង​ផ្ដោត​លើ​ការសិក្សា លែង​មាន​ចំណូល ​​​លោក​ក៏​សម្រេច​ចិត្ត​លក់​ម៉ូតូ​ដែល​សន្សំ​លុយ​ទិញ​បាន ដើម្បី​បង់​ថ្លៃ​សិក្សា​ និង​ផ្គត់ផ្គង់​ជីវភាព និង​យក​លុយ​មួយ​ចំនួន មក​ទិញ​ម៉ូតូ​ឆាលី​ ទុក​ជិះ​ទៅ​រៀន។ ក្រោយ​មក​លោក​បង្ខំ​ចិត្ត​លក់​ម៉ូតូ​ឆាលី​នោះ​​ទៀត ព្រោះ​លុយ​កាន់​តែ​ខើច​ទៅ​ៗ​ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​។

 

ជា​លទ្ធផល ​នៃ​ការ​សិក្សា​ គឺ​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​១​ ជានិច្ច។ ក្នុង​ចំណោម​និស្សិត​ប្រមាណ​២០០​នាក់​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ សេដ្ឋកិច្ច លោក​បាន​ប្រឡង​ជាប់លេខ​១​សម្រាប់​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ បារាំង។ ហើយ​សម្រាប់​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ លោកបានទទួលចំណាត់ ថ្នាក់លេខ១ទៀត។ ​ដូច្នេះ​លោក​មាន​ឱកាស​ជ្រើសរើស​អាហារូបករណ៍​នោះ​ អាច​ទៅ​ប្រទេស​ថៃ ក៏​បាន អាច​ទៅ​ប្រទេស​បារាំង​ក៏​បាន។ ជា​លទ្ធផល​ចុង​ក្រោយ​ គឺ ​លោក​បាន​ជ្រើសរើស​ទៅ​បន្ត​ការ​សិក្សា​យក​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ សេដ្ឋកិច្ច​នៅ​ប្រទេស​បារាំង ពីព្រោះ ​​លោក​បាន​តាំង​ចិត្ត​ទៅ​ប្រទេស​បារាំង​សា​ជា​ថ្មី​ម្ដង​ទៀត​។

 

បេះ​ផ្លែឈើ​នៅ​ស្រុក​គេ ​ ដើម្បី​បន្ត​ការ​រៀន​សូត្រ

 

ក្នុង ​ពេល​សិក្សា​នៅ​ប្រទេស​បារាំង​ លោក​ហាក់​ប្រឹងប្រែង​រៀន​សូត្រ​ជា​ខ្លាំង​ ប៉ុន្តែ​នៅ​ពេល​នោះ​ លោក​ក៏​មាន​បំណង​ចង់​ចូល​សញ្ជាតិ​បារាំង​។ លោកបានទទួល អាហារូបករណ៍២ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ១៩៩៩ ដើម្បី​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ ​Université Luimère Lyon 2 ។

 

នៅឆ្នាំទី៣ លោក​បាន​ផ្គត់ផ្គង់​ការសិក្សា​ដោយ​ខ្លួនឯង​ តាម​រយៈ​ការ​ស្វែង​រក​ការងារ​ធ្វើ​ក្រៅ​ម៉ោង​សិក្សា​​ និង​ការងារ​​នា​រដូវ​ក្ដៅ ដូចជា​បេះ​ផ្លែ​ឈើ និង​ផ្លែ​ទំពាំងបាយជូ​ ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល និង​យល់​ដឹង​ពី​ការ​រស់នៅ​របស់​ប្រជាជន​បារាំង​ផង​នោះ។​

 

ជំងឺ​នឹកស្រុក​កំណើត

 

ក្រោយ ​រយៈ​ពេល​​ជាច្រើន​ឆ្នាំ​នៃ​ការសិក្សា ​និង​រស់នៅ​ក្នុង​ប្រទេស​បារាំង ​លោក​ក៏​សម្រេច​ចិត្ត​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០០០។ ​ក្នុង​ពេល​នេះ​លោក​មិន​ទាន់​សម្រេច​ថា​ នៅ​ស្រុក​ខ្មែរ​វិញ​ជា​អចិន្ត្រៃយ៍​នោះ​ទេ លោក​បាន​ធ្វើដំណើរ​ទៅ​នៅ​ស្រុក​បារាំង​​វិញ។ មិន​បាន​ប៉ុន្មាន​ខែ​ផង ជំងឺ​នឹក​ស្រុក​កំណើត​បាន​កម្រើក​ឡើង​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ​ឈាម​ជ័រ​ជា​ខ្មែរ នៅ​តែ​ជា​ខ្មែរ ទោះបី​ខិតខំ​តុបតែង​ស្លៀកពាក់ របៀបរបប​ដូច​បារាំង​យ៉ាងណា​ក៏​ដោយ ទឹក​ចិត្ត​នឹក​ស្រុក​កំណើត​បាន​ដក់​ជាប់​ក្នុង​បេះ​ដូង​ជា​និច្ច ​ ដូច្នេះ​​ជំងឺ​នឹក​ស្រុក​បាន​ធ្វើ​ឲ្យ ​លោក​សម្រេច​ចិត្ត​មក​នៅ​កម្ពុជា​វិញ​ស្ថាពរ​។

 

មាន​ចំណេះ​ពិត​ មិន​ខ្លាច​​អត់​ការងារ​ធ្វើ

 

នៅ ​ពេល​លោក​មក​កម្ពុជា​វិញ​លើក​ដំបូង​នៅ​ឆ្នាំ​២០០០ ដោយសារ​កេរ្តិ៍​ឈ្មោះ​ជា​សិស្ស​ពូកែ​ លោក​គ្រាន់​តែ​មក​ដល់​កម្ពុជា​ភ្លាម ​លោក​ត្រូវ​បាន​សាកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​ន័រតុន អញ្ជើញ​ឲ្យ​ចូល​ធ្វើ​ជា​អ្នក​សម្របសម្រួល ផែនការ​​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ (Coordinator for Planning, Research & Development)។ ​ក្រោយមក លោក​ត្រូវ​បាន​ដំឡើង​ជា​នាយករង​ផ្នែក​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍(Deputy Director for Research & Development)។

 

ផ្លាស់ប្ដូរ​ការងារ​ដើម្បី​ការ​អភិវឌ្ឍ​សមត្ថភាព​

 

ដោយ ​ចង់​ទទួល​បាន​បទពិសោធន៍​ថ្មី​បន្ត​ទៀត លោក​បាន​សម្រេច​ចិត្ត​​លា​ឈប់ ហើយ​ចូល​ធ្វើការ​ ក្រុមហ៊ុន​ធ្វើ​ប្រព័ន្ធ​ប្រេង និង​ឧស្ម័ន Eastern Petroleum Cambodia ជា​ Business Development Executive ក្នុង​​មុខងារ​សិក្សា​លើ​ឱកាស​សម្រាប់​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ​ៗ​​នៅ​ កម្ពុជា​។ ក្រោយ​មក​ទៀត លោក​បាន​ចូល​បម្រើ​ការងារ ជា​អ្នក​អភិវឌ្ឍន៍​មាតិកា​នៃ​សៀវភៅ​អាជីវកម្ម​ឈាន​មុខ​នៅ​ក្នុង​ស្ថាប័ន​ អន្តរជាតិ​ ​នៃ​ធនាគារ​ពិភពលោក គឺ​អង្គការ​អភិវឌ្ឍ​​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (Mekong Private Sector Development Facility)។

 

ប្រើប្រាស់​ចំណេះ​ដឹង​ ឲ្យអស់​ពី​លទ្ធភាព

 

តួនាទី ​​របស់​លោក ជា​ទី​ប្រឹក្សា​ឯករាជ្យ ថែម​ពី​លើ​នេះ គឺ​បង្រៀន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​។ នៅ​ឆ្នាំ២០០៣​ដល់​២០០៨​ លោក​ក៏​ធ្វើ​ជា​ទីប្រឹក្សា​អភិវឌ្ឍន៍​អាជីវកម្ម ឲ្យ​ស្ថាប័នជាតិ​ និង​អន្តរជាតិ ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ ដូចជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កាមិនកូ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ដាណឺម៉ាក (​DANIDA) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​កាណាដា (​CIDA) ជាដើម។

 

ស្នាដៃសំខាន់ៗ​របស់​លោក​ រួមមាននៅឆ្នាំ២០០៣ លោក​ចូលរួម​អភិវឌ្ឍ​មាតិកា​សៀវភៅ​អាជីវកម្ម​ឈាន​មុខចំនួន​៨​ក្បាល ​ក្នុង​ចំណោម​សៀវភៅ​ប្រមាណ​២០​ក្បាល ក្នុង​ពេល​ដែល​លោក​ធ្វើជា​ទីប្រឹក្សា​អភិវឌ្ឍន៍​មាតិកា (Content Development Consultant) ​សម្រាប់​អង្គការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (Mekong Private Sector Development Facility) ដែល​ជា​ក្រុម​នៃ​ធនាគារ​ពិភពលោក។​ ក្រោយ​មក​លោក​បាន​បោះផ្សាយ​សៀវភៅ​សិក្សា​ដែល​មាន​ឈ្មោះ​ថា​ «គំនិត​គ្រប់គ្រង​៖ ការ​លក់​និង​ម៉ាឃិតធីង​»នៅ​ឆ្នាំ​២០០៥។

 

កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ដោយសារ​ចំណេះដឹង​ពិត​ប្រាកដ

 

ដូចដែល​បាន​រៀបរាប់​ខាង​លើ ស្ថិត​ក្នុង​ចន្លោះ​ចាប់​ពី​ឆ្នាំ​២០០៣​ មក ដោយសារ​ការ​បង្រៀន​របស់​លោក​កាន់​មាន​កេរ្តិ៍ឈ្មោះ​ ការងារ​ជា​សាស្ត្រាចារ្យ ​ក៏​ចាប់​ផ្ដើម​មាន​ទីផ្សារ​ លោក​ត្រូវ​បាន​សាកលវិទ្យាល័យ​ជា​ច្រើន​អញ្ជើញ​ជា​សាស្ត្រាចារ្យ​ក្រៅ​ម៉ោង​ បង្រៀន​មុខវិជ្ជា​សេដ្ឋកិច្ច ​និង​គ្រប់គ្រង​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​និង​ថ្នាក់​បរិញ្ញាបត្រ​ ជាន់ខ្ពស់(​អនុបណ្ឌិត) ដូចជា​សាកលវិទ្យាល័យ ន័រតុន សាកល វិទ្យាល័យ​បៀលប្រាយ និង​វិទ្យាស្ថាន វ៉ាន់ដា ជាដើម។

 

នៅឆ្នាំ​២០០៧ ដល់ឆ្នាំ២០០៩ ​លោក​បាន​​បង្រៀន​មុខវិជ្ជា​សហគ្រិនភាព​ និង​មុខវិជ្ជា​គ្រប់គ្រង​យុទ្ធសាស្ត្រ​​សម្រាប់​ថ្នាក់​អនុបណ្ឌិត (MBA) នៅ​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប។ ហើយ​នៅ ឆ្នាំ​២០០៩ ដល់ឆ្នាំ២០១១ លោក​ក៏​បាន​បង្រៀន​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ជា​កិត្តិយស​លើស​ពី​នេះ​ទៅ​ទៀត នៅឆ្នាំ២០០៩ ដល់​ឆ្នាំ២០១០ លោក​បាន​បង្រៀន​មុខវិជ្ជា​គ្រប់គ្រង​យុទ្ធសាស្ត្រ​​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល សម្រាប់​មន្ត្រី​ជាន់ខ្ពស់ ​និង​មន្ត្រីក្រម​ការ។ នៅឆ្នាំ២០១០​និងឆ្នាំ២០១១ លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​បង្រៀន​ថ្នាក់​អនុបណ្ឌិត (នៅ​ចុង​សប្ដាហ៍) នៅ​សាកលវិទ្យាល័យ​មានជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ​។

 

ឋានៈ​មួយ​ ដែល​មួយ​ជីវិត មិន​ធ្លាប់​ស្រមៃ

 

តាមរយៈ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​ម្នាក់​ដែល​រាប់អាន​គ្នា​នៅ​វិទ្យាល័យ ​លោក​មាន​បំណង​ចង់​ប្រើ​ចំណេះ​វិជ្ជា​ និង​សមត្ថភាព​ក្នុង​ការចូលរួម​ចំណែក​បម្រើ​ប្រទេស​ជាតិ​ក្នុង​រាជរដ្ឋាភិបាល ពេល​នោះ​លោក​​ត្រូវ​បាន​​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ នៅ​ឆ្នាំ​២០០៨។ ពេលនោះ លោក​សម្រេច​លា​ឈប់​ពី​ការងារ​ជា​ទីប្រឹក្សា​នៃ​គម្រោង​របស់​ស្ថាប័ន​ អន្តរជាតិ។

 

បើក​អាជីវកម្ម ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគ្រិនភាព​ និង​ភាព​ប្រកួតប្រជែង​នៅ​កម្ពុជា​

 

នៅពាក់កណ្ដាល​ឆ្នាំ​២០១២ ដោយសារ​មាន​ឆន្ទៈ​ចូលរួម​អភិវឌ្ឍ​សហគ្រិនភាព​ និង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​​​កម្ពុជា ក្នុង​សម័យ​សមាហរណកម្ម​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័សនេះ លោក​សម្រេច​បង្កើត​សហគ្រាស​មួយ មាន​ឈ្មោះ​​ថា វិទ្យាស្ថាន​ វី ឃែភីថល​ (V CAPITAL INSTITUTE) ផ្ដល់​សេវា​អភិវឌ្ឍន៍​អាជីវកម្ម​ និង​វិជ្ជាជីវៈ ដូចជា​ ផែនការ​អាជីវកម្ម យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង បណ្ដុះ​បណ្ដាល​ជំនាញ​​ដឹកនាំ​ និង​គ្រប់គ្រង​ជាដើម។

 

បទ​ពិសោធ​ជីវិត ​និង​ការ​ចែករំលែក

 

ក្នុង​មួយ​ជីវិត​របស់​លោក​ជួប​ការ​លំបាក​ច្រើន​មែន តាំង​ពី​វ័យ​កុមារ លោក​បាន​ប្រកាន់​គោលការណ៍​មួយ​ចំនួន គឺ​​ភាព​ជឿជាក់ គុណធម៌ សុចរិត ឥរិយាបថ​ល្អ។ ដើម្បី​ទទួល​បាន​ភាព​ជឿជាក់​ គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្រើន​ ឲ្យ​ច្បាស់​លាស់ គ្រប់​ម៉ាត់​ គ្រប់​សម្ដី គឺ​ច្បាស់លាស់​មាន​ន័យ​ ឧទាហរណ៍​លើ​ភាសា​អង់គ្លេស អីចឹង​ចាំបាច់​ គឺ​ច្បាស់លាស់ យល់​ន័យ​ត្រឹមត្រូវ ពេល​នោះ​អ្នក​និយាយ​ដោយ​មាន​ជំនឿ​ទុកចិត្ត​​លើ​ខ្លួន​ឯង​។

 

គុណធម៌៖ មនុស្ស​ចាំបាច់​ត្រូវ​តែ​មាន​​គុណធម៌​ សន្ដោស​ប្រណី ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​។ សុចរិត៖ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ប៉ុណ្ណា​ក៏​ដោយ មនុស្ស​អាច​ប្រើប្រាស់​កម្លាំងកាយ ​និង​ប្រាជ្ញា ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត មិន​ចាំ​បាច់​ទៅ​ប្រព្រឹត្ត​អំពើ​មិនគប្បី មុន​និង​ក្រោយ​យើង​ទទួល​បាន​ជោគជ័យ។

 

ឥរិយាបថ​ល្អ៖ ជា​រឿង​សំខាន់​មួយ​ ដែល​នាំ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ។ សម្រាប់​លោក​ ឥរិយាបថ​​ល្អ​​តាំង​ពី​នៅ​វ័យ​កុមារ ក្លាយ​ជា​ប្រធាន​ថ្នាក់ រហូត​មក ដែល​ទទួល​បាន​ការ​គោរព​រាប់អាន​​មិត្តភ័ក្ដិ​ជាច្រើន។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ តាម​រយៈ​ការ​កសាង​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង និង​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សុចរិត និង​ឥរិយាបថ​ថ្លៃថ្នូរ​ ដើម្បី​ទទួល​បាន​ជោគជ័យ៕

 

អត្ថបទ​៖​ កង ចាន់​បញ្ញា