ចប់​អនុ​បណ្ឌិត បែរ​មក​លក់​នំ​បញ្ចុក!

  • 2014-11-22 18:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត ​អ្នក​អាន​ប្រហែល​ជា​ធ្លាប់​ប្រទះ ច្រើន​ហើយ​ថា អ្នក​លក់​នំ​បញ្ចុក​ភាគ​ច្រើន​ជា​នារី និង​ជា​អ្នក​ដែល​មិន​សូវ​មាន​ឱកាស​ទទួល​បាន​សិក្សា​ច្រើន​រហូត​ដល់​ថ្នាក់​ ឧត្ដម​សិក្សា​ទេ​មែន​ទេ? តែ​ដោយ​ឡែក ក្រឡេក​មក​មើល លោក វីរៈ វិញ ដែល​មាន​អាយុ​មិន​ច្រើន​ប៉ុន្មាន និង​បាន​បញ្ចប់​ការ​សិក្សា​រហូត​ដល់​ថ្នាក់​អនុបណ្ឌិត បូក​ជា​មួយ​បទពិសោធន៍​ការងារ​រហូត​ដល់ ៨ ឆ្នាំ​នៅ​អង្គការ បែរ​ជា​ងាក​មក​ចាប់អារម្មណ៍​ការងារ​អាជីវកម្ម​តូចតាច ទៅ​វិញ។

 

វីរៈ ដែល​ជា​អ្នក​ស្រុក​នៅ​ភ្នំពេញ បាន​រៀបរាប់​ប្រាប់​ Sabay ថា​កាល​ពី​ក្មេង ​លោក​ក៏​មិន​មាន​គំនិត​ថា ចង់​ក្លាយ​ជា​រកស៊ី​លក់​ដូរ​ដែរ ដោយ​គិត​តែ​ខិតខំ​សិក្សា​យក​ចំណេះ ​និង​អាច​ទទួល​បាន​ការងារ​ល្អ​ប្រសើរ​មួយ។

 

លោក វីរៈ (ពាក់​អាវ​ពណ៌​ប្រផេះ)

ការសិក្សា និង​ការងារ

 

ដោយ ​សារ​ វីរៈ ស្ថិត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​កម្រិត​ជីវភាព​ល្អ​បង្គួរ ធ្វើ​ឲ្យ​ការ​សិក្សា​របស់ វីរៈ តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ មិន​មាន​សម្ពាធ​អ្វី​ទាំង​អស់។

 

-វីរៈ បាន​បញ្ចប់​ការ​សិក្សា​ការ​ថ្នាក់​​បរិញ្ញាបត្រ​ ជំនាញ គ្រប់គ្រង នៅ​សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ នៅ​ឆ្នាំ ២០០០។

-ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ស្វីស សិក្សា​ជំនាញ អភិវឌ្ឍន៍​សង្គម។ ក្រោយ ​បាន​បញ្ចប់​ការ​សិក្សា​យ៉ាង​ជោគជ័យ វិរៈ បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ រួច​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​មួយ។ ” ខ្ញុំ បាន​ធ្វើ​ការ​នៅ​អង្គការ​នោះ បាន​រយៈ​ពេល​៨ ឆ្នាំ។

 

ការ​ចាប់​ផ្ដើម​គំនិត​ធ្វើ​អាជីវកម្ម​ខ្លួន​ឯង

 

ទោះបី ​ជា​ការងារ​នៅ​អង្គការ​នោះ ជា​ការងារ​ល្អ​មួយ និង​បាន​ផ្ដល់​ប្រាក់​បៀវត្ស​ខ្ពស់​គួរ​សម​ និង​អាច​ផ្គត់ផ្គង់​ការ​ចិញ្ចឹម​ជីវិត​បាន​ក៏​ពិត​មែន តែ​ វីរៈ បាន​ផ្ដើម​ឲ្យ​​ដឹង​ថា នៅ​មិន​ទាន់​ដល់​អ្វី​ដែល​លោក​ចង់​បាន​ទេ។ វីរៈ និយាយ “ខ្ញុំ​បាន​ចិញ្ចឹម​ចិត្ត ចង់​បង្កើត​ការងារ​មួយ​ឲ្យ​ខ្លួន​ឯង ជំនួស​ការ​ធ្វើ​ការ​ឲ្យ​គេ​ ១ ថ្ងៃ ៨ ម៉ោង នៅ​ក្នុង​ការិយាល័យ។

 

តែ​ទោះ​ជា​យ៉ាង​ណា​វីរៈ ក៏​មិន​បាន​គិត​ថា​ការងារ​នោះ មិន​ល្អ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ វីរៈ ប្រាប់​ថា លោក​ទទួល​បាន​បទពិសោធន៍​ល្អ​ៗ ជាច្រើន​ពី​ការងារ​រយៈ​ពេល ៨ ឆ្នាំ​នោះ។“ខ្ញុំ​ជា​មនុស្ស​ដែល​ ស្រលាញ់​ធម្មជាតិ​ណាស់” វីរៈ លើក​ឡើង​បែប​នេះ គឺ ចង់​ប្រាប់​មិត្ត​អ្នក​អាន​ថា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​អាជីវកម្ម​លក់​ នំបញ្ចុក​ខ្មែរ​ ដែល​ដាក់​ឈ្មោះ​ថា “Noodle Tree” នោះ ដោយ​សារ​តែ​លោក​ចង់​បង្កើត​អ្វី​មួយ ដែល​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ និង​ពិត​ប្រាកដ។

 

 

នេះ​គឺ​ជា​រឿង​ដែល​គួរ​កោត​សរសើរ​មួយ​ដែល បុរស​វ័យ​ក្មេង​ម្នាក់​នេះ មាន​គំនិត​អភិរក្ស​ធម្មជាតិ និង​ស្រលាញ់​អ្វី​ដែល​ជា​របស់​ខ្មែរ​ពិត​ប្រាកដ​ទៀត។ “ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដែល​នៅ​ទីណា​ផ្សេង​ ក៏​មាន​សន្ធឹក​នោះ​ឡើយ”។ លោក​បាន​បញ្ជាក់​ទៀត​ថា “ខ្ញុំ​ចង់​ឲ្យ​នៅ​ពេល​ដែល​គ្រប់​គ្នា​នៅ​ពេល​ដែល​គិត​ដល់​នំបញ្ចុក​ខ្មែរ គឺ​គិត​មក​ដល់ Noodle Tree របស់​ខ្ញុំ។​ ម្ចាស់​ហាង​លក់​នំ​បញ្ចុក ខ្មែរ​ម្នាក់​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ហាង​របស់​លោក​មិន​មាន​អ្វី​ក្រៅពី នំ​បញ្ចុក​ទេ គឺ​មាន​តែ​នំបញ្ចុក​សម្ល​ខ្មែរ និង​ទឹក​ការី ហើយ​ជំហាន​បន្ត​ទៀត លោក​​មាន​បំណង​បម្រើ​ភេសជ្ជៈ​ដែល​ជា​របស់​ធម្មជាតិ​ផង​ដែរ។

 

ក្រៅ​ពី​ ចំណង់ចំណូលចិត្ត​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ហ៊ាន​ប្រថុយ​នឹង​ហានិភ័យ​បោះបង់​ចោល​ការងារ មក​ចាប់​យក​អាជីព​ថ្មី​នេះ គឺ​ដោយ​លោក​ជឿជាក់​ថា មាន​មនុស្ស​ជា​ច្រើន​ពិបាក​រក​កន្លែង​ដែល​សមរម្យ ក្រៅ​ពី​តូប​តាម​ចិញ្ចើម​ផ្លូវ។ “អ្នក​ដែល​គាត់​មាន​ការងារ មាន​​ប្រាក់​ចំណូល គាត់​ម៉េច​នឹង​អាច​ទៅ​ញ៉ាំ​តាម​ផ្លូវ​ឬ​តាម​អ្នក​រែក​តាម​ផ្លូវ​បាន…ហាង​ ត្រឹមត្រូវ​ក៏​មាន​មិន​ច្រើន​ដែរ​នៅ​ភ្នំពេញ”។ មួយ​វិញ​ទៀត “ខ្ញុំ​បើក​កន្លែង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត…ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត ជា​ពិសេស​គឺ​ខ្ញុំ​បាន​ជួយ​ប្អូន​ជីដូន​មួយ​ខ្ញុំ​ឲ្យ​មាន​ការងារ​ធ្វើ​ ក្រោយ​នាង​បាន​រៀន​ចប់ Bac II ..​គាត់​និង​ម្ដាយ​ជួយ​ខ្ញុំ​ក្នុង​កិច្ចការ​នេះ”។

 

ដំណើរ​ការ​​អាជីវកម្ម

 

នៅ ​ក្នុង​បរិស្ថាន​បែប​ធម្មជាតិ​ស្រស់​បំព្រង នៅ​ម្ដុំ​ទួលគោក ផ្ទះលេខ ៣២ ផ្លូវ ៦០៦ ពិត​ជា​កន្លែង​ដែល​រក​បាន​នំបញ្ចុក​ខ្មែរ​សុទ្ធសាធ ​គួបផ្សំ​ការ​រចនា និង សម្ភារៈ​ប្រើប្រាស់​សុទ្ធ​តែ​ធ្វើ​ពី​ឈើ ផ្ដៅ និង ដី​ឥដ្ឋ ។ ពិត​មាន​រសជាតិ​ឆ្ងាញ់​និង​មាន​អនាម័យ ជាមួយ​បន្លែ​ធម្មជាតិ​ស្រស់ៗ គ្មាន​ជាតិ​គីមី​ទាំង​អស់។នេះ​ជា​អ្វី​ដែល​ លោក វីរៈ និង​ប្អូន​ស្រី​ជីដូន​មួយ និយាយ​ពី​កន្លែង​លក់​នំ​បញ្ចុក​របស់​ខ្លួន។

 

តែយ៉ាង​ណា រយៈកាល​ទើប​តែ​ចាប់​ផ្ដើម​ប្រហែល​ជា​ជាង​ ១ ខែ កន្លង​ទៅ​នេះ មិន​ទាន់​បាន​ធ្វើឲ្យ​ វីរៈ ទទួល​ចំណូល​តាម​ការ​គិត​រំពឹង​ទុក​នោះ​នៅ​ឡើយ​ទេ។ “បើ​ខ្ញុំ​លក់​បាន ៨០ ចាន​ក្នុង​មួយ ថ្ងៃ ទើប​ដល់​ចំណុច​រួច​ដើម តែ​ជាក់​ស្ដែង លក់​បាន​តែ​ ៥០​ចាន​ប៉ុណ្ណោះ”។ វីរៈ បញ្ជាក់។ តែ​យ៉ាង​ណា Sabay ជឿ​​​ថា​នេះ​ជា​តួលេខ​ល្អ​គួរ​សម​ហើយ និង​អាច​បញ្ជាក់​ថា​ វីរៈ កំពុង​តែ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បើ​មិន​ជឿ​​សាក​ងាក​មក​ស្ដាប់​សំដី​អតិថិជន​របស់ Noodle Tree តិច​មើល!

 

អ្នកនាង ឈុំវណ្ណ សូដាជីវី អតិថិជន​ម្នាក់ ដែល​ធ្លាប់​បាន​មក​ទទួល​ទាន​នំ​បញ្ចុក​នៅ​ទី​នេះ​ជាមួយ​ក្រុម​គ្រួសារ ប្រមាណ ជា ៥ ដង​មក​ហើយ​នោះ​និយាយ​​ជាមួយ​Sabay ថា “និយាយ​ត្រង់​ខ្ញុំ​ពេញ​ចិត្ត​រសជាតិ​នំ​នៅ​ទីនេះ…ខ្ញុំ​ធ្លាប់​ដើរ​ញ៉ាំ​ ច្រើន​កន្លែង​ គិត​ថា​ត្រូវ​មាត់​ជាង​គេ​នៅ​ទី​នេះ…”។ ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ហើយ អតិថិជន​រូប​នេះ បន្ត​ថា តម្លៃ និង​ទីកន្លែង​គឺ​សមរម្យ​ទៀត​ផង។ដោយ ​គិត​ពី​ហានិភ័យ និង​ការ​ប្រឈម​ទាំង​ឡាយ វីរៈ បាន​ទុក​រយៈ​ពេល​បី​ខែ ក្នុង​ការ​ចាប់​ផ្ដើម​នេះ ដោយ​លោក​គិត​ថា​បន្ទាប់​ពី​ ៣ ខែ នេះ អាជីវកម្ម​របស់​លោក​នឹង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ។

 

ម្ចាស់​ហាង​ Noodle Tree រូប​នេះ​មិន​ខ្វល់​ពី​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ មក​លើ​រូប​លោក ដែល​បាន​ផ្លាស់ប្ដូរ​ផ្លូវ​ជីវិត ពី​ការ​ធ្វើ​ការ​ក្នុង​ការិយាល័យ មក​លក់​នំ​បញ្ចុក​នោះ​ទេ។ “សំខាន់​ខ្ញុំ​មិន​ចង់​ចំណាយ​ពេល​ច្រើន​ជាង​នេះ​នោះ​ទេ ខ្ញុំ​ថា​មនុស្ស​យើង​មាន​ពេល​ខ្លី​ណាស់…ហើយ​ខ្ញុំ​អត់​ចូលចិត្ត​រង់ចាំ​យូរ ហើយ​ពេល​នេះ​ខ្ញុំ​អាច​ចាប់​ផ្ដើម​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ”។

 

ចំណុច​ ប្រឈម​របស់ ម្ចាស់​ហាង​រូប​នេះ​បច្ចុប្បន្ន​គឺ ដោយសារ​តែ​ហាង​របស់​លោក​ទើប​តែ​បើក​ថ្មី ត្រូវ​ការ​ចំណាយ​ច្រើន ហើយ​មិន​ទាន់​មាន​អ្នក​ស្គាល់​ច្រើន នោះ​ចំណូល​ក៏​មិន​ទាន់​អាច​ទប់​ចំណាយ ​ដូច​ការ​គិត​ទុក​ឡើយ។ លើស​ពី​នេះ​ វីរៈ​ជា​មនុស្ស​ដែល​គិត​ទៅ​លើ​គុណភាព និង​សេវាកម្ម​ជា​រឿង​សំខាន់ និង​ជឿជាក់​ថា​អតិថិជន​ក៏​ចង់​បាន​ដូច​អ្វី​ដែល​លោក​គិត​ដែរ។ “ខ្ញុំ​មាន​ការ​លំបាក​ខ្លះ​ ក្នុង​ការ​ណែនាំ​ប្រាប់​បងប្អូន ឬ​ម្ដាយមីង ក្នុង​ការ​ធ្វើ​ឲ្យ​គាត់​យល់​ដឹង​និង​ទទួល​គំនិត​យើង​ដែល​ថា “អតិថិជន​ជា​ស្ដេច” ព្រោះ​ពួក​គាត់​ជា​បង​ប្អូន”។

 

 

ចំណុច​ប្រឈម​មួយ​ ទៀត ដែល​លោក វីរៈ បាន​លើក​ឡើង​នោះ គឺ​បញ្ហា ចុះ​បញ្ជី​អាជីវកម្ម។ ដោយ​សារ​តែ​កន្លែង​លោក​បើក​ក្នុង​លក្ខណៈ​គ្រួសារ តូចតាច​ទើប​មិន​ទាន់​ចុះ​បញ្ជី​ ហើយ​ម្យ៉ាង លោក​ក៏​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នៃ​ការ​ចុះ​បញ្ជី​នេះ​ដែរ។​​ “ចេះ​តែ​មាន​អ្នក​ មក​រករឿង​យើង អីចេះ​អី ចុះ…” ។ តែ​ទោះ​ជា​យ៉ាង​ណា បញ្ហា​នេះ លោក​ក៏​កំពុង​តែ​សិក្សា​ និង​ដោះស្រាយ​ដែរ។ ដើម្បី ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន ទទួល​បាន​ជោគជ័យ វីរៈ បាន​សិក្សា​ពី​វិធីសាស្ត្រ​ជា​ច្រើន ដូច​ជា​ទី​ផ្សារ​ជាដើម។ ជា​បច្ចុប្បន្ន លោក​បាន​បោះពុម្ព​ ក្រដាស​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​តាម​សាកលវិទ្យាល័យ​នានា និង​នៅ​ទីតាំង​​ជុំវិញ​​​តំបន់​អាជីវកម្ម​របស់​ខ្លួន ព្រម​ទាំង​ចុះ​ផ្សាយ​នៅ​ក្នុង​ គេហទំព័រ​ផ្ទាល់ខ្លួន​ នៅ​លើ Facebook ផង​ដែរ។ ទៅ​មុខ​ទៀត វីរៈ មាន​បំណង​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដើម្បី​ទាក់ទាញ និង​ជា​ការ​ប្រកាស​ឲ្យ​មាន​អ្នក​ដឹង​ច្រើន ពី​ទីតាំង​របស់​ខ្លួន។

 

ចំណុច ​ខ្លាំង​ដែល​ ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ លើកឡើង​ចំពោះ​ហាង​របស់​ខ្លួន​គឺ ទីតាំង​សមស្រប ដោយ​លោក​បញ្ជាក់​ថា នៅ​ជុំវិញ​នោះ សុទ្ធ​តែ​ជា​សាកលវិទ្យាល័យ និង​ក៏​អាច​ចាត់​ទុក​ជា​ទី​ប្រជុំ​ជន​មួយ​ផង​ដែរ។ លោក​គិត​ថា លោក​នឹង​ទទួល​ជោគជ័យ​ប្រសិន​ជា​សិស្ស និស្សិត​ទាំង​នោះ ស្គាល់ និង​មក​ទទួលទាន​នំបញ្ចុក​របស់​លោក​ ខណៈ​ដែល​ហាង​របស់​លោក បាន​ផ្ដល់​នូវ​នំ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់ មាន​អនាម័យ តម្លៃ​សមរម្យ និង​សេវាកម្ម​ល្អ​រួសរាយ រាក់ទាក់។

 

ទន្ទឹម​នឹង​នោះ​ដែរ អ្នក​លក់​នំ​បញ្ចុក​ មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​រូប​នេះ តែង​តែ​មិន​ភ្លេច​ទេ គឺ​ការ​ប្រុង​ប្រយ័ត្ន​ការ​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ដែល​អាច​ទុក​ចិត្ត​ បាន។ “ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មក​ញ៉ាំ​នៅ​កន្លែង​ខ្ញុំ ហើយ​ទៅ​វិញ​ឈឺ​ពោះ​ លែង​មក​រហូត​នៅ​ទេ…តែ​ខ្ញុំ​ចង់​ឲ្យ​គេ​មក​ហើយ ឆ្ងាញ់ និង​​មក​ម្ដង​ទៀត”។ ដូច​នេះ លោក​តែង​តែ​និយាយ​យ៉ាង​ច្បាស់​ជា​មួយ​អ្នក​ផ្គត់ផ្គង់​បន្លែ និង​នំ​បញ្ចុក ថា​មិន​ត្រូវ​ដាក់​ថ្នាំ​ឡើយ។ រាល់​បន្លែ​ដែល​នៅ​សល់ នឹង​មិន​អនុញ្ញាត​ទុក​បន្ត​លក់​នៅ​ថ្ងៃ​ស្អែក​ជា​ដាច់​ខាត ទឹក​នំ ក៏​មិន​ឲ្យ​ដាក់​ប៊ីចេង​ ជា​ពិសេស រាល់​ការ​ផ្ដល់​សេវាកម្ម​គឺ​ល្អ​ប្រសើរ។

 

ការងារ ​លក់​នំ​បញ្ចុក ដែល​ផ្នត់​គំនិត​ខ្មែរ​ភាគច្រើន ​គិត​ថា​ជា​កិច្ចការ​កំប៉ិកកំប៉ុក និង​សម្រាប់​តែ​ស្រីៗ នោះ ពិត​ជា​បាន​ធ្វើ​ឲ្យ លោក វីរៈ យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង។​ នៅ​ពេល​ ដែល​សួរ​ថា តើ​លោក​គ្រប់គ្រង​ថវិកា ឬ​ចំណូល​បាន​ពី​ការ​លក់​នំ មួយ​ចាន​តែ ៤៥០០ រៀល​នេះ ដោយ​វិធី​ណា​ដើម្បី​កុំ​ឲ្យ​បាត់​ដើម​ទុន​នោះ? ​ម្ចាស់​ហាង ដែល​មាន​បទពិសោធន៍​ការងារ​នៅ​អង្គការ​ ៨ ឆ្នាំ បាន​និយាយ​យ៉ាង​មាន​ទំនុក​ចិត្ត​ថា “ទោះ​បី​ខ្ញុំ​អត់​មាន​ បទ​ពិសោធន៍​ការងារ​រកស៊ី​ពិត​មែន តែ​យ៉ាង​ណា ខ្ញុំ​ក៏​បាន​រៀន​ច្រើន​ទាក់ទង​ការគ្រប់គ្រង​អាជីវកម្ម​​ដែរ ហើយ​រឿង​លិខិត​ស្នាម បញ្ជី នោះ​ក៏​ខ្ញុំ​ធ្លាប់​កាន់ ចាត់ចែង ច្រើន​ដែរ​នៅ​អង្គការ…”។ វីរៈ តែង​តែ​គ្រប់គ្រង​ការ​ចំណាយ​ទាំង​អស់​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​កត់​ត្រា​រាល់​ការ​ដក​ចំណាយ​នានា ដើម្បី​ជៀសវាង ការ​បន្លំ ឬ​បាត់បង់​ប្រាក់ចំណូល។

 

គោលបំណង​អនាគត

 

វីរៈ មាន​គោលដៅ​ច្បាស់​លាស់​ថា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​​ មួយ​នេះ មាន​ភាព​ជោគជ័យ ត្រូវ​បាន​គេ​ស្គាល់​ច្រើន និង​អាច​ប្រែ​ក្លាយ​ខ្លួន​រីកចម្រើន ទៅ​មុខ​បាន​រលូន។ ជាមួយ​គ្នា​នេះ​ដែរ រាល់​ការងារ​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ របស់ វីរៈ គឺ​ដោយសារ​កម្លាំង​ចិត្ត​តែ​មួយ​គត់​។ នោះ​ជា​​ក្ដី​សង្ឃឹម​ដែល​តែង​តែ​នៅ​ក្នុង​ខ្លួន​លោក​ជានិច្ច ថា​នឹង​ធ្វើ​ឲ្យ​ជីវិត​លោក​រីករាយ​នឹង​ធម្មជាតិ ព្រម​ទាំង​បាន​ចូលរួម​ជួយ​មនុស្ស​មួយ​ចំនួន​ឲ្យ​មាន​ការងារ​ធ្វើ។ “នេះ​ជា​ការ​បង្កើត​ការងារ​សម្រាប់​ខ្លួន និង​អ្នក​ដទៃ”។

 

តាម ​រយៈ​អត្ថបទ​នេះ Sabay ចង់​ឆ្លុះ​បញ្ចាំង​មិត្ត​យុវវ័យ ពី​ការ​សម្រេច​ចិត្ត​​របស់​បុរស​ម្នាក់​ដែល​ផ្លាស់​ប្តូរ​ការ​គិត និង​មុខ​របរ​ពី​ការ​ធ្វើ​ឲ្យ​គេ មក​ការ​បង្កើត​​ការងារ​ដោយ​ខ្លួនឯង។ នេះ​គឺ​ជា​គម្រូ​ឧទាហរណ៍ សម្រាប់​និស្សិត​ដទៃ​ទៀត​​ឲ្យ​ចេះ​បង្កើត​ការងារ​សម្រាប់​ខ្លួន តែ​​ក៏​មិន​មែន​មានន័យ​ថា​ទាល់​តែ​រៀន​ចប់ បរិញ្ញាប័ត្រ ឬ​អនុបណ្ឌិត​ដូច​ជា លោក វីរៈ ម្ចាស់​ហាង​នំ​បញ្ចុក​ខ្មែរ “Noodle Tree” នោះ​ទេ។ មិត្ត​និស្សិត​អាច​ពិចារណា និង​កំណត់​ការ​សម្រេច​ចិត្ត​ឲ្យ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម​ នោះ​ Sabay ជឿជាក់​ថា អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន៕

 

 

អត្ថបទ៖ សួន ពលិកា