៣​កលល្បិច​​​ ​អ្នក​អាច​អស់​​រលីង​​សល់​​តែ​គូទខោ​ពី Online Business ប្រភេទ​បោក

  • 2014-12-12 17:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ Sabay បាន​បង្ហាញ​ពី​​អាជីវកម្ម​អនឡាញ ឬ Online Business ប្រភេទ​បោក​ប្រាស់​ទម្រង់​ជា​ពីរ៉ាមីត (Pyramid Scheme)។

 

លើក​នេះ យើង​នឹង​បង្ហាញ​វិធីសាស្ត្រ​ដែល​ក្រុម​អ្នក​ធ្វើ Online Business (MLM) ប្រភេទ​បោក ប្រើ​ដើម្បី​ល្បួង​អន្ទង​ចិត្ត​ហៅ​មនុស្ស​ឲ្យ​ចូល​រួម​វិនិយោគ​ជាមួយ៖

 

 

- បង្ហាញ​សម្ភារៈ​ទំនើប​ៗ៖ ក្រុម​អ្នក​ធ្វើ Online Business (MLM) តែង​និយម​សំញែង​ដល់​អ្នក​ដទៃ​ពី​របស់របរ​ទំនើប​ៗ​ស៊េរី​ចុង​ក្រោយ ដូច​ជា ផ្ទះ, រថយន្ត, ម៉ូតូ, smartphone, កុំព្យូទ័រ​ម៉ាក​ល្បី​តម្លៃ​ថ្លៃៗ​ និង​បង្ហោះ​លើ​ Facebook អំពី​សម្ភារៈ​ទាំង​នោះ ឬ​ក៏​ទឹក​ប្រាក់​ដែល​ខ្លួន​រក​បាន។ ធម្មតា ពេល​ឃើញ​គេ​មាន​បាន​ឆាប់ ហើយ​ងាយ​ស្រួល​អីចឹង មនុស្ស​ប្រាកដ​ជា​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ និង​ចាប់​អារម្មណ៍។

 

- «High Risk, High Return»៖ ក្រុម​អ្នក​ធ្វើ MLM តែង​និយាយ​ការពារ​ខ្លួន​ពេល​ធ្វើ Marketing ថា ធម្មតា «ការ​រក​ស៊ី តែង​តែ​ប្រថុយ», «បើ​ចង់​ជោគជ័យ ត្រូវ​ហ៊ាន​ប្រថុយ» និង «High Risk, High Return មាន​ន័យ​ថា ហានិភ័យ​កាន់​តែ​ខ្ពស់ ចំណេញ​កាន់​តែ​ច្រើន»។ ច្បាស់​ណាស់ ប្រយោគ​ទាំង​នេះ​មិន​ខុស​ទេ​ក្នុង​ន័យ​រកស៊ី។ ប៉ុន្តែ ការ​រក​ស៊ី​នេះ គឺ​ខុស​គេ គឺ​រកស៊ី​ខ្យល់ ឬ​ការងារ​ខ្យល់ ហើយ​ជា​ប្រភេទ​ឆបោក​ទៀត។

 

- បើ​ចង់​ជោគជ័យ ត្រូវ​ចាប់​ឱកាស៖ អ្នក​ធ្វើ MLM ប្រើ​ទ្រឹស្ដី​មួយ​ដើម្បី​អន្ទង​ចិត្ត​អ្នក​ចាប់​អារម្មណ៍ គឺ​ត្រូវ​ចេះ​ចាប់​ឱកាស ដើម្បី​ជោគជ័យ​ដូច​ពួកគេ​ដែល​មាន​ចំណូល​ច្រើន និង​សម្ភារៈ​ទំនើបៗ​ប្រើ​ប្រាស់ ហើយ​បើ​មិន​ចាប់​អារម្មណ៍​វិនិយោគ ក៏​មិន​បង្ខំ​ដែរ។

 

 

អាន​អត្ថបទ៖ Online Business ប្រភេទ​បោក​ នៅ​តែ​បន្ត​សម្លាប់​ខ្មែរ!

 

អ្នក​ធ្វើ MLM ដឹង​ច្បាស់​ជាង​គេ​ថា Business ប្រភេទ​នេះ​បាន​តែ​មួយ​ខ្យល់​ប៉ុណ្ណោះ ពោល​គឺ​នឹង​បិទ​ក្នុង​រយៈពេល​ណា​មួយ​ក៏​មិន​ដឹង (​មាន​ចាប់​ពី​១​ខែ ដល់​១​ឆ្នាំ)។ អ្នក​ចំណេញ​កប់​ក្ដោង​គឺ​អ្នក​នៅ​ខាង​លើ (Upline) ឯ​អ្នក​រងគ្រោះ​អស់​ពី​ខ្លួន​គឺ អ្នក​នៅ​ខាង​ក្រោម (Downline)។

 

យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​លង់​ខ្លួន​ចូល​រួម​ក្នុង Pyramid Scheme នេះ​ ដោយសារ​តែ​ពួកគេ​ខ្វះ​ព័ត៌មាន និង​មិន​យល់​ថា​តើ​អ្វី​ជា Online Business (MLM)។ ប្រភេទ​ក្រុម​រងគ្រោះ​ក្នុង​វិស័យ​នេះ​ភាគច្រើន​ជា​អ្នក​ដែល​មាន​ចំណូល/​ប្រាក់​ខែ​ទាប ដែល​រំពឹង​ថា​នឹង​រក​បាន​ចំណូល​ច្រើន​ពី​វិនិយោគ​នេះ ៕

អត្ថបទថ្មី