ជួយ​ share! យល់​ដឹង​ពី Online Business, Pyramid Scheme, MLM ចៀស​វាង​ចាញ់​បោក​គេ

  • 2014-12-15 21:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ហាក់​នៅ​​ស្រពិចស្រពិល​សង្ស័យ​មិន​យល់​ពី​គំរូ​ Online Business ​ប្រភេទ​បោកប្រាស់​ដែល Sabay បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន និង​រៀបរាប់​ពី​ល្បិច​ល្បួង​ចូល​វិនិយោគ​រហូត​ដល់​ចាញ់​បោក​គេ​អស់​ពី​ខ្លួន។ អីចឹង អ្វី​ជា Online Business, Pyramid Scheme និង Multi-Level Marketing (MLM) ឲ្យ​ប្រាកដ?

 

 

១. Online Business

 

រដ្ឋាភិបាល​អូស្ត្រាលី​បាន​កំណត់​និយមន័យ Online Businesse-business ថា ជា​ប្រភេទ​រាល់​សកម្មភាព​អាជីវកម្ម​ដែល​ធ្វើ​ឡើង​លើ​អនឡាញ (អ៊ីនធឺណិត)។ ការ​ធ្វើ Online Business អាច​រាប់​បញ្ចូល​ទាំង​ការ​ទិញ-លក់​លើ​អនឡាញ និង​ការ​ផ្ដល់​សេវាកម្ម​លើ​អនឡាញ។

 

* ប្រភេទ​នៃ Online Business មាន​ដូច​ជា៖

  • វិបសាយ

  • ហាង​អនឡាញ ឬ​ទីផ្សារ​លើ​អនឡាញ

  • ប្លុក (blog)

  • ការ​បង្កើត​គណនី​បណ្ដាញ​សង្គម​ឲ្យ​ល្បី ហើយ​លក់។

 

 

២. Pyramid Scheme

 

គណៈកម្មការ​មូលប័ត្រ​អាមេរិក U.S. Securities and Exchange Commission (SEC) បាន​ផ្ដល់​និយម​ន័យ "Pyramid Scheme" ថា​ជា​ប្រភេទ​គំរូ​អាជីវកម្ម​​​គ្មាន​ស្ថិរភាព​គង់វង្ស​បាន​យូរ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​កៀងគោ​ហៅ​មនុស្ស​ចូល​រួម​វិនិយោគ (participants) ជាជាង​សកម្មភាព​លក់​ផលិតផល ឬ​ផ្ដល់​សេវាកម្ម​ពិតប្រាកដ។ នៅ​ក្នុង​គំរូ Pyramid Scheme អ្នក​ចូលរួម​ព្យាយាម​រក​ចំណូល​ច្រើន ដោយ​ហៅ​មនុស្ស​ថ្មីៗ​ចូល​រួម​ក្នុង​គម្រោង​ប្រភេទ​នេះ ជាមួយ​នឹង​ការ​​សន្យា​ផ្ដល់​នូវ​ចំណូល​ (Passive Income) យ៉ាង​ច្រើន​សន្ធឹក​មក​វិញ (ជាង​ ២០០%​នៃ​ប្រាក់​ដើម) ក្នុង​រយៈ​ពេល​ខ្លី ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី ឬ​គ្រាន់​តែ​ផ្សាយ​ពាណិជ្ជកម្ម (post ads)។

 

អ្នក​បោកប្រាស់​នៅ​ពី​ក្រោយ Pyramid Scheme នេះ ព្យាយាម​ក្លែង​បន្លំ​ខ្លួន​ឲ្យ​ដូច​នឹង​គំរូ​បណ្ដាញ​ទីផ្សារ Multi-Level Marketing។ ទោះ​បី​ក្រុម​នេះ​អះអាង​ថា​មាន​ផលិតផល ឬ​សេវាកម្ម​លក់​ក៏​ដោយ ក៏​ក្រុម​នេះ​ប្រើប្រាស់​លុយ​ដែល​បាន​មក​ពី​អ្នក​វិនិយោគ​ថ្មីៗ​ចុង​ក្រោយ​មក​ទូទាត់​ឲ្យ​អ្នក​វិនិយោគ​មុនៗ។ ទី​បញ្ចប់ ពីរ៉ាមីត​នឹង​រលំ​ ខណៈ​ដែល​គេ​មិន​អាច​ប្រមូល​លុយ​គ្រប់គ្រាន់​ពី​អ្នក​វិនិយោគ​ថ្មីៗ​មក​ទូទាត់​ឲ្យ​អ្នក​វិនិយោគ​មុនៗ។ មនុស្ស​ជា​ច្រើន​នឹង​បាត់បង់​ប្រាក់​យ៉ាង​សន្ធឹក។

 

គំរូ​អាជីវកម្ម​ខុស​ច្បាប់​ប្រភេទ​នេះ កើត​មាន​យ៉ាង​ហោច​ណាស់​ ១០០ ឆ្នាំ​មក​ហើយ។ នេះ​បើ​យោង​តាម Wikipedia។

 

 

អាន​អត្ថបទ៖ ៣​កលល្បិច​​​ ​អ្នក​អាច​អស់​​រលីង​​សល់​​តែ​គូទខោ​ពី Online Business ប្រភេទ​បោក

 

៣. បណ្ដាញ​ទីផ្សារ Multi-Level Marketing (MLM)

 

Multi-Level Marketing (MLM) Pyramid SellingNetwork MarketingReferral Marketing គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ជំរុញ​កម្លាំង​លក់​ផលិតផល ខណៈ​ដែល​អ្នក​លក់​មិន​ត្រឹម​តែ​ទទួល​បាន​កម្រៃ​ជើងសា​ពី​ការ​លក់​ដោយ​ផ្ទាល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ទទួល​បាន​កម្រៃ​ជើងសា​ពី​ការ​លក់​របស់​អ្នកលក់​ផ្សេង​ៗ​ទៀត ​(downline) ដែល​គេ​បាន​ហៅ​ចូល​រួម​ទៀត​ផង។ ការ​ទូទាត់​កម្រៃ​ជើងសា​បែប​តៗ​គ្នា​ជា​ច្រើន​ថ្នាក់​កម្រិត​បែប​នេះ ត្រូវ​គេ​ហៅ​ថា "multiple levels of compensation"។

 

ក្រុមហ៊ុន​ផលិតផល​ជា​ច្រើន បាន​ក្លាយ​ជា​ក្រុមហ៊ុន​បណ្ដាញ​ទីផ្សារ​ផលិតផល (Networking Products Companies) ដោយ​ប្រើ​យុទ្ធសាស្ត្រ MLM មក​ផ្សព្វផ្សាយ និង​ជំរុញ​ការ​លក់​ផលិតផល​ខ្លួន ជាជាង​ការ​ចំណាយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ទស្សនាវដ្ដី វិទ្យុ កាសែត-ល-។

 

យោង​តាម​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​អាមេរិក (U.S. FTC) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​បណ្ដាញ​ផលិតផល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ MLM នេះ​ជា​ខែល​ទៅ​បោក​សមាជិក​បណ្ដាញ​ទីផ្សារ​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ការ​ពិត​កំពុង​ធ្វើ Pyramid Scheme ខុស​ច្បាប់​សោះ។ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ធ្វើ MLM ជា​ច្រើន ត្រូវ​គេ​ចាត់​ទុក​ថា​ជា Pyramid Scheme បោក​ប្រាស់។

 

អាន​អត្ថបទ៖ Online Business ប្រភេទ​បោក​ នៅ​តែ​បន្ត​សម្លាប់​ខ្មែរ!

 

 

តើ​ក្រុមហ៊ុន​ផលិត​ផល​ធ្វើ MLM ​សុទ្ធ​តែ​បោកប្រាស់​ដែរ​ឬ​ទេ? ធ្វើ​ម៉េច​ទើប​ដឹង​ថា ក្រុមហ៊ុន​ទាំង​នោះ​បោក ឬ​មិន​បោក?

 

ក្រុមហ៊ុន​ធ្វើ MLM មាន​ត្រឹម​ត្រូវ និង​បោកប្រាស់ ដូច​ដែល FTC របស់​អាមេរិក​បាន​រាយការណ៍​អីចឹង។ ប៉ុន្តែ ក្រុមហ៊ុន​គំរូ Pyramid Scheme ខ្លះ​ឆ្លៀត​ឱកាស​ក្លែង​ជា​ MLM តែ​ការ​ពិត​បោក​ប្រាស់​សោះ។

 

* ផ្អែក​តាម SEC របស់​អាមេរិក ទាំង​នេះ​ជា​លក្ខណៈ​សម្គាល់​ខ្លះ​ពី​ក្រុមហ៊ុន​គំរូ Pyramid Scheme បន្លំ​ខ្លួន​ជា MLM៖

 

- គ្មាន​ផលិតផល​ ឬ​សេវាកម្ម​ច្បាស់​លាស់

  • តម្លៃ​ផលិតផល​ខ្ពស់​កប់​ពពក​ពេក តែ​គ្មាន​គុណភាព

- ផ្ដល់​កម្រៃ​ភាគ​លាភ​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី

  • ទទួល​ប្រាក់​យ៉ាង​ងាយ​ស្រួល Easy money ឬ Passive income ដោយ​ធ្វើ​ការ​ងារ​បន្តិច​បន្តួច ដូចជា​ផ្សាយ​ពាណិជ្ជកម្ម

  • ​គ្មាន​អាជ្ញាប័ណ្ណ និង​លិខិត​បញ្ជាក់​ផលិតផល​ស្រប​ច្បាប់​ត្រឹម​ត្រូវ

  • គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

  • គ្មាន​របាយការណ៍​ហិរញ្ញវត្ថុ​ចេញ​ដោយ​ក្រុមហ៊ុន​សវនកម្ម​ស្រប​ច្បាប់ អំពី​ការ​លក់

  • រចនា​សម្ព័ន្ធ​នៃ​ការ​ផ្ដល់​កម្រៃ​ជើងសា​សាំញ៉ាំ​ច្រើន

- ផ្ដោត​លើ​ការ​ហៅ​អូសទាញ​មនុស្ស​ចូលរួម​ច្រើន​ជាង​ការ​លក់។

 

 

បញ្ជាក់៖ កន្លង​មក Sabay ចុះ​ផ្សាយ​ប្រើ​ពាក្យ "Online Business ប្រភេទ​បោក" ក្នុង​ចំណង​ជើង គឺ​សំដៅ​លើ​ក្រុមហ៊ុន​គំរូ Pyramid Scheme តែ​ប្រើ MLM ជា​ខែល​មក​បិទ​បាំង និង​បោកប្រាស់៕

 

ប្រភព៖ business.gov.au, sec.gov/answers/pyramid, sec.gov/investor/alerts/ia_pyramid

អត្ថបទថ្មី