តារា​ស្រី​ល្បី​នៅ​​ថៃ ត្រៀម​មក​កម្ពុជា

  • 2014-12-18 17:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង តារា​ភាពយន្ត និង តារា​បង្ហាញ​ម៉ូដ ដែល​នៅ​ប្រទេស​ថៃ​ចាត់​ទុក​ជា​តារា​កំពូល​ប្រចាំ​ឆ្នាំ ២០១៤ កញ្ញា ខ្វាន់ ឧស្សាហ៍​ម៉ានី (Kwan Usamanee Vaithayanon) ត្រៀម​មក​ប្រទេស​កម្ពុជា ដើម្បី​កសាង​ទំនាក់ទំនង​ជាមួយ​ Fans នៅ​ខ្មែរ និង ទៅ​ទស្សនៈ​កិច្ច​នៅ​មណ្ឌល​កុមារ​កំព្រា​សំរោង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក ប៊ុត ជំនិត អ្នក​នាំ​ពាក្យ​របស់​​ ខ្វាន់​ ឧស្សាហ៍​ម៉ានី ប្រចាំ​នៅ​កម្ពុជា។

 

 

លោក ប៊ុត ជំនិត បាន​និយាយ​ប្រាប់​ Sabay ថា ឧស្សាហ៍​ម៉ានី គឺជា​ កំពូល​តារា​​ប្រចាំ​ឆ្នាំ ២០១៤ នៅ​ថៃ។ នាង​នឹង​មក​ប្រទេស​កម្ពុជា​ពីរ​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី ២០-២១ ខែធ្នូ ខាង​មុខ​នេះ។ "គាត់​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ថ្ងៃ​ដំបូង​ភ្លាម​ នាង​និង​ទៅ​ទស្សនកិច្ច​នៅ​មណ្ឌល​កុមារ​កំព្រា​សំរោង ហើយ​នៅ​យប់​ថ្ងៃ​ទី​ ២០ គាត់​ និង​ ​ទៅ​ក្លិប​​​កម្សាន្ត RCA ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​ស្ថានីយ​ទូរទស្សន៍​អប្សរា រាជធានី​ភ្នំពេញ"។  

មណ្ឌល​កុមារ​កំព្រា​សំរោង​ មាន​ទីតាំង​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺជា ​កន្លែង​​មួយ​​ផ្ដល់​ចំណេះដឹង​ និង ចំណេះ​ធ្វើ​​ដល់​ក្មេង​កំព្រា​ជាច្រើន។ នៅ​ក្នុង​មណ្ឌល​នេះ ក្រៅ​ពី​ផ្ដល់​ជំនាញ​ផ្នែក​ភាសាខ្មែរ ភាសា​អង់គ្លេស​ កុំព្យូទ័រ​ នៅ​ទី​នេះ​ក៏​មាន​ផ្ដល់​ជំនាញ​កសិកម្ម ដោយ​មិន​ប្រើប្រាស់​ជាតិ​គីមី ដល់​កុមារ​​ដែល​គេ​ចិញ្ចឹម​ផង​ដែរ។ "ឧស្សាហ៍ម៉ានី គាត់​ទៅ​ទី​នោះ​ដើម្បី​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ក្មេង និង សំណេះសំណាល​ជាមួយ​ក្មេង គាត់​ប្រាប់​ខ្ញុំ​អញ្ចឹង"។ នេះ​ជា​ការ​លើក​ឡើង​របស់​​ ប៊ុត ជំនិត។  

លោក​ ប៊ុត ជំនិត បាន​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ការងារ​មនុស្សធម៌ និង ការ​​​ជួបជុំ​​ក្មេងៗ​ ​នៅ​មណ្ឌល​កុមារ​កំព្រា​សំរោង តារា​ស្រី​ល្បី នៅ​ថៃ កញ្ញា ឧស្សាហ៍មុនី ក៏ត្រៀម​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​មួយ​នៅ​ក្លិប​ RCA ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​ Fans មួយ​ចំនួន​ដែល​តែង​តែ​គាំទ្រ​នៅ​តាម​គណនី Facebook របស់​នាង។  

ដូច្នេះ លោក​ ប៊ុត ជំនិត បាន​និយាយ​ថា ប្រសិន​បើ​ប្រិយមិត្ត​ចង់​ជួប​កញ្ញា ឧស្សាហ៍​ម៉ានី អាច​ទៅ​ចូលរួម​នៅ​ក្លិប​កម្សាន្ត RCA នា​រាត្រី​ថ្ងៃ​សៅរិ៍ ទី ២០ ខែធ្នូ ខាង​មុខ​នេះ៕

 

 

សូមចុចអាន៖ ដឹង​ថា​ លី លានជា ​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​អត់?

 

រូបភាព៖ sharerice.com