ផ្ដើមពីសង្សារ៥០% ទីបំផុតខ្ញុំបានត្រឹមប្រាថ្នាឱកាសថែគេទាំងគេមានថ្មី
- 2014-12-25 14:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដើមពីសង្សារ៥០% ទីបំផុតខ្ញុំបានត្រឹមប្រាថ្នាឱកាសថែគេទាំងគេមានថ្មី
ចន្លោះមិនឃើញ
ខ្ញុំ សូមជម្រាបសួរដល់បងប្អូនប្រិយមិត្តអ្នកអានទាំងអស់របស់គេហទំព័រ Sabay។ ខ្ញុំមានវិបត្តិស្នេហ៍កន្លងទៅយូរណាស់ហើយដែរ។ ខ្ញុំធ្លាប់មើលរឿងផ្សេងៗនៅក្នុងទំព័រ Sabay ជាច្រើនអំពីរឿងវិបត្តិស្នេហា ហើយក៏មិនស្មានដល់ថា ពេលនេះដល់វេនខ្លួនឯងសោះ។ ហើយវាក៏ធ្វើអោយខ្ញុំដឹងថា ការបាត់បង់ស្នេហាឈឺចាប់ប៉ុណ្ណា។ កុំអោយខាតពេលយូរ ខ្ញុំសូមតំណាលរឿងនេះតែម្ដង ដែលមានការរៀបរាប់ដូចខាងក្រោម៖
ខ្ញុំបានជួបនាង ស.ម ដំបូង កាលខ្ញុំរៀនឆ្នាំទី៣ ហើយនាងរៀនឆ្នាំទី២ តែមិនរៀននៅមហាវិទ្យាល័យជាមួយគ្នានោះទេ។ យើងបានជួបគ្នានៅកោះពេជ្រ ក្នុងកម្មវិធីជួបសិស្សអាហារូបករណ៍សម្ដេចតេជោ ដែលខ្ញុំ និងនាងជាសិស្សអាហារូបករណ៍ដូចគ្នាកាលណោះ។ ការជួបគ្នានោះ ជារឿងដែលមិនគួរអោយជឿទេ គឺពេលដែលខ្ញុំចង់ទៅបន្ទប់ទឹក ហើយងាកទៅខាងក្រោយដើម្បីមើលថាមានអ្នកណាខ្លះដែលចេញទៅបន្ទប់ ទឹកដូចខ្ញុំដែរ ពេលនោះហើយដែលខ្ញុំបានឃើញនាងអង្គុយនៅជួរក្បែរខ្ញុំ ប៉ុន្តែនៅខាងក្រោយខ្ញុំ។
ក្រោយតែបានឃើញនាងភ្លាម ពេលនោះអារម្មណ៍ខ្ញុំមិននៅក្នុងខ្លួនទេ អារម្មណ៍គឺផ្ដោតតែទៅលើរូបរបស់នាងតែម្នាក់គត់ ឬក៏អាចនិយាយបានថា នៅក្នុងសាលនោះគឺមានតែនាង និងខ្ញុំ។ នាងអង្គុយត្រង់ខ្លួន ទឹកមុខញញឹមជានិច្ច ហើយសក់នាងទម្លាក់ចុះ ដែលនេះរឹតតែបង្កើនសម្រស់របស់នាងថែមទៀត។ ពេលនោះអ្វីៗលែងសំខាន់សម្រាប់រូបខ្ញុំទៀតហើយ ហើយសូម្បីពាក្យសម្ដីមិត្តភ័ក្ដិខ្ញុំនិយាយថាម៉េច ក៏ខ្ញុំលែងស្ដាប់ឮទៀតហើយ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំពេលនោះ គឺការលួចសម្លឹងទៅរូបនាង តែមិនមែនសម្លឹងរហូតនោះទេព្រោះខ្លាចនាងដឹងខ្លួន។ តែចិត្តមួយទៀតតែងគិតថា ស្រីស្អាតតែងជារបស់គេ។ នេះគឺជាកង្វល់សម្រាប់រូបខ្ញុំ!
មិន យូរប៉ុន្មាន ការថ្លែងរបស់សម្ដេចក៏បានបញ្ចប់ ហើយនិស្សិតគ្រប់រូបក៏បានបំបែកគ្នាត្រលប់ទៅផ្ទះរៀងខ្លួនវិញ។ ពេលនោះ ខ្ញុំលួចដើរខាងក្រោយនាង ហើយលួចសម្លឹងនាងរហូតដល់នាងទៅបាត់ពីភ្នែកខ្ញុំទៅ តែខ្ញុំក៏បានដឹងថា នាងរៀននៅមហាវិទ្យាល័យណា ដែលជាហេតុធ្វើឲ្យខ្ញុំអាចជួបនាងបាន។
ពេលមកដល់ កន្លែងស្នាក់នៅវិញ ខ្ញុំក៏បានសួរមិត្តរបស់ខ្ញុំម្នាក់ដែលរៀននៅសាលាដូចគ្នានឹង នាងដែរកាលនោះ។ ខ្ញុំប្រាប់គេពីភិនភាគរបស់នាង ហើយគេក៏បានប្រាប់ថា ប្រហែលមានមនុស្សពីរនាក់ តែមិនដឹងម្នាក់ណានោះទេ។ ពេលនោះ ខ្ញុំក៏មិនដឹងធ្វើដូចម្ដេចដែរ។ ប្រហែលមួយខែក្រោយមក ខ្ញុំបានឃើញបញ្ជីឈ្មោះសិស្សរបស់មិត្តខ្ញុំ ដោយក្នុងនោះក៏មានឈ្មោះនារីទាំងពីរនោះដែរ តែមិនដឹងថាមួយណាដែលខ្ញុំបានជួបនោះទេ។ ក្នុងបញ្ជីនោះ មានលេខទួរសព្ទផងដែរ ហើយខ្ញុំក៏សាកល្បងតេទៅទាំងពីរនាក់តែម្ដង។ វាហាក់ដូចជា រឿងដែលមិនគួរអោយជឿសោះថា នារីដែលខ្ញុំបានឃើញនោះបានតេត្រលប់មកវិញសោះ។ ពេលនោះខ្ញុំក៏ឧស្សាហ៍តេទៅនាង ដែលកាលនោះនាងតែងសួរខ្ញុំថា ហេតុអ្វីបានជាស្គាល់លេខនាង ហើយខ្ញុំហ្នឹងជាអ្នកណា? ខ្ញុំក៏បានប្រាប់រឿងរ៉ាវទាំងអស់ តែនាងហាក់ដូចជាមិនជឿទេ។
ក្រោយៗមក ខ្ញុំតែងតែតេទៅរកនាងរហូត ពេលខ្លះនាងលើក តែមានពេលខ្លះក៏មិនលើកដែរ (មិនលើកច្រើនជាង ទោះលើកក៏និយាយគ្នាមិនបានយូរនោះទេ)។ ថ្ងៃមួយ ខ្ញុំក៏ដាច់ចិត្តតេទៅនាង ហើយក៏សួរនាងថាមានសង្សារហើយ ឬនៅ? ចម្លើយនោះគឺនាងមានហើយ ដែលធ្វើអោយខ្ញុំស្ទើរស្លាប់ទាំងរស់ តែនាងបន្តថា នាង និងសង្សារមិនសូវមានទំនាក់ទំនងគ្នាទេ ដែលនេះធ្វើអោយខ្ញុំបន្តតេទៅនាងទៀត ទោះដឹងថាគេមានសង្សារក៏ដោយ។ មានថ្ងៃមួយនោះ ខ្ញុំបានតេទៅនាង ពេលនោះនាងយំខ្លាំងណាស់ ហើយពេលខ្ញុំសួរនាងថា ហេតុអ្វីបានជាយំ នាងនិយាយថា សង្សារនាងសុំនាងបែកគ្នា។ គ្រាន់តែឮពាក្យនេះភ្លាម ខ្ញុំសែនសប្បាយចិត្តខ្លាំងណាស់ តែក៏មានពិបាកចិត្តខ្លះដែរ ដោយសារឮសូរសំឡេងយំរបស់នាង។
ខ្ញុំក៏តែងតែតេទៅនាង ស្ដាប់នាងរៀបរាប់ ស្ដាប់នាងយំ ដើម្បីអោយនាងបានធូរស្បើយក្នុងចិត្ត។ មួយរយៈក្រោយមក នាងក៏បានប្រសើរខ្ញុំវិញថា បានខ្ញុំជាទីប្រឹក្សានាងរហូត។
សុំរួមរ័កច្រើនដងពេក ខ្ញុំសម្រេចដើរចេញ ត្រូវអត់?
មាន ថ្ងៃមួយនោះ ខ្ញុំក៏ដាច់ចិត្តសុំនាងធ្វើសង្សារ តែនាងក៏និយាយថាកុំស្រលាញ់នាងធ្វើអ្វី ព្រោះនាងគ្មានពេលអោយខ្ញុំទេ។ ខ្ញុំនិយាយថាមិនជាអ្វីទេ អោយតែបានដូចរាល់ថ្ងៃនេះ គឺបានហើយ។ នាងក៏តបថា អីចឹងធ្វើសង្សា៥០%សិនទៅ ក៏ព្រោះនាងមិនទាន់បានឃើញ ខ្ញុំនៅឡើយ។ គ្រាន់តែឮពាក្យនេះភ្លាម ខ្ញុំសែនសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជារឿងដែលមិនគួរអោយជឿសម្រាប់រូបខ្ញុំ។
ប្រហែលកន្លះខែក្រោយមក ខ្ញុំក៏បានទៅជួបនាងនៅសាលាតែម្ដង។ គ្រាន់តែបានជួបខ្ញុំភ្លាម នាងខ្មាសខ្ញុំខ្លាំងណាស់ តែទីបំផុតពូកយើងក៏បានជួបគ្នា និងបាននិយាយគ្នាលេង។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំក៏សួរនាងថា យ៉ាងម៉េចដែរ? នាងថាសង្សារគឺសង្សារហើយគ្មាន៥០%អីទៀតទេ។ ពេលនោះទំនាក់ទំនងពួកយើងក៏រឹតតែកើនទ្វេដងឡើងទៀត។ មានពេលខ្លះ នាងនិយាយថាបើថ្ងៃណាមួយនាងបែកពីខ្ញុំនាងសុខចិត្តស្លាប់ទៀតផង។ ពេល វេលាក៏ទៅមុខ ស្នេហាពូកយើងក៏ទៅតាមនោះដែរ។ ឈានដល់ឆ្នាំទី៤ ខ្ញុំក៏មានការងារធ្វើ ដោយធ្វើជាអ្នកបង្កើតគេហទំព័រនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដែលចំណុះអោយក្រសួងការងារ ដោយតម្រូវអោយខ្ញុំត្រូវប្ដូរវេនរៀនទៅពេលយប់វិញ ហើយសង្សារខ្ញុំក៏ប្ដូរវេនរៀនទៅសៅរ៍ – អាទិត្យវិញ ព្រោះពីថ្ងៃចន្ទដល់សុក្រ នាងទៅរៀនកាត់ដេរនៅហាងមួយកន្លែង។ វេលានេះហើយ ដែលស្នេហាពួកយើងចាប់ផ្ដើមប្រែប្រួល។ ពេលណាក៏នាងថារវល់រហូត ដល់តេពេលយប់ នាងថាម៉ាក់នាងមិនអោយនិយាយទេ។ ពេលខ្លះនាងថាទូរសព្ទគ្មានលុយតេ ពេលខ្លះខ្ញុំឃើញនាងលេង Facebook ឡើងពីរទៅបីម៉ោងឯណោះ។ ដល់ពេលខ្ញុំសួរថា បើទួរសព្ទគ្មានលុយ តើអាចលេងFacebookកើតទេ? ពេលខ្ញុំសួរនាំនាង នាងថាខ្ញុំរករឿងនាង និងមិនយល់ពីចិត្តនាង។ ពេលខ្លះនាងបានលើកនិយាយជាមួយខ្ញុំថា ខ្ញុំតែងសួរនាងម្ដេចមិនតេមកខ្ញុំវិញ ហើយមានឃើញសារខ្ញុំអត់? នាងនិយាយថា សារច្រើនពេកមិនដឹងសារអ្នកណាខ្លះទេ ខ្ជិលមើល។ គ្រាន់តែឮពាក្យនេះភ្លាម ខ្ញុំស្ទើរស្លាប់ទាំងរស់។ នេះខុសកាលពីមុន ពេលខ្ញុំតេទៅ បើនាងរវល់ នាងតែងតែងនិយាយថា៖ “ចាំពេលអូនឈប់រវល់ ចាំអូនតេទៅវិញ”។ ពេលនេះ នាងមិនទាំងបាននិយាយអ្វីផង នាងថារវល់ខ្លាំងណាស់ កុំតេមកអី ហើយបើចាំអោយនាងឈប់រវល់ ឲ្យនាងតេមកវិញនោះ ប្រហែលឆ្នាំក្រោយទើបតេមក។ ពេលមុនអោយតែឃើញ Miss called ឬ SMS ខ្ញុំពេលណា នាងតែង SMS ឬក៏Miss Called មកវិញ តែពេលនេះទោះ Miss called ឬ SMS ចង់SMS ១០០០ដង ឬ១០០០០០ដង ក៏គ្មានការឆ្លើយត្រឡប់មកវិញដែរ ហើយហេតុផលរបស់នាងគឺក្រោមលេសថារវល់។
រូបតំណាង
បើនិយាយពីការ រវល់វិញ ខ្ញុំគិតថា ខ្ញុំរវល់ជាងនាងទៅទៀត ព្រោះខ្ញុំធ្វើការពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ហើយបន្តទៅរៀនយប់ដល់ម៉ោង៨កន្លះទៀត។ នៅថ្ងៃសៅរ៍ អាទិត្យវិញ ខ្ញុំយកពេលសរសេរនិក្ខេបបទ បញ្ចប់ឆ្នាំសិក្សាទៀត តែទោះជាបែបនេះក្តី ខ្ញុំនៅតែអាចតេទៅនាងក្នុងមួយថ្ងៃបីដងទៅបួនដងឯណោះ ក៏ព្រោះខ្លាចនាងថា យើងមិនខ្វល់ពីនាង ខណៈដែលនាងវិញមិនដែលតេមកខ្ញុំសោះ។
មានពេលមួយនោះ នាងបានទៅលេងកំពង់សោមជាមួយមិត្តភ័ក្ដិនៅឯសាលារបស់នាង ហើយបានដេកនៅទីនោះមួយយប់ថែមទៀតផង។ ពេលនាងត្រលប់មកវិញ នាងបានតេមកខ្ញុំម្ដង តែខ្ញុំមិនបានលើក ហើយទូរសព្ទក៏គ្មានលុយតេត្រឡប់ទៅវិញ។ ខ្ញុំចាំស្អែក ចាំតេទៅវិញ។ ម៉ោងប្រហែល៨កន្លះព្រឹក ខ្ញុំបានឃើញសារមួយក្នុងទូរសព្ទខ្ញុំ នោះជាគឺសាររបស់នាង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះខ្ញុំខានឃើញវាជាយូរណាស់មកហើយ តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះ គឺប្រយោគនៅក្នុងសារនោះថា “ពួកយើងបែកគ្នាទៅ”។ នៅ ពេលនោះ សម្រាប់រូបខ្ញុំ ពិភពលោកដូចជានៅទ្រឹងគ្មានចលនា។ នៅថ្ងៃនោះផងដែរ ខ្ញុំគ្មានអារម្មណ៍ធ្វើការនោះទេ ហើយព្យាយាមតេទៅនាង តែនាងមិនលើកទេ។
ពេលខ្ញុំត្រឡប់មក កន្លែងស្នាក់នៅវិញ មិត្តរបស់ខ្ញុំដែលរៀនជាមួយនាងបាននិយាយថា មានមិត្តរបស់នាងម្នាក់ទៀតទៅលេងកំពង់សោមដែរ បាននិយាយថា សង្សារខ្ញុំនាំសង្សារនាង ទៅដើរលេងនៅកំពង់សោមនោះដែរ។ គ្រាន់តែបានស្ដាប់រឿងនេះភ្លាម ខ្ញុំកាត់ន័យយល់ភ្លែតពីមូលហេតុដែលនាងសុំខ្ញុំបែក។ ដោយមិនអស់ចិត្ត ខ្ញុំបានចូលទៅកាន់ Profile Facebookរបស់នាង ក្រែងឃើញរួបថត ពួកនាងទៅលេងសមុទ្រ តែក្នុងនោះគ្មានទេ ហើយខ្ញុំក៏បន្តទៅ Account ផ្សេងដែលជា Friend របស់នាង ហើយពេលនោះ ខ្ញុំក៏បានឃើញរួបមួយសន្លឹកដែលថតរួមគ្នារវាងនាងនិងមនុស្ស ប្រុសជាច្រើននាក់ ដោយក្នុងនោះ ក៏មានមនុស្សប្រុសម្នាក់ថតរូបស្និទ្ធស្នាលជាមួយនាងដែរ។
ពេល នោះ ខ្ញុំបានព្យាយាមតេទៅនាងរហូត នាងក៏លើក ហើយខ្ញុំក៏បានសាកសួរអំពីរូបមួយសន្លឹកដែលនាងថតជាមួយបុរស ម្នាក់នោះដែរ។ នាងថា គេម្នាក់នោះជាមិត្ត តែមិនសូវនិយាយរកគ្នាទេ ហើយខ្ញុំក៏និយាយថា មិនសូវនិយាយរកគ្នា ម៉េចអាចថតបែបនេះកើត?នាងថាជាមិត្ត មិនជឿក៏អត់ទៅ។ ពេលនោះ ខ្ញុំក៏និយាយទៀតថា មានមនុស្សប្រាប់ខ្ញុំថា យើងនាំសង្សារទៅ តើនេះវាយ៉ាងម៉េចទៅវិញ? នាងឆ្លើយថា ភ្នែកមួយណាដែលឃើញនាំសង្សារទៅនោះ? ហើយនាងក៏បិទទូរសព្ទទៅ។ ក្រោយ មក នាងក៏ប្ដូរលេខទូរសព្ធផងដែរ ហើយចាប់ពីពេលនោះមកពួកយើងក៏ផ្ដាច់ទំនាក់ទំនងគ្នាមកដល់ឥឡូវ។ ក្នុងរូបភាពនោះ បើខ្ញុំជាមនុស្សប្រុសម្នាក់នោះវិញ ខ្ញុំមុខជាមិនហ៊ានថតដល់ថ្នាក់ហ្នឹងទេ ។ ខ្ញុំថែមទាំងបានយករួបនោះទៅសួរគេគ្រប់គ្នា គេថាមិនជឿទេថាមនុស្សប្រុស និងស្រីម្នាក់នោះជាមិត្តនិងគ្នានោះ។
ជាចុងក្រោយ ខ្ញុំចង់ប្រាប់នាងថា មិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតទេ ទោះមានការផ្លាស់ប្ដូអ្វីក៏ដោយ តែការស្រលាញ់ដែលខ្ញុំមានចំពោះនាង គឺមិនប្រែប្រួលឡើយ។ បើអាចសូមជាតិក្រោយអោយ ខ្ញុំអាចបានស្រលាញ់នាង និងអាចមើលថែនាងអស់មួយជីវិត។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាអានអត្ថបទមួយនេះ។
ពីខ្ញុំ ស.ហ
តម្លៃសេវាផ្លូវភេទគ្រប់លំដាប់ត្រូវបានទម្លាយ
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយ សូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh៕