ប្រលោមលោក Sabay ទាំង១០ដែលល្បីបំផុតប្រចាំឆ្នាំ២០១៤
- 2015-01-01 16:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រលោមលោក Sabay ទាំង១០ដែលល្បីបំផុតប្រចាំឆ្នាំ២០១៤
ចន្លោះមិនឃើញ
នៅឆ្នាំ២០១៤ ប្រលោមលោក Sabayបានចេញផ្សាយរឿងចំនួន៣៥រឿង ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាច្រើនពីមិត្តអ្នកអាន។ ក្នុងចំណោមរឿងទាំងនោះ មានលាយឡំគ្នាទាំងរឿងស្នេហា រឿងខ្មោចព្រាយបិសាច អភិនីហារ រឿងបែបព្រេងនិទានជាដើម។ ស្របពេលនឹងការបើកទំព័រថ្មីនៃឆ្នាំ២០១៥ ប្រលោមលោក Sabay សូមរម្លឹកឡើងវិញនូវរឿងចំនួន១០ ដែលទទួលបានគាំទ្រច្រើនបំផុតសម្រាប់ពេញមួយឆ្នាំ២០១៤កន្លងទៅ។
រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់៖
ជាប្រលោមលោកស្នេហាល្អបំផុតប្រចាំឆ្នាំ២០១៤ ដោយមានអ្នកចូលមើលច្រើនជាងគេ និងទទួលបានពាក្យសរសើរពីមិត្តអ្នកអានច្រើនជាងគេដែរ។ ស្នេហារវាងនារីអ្នកច្បាប់ និងកំលោះមកពីសង្គមហក់លោត ដែលពោរពេញដោយពាក្យពេចន៍ផ្លែផ្កា ឌឺដង បង្កប់រសជាតិស្នេហ៍ជូរចត់ និងផ្អែមល្ហែមលាយឡំចូលគ្នា បានទាក់ចិត្តមិត្តអ្នកអានឲ្យចងចាំរឿងនេះ និងមានអ្នកសំណូមពរឲ្យយករឿងនេះទៅថតជាខ្សែភាពយន្ត។
ជាប្រភេទរឿងខ្មោច តែលាយឈុតឆាក និងពាក្យពេចន៍កំប្លែងជាមួយ។ មិត្តអ្នកអានភាគច្រើនមិនដែលរំលងរឿងនេះឡើយ ពេលចូលអានរឿងក្នុងប្រលោមលោក Sabay។ រឿងនេះនិយាយពីបុរសម្នាក់ដែលបានចូលទៅដេកក្នុងបន្ទប់ផ្ទះសំណាក់ ព្រោះតែល្បីថាបន្ទប់នេះមានខ្មោចស្រីនៅចាំលង។ តែចៃដន្យ ពេលចូលទៅដេក គាត់បានជួបខ្មោចស្រីសិចស៊ីម្នាក់ ធ្វើឲ្យគាត់ក្ដៅខ្លួនតិចៗ តែការពិតខ្មោចស្រីនោះគឺជាសង្សារចាស់របស់ខ្លួនសោះ។
ប្រលោមលោកខ្នាតខ្លីនេះ ក៏ស្ថិតក្នុងចំណាត់ថ្នាក់សាច់រឿងដែលទទួលបានប្រជាប្រិយខ្ពស់ណាស់ដែរ។ សាច់រឿងនេះមានបង្កប់អត្ថន័យអប់រំទាក់ទងនឹងបញ្ហាគ្រួសារ ការធ្វេសប្រហែសរបស់ឪពុកម្ដាយដែលមានកូនតូច និងបង្ហាញតថភាពជាក់ស្ដែងក្នុងសង្គម។
រឿង ក្មេងស្រីក្នុងបេះដូងបង៖
ប្រលោមលោកស្នេហាខ្នាតខ្លីដែលបានទទួលអ្នកចុចចូលអានជិត២ម៉ឺននាក់ ដោយមានការពោលសរសើរយ៉ាងច្រើន។ បន្ថែមពីលើទេពកោសល្យនៃការពណ៌នាក្នុងសាច់រឿង និងការសន្ទនារបស់តួអង្គ អ្នកនិពន្ធបានបង្កប់សារយល់ដឹងដល់មិត្តអ្នកអាន ទាក់ទងនឹងស្នេហារបស់នារីបម្រើការក្នុងបា តែត្រូវបុរសម្នាក់ដាក់ចិត្តស្រលាញ់ និងការពារនាងដោយមិនគិតពីអតីតកាលរបស់នាង ដែលជាហេតុធ្វើឲ្យរឿងនេះមានការគាំទ្រមិនចាញ់រឿងបីខាងលើ។
ជាប្រភេទប្រលោមលោកស្នេហា តែបង្កប់លក្ខណៈឃាតកម្មមួយគួរឲ្យចាប់អារម្មណ៍។ ផ្ទៃរឿងទាំងមូលបកស្រាយពីគំនុំស្នេហ៍តាំងពីនៅវិទ្យាល័យរបស់នារីម្នាក់ ដែលលួចស្រលាញ់តួប្រុស តែបុរសនោះមិនបានស្រលាញ់នាងវិញ។ នាងបានរៀបចំផែនការដាក់ថ្នាំគ្រួសារតួប្រុសទាំងអស់ឲ្យវង្វេងស្មារតីដើម្បីសកសឹក។
រឿង នារីម៉ាស្សាស្លាកលេខ១២៖
ដូចគ្នាដែរ រឿងនេះមានពាក់ព័ន្ធនឹងឃាតកម្មដ៏អាថ៌កំបាំងមួយ ដែលនារីម៉ាស្សាម្នាក់ត្រូវបានគេសម្លាប់។ នាងតែងត្រូវគេហៅថា អា១២ ព្រោះនាងពាក់ស្លាកលេខ១២សម្រាប់ពេលធ្វើការរបស់នាង។ ចុងក្រោយ ឃាតកត្រូវបានរកឃើញ តែវាបានឲ្យមិត្តអ្នកអានមានការភ្ញាក់ផ្អើល និងហួសចិត្តបំផុតពេលដឹងថាឃាតកនោះជាអ្នកណា។
រឿងរ៉ាវអាថ៌កំបាំងបានកើតឡើងក្នុងសាកលវិទ្យាល័យមួយ គឺនិស្សិតប្រុសៗបានស្លាប់បន្តកន្ទុយគ្នា ក្រោយពីតាមញ៉ែនិស្សិតស្រីម្នាក់ ដែលគេល្បីថាស្អាតជាងគេក្នុងសាលា។ ក្រោយមក នាងក៏បានស្លាប់ ហើយដើរតាមនិស្សិតប្រុសម្នាក់ដែលនាងលួចស្រលាញ់ មិនព្រមទៅចាប់ជាតិ។ នាងត្រូវទៅតាំងសីល ហើយរង់ចាំដល់ថ្ងៃទី៣២ ទើបអាចយកបុរសនោះជាប្ដីបាន។
លេខាមហាឆ្នាស កេន្នី ឆក់បានដួងចិត្តមិត្តអ្នកអានជាច្រើននាក់ធ្វើឲ្យប្រលោមលោកស្នេហាមួយនេះល្បីមិនចាញ់រឿងខាងលើដែរ។ បន្ទាប់ពីបាត់មុខលេខាម្ទេសហិរ កេន្នីមក មិត្តអ្នកអានបានកើតការមិនសុខចិត្ត តែក៏នៅតែបន្តការអាន ដើម្បីចង់ដឹងថាកេន្នីនឹងត្រឡប់មករកសេនីវិញដែរ? ហើយស្នេហាចុងក្រោយរបស់សេនី នាយកក្មេងសម្បូរស្នេហ៍ជាអ្នកណា?
អាថ៌កំបាំងនៅពីក្រោយមន្តអាគមដ៏អស្ចារ្យរបស់លោកគ្រូទាយម្នាក់ បានធ្វើឲ្យមិត្តអ្នកអានមិនអាចមើលរំលងរឿងដែលមានលក្ខណៈអប្បិយ ជំនឿ និងអភិនីហារមួយនេះ។ កាន់តែអាន មិត្តអ្នកអានកាន់តែមានអារម្មណ៍ចាប់អារម្មណ៍ខ្លាំងឡើង និងព្រឺសម្បុរទៅតាមការសរសេររៀបរាប់របស់អ្ននិពន្ធ។
ទើបតែចេញផ្សាយថ្មីៗ រឿងសង្សារមួយម៉ឺនបានទាញយកចំណាប់មិត្តអ្នកអានមិនស្ទើរជាមួយឈុតឆាកកម្សត់របស់តួប្រុសដែលមិនដឹងថាខ្លួនឯងមានជំងឺមិនអាចព្យាបាលបាន។ ស្នេហាមួយនេះកើតឡើងដោយខាងប្រុសបង្ខំចិត្តដើរតួជាសង្សារនាងព្រោះតែទឹកប្រាក់១ម៉ឺនដុល្លារដែលបងប្រុសនាងជួលគេ។ តែលទ្ធផលចុងក្រោយនៃរឿងនេះ ធ្វើឲ្យមិត្តអ្នកអានមិនអស់ចិត្ត និងសំណូមពរឲ្យមានភាគបន្ត ព្រោះតែជក់ចិត្តនឹងរឿងនេះពេក។
ដើម្បីចូលអានរឿងផ្សេងទៀត សូមចុចត្រង់នេះ!