​មិត្ត​ សំអែល​ ​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ពូកែ​តែត​​បាល់​បញ្ចូល​​ទី​នា​ទសវត្សរ៍​៦០​

  • 2014-10-02 14:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​ មិត្ត ​សំអែល​គឺ​ជាអតីត​កីឡាករ​ក្រសួង​ការពារ​ជាតិ និង ​​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ជម្រើស​ជាតិ​​ទាំង​ឡាយ​​នា​ទសវត្សរ៍​ ៦០​ និង ៧០។ ចន្លោះ​​ពេល​​​ជាប់​ជម្រើស​ជាតិ​​ពី​ឆ្នាំ​១៩៦៧​ដល់ ១៩៧០ ​លោក​ជា​​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ពូកែ​តែត​បញ្ចូល​ទី​ ពិសេស​ពេល​ណា​បាល់​​បោះ​ចេញ​ពី​ជ្រុង។ ​ខណៈ​ដែល​កីឡាករ​ឆ្នើម​មួយ​ចំនួន​បាន​បាត់បង់​ជីវិត​ និង​ មួយ​ចំនួន​ទៀត​​​​​ត្រូវ​ជម្លៀស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ ហើយ​លោក​​គឺ​ជា​ស្ថាបនិក​មួយ​រូប​​ដែល​បាន​​រៀប​ចំ​ក្រុម​បាល់ទាត់​យុវជន​​​ឡើង​វិញ​ក្នុង​ឆ្នាំ​​១៩៩៣​ បន្ទាប់​​ពី​ក្រុម​បាល់ទាត់​​ខ្មែរ​ដ៏​លេច​ធ្លោ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​សង្គ្រាម។

 

​តើ​ដំណើរ​​ជីវិត​របស់​កីឡាករ​ជើង​ចាស់​រូប​យ៉ាង​ណា​ទៀត? សូម​តាម​ដាន​ជា​មួយ​ Sabay ដូច​ខាង​ក្រោម៖

 

លោក មិត្ត សំអែល

 

ជីវិត​ផ្ទាល់​ខ្លួន

លោក​ មិត្ត​ សំអែល​ កើត​នៅ​ថ្ងៃ​​​ទី​ ១០​ ​ខែ​មករា​ ឆ្នាំ​​១៩៤០​នៅ​ភូមិ​ ឃ្លាំងស្បែក​ ​​ឃុំ កំពង់​ល្លួង ស្រុក​ ពញាឮ​ ខេត្ត​កណ្ដាល។ ​​លោក​មាន​​កម្ពស់​ ១.៧៧ ​ម៉ែត្រ និង ​ទម្ងន់​​៦៣​ គីឡូក្រាម។ ​​​ឪ​​ពុក​របស់​លោក​ឈ្មោះ​ ម៉ាត់ រួន និង​ ម្ដាយ​ឈ្មោះ​ រែះ ម៉ាក។​ អ្នក​​មាន​គុណ​ទាំង​ពីរ​​​បាន​ទទួល​មរណភាព​​​តាំង​ពី​មុន​សម័យ​ប៉ុល ពត​។ មិត្ត​ សំអែល​ ​ជា​កូន​ច្បង​​​ក្នុង​គ្រួ​សារ​​ដែល​​មាន​បង​ប្អូន​បង្កើត​ប្រុស​​ ៤​នាក់​ តែ​ស្លាប់​​​​​ម្នាក់​ក្នុង​សម័យ​ប៉ុល ពត។ ​​ក្រៅ​ពី​លោក​ ​​​ប្អូន​​ទី៣​ ​​លោក​ សារី ហ្វាស់ និង ម៉ាក់ ដូម៉ាន​ ដែល​មាន​ជីវិត​រស់​នៅ​នា​ពេល​បច្ចុប្បន្ន។

 

ប្រវត្តិ​សិក្សា

ដោយ​សារ​​​ចំណង់​ចំណូល​ចិត្ត​ និង​មាន​ទំនោរ​​នឹង​ការ​លេង​បាល់ទាត់​ លោក​ មិត្ត សំអែល​​ បាន​បញ្ចប់​សិក្សា​ត្រឹម​​ថ្នាក់​​ទី៤​(ពីដើម)​​នៅ​​អនុវិទ្យាល័យ​​ឯក​ជន​មួយ​ឈ្មោះ​ថា​ “ព្រះ​ឥន្ទនិមិត្ត”​​ នៅ​ទឹក​ដី​ឃុំ​ កំពង់​ល្លួង​ ខេត្ត​កណ្ដាល។ ​លោក​បាន​រំលឹក​ខ្លះ​ថា​ ឪ​ពុក​​ម្ដាយ​របស់​លោក​​ មិន​ចង់​ឲ្យ​លោក​​​លេង​បាល់ទាត់​ឡើយ​បើ​ទោះ​ជា​​កីឡា​នេះ​មាន​ភាព​ល្បី​រន្ទឺ​នា​ពេល​នោះ​ក៏​ដោយ។ ​​តែ​លោក​នៅ​​តែ​ព្យាយម​លេង​ ជា​ពិសេស​​ពេល​សម្រាក​ពី​ការសិក្សា​ជា​ដើម។

 

លោក មិត្ត សំអែល

 

ជីវិត​អាពាហ៍ពិពាហ៍

មិត្ត សំអែល​ បាន​រៀប​ការ​ជា​មួយ​អ្នក​​ស្រី​ ​លី សារី​ ​ក្នុង​ឆ្នាំ​១៩៦៤។ ​អ្នក​ស្រី​ លី សារី ជា​អតីត​អ្នក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ តែ​បច្ចុប្បន្ន​​​ចូល​និវត្តន៍។ ​សំឡេង​ភ្លេងការ​​របស់​អ្នក​ទាំង​ពីរ​​បាន​កើត​ឡើង​​​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ស្គាល់​​​ចិត្ត​ថ្លើម​គ្នា​តាម​រយៈ​​ផ្ទះ​នៅ​​មិន​ឆ្ងាយ​ពី​គ្នា​​ប៉ុន្មាន​ពោល​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា។ ​ចំណង​ដៃ​អាពាហ៍ពិពាហ៍​របស់​​លោក​ទាំង​ពីរ​​​បង្កើត​បាន​​កូន​ប្រុស​៤​នាក់។ ​​កូន​ប្រុស​ច្បង​​សំអែល សាលីន​ ទី២ ​សំអែល ការីយ៉ា ទី៣​ សំអែល ណាសែ​ និង​ កូន​ប្រុស​ពៅ​ សំអែល ណាសា។

 

ការ​ចាប់​ផ្ដើម​​លេង​បាល់ទាត់

លោក​​បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​តាំង​ពី​ឆ្នាំ​១៩៥៦​ ដែល​ពេល​នោះ​​មាន​​វ័យ​ត្រឹម​១៦​ឆ្នាំ​។​ ​ការ​លេង​បាល់​​កាល​ជំនាន់​នោះ​មិន​​ទាន់​មាន​បាល់​លេង​ត្រឹម​ត្រូវ​​ទេ តែ​ជា​បាល់​រុំ​ក្រមា ឬ ក្រណាត់។ ​លុះ​ក្រោយ​មក​ទៀត​ ទើប​​​​មិត្តភ័ក្ដិ​​​​ចូល​លុយ​គ្នា​ទិញ​បាល់​​​បារាំង​លេង​ដោយ​ចំណាយ​លុយ​អស់​ ២ជី​កន្លះ​ចំពោះ​បាល់​មួយ។

 

លោកមិត្ត សំអែល ខាងស្ដាំ

 

ការ​លេង​បាល់ទាត់​បាន​ធ្វើ​ឪ​​ពុក​​ម្ដាយ​របស់​លោក​​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ​​ពី​​ព្រោះ​តែ​អត់​ខិតខំ​រៀន​សូត្រ។​ តែ​ ​បំណាច់​តែ​ស្រឡាញ់​ លោក​បាន​​ព្យាយាម​លេង​ទាំង​ព្រឹក​ទាំង​ថ្ងៃ​ ​ពេល​ណា​​ជួប​ជុំ​ជា​មួយ​មិត្តភ័ក្ដិ ​និង​នៅ​សាលា​រៀន​ជា​ដើម។ លុះ​ដល់​ឆ្នាំ​១៩៦០​ ​លោក​បាន​​ចូល​រួម​​​លេង​​ឲ្យ​ក្រុម​នៅ​ក្នុង​ភូមិ ឃ្លាំង​​ស្បែក ​​ហើយ​ ក្រោយ​មក​ទៀត​​​ ក៏​ចូល​រួម​លេង​ឲ្យ​ក្រុម​​ហ៊ុន​​ Shell។​ ​​បន្ទាប់​មក​ទៀត​លោក​​​​បាន​ក្លាយ​ជា​កង​ទ័ព​អាកាស​នៅ​ព្រលាន​យន្ត​ហោះ​ពោធិចិនតុង។ ​ដោយសារ​តែ​លោក​មាន​មូលដ្ឋាន​ ​​និង​មាន​បទពិសោធន៍​លេង​បាល់​យ៉ាង​ជំនាញ​ លោក​​ត្រូវ​បាន​កោះ​ហៅ​​ចូល​​លេង​​ជា​​កីឡាករ​ជម្រើស​​របស់​ក្រសួង​ការពារ​ជាតិ​ក្នុង​ឆ្នាំ​១៩៦៥។

 

ជាប់​ជម្រើស​ជាតិ ១៩៦៧-១៩៧០

ដោយ​សារ​ទេពកោសល្យ​​លេង​កាន់​តែ​ល្អ​ទៅ​ៗ​ លោក​​​បាន​ជាប់​ជា​កីឡាករ​​ក្នុង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​​​ខ្មែរ​ក្នុង​ឆ្នាំ​១៩៦៧​។ ​ជំនាញ​​ផ្ទាល់​ខ្លួន​របស់​លោក​ គឺ​ការ​ប្រើ​ក្បាល​ដើម្បី​តែត​បញ្ចូល​ទី។ ​សឹង​តែ​គ្រប់​ការ​ប្រកួត​​ របស់ ក្រុម​ក្រសួង​ការពារ​ជាតិ និង​ ​ជម្រើស​រើស​ជាតិ​កម្ពុជា​ ​​លោក​តែង​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​ការ​ប្រើ​ក្បាល។ ​តែ​​ការ​ជាប់​ជម្រើស​ជាតិ​របស់​លោក​​ មិន​​បាន​ចេញ​ទៅ​ប្រកួត​នៅ​​​​​ក្រៅ​ស្រុក​ឡើយ។ ​​​​អំឡុង​​ដែល​លោក​​ក្លាយ​ជា​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ លោក​ បាន​លេង​មិត្តភាព​ជា​មួយ​​ មីយ៉ាន់ម៉ា​ដោយ​​ក្រុម​ជម្រើស​ជាតិ​ខ្មែរ​មាន​​ក្រុម​ A និង B។​ ​ក្រុម​A ​ប្រកួត​ចាញ់​ មីយ៉ាន់ម៉ា​ ០-១​ តែ​ក្រុម​Bរបស់​លោក​ បាន​យក​ឈ្នះ​ មីយ៉ាន់ម៉ា​ ១-០​​​ វិញ​នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក។ ​​ក្រោយ​មក​ លោក​ក៏​បាន​លេង​ជា​មួយ​​ក្រុម​ Dynamo Kyiv តែ​ចាញ់​ក្រុម​នេះ​​​​ដោយ​លទ្ធផល​ ៤-០ និង​​លេង​​ក្នុង​ការ​​ប្រកួត​​​មិត្តភាព​​ជា​ច្រើន​ទៀត​ដែល​លោក​មិន​បាន​ចាំ​អស់។

 

លោកមិត្ត សំអែល (ជួរមុខរូបកណ្ដាល)

 

ការ​បណ្ដុះបណ្ដាល​កីឡាករ

ក្រោយ​ឆ្នាំ​ ​១៩៧៩​ លោក​ មិត្ត សំអែល ​​គឺ​ជា​អ្នក​ធ្វើ​​ឲ្យ​​បាល់ទាត់​ខ្មែរ​មាន​ពន្លឺ​ឡើង​វិញ​ បន្ទាប់ ​សម័យ​ប៉ុលពត​ បាន​បញ្ចប់។ ​កីឡាករ​ដែល​លោក​ធ្លាប់​បង្ហាត់​ និង បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ដៃ​មាន​ដូច​ជា រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា​ ជា​ដើម។

 

ការងារ​​ជា​កង​ទ័ព​អាកាស

ឆ្នាំ​១៩៦៣ ​លោក​បាន​ចូល​បម្រើ​ការងារ​​នៅ «មូលដ្ឋាន​ទ័ព​អាកាសចរ​ពោធិចិនតុង» រហូត​ដល់​ឆ្នាំ​១៩៧០ ​ពោល​មុន​ពេល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។

 

​ទោះ​ជា​បែ​ប​ណា​ ឆ្នាំ​ ១៩៧០-១៩៧៥​ លោក​មាន​តួនាទី​ជា​ភ្នាក់​ងារ​ការិយាល័យ​ទី២ សេនាធិការ​ទ័ព​អាកាស​ខ្មែរ​ប្រចាំ​ការ​នៅ​អាកាសយានដ្ឋាន​ស៊ីវិល​យោធា​ពោធិចិនតុង។

 

អត្ថបទ​ពាក់ព័ន្ធ៖ នេះ! កីឡាករ​ខ្មែរ​ឈ្នះ​មេដាយ​មាស​នៅ​ GANEFO និង Asian Games

 

​អាជីព​ជា​គ្រូ​បង្វឹក​​និង​ដឹក​នាំ

-ក្រោយ​ឆ្នាំ​ ១៩៧៩ លោក​​មិត្ត សំអែល​ ​ក្លាយ​ជា​​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​​​នាយកដ្ឋាន​អបរំ​​កាយ ​និង កីឡា​រាជធានី​ភ្នំពេញ -​ឆ្នាំ​១៩៨៤-១៩៨៥ ​ជា​គ្រូ​បង្វឹក​​​នៅ​សាលា​ទ័ព​ជើង​គោក​ចម្រុះ -​​ឆ្នាំ​​ ១៩៨៥-១៩៨៦ ជា​គ្រូ​បង្វឹក​ក្រុម​អាកាសចរ​យោធា​ពោធិចិនតុង -​ឆ្នាំ​​១៩៨៧-១៩៨៨​ ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​​របស់​ខណ្ឌ​ ៧​មករា -ឆ្នាំ​១៩៨៩-១៩៩២​ ​ជា​គ្រូ​បង្វឹក​ យោធា​ភូមិ​ភាគ​ប្រាំ -​ឆ្នាំ​១៩៩៣-១៩៩៧​ ជា​គ្រូ​កីឡា​បាល់ទាត់​ពិភព​​ពាណិជ្ជ​​(U13-U15)​​ ​និង​ជា​ស្ថាបនិក​មួយ​រូប​ដែល​ធ្វើ​ឲ្យ​បាល់ទាត់​​ខ្មែរ​រស់​ឡើង​វិញ​រួម​ទាំង​ការ​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​​ក្មេង​ជា​ច្រើន​​នាក់ -​ឆ្នាំ​១៩៩៨ ​លោក​បាន​​បង្ហាត់​ និង​ដឹក​នាំ​​ក្រុម​យុវជន​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​នៅ​សិង្ហបុរី -​ឆ្នាំ​​១៩៩៩-២០០៨ ​លោក​បាន​ប្រមូល​កីឡាករ​មួយ​ចំនួន​ដែល​លោក​ធ្លាប់​បណ្ដុះបណ្ដាល​ឲ្យ​ទៅ​ចូល​រួម​​នៅ​ក្លិប​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ (PM)​ ឬ​​ស្វាយ​រៀង​ពេល​បច្ចុប្បន្ន។

 

ឆ្នាំ​២០០៩-២០១០

ក្រោយ​ពី​បាន​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​ក្មេង​តាំង​​ពី​ឆ្នាំ​១៩៨០​មក លោក​បាន​បន្ត​រៀបចំ​ក្រុម​បាល់ទាត់​យុវជន​បន្ត​​ទៀត​ដែល​មាន​ឈ្មោះ​ថា​​ “ក្រុម​​កីឡា​បាល់ទាត់​អភិវឌ្ឍន៍​ភាគ​ខាង​ជើង​រាជធានី​​ភ្នំពេញ​”​ នៅ​អំឡុង​ឆ្នាំ​២០០៩-២០១០។​ ក្នុង​នោះ​​ ​​លោក​រៀបចំ​បាន​ចំនួន​ ៣​ក្រុម​​ដែល​សុទ្ធ​តែ​ជាកីឡាករ​អាយុ​ក្រោម​ ១៣​ឆ្នាំ។

 

ឆ្នាំ​២០១១

លោក​​ មិត្ត សំអែល​​បាន​រៀប​ចំ​​ក្រុម​បាល់ទាត់​វ័យ​ក្មេង​បាន​​ពីរ​ក្រុម​ “ក្រុម​កីឡា​​បាល់ទាត់​រស្មី​ក្រហម​ក”​​ ដែល​មាន​ U13 និង​​ U15​ រួម​ទាំង​ក្រុម​​បាល់ទាត់​យុវជន​ប្រឆាំង​គ្រឿង​ញៀន​U13 ចំនួន​​មួយ​ក្រុម​ទៀត។ ​​ក្នុង​ចំណោម​កីឡាករ​ដែល​​លោក​បង្ហាត់​​​ មាន​កីឡាករ​U13 ចំនួន​​១០​​​​នាក់​បាន​ជាប់​ជម្រើស​ជាតិ។ ជា​មួយ​គ្នា​នោះ​ លោក​បាន​​បញ្ជូន​គ្រូ​​​​​ទៅ​សិក្សា​​គ្រូ​បាល់ទាត់​កម្រិត​ D និង C។

 

លោកមិត្ត សំអែល វ័យ៧១ឆ្នាំ(រូបទី២រាប់ពីស្ដាំ)

 

គោល​បំណង​ទៅ​អនាគត

ដ៏​រាប​ណា​លោក​នៅ​មាន​ជីវិត​រស់​នៅ​​ លោក​​​ មិត្ត​ សំអែល​នៅ​តែ​បន្ត​​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ​បាល់ទាត់​ខ្មែរ​​វ័យ​ក្មេង​ទៅ​តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​បាន។ ​ការ​ជួយ​​​រៀបចំ​និង​ជ្រោមជ្រែង​ដល់​ក្មេងៗ​ស្រករ​ក្រោយU13-U15 ​ក្នុង​គោល​បំណង​ដើម្បី​​ឲ្យ​វិស័យ​បាល់ទាត់​ខ្មែរ​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​និង​អាច​យក​ឈ្នះ​ប្រទេស​ជិត​ខាង​មួយ​ចំនួន៕

 

ប្រវត្តិ​អ្នក​កីឡា​ជា​ច្រើន​សូម​ចុច​ទីនេះ...

 

អត្ថបទៈ​ ឆន ទិត្យ

អត្ថបទថ្មី