វៀតណាម​ចាប់​បាន​អ្នក​រត់​ពន្ធ​មាស​ជាង ៣០​គីឡូក្រាម

  • 2015-01-15 17:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ប៉ូលិស​វៀតណាម បាន​បំបែក​បទ​ល្មើស​រត់ពន្ធ​មាស​ដ៏​ធំ​មួយ ចាប់​បាន​មនុស្ស​ពីរ​នាក់ ជាមួយ​គ្រឿង​អលង្ការ​មាស​ជាង ៣០គីឡូក្រាម ក្នុង​តម្លៃ​សរុប​ដល់​ទៅ ១​លាន​ដុល្លារ ដែល​គេ​បញ្ជាក់​ថា​នាំ​ចូល​ពី​ហុងកុង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Tuoitrenews កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

 

វរសេនីយ៍ឯក Thanh Kien Trung អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​​ព្រហ្មទណ្ឌ នៃ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ហាណូយ បាន​និយាយ​ថា​បុរស​ស្ត្រី​ពីរ​នាក់ ដែល​មាន​អាយុ ៥៨ឆ្នាំ​ ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​ជួញ​ដូរ​ទំនិញ​ហាម​ឃាត់។

 

​​​​​​លោក Trung បាន​បញ្ជាក់​ថា នៅ​ម៉ោង១១ ថ្ងៃ​អាទិត្យ​នោះ ប៉ូលិស​បាន​សង្ស័យ​ថា​មាន​ការ​ចែក​ចាយ​កញ្ចប់​ដាក់​របស់​មាន​តម្លៃ​ពី​ឡាន​មួយ​នៅ​ក្នុង​ចំណត នៃ​ផ្សារ​ក្រោម​ដី តាម​បណ្ដោយ​ផ្លូវ Pham Van Dong ស្រុក Bac Tu Liem។ បន្ទាប់​មក ប៉ូលិស​បាន​ឆែកឆេរ​ក្នុង​ឡាន​នោះ ទើប​រក​ឃើញ​ថា​ជន​ល្មើស​ទាំង​ពីរ​នាក់​មាន​មាស ៣៣​កញ្ចប់ ទម្ងន់​សរុប ៣៣,៥​គីឡូក្រាម។

 

​​ក្នុង​កញ្ចប់​ទាំង​នោះ មាន​គ្រឿង​អលង្ការ​ចម្រុះ ៤៣០០​ប្រភេទ ដែល​ផលិត​ឡើង​ពី​មាស ១៨​ការ៉ាត់ ដូច​ជា​ខ្សែក ខ្សែ​ដៃ ​ក្រវិល និង​គ្រឿង​មួយ​ចំនួន​ទៀត។ គ្រឿង​អលង្ការ​ខុស​ច្បាប់​នេះ នាំ​ចូល​វៀតណាម ដើម្បី​លក់​នៅ​ក្រុង​ហាណូយ និង​តំបន់​មួយ​ចំនួន​ទៀត។ គេ​បាន​ប៉ាន់ស្មាន​ថា តម្លៃ​សរុប​នៃ​មាស​ទាំង​អស់ អាច​លើស​ពី ២១​ពាន់​លាន​ដុង(ប្រហែល ១​លាន​ដុល្លារ)៕ ​

 

ចុចអាន៖ វៀតណាម​បញ្ចុះ​ថ្លៃ​សាំង​ទាប​បំផុត បើ​គិត​ត្រឹម ៤​ឆ្នាំ​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ tuoitrenews

អត្ថបទថ្មី