គួច សុកុម្ភៈ និង ឃឹម បូរី ចុះ​កិច្ចសន្យា ២ ឆ្នាំ​នៅ ណាហ្គាវើល

  • 2015-01-16 18:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ព័ត៌មាន​ចាកចេញ​ពី​ក្លិប​បាល់ទាត់​​ភ្នំពេញក្រោន របស់​​កីឡាករ គួច សុកុម្ភៈ និង ឃឹម បូរី កាល​ពី​ម្សិលមិញ​ ឥឡូវ​នេះ​ក្លិប​ណាហ្គាខប បាន​​សម្រេច​ចុះ​កិច្ចសន្យា ២ ឆ្នាំជាមួយ​កីឡាករ​ទាំង ២ ដើម្បី​ត្រៀម​ប្រកួត​រដូវកាល​ថ្មី​ឆ្នាំ ឆ្នាំ ២០១៥។

 

 

កីឡាករ ឃឹម បូរី (ឆ្វេង) លោក ឡាំ ទីនី (កណ្ដាល) កីឡាករ គួច សុកុម្កៈ

 

លោក ឡាំ ទីនី អ្នក​ចាត់ការ​ទូទៅ​ក្រុម​ណាហ្គាវើល បាន​ប្រាប់ Sabay មុន​នេះ​បន្តិច​ថា កីឡាករ​ទាំង២ នាក់​ចុះ​ហត្ថលេខា​ធ្វើ​ជា​កម្លាំង​ស្នូល​បន្ថែម​នៅ​​ក្រុម​លោក​ចំនួន ២ ឆ្នាំ ប៉ុន្ដែ​លោក​សោកស្ដាយ​ដែល​​ពួក​គេ​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់ Hun Sen Cup 2015 បាន​ព្រោះ​​ការ​ដោះដូរ​នេះ​ហួស​ថ្ងៃ​កំណត់​​បើក​ឱ្យ​ចុះ​ឈ្មោះ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ ថ្នាក់​ដឹកនាំ​រូប​នេះ​សុំ​មិន​បង្ហើប​ពី​តម្លៃ​ខ្លួន​នៃ​ការ​ដោះដូរ​​របស់​កីឡាករ​ទាំង ២ នោះ​ទេ​ ព្រោះ​មាន​ការ​ស្នើ​សុំ​ពី​ភាគី​ពាក់ព័ន្ធ។

 

កីឡាករ គួច សុកុម្ភៈ ធ្លាប់​ជា​អតីត​កីឡាករ​ជម្រើស​ខេត្ត​កំពង់ធំ មុន​ចេញ​មក​ប្រកប​អាជីព​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្លិប​ខេមរាកីឡា មុន​ចាកចេញ​ទៅ​ក្លិប​ភ្នំពេញក្រោន និង​ចុង​ក្រោយ​មក​​ចូលរួម​ជាមួយ​ក្រុម​ណាហ្គាវើល នៅ​ឆ្នាំ​នេះ។ ចំណែក ​ឃឹម បូរី ធ្លាប់​ជា​​សមាជិក​​ក្លិប​ក្រសួងការពារជាតិ ហើយ​ចេញ​ទៅ​លេង​នៅ​លីក​​កំពូល​ថៃ Sisaket FC និង ត្រឡប់​​មក​លេង​នៅ​ភ្នំពេញក្រោន វិញ មុន​មក​​ដល់​ណាហ្គាវើល៕

  អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ Nagaworld

អត្ថបទថ្មី