អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ពេជ្រ សុផាន់ ត្រៀម​ចូល​រោងការ​​នៅ​ថ្ងៃ ៨ មីនា

  • 2015-01-20 18:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ក្បាច់​គុន​ប្រដាល់​ខ្មែរ ពេជ្រ សុផាន់ ត្រៀម​​ចូល​រោង​ជ័យ​នៅ​ថ្ងៃ ៨ ខែ មីនា ឆ្នាំ ២០១៥ ខាង​មុខ​ជា​មួយ​​​អាជីវករ​ម្នាក់​ក្រោយ យល់​ចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង ៤ ឆ្នាំ។

 

 

ពេជ្រ សុផាន់ បង្ហាត់​សិស្សនៅ​ក្លិប​ក្រសួងការពារជាតិ

  កូន​កំឡោះ​បាន​​ប្រាប់ Sabay ថា​អាពាហ៍ពិពាហ៍​របស់​​ខ្លួន​នឹង​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​ម្ដុំ​ពោធិចិនតុង។ អនាគតភរិយា ​របស់ សុផាន់ ឈ្មោះ ចន្តា រក​ស៊ី​ជាង​អ៊ុតសក់។ ចំណែក​​បុរស​វ័យ ៣០ ប្លាយ​រូប​នេះ​ ប្រកប​អាជីព​ជា​គ្រូ​​ជំនួយ​ក្លិប​ប្រដាល់​​​ក្រសួងការពារជាតិ និង ជា​អាជ្ញាកណ្ដាល​ប្រចាំ​​សង្វៀន​ប្រដាល់​ប៉ុស្ដិ៍​បាយ័ន ផង​ដែរ។

  បើ​គិត​ទាំង​ការ​ប្រកួត​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍ តាម​ខេត្ត តាម​ជាយ​ដែន​ថៃ និង​នៅ​ក្រៅ​ប្រទេស​ ពេជ្រ សុផាន់ ធ្លាប់​ប្រកួត​បាន​ជាង​៤០០​ដង ហើយ​ធ្លាប់​ចាញ់​តែ​ជាង​២០​ដង​ទេ។ តែ​យ៉ាង​ណាក៏​ដោយ​រូប​​គេ​នៅ​​ស្ទាក់ស្ទើរ​​ចំពោះ​អនាគត​កូន​របស់​ខ្លួន​​ថា​​នឹង​អនុញ្ញាត​ឱ្យ​​ដើរ​លើ​ផ្លូវ​ជា​អ្នក​ប្រដាល់ ឬ យ៉ាង​ណា។

 

 

ពេជ្រ សុផាន់ និង អនាគត​ភរិយា

  អនាគត​ភរិយា​​របស់​សុផាន់ មិន​​ចូលចិត្ត​អ្នក​ប្រដាល់​ទេ ម៉្លោះហើយ​ទើប​រូប​គេ​រារែក​ចិត្ត​ បើ​សិន​ជា​មាន​កូន​ចង់​ឱ្យ​រកស៊ី ឬ ធ្វើការ​ ច្រើន​ជាង​ធ្វើ​ជា​អ្នក​ប្រដាល់។

  សុផាន់ បន្ថែម​ថា៖ «អ្នក​ប្រដាល់​ស្រុក​យើង​ខ្សោយ​ការ​អប់រំ ឆាប់​ជឿ​តាម​គេ​អូស​ទាញ។ ជួន​ការ​ខំ​ប្រឹង​កសាង​កេរ្តិ៍​ឈ្មោះ​​តាំង​ពី​ដើម​អើយ​មក តែ​ដល់​ពេល​​មាន​រឿង​អន់​ចិត្ត​បន្តិច​ ធ្វើ​រលាយ​​សូរ្យ​អស់។ ទោះ​ជា​ចង់​ស្ដារ​ឡើង​វិញ​ក៏​មិន​ដូច​ដើម​ដែរ»។ ប៉ុន្ដែ​លោក​ក៏​មិន​ហាម​ឃាត់​ដែរ ប្រសិន​បើ​កូន​​មាន​​និស្ស័យ​ចង់​​ប្រលូក​ក្នុង​ពិភព​ក្បាច់​ប្រដាល់។

  ពេជ្រ សុផាន់ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​តាកែវ ជា​បងប្រុស​បង្កើត​កីឡាករ​ប្រដាក់​ ពេជ្រ សីហា ចាប់​អាជីព​ជា​អ្នក​ប្រដាល់​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​​សម្រេច​ព្យួរ​ហ្គង់ នៅ​ឆ្នាំ ២០០៩៕

 

  អត្ថបទ៖ ម៉ឺន រស្មី