វ៉ាត់ ចំរើនប្រាប់ថា ឯកឧត្តមប្រធាន NOCC សាទរជយលាភីជើងឯក MATIC របស់ក្រុមកម្ពុជា
- 2015-01-22 19:36:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើនប្រាប់ថា ឯកឧត្តមប្រធាន NOCC សាទរជយលាភីជើងឯក MATIC របស់ក្រុមកម្ពុជា
ចន្លោះមិនឃើញ
ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញស្តីពីក្រុមកីឡាអេឡិចត្រូនិកកម្ពុជាឈ្នះជើងឯកកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 នៅប្រទេសចិនកាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសាទរចំពោះក្រុមកីឡា E-Sports កម្ពុជាដែលនាំជ័យជម្នះ និងកិត្តិយសជួនជាតិ។
ឯកឧត្ដម វ៉ាត់ ចំរើន បានសម្តែងការអបអរសាទរចំពោះក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដែលបានលើកទង់ជាតិកម្ពុជា និងទង់ជ័យលើឆាកអន្តរជាតិ និងនាំកិត្តិយសជួនជាតិកម្ពុជា។ ក្នុងនាមអគ្គលេខាធិការ ឯកឧត្តមបានរាយការណ៍ទៅឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីលទ្ធផលគួរជាទីមោទនៈនេះ។
ឯកឧត្តមមានប្រសាសន៍ថា ៖«ខ្ញុំបានរាយការណ៍ឯកឧត្តមប្រធានពីសមិទ្ធផលនេះ ឯកឧត្តមប្រធានមានសេចក្ដីសាទរមែនទែនដែលមិននឹកស្មានថា ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាយើងដណ្តើមបានជើងឯក និងកិត្តិយសជួនជាតិ។ ក្នុងនាមខ្ញុំតំណាងឲ្យឯកឧត្តមប្រធាន និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមអរគុណចំពោះលោកប្រធាន ជី សិលា ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងធនធានដើម្បីបង្កើតសហព័ន្ធ និងបញ្ជូនក្រុមកីឡាទៅប្រកួតរហូតទទួលបានផ្លែផ្កា»។
ឯកឧត្ដមអគ្គលេខាធិការបានជំរុញ និងលើកទឹកចិត្តឲ្យសហព័ន្ធ ព្រមទាំងកីឡាករខិតខំប្រឹងទាំងអស់គ្នាបន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងរក្សាភាពខ្លាំងរបស់ខ្លួនសម្រាប់ការប្រកួតនាពេលអនាគត។ ឯកឧត្ដមថា ៖«សូមឲ្យកីឡាករត្រូវខិតខំប្រឹងប្រែងស្វែងរកអ្វីដែលថ្មីបន្ថែមទៀតស្របតាមបច្ចេកវិទ្យាទំនើប។ សម័យនេះអ្វីក៏ដោយ គេលែងដើរហើយ គេរត់ បើយើងដើរគឺយើងក្រោយគេហើយ អីចឹងយើងត្រូវរត់ដែរ ជាពិសេស E-Sports ដែលជាកីឡាថ្មីតាមរយៈបច្ចេកវិទ្យាជឿនលឿន យើងត្រូវUpdateដែលធ្វើយ៉ាងណាឲ្យទាន់សម័យកាល និងរក្សាភាពខ្លាំងរបស់ខ្លួនជានិច្ច»។
ឯកឧត្តម វ៉ាត់ ចំរើនបានបញ្ជាក់ថា ដោយសារសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាទើបត្រូវបានបង្កើតឡើងប្រហែលជាពីរបីខែកន្លងទៅ ដូច្នេះមិនទាន់មានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដែលស្ថិតនៅក្នុងអនុក្រឹត្យ ឬប្រកាសអន្តរក្រសួងដើម្បីទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាល។
«តាមធម្មតាយើងទទួលបានមេដាយអីចឹង យើងទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាល តែដោយសារសហព័ន្ធយើងទើបបង្កើតថ្មីមិនទាន់មានលក្ខណៈសម្បត្តិផ្លូវច្បាប់គ្រប់គ្រាន់ អីចឹងសហព័ន្ធត្រូវខិតខំធ្វើការបន្ថែមទៀតដើម្បីឲ្យគ្រប់គ្រាន់ផ្លូវច្បាប់ និងស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡា ពេលនោះយើងនឹងទទួលបានប្រាក់រង្វាន់ហើយ។ ចំណុចនេះគ្មានអ្វីប្លែកទេ ព្រោះសហព័ន្ធផ្សេងទៀតក៏ចំណាយពេលច្រើនឆ្នាំដែរទើបមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់»។ ឯកឧត្តមបន្ថែម។
លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននេះថា លោកពិតជារំភើបណាស់ដែលក្រុមកីឡាអេឡិចត្រូនិកកម្ពុជាបាននាំជ័យជម្នះ និងជើងឯកអន្តរជាតិជូនជាតិ បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបង្កើតជាផ្លូវកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤កន្លងទៅ។
លោកថា ៖«នេះជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់សហព័ន្ធដែលទើបបានបង្កើតថ្មី ហើយបានបញ្ជូនកីឡាករទៅប្រកួតលើឆាកអន្តរជាតិ និងឈ្នះបានជើងឯកជួនជាតិ។ ជ័យជម្នះនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយខំប្រឹងប្រែង និងកម្លាំងសាមគ្គីក្រុមទាំងមូល។ យើងឃើញក្រុម Secret ថ្វីត្បិតតែក្រុមក្មេងខ្ចី ប៉ុន្តែស្មារតីក្រុម និងសហការគ្នាបានល្អដែលជាគន្លឹះសំខាន់នៃការនាំពានជើងឯកជួនជាតិ»។
លោកប្រធានសហព័ន្ធបន្ថែមថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងដាក់ចេញផែនការឲ្យច្រើនសម្រាប់ព្រឹត្តិការណ៍ប្រកួត និងផ្សព្វផ្សាយឲ្យបានទូលំទូលាយសម្រាប់ឆ្នាំខាងមុខ។ «ឆ្នាំ២០១៥នេះយើងនឹងរៀបចំឲ្យមានការប្រកួតច្រើនទាំងថ្នាក់មូលដ្ឋាន និងជាតិដើម្បីស្វែងរកក្រុមខ្លាំងៗសម្រាប់ការប្រកួតលើឆាកអន្តរជាតិដូចជា MATIC ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូណេស៊ី ការប្រកួតថ្នាក់តំបន់ ទ្វីបអាស៊ី និងឈានចូលអឺរ៉ុបថែមទៀត ជាពិសេសនឹងប្រឹងប្រែងឲ្យមានវត្តមានកីឡាករអេឡិចត្រូនិកកម្ពុជាទៅប្រកួតនៅអាមេរិកជាដើម»។
សន្និសីទសារព័ត៌មានស្តីពីជយលាភីជើងឯករបស់ក្រុមកីឡា E-Sports កម្ពុជាបានរៀបចំឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ជី សិលា ប្រធានសហព័ន្ធកីឡាកម្ពុជា ព្រមទាំងគណៈកម្មការប្រតិបត្តិ និងកីឡាករ បន្ទាប់ពីក្រុមកីឡាE-Sports កម្ពុជាទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 (Mission Against Terror International Championships)លើកទី៤នៅប្រទេសចិន ពីថ្ងៃទី១៧-១៨ ខែមករា ជាមួយ ១៧ ក្រុមផ្សេងទៀតមកពី ៦ ប្រទេសផ្សេងគ្នា៕
អត្ថបទ៖ ជាន ចាន់រ៉ា