ជី សិលា៖ ជ័យជម្នះរបស់ Secret ធ្វើឲ្យបរទេសស្គាល់កាន់តែច្បាស់ពីសាមគ្គីភាពរបស់កម្ពុជា
- 2015-01-22 22:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី សិលា៖ ជ័យជម្នះរបស់ Secret ធ្វើឲ្យបរទេសស្គាល់កាន់តែច្បាស់ពីសាមគ្គីភាពរបស់កម្ពុជា
ចន្លោះមិនឃើញ
ជ័យជម្នះរបស់ក្រុមកីឡាកម្ពុជា Secret លើឆាកប្រកួតអន្តរជាតិ E-Sports ក្នុងព្រឹត្តិការណ៍ MATIC 2015 នៅក្រៅប្រទេសកាលពីថ្មីៗនេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ជាពិសេសគឺក្រុមកីឡាអេឡិចត្រូនិកតែម្ដង ដែលអាចធ្វើឲ្យបរទេសស្គាល់កាន់តែច្បាស់ពីការសាមគ្គីសហការគ្នាជាក្រុមរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នុងសន្និសីទកាសែតស្ដីពីជ័យជម្នះឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រសម្រាប់កីឡាអេឡិចត្រូនិកកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រឹកថ្ងៃទី២២ ខែមករានេះ។
អាន៖ វ៉ាត់ ចំរើន៖ ឯកឧត្តមប្រធាន NOCC សាទរជយលាភីជើងឯក MATIC របស់ក្រុមកម្ពុជា
លោកបានបញ្ជាក់ទៀតថា ៖ "ខ្ញុំបានចូលរួមទស្សនាការប្រកួតនៅប្រទេសចិនដោយផ្ទាល់ ហើយអាកាសនៅទីនោះពិតជាត្រជាក់ណាស់! យ៉ាងណាមិញទោះបីជានៅកន្លែងប្រកួតអាកាសធាតុត្រជាក់ខ្លាំង តែពួកគេនៅតែបង្ហាញទម្រង់ប្រកួតបានល្អដដែល ជាពិសេសគឺស្មារតីសហការគ្នាជាក្រុមតែម្ដង ហើយពួកគេតែងតែទទួលបានជ័យជម្នះជានិច្ច។"
ការពិតណាស់ កីឡាតែងតែបង្កើតស្មារតីសាមគ្គីភាពជានិច្ច បើគ្មានសាមគ្គីភាពទេ ក្រុមកីឡាករក៏មិនអាចទទួលបានជ័យជម្នះបានឡើយ ទោះបីជាសមាជិកនីមួយៗមានសមត្ថភាពខ្ពស់ក៏ដោយ។
ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គឺជាកាដូដ៏អស្ចារ្យសម្រាប់ការចាប់ផ្ដើមនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលទើបតែបង្កើតឡើងកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អាន៖ ទិដ្ឋភាពស្វាគមន៍ក្រុមជើងឯក MATIC កណ្ដាលអធ្រាត្រយប់មិញ
លោក ជី សិលា បានបន្តទៀតថា ការបង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានេះឡើង គឺដោយសារតែលោកសង្កេតឃើញថា ប្រភេទកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាកំពុងរីកធំធាត់ ទទួលបានការគាំទ្រយ៉ាងច្រើនពីយុវវ័យសម័យបច្ចេកវិទ្យាទំនើប និងជាពិសេសទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកតែម្ដង ទើបសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានមុខជាផ្លូវការដូចសព្វថ្ងៃនេះ៕
អត្ថបទ៖ ភីឆាយ