តើ​កីឡា​មួយ​ប្រភេទ​ចូល​ជា​វិញ្ញាសា ស៊ីហ្គេម​ ២០២៣ ដោយ​របៀប​ណា?

  • 2015-01-23 15:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​មួយ​ដែល​​​ទទួល​​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ឈ្នះ​មេដាយ​​តាម​លទ្ធផល​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​កត្តា​នេះ​អាស្រ័យ​លើ​ប្រភេទ​កីឡា​ដែល​ម្ចាស់​ផ្ទះ​​ដាក់​បញ្ចូល​ជា​វិញ្ញាសា​ដើម្បី​ងាយ​ស្រួល​ឈ្នះ​មេដាយ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ម្សិល​មិញ​ស្តី​ពី​ជយលាភី​ជើង​ឯក​របស់​ក្រុម​កីឡា​អេឡិចត្រូនិកកម្ពុជា​​ពី​ព្រឹត្តិការណ៍ E-Sports អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន។​​ បន្ទាប់​ពី​ថ្លែង​អបអរសាទរ​នឹង​ជយលាភី​ជើង​ឯក​របស់​ក្រុមកីឡា​ E-Sports កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បាន​ជំរុញ​ឲ្យ​ក្រុមកីឡា E-Sports កម្ពុជា​ខិត​ខំ​ព្យាយាម​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ទាន់​សម័យ​កាល​បច្ចេកវិទ្យា​ទំនើប និង​ត្រូវ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បន្ត​ទៀត។ ឯកឧត្តម​មាន​ប្រសាសន៍​ថា ៖«ប្រសិន​បើ​ក្រុមកីឡា E-Sports យើង​នៅ​តែ​រក្សា​ភាព​ខ្លាំង​​រហូត អីចឹង​ NOCC នឹង​ដាក់​​ចូល​ជាវិញ្ញាសា​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់»។

 

អាន៖ ជី សិលា៖ ជ័យជម្នះ​របស់ Secret ធ្វើ​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់​ពី​សាមគ្គីភាព​របស់​កម្ពុជា

​ឯក​ឧត្ដម វ៉ាត់ ចំរើន​​ពន្យល់​ថា ៖ «ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត Sea Game គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​តាម​រយៈ​ការ​ទទួល​មេដាយ​មាស​ឲ្យ​បាន​ច្រើន ដូច្នេះ​ប្រភេទ​កីឡា​​មាន​សក្តានុពល យើង​នឹង​ដាក់​ចូល​ជា​វិញ្ញាសា​ស៊ីហ្គេម​ឆ្នាំ​២០២៣។ យើង​មាន​បុព្វសិទ្ធិ​ក្នុង​ដាក់​វិញ្ញាសា​បញ្ចូល ព្រោះ​យើង​ជា​ម្ចាស់​ផ្ទះ ដូច្នេះ​​​​គ្រប់​ប្រភេទ​កីឡា​ទាំង​​អស់ មាន​ទាំង​កីឡា E-Sports ​ក៏​ដាក់​បញ្ចូល​ជា​​វិញ្ញាសា​ Sea Game​ដើម្បី​ឲ្យ​ងាយ​ឈ្នះ​មេដាយ ហើយ​ប្រជា​ជន​យើង​សប្បាយ​ចិត្ត»។
 

ពាក់​ព័ន្ធ​នឹង​ករណី​ដាក់​​ប្រភេទ​កីឡា​ជា​វិញ្ញាសា​ស៊ីហ្គេម​នេះ មាន​សំនួរ​លើក​ឡើង​ថា តើ​​មាន​វិធីសាស្ត្រ​យ៉ាង​ម៉េច​ដើម្បី​ដាក់​បញ្ចូល​កីឡា E-Sports​ ក៏​ដូច​ជា​កីឡា​ផ្សេង​ៗ​ទៀត​ជា​វិញ្ញាសា​កីឡា​ស៊ីហ្គេម​? ឯកឧត្ដម​បាន​បក​ស្រាយថា លទ្ធផល​ប្រកួត​នានា​នៅ​លើ​ឆាក​អន្តរជាតិ​​ មិន​ថា​​​កីឡា E-Sports ទេ​គឺ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ប្រសិន​បើ​បង្ហាញ​នូវ​ភាព​ខ្លាំង និង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​រហូត «យើង​​នឹង​​ដាក់​បញ្ចូល​ជា​វិញ្ញាសា​កីឡា​ស៊ីហ្គេម ពី​ព្រោះ​ឲ្យ​តែ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​​គឺ​ទទួល​បាន​មេដាយ​​ហើយ​ដូច​ជា​មាស ប្រាក់ និង​សំរឹទ្ធ»។

 

ទោះ​បី​ជា​យ៉ាង​ណា ឯកឧត្តម​បញ្ជាក់​ថា ​កីឡា​តែង​មាន​ឈ្នះ​មាន​ចាញ់​ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការ​រក្សា​ទម្រង់​ប្រកួត និង​ស្មារតី​ប្រយុទ្ធ​ឲ្យ​បាន​ខ្លាំង​រហូត។ ឯកឧត្ដម​ថា ៖ «ទោះជា​យើង​មិន​អាច​រក្សា​តំណែង​ជើងឯក​នេះ​បាន​នៅ​ឆ្នាំ​ក្រោយៗ តែ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ទម្រង់​ប្រកួត​ឲ្យ​បាន​ល្អ គឺ​ចាញ់​ទាំង​យើង​ខ្លាំង​អាច​ថា​ចាញ់​មក​ពី​សំណាង​មិន​ដល់​ក៏​បាន ព្រោះ​សំណាង​ក៏​ជា​ផ្នែក​មួយ​នៃ​ជ័យជម្នះ​ផង​ដែរ»។

 

អាន៖ វ៉ាត់ ចំរើន៖ ឯកឧត្តម​ប្រធាន NOCC សាទរ​ជយលាភី​ជើង​ឯក​​ MATIC របស់​ក្រុម​កម្ពុជា

 

ឯកឧត្ដម​អគ្គលេខាធិការ​ក៏​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​សហព័ន្ធ រួម​ទាំង​កីឡាករ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា E-Sports កម្ពុជា​ឲ្យ​កាន់តែ​ល្បី និង​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​ដោយ​បាន​លើក​ឡើង​ថា ៖ «សូម​ឲ្យ​កីឡាករ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ ទៀត​ស្រប​តាម​បច្ចេកវិទ្យា​ទំនើប។ សម័យ​នេះ​អ្វី​ក៏​ដោយ គេ​​លែង​ដើរ​ហើយ គេ​​រត់ បើ​យើង​ដើរ​​គឺ​យើង​ក្រោយ​គេ​ហើយ អីចឹង​យើង​ត្រូវ​រត់​ដែរ​ ជា​ពិសេស​ E-Sports ដែល​ជា​កីឡា​ថ្មី​តាម​រយៈ​បច្ចេកវិទ្យា​ជឿន​លឿន យើង​ត្រូវUpdateដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាន់​សម័យ​កាល និង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច»។

 

កាល​ពីព្រឹក​​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៥ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)បាន​បញ្ជូន​​កីឡាករ​អេឡិច​ត្រូនិក​របស់​ខ្លួន​ចំនួន​៣​ក្រុម​រួម​មាន Secret, NeverCare និង MD ដែល​ក្នុង​ មួយ​ក្រុម​មាន​សមាជិក​៥​រូប​ទៅ​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 (Mission Against Terror International Championships)​លើក​ទី​៤​នៅ​ប្រទេស​ចិន​​ ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មករា ជាមួយ ១៧ ក្រុម​ផ្សេង​ទៀត​មក​ពី ៦ ប្រទេស​ផ្សេង​គ្នា។ ជា​លទ្ធផល​ក្រុម​កម្ពុជា Secret ទទួល​បាន​ចំណាត់​ថ្នាក់​ជើងឯក ខណៈ​ក្រុម MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ឯ​សមាជិក​ក្រុម NeverCare លាង ចាន់រស្មី​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ លើ​វិញ្ញាសា​ឯកត្តជន៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី