សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​​ប្រកាស​​រក​បេក្ខភាព​ប្រកួត​កីឡា​​​អាកាត់ត្លុង​

  • 2015-01-23 19:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​កំពុង​ប្រកាស​ស្វែង​រក​បេក្ខ​ភាព​ចូល​រួម​ប្រកួត​កីឡា​អាកាត់ត្លុង​ (កីឡា​ហែលទឹក​និង​រត់​ប្រណាំង) និង​ស្នើ​ឲ្យ​​សាធារណជន​ ក្លិប​ និង​​ គមនាគមន៍​នានា​​ចូល​រួម​​ប្រកួត​ឲ្យ​បាន​ច្រើន​កុះករ។

 

 

លោក​ ងឹន សុបញ្ញា​ ​អគ្គលេខាធិការ​កីឡា​សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​​ប្រាប់​ថា ការ​ប្រកួត​នេះ​​គ្រាន់​តែ​ការ​ប្រកួត​​មិត្ត​ភាព​ទេ​ ប៉ុន្តែ​សហព័ន្ធ​មាន​គោល​បំណង​ធំ​​ក្នុង​ការស្វែង​រក​យុវជន​ឆ្នើម​សម្រាប់​បណ្តុះ​បណ្តាល​​នា​ពេល​​អនាគត។ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​អាជីព​ ឬ ជម្រើស​ជាតិ​ណា​ម្នាក់​ចូល​រួម​ប្រកួត​ឡើយ​​ដើម្បី​​ទុក​ឱកាស​​ឲ្យ​ក្មេង​ៗ​ ដែល​មាន​អាយុ​ក្រោម​ ១៨ ឆ្នាំ​ចូល​រួម​សាកល្បង​សមត្ថភាព។

 

​លោក​បាន​បន្ត​ថា​ ​​នេះ​ជា​លើក​ទី ​៤ ហើយ​ដែល​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ចំពោះ​ប្រាក់​រង្វាន់​វិញ ​សហព័ន្ធ​មិន​ទាន់​បាន​សម្រេច​គ្រោង​ទុក​នៅ​ឡើយ​ទេ ​ព្រោះ​ពេល​នេះ​នៅ​រង់​ចាំ​ឲ្យ​អ្នក​ឧបត្ថម្ភ​ចូល​រួម​ឲ្យ​អស់​សិន​។

 

​សម្រាប់​ការ​ប្រកួត​​នេះ​សហព័ន្ធ​​​បែង​ចែក​ជា​៣​វិញ្ញាសា​គឺ​៖ -១- ​បុរស​-នារី​ អាយុ​ ១៣ និង​ ១៧ ឆ្នាំ​គឺ ​វិញ្ញាសា​​ហែល​ទឹក​ចម្ងាយ ១៥០ ម៉ែត្រ​​៤​ជុំ និង​រត់​ចម្ងាយ​ ៣២០០ ម៉ែត្រ(​៤​ជុំ)។ -២- បុរស-នារី អាយុ១៨-៣៥ ​គឺ​វិញ្ញាសា​ ហែល​ទឹក​ចម្ងាយ​៣៥០ម៉ែត្រនិង​ រត់​ចម្ងាយ ៤,៨០០​ម៉ែត្រ​(៦ជុំ)​។ -៣- បុរស​ អាយុ​លើ​៣៥ឆ្នាំ​ គឺ​វីញ្ញាសា​ហែល​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ និង​រត់​ចម្ងាយ ៤,០០០ម៉ែត្រ។

 

​​សម្រាប់​ការ​ទទួល​ពាក្យ​នឹង​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​នៅ​ទី​ស្នាក់​ការ​សហព័ន្ធ​កីឡា​ ទ្រីយ៉ាត្លុង​ កម្ពុជា(NOCC) និង​នៅCambodian Country Club (CCC) រហូតដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥។ ការ​ប្រកួត​​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ ​២០១៥ វេលា​ម៉ោង​ ៧:00នាទី​ព្រឹក​ នៅ​ Cambodian Country Club (CCC)​។ លើស​ពី​នេះ​បើ​ចង់​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ អាច​ទំនាក់​ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ​លោក​ ងឹន សុបញ្ញា ផ្ទាល់​ដែល​មាន​លេខ ០១២ ៧៩ ៧៩ ៤៤​ ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

​​

អត្ថបទថ្មី