កែវ និសា ទើបចប់រឿងភាគមួយ ចូលរឿងភាគថ្មីមួយទៀត
- 2015-01-29 17:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ និសា ទើបចប់រឿងភាគមួយ ចូលរឿងភាគថ្មីមួយទៀត
ចន្លោះមិនឃើញ
ទើបតែបញ្ចប់ការថតរឿងភាគ "កំលោះខ្ញុំអ្នកណាសង" ឱ្យស្ថានីយទូរទស្សន៍ បាយ័ន កែវ និសា ឆក់បានតំណែងតួឯករឿងភាគថ្មីមួយទៀត ត្រៀមថត និង ចាក់ផ្សាយក្នុងពេលឆាប់ៗ។
និសា ប្រាប់ Sabayថា៖ "ឆាប់ៗហ្នឹងមានមួយរឿងទៀតហើយ រឿងភាគចាប់តាមទូរទស្សន៍ដដែល តែខ្ញុំសុំលាក់សិន ព្រោះគេមិនទាន់ឱ្យប្រាប់"។
កែវ និសា ចូលរួមកម្មវិធីសិល្បៈកាលពីពេលកន្លងទៅ
តារារូបនេះ បន្តថា ក្នុងរឿងភាគថ្មីត្រៀមនឹងទទួលថតនាងសម្ដែងតួឯកដូចជារឿងមុនដែរ។ ដោយឡែកនិយាយពីដៃគូប្រុស និងការដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ក្នុងស្រុកណាមួយនោះ នាងមិនទាន់ដឹងច្បាស់នៅឡើយទេ។
អត្តចរិតនៃតួអង្គ កាច ឆ្នាស ស្លូតឬសុភាពក៏តារាសម្ដែង sexy ខាងលើមិនទាន់បង្ហើបឱ្យដឹងដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ កែវ និសា អះអាងថា អ្នកដឹកនាំប្រហែលជាឱ្យនាងសម្ដែងជាតួអង្គដូចរឿងមុនៗទៀត តាមរយៈការស្មានរបស់ខ្លួន។
ក្រៅតែពីទទួលបានថតរឿងជាភាគជាបន្តបន្ទាប់ រឿងដុំវិញតារាសម្ដែងល្បីឈ្មោះ កែវ និសា ប្រាប់ថាមិនទាន់ចុះកុងត្រាថតឱ្យផលិតកម្មណាមួយនៅឡើយទេក្នុងឆ្នាំ២០១៥។ ក៏ប៉ុន្តែបើនិយាយពីឆ្នាំ២០១៤ កន្លងទៅមានផលិតកម្មជាច្រើនចង់បាននាងថតរឿងដុំ តែមិនមានពេល ដោយសារតែការងារមមាញឹកខ្លាំងពេក។
ទន្ទឹមនឹងភាពមមាញឹកជាមួយការថតខ្សែភាពយន្ត ការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍ MYTV មានការរវល់ខ្លាំងដូចនឹងការថតរឿងផងដែរ។ នាងប្រាប់ថាឱ្យតែផុតការងារថតរឿងពេលណា គឺការងារជាពិធីការិនីនឹងចូលមកដល់ភ្លាម។
ការបូកបន្ថែមការងារជាពិធីការិនីលើការងារសម្ដែងបច្ចុប្បន្នធ្វើឱ្យ កែវ និសា កាន់តែមានប្រជាប្រិយភាព ដោយទទួលការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជនខ្មែរ។
កែវ និសា ជាតារាសម្ដែងល្បីឈ្មោះម្នាក់ក្នុងចំណោមតារាស្រីល្បីឈ្មោះនានា។ ក្រៅតែពីមានភាពល្បីឈ្មោះខាងសម្ដែង បញ្ហារឿងអាស្រូវស្នេហ៍ ក៏ធ្វើឱ្យតារារូបនេះជាចំណាប់អារម្មណ៍ពីក្រុមអ្នកសារព័ត៌មាន និង មហាជនផងដែរ។ នាងធ្លាប់រៀបអាពាហ៍ពិពាហ៍នឹងបុរសអាណិកជនខ្មែរអាមេរិកម្នាក់ឈ្មោះ គាំ វ៉ារី កាលពីពេលកន្លងទៅ ប៉ុន្តែ ក្រោយមកបានលែងលះគ្នាទៅវិញ៕
អានអត្ថបទបន្ត៖ Girl’s Day រាំចាក់ក្បាច់សិចស៊ីហួស ទាស់តែរបូត
អានអត្ថបទបន្ត៖ Luhan អតីតសមាជិក EXO ស្ដាយក្រោយ ពេលក្លាយជាតារាល្បី
អានអត្ថបទបន្ត៖ ភាពយន្តខ្មែរ បីរឿងកំពុងដាក់បញ្ចាំងថ្ងៃនេះ
អត្ថបទ៖ អ៊ីង សុឡា