អ្នកចាំទី អ៊ុំ វិចិត្រ របស់​ទ័ព​​ ត្រូវ​វះកាត់​ដៃ​អស់​យ៉ាង​តិច​ក៏ ១០០០ ដុល្លារ​ដែរ

  • 2015-02-10 17:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អ្នកចាំទី​​ដៃ​ទី១ អ៊ុំ វិចិត្រ របស់​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ​ដែល​មាន​បញ្ហា​ផ្នែក​ឆ្អឹង​​ដៃ​ឆ្វេង​ចាំ​បាច់​ត្រូវ​តែ​​វះកាត់​ដៃ​​​ ព្យាបាល​ទើប​អាច​ជា​សះស្បើយ​ដូច​ដើម​វិញ ប៉ុន្តែ​ការ​ព្យាបាល​នេះ​ត្រូវ​ចាយ​ប្រាក់​យ៉ាង​តិច​ក៏ ១០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ។

 
 

កីឡាករ អ៊ុំ វិចិត្រ

  បើ​តាម​ទិន្នន័យ​​ទឹក​ប្រាក់​ដែល​​សាមី​ខ្លួន​ទទួល​បាន​​គឺ​ជិត ៧០០ ដុល្លារ​ហើយ​ប៉ុន្តែ​ ទឹក​ប្រាក់​ទាំង​អស់​នេះ​ជា​ការ​រៃអង្គាស​គ្នា​របស់​អ្នក​គាំទ្រ​​កីឡា​បាល់ទាត់​ជាតិ និង មិត្ត​រួម​អាជីព​បាល់ទាត់​។ ចំណែក​​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ផ្ដល់​ប្រាក់​​ដែល​​នៅ​សល់​បង្គ្រប់​នៃ​ថ្លៃ​ព្យាបាល។ ចំពោះ​ក្លិប​នឹង​គ្រោង​ជួយ​មើល​ថែ​អ្នកចាំទី​របស់​ខ្លួន​ពេល​វះកាត់​រួច​រាល់​ផង​ដែរ។

  អ៊ុំ វិចិត្រ របួស​ដៃ​ក្នុង​ពេល​ហ្វឹកហាត់​សម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រកួត​ពាន​រង្វាន់ Hassanal Bolkiah Trophy 2014 នៅ​ប្រទេស​​ប្រ៊ុយណេ ពោល​គឺ​ពេល​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ក្នុង​​ខែ កញ្ញា។

  កីឡាករ​វ័យ ២០ ឆ្នាំ​ប្លាយ​រូប​នេះ​បន្ថែម​ថា៖ «ខ្ញុំ​ទៅ​ពេទ្យ​ខុស ពិនិត្យ ២ លើក​ ដោយ​នៅ​លើក​ដំបូង​អំឡុង​ខែ កញ្ញា និង លើក​ទី២ ក្នុង​ខែ ធ្នូ ឆ្នាំ​មុន តែ​លទ្ធផល​​ថា​មិន​អី​នោះ​ទេ។ រហូត​លើក​ទី៣​ កាល​ពី​ពេល​ថ្មីៗ ប្ដូរ​ពេទ្យ​ទើប​​ដឹង​ថា​បែក​ឆ្អឹង​ដៃ»។

  គ្រូ​ពេទ្យ​ឯកជន​ដែល អ៊ុំ វិចិត្រ ទៅ​ពិនិត្យ បាន​ប្រាប់​ថា​ ក្រោយ​ពេល​វះកាត់​រួច​ដៃ​របស់​គេ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​តិច​ក៏ ៣ ខែ​​ទើប​អាច​ត្រឡប់​ចូល​ទីលាន​ហ្វឹកហាត់ ឬ ប្រកួត ​បាន​ដូច​​លើក​មុន។ ការ​វះកាត់​អាច​នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី ១៥ ទៅ ២០ កុម្ភៈ ខាង​មុន តាម​ការ​ណាត់​របស់​ពេទ្យ។

  ឥឡូវ​នេះ​លោក​គ្រូ​អ្នកចាំទី សួង ភារម្យ របស់​​ទ័ព​កំពុង​តែ​ជួប​វិបត្តិ​អ្នកចាំទី ដោយ​សារ​តែ​កីឡាករ​ជម្រើស​ទី១ អ៊ុំ វិចិត្រ មាន​បញ្ហា​របួស​ដៃ ហើយ​កីឡាករ​ដៃ​ទី ២ អ៊ុំ សេរីរ័ត្ន ដែល​ជា​ប្អូន​បង្កើត​របស់​គេ​​ជាប់​ឈ្មោះ​ទៅ​បង្ហាញ​មុខ​ក្នុង​​ក្រុម​ជម្រើស​ជាតិ កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

 

 

អ្នកចាំទីទាំង ៣ របស់​ក្រសួងការពារជាតិ

 

 

ដៃ​របស់​ អ៊ុំ វិចិត្រ ដែល​របួស

 

 

 

ទឹក​ប្រាក់​ដែល​អ្នក​គាំទ្រ​រៃ​អង្គាស​​គ្នា​ ឱ្យ​ អ៊ុំ វិចិត្រ

 

អត្ថបទ៖ ម៉ឺន រស្មី