​កីឡដ្ឋាន​​បាល់​ទាត់​កម្ពុជា​ទាំង​៧​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឆ្នាំ​នេះ​

  • 2015-02-13 21:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ដល់​ពេល​នេះ​មាន​កីឡដ្ឋាន​បាល់ទាត់​ទាំង​រដ្ឋ និង​ឯកជន​មួយ​ចំនួន​បាន​កំពុង​ស្ថាបនា និង​ជួសជុល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​បង្ហាញ​នូវ​ភាព​​រីក​ចម្រើន​នៃ​ហេដ្ឋា​រចនាសម្ពន្ធ​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា ជា​ពិសេស​​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៥​នេះ។

 

ទី​១ កីឡដ្ឋាន​របស់​​ក្លិប​ភ្នំពេញ​ក្រោន​ ក្លិប​ភ្នំពេញ​ក្រោន​កំពុង​ស្ថាបនា​កីឡដ្ឋាន​បាល់ទាត់​ផ្ទាល់​ខ្លួន​យ៉ាង​ល្អ​ដែល​ចាត់​ទុក​ថា​ លេច​ធ្លោ​ជាង​កីឡដ្ឋាន​របស់​ក្លិប​ដទៃ​ទៀត​​ដោយ​មាន​ទីលាន​ធំ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ ទី​លាន​ហ្វឹកហាត់ និង​ប្រកួត​មិត្ត​ភាព​ ព្រម​ទាំង​អគារ​ផ្សេង​ៗ​សម្រាប់​កីឡាករ​ស្នាក់​នៅ​ រៀន​សូត្រ​ ផ្លាស់​សំលៀកបំពាក់​ និង​សម្រាប់​មន្ត្រី​រៀប​ចំ​ការ​ប្រកួត។ កីឡដ្ឋាន​របស់​ភ្នំពេញ​ក្រោន​ស្ថិត​នៅ​​ក្រុម​​ទី​​១៣​ ឃុំ​ទួលគោក​ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ទីលាន​នៃកីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោន (រូបថត ភ្នំពេញ​ក្រោន)

 

ទី​២​ កីឡដ្ឋាន​របស់​ក្លិប​ស្វាយរៀង កីឡដ្ឋាន​បាល់ទាត់​របស់​ខេត្ត​ស្វាយរៀង​ទើប​តែ​ស្ថាបនា​រួច​រាល់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ទេ​ ប៉ុន្តែ​មុន​លីក​កំពូល​កម្ពុជា​ឈាន​ចូល​មក​ដល់​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ដី ទី​លាន​មួយ​នេះ​បាន​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​តែ​ម្តង​គឺ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ និង​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​លក្ខណៈ​អន្តរជាតិ​មួយ​ទៀត​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ភ្ញៀវ​ជម្រើស​ជាតិ​ម៉ាកាវ​សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ជម្រុះ World Cup នៃ​ក្រុម​លំដាប់​ FIFA Ranking។ កីឡដ្ឋាន​ធម្មជាតិ​របស់​ស្វាយរៀង​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​តែ​ម្តង។

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង

 

ទី​៣ កីឡដ្ឋាន​របស់​ក្លិប​វេស្ទើន ក្លិប​សាកល​វិទ្យាល័យ​វេស្ទើន​ដែល​បាន​ប្តូរ​ឈ្មោះ​ Sparta Cambodia United ក៏​អាច​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លីក​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ថ្មី​នេះ​ដែរ។ ក្លិប​កំពុង​ស្ថាបនា​កីឡដ្ឋាន​​ជិត​រួច​រាល់​ហើយ​ដែល​ទី​លាន​​​ក្រាល​​ស្មៅ​សិប្បនិម្មិត​​​​​នៅ​ផ្លូវ ១៩៦៦ ក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជ​ធានី​ភ្នំពេញ។

កីឡដ្ឋាន​របស់​ក្លិប​វេស្ទើន​កំពុង​ស្ថាបនា

 

ទី​៤​ កីឡដ្ឋាន​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ក៏​បាន​ត្រៀម​កីឡដ្ឋាន​សម្រាប់​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​លីក​រដូវ​កាល​ថ្មី​ដែរ​ ខណៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​កំពុង​ចាប់​ផ្តើម​ជួសជុល​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​(ស្តាតចាស់)​។ គ្មាន​អ្វី​ដែល​ជា​ការ​លំបាក​សម្រាប់​ក្លិប​មួយ​នេះ​ដោយ​សារ​ស្តាត​ចាស់​មាន​ស្រាប់​គឺ​គ្រាន់​តែ​ជួសជុល និង​កែ​លម្អ​ជា​ថ្មី​ក៏​អាច​​រៀប​ចំ​ការ​ប្រកួត​បាន​យ៉ាង​ស្រួល។ ស្តាត​ចាស់​ស្ថិត​នៅ​ជិត​រង្វង់​ស្ពាន​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ។

កីឡដ្ឋាន​ស្តាត​ចាស់

 

ទី​៥​ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​​ធំ​ៗ​ និង​ជា​កន្លែង​ប្រមូល​ប្តុំ​កីឡា​ជាតិ​បាន​កំពុង​ជួសជុល​ទី​លាន​បាល់ទាត់​ថ្មី​ដែល​ជា​ការ​ចំណាយ​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) និង​ការ​លម្អ​រចនា​សម្ពន្ធ​ផ្សេង​ៗ​ជា​ច្រើន​ដែល​ជា​ការ​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

 

ទី​៦​ ពហុកីឡដ្ឋាន​ជាតិ​មតក​តេជោ ដើម្បី​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទៃ​នៃ​ព្រឹត្តិការណ៍​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម​២០២៣) ប្រទេស​កម្ពុជា​បាន​កំពុង​ស្ថាបនា​ពហុកីឡដ្ឋាន​ថ្មី​មួយ​ដែល​មាន​ឈ្មោះ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ការ​ស្ថាបនា​មាន​៣​ដំណាក់​កាល​គឺ​ទី​មួយ​អាង​ហែល​ទឹក និង Indoor Stadium ដែល​មាន​ទី​លាន​បាល់បោះ និង​បាល់ទះ ព្រម​ទាំង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ។ ដំណាក់​កាល​ទី​មួយ​នេះ​កសាង​បាន​ជាង​៦០​ភាគ​រយ​ហើយ ខណៈ​ដំណាក់​កាល​ទី​២​គឺ​ជា​ទីលាន​បាល់ទាត់​សំខាន់​គ្រោង​ចាប់​ផ្តើម​សាង​សង​នៅ​ឆ្នាំ​២០១៧ និង​បន្ទាប់​មក​ដំណាក់​កាល​ទី​៣​ដែល​ជា​ទី​លាន​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត។ ពហុកីឡដ្ឋាន​ថ្មី​នេះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ឫស្សីកែវ​ លើ​ផ្ទៃ​ដី​ប្រមាណ​៨៣​ហិកតា។

 

ទី​៧​ មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​ទន្លេ​បាទី​ ចំពោះ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​ទន្លេ​បាទី​ជា​កន្លែង​ និង​ជា​ថ្នាល​បណ្តុះបណ្តាល​វិស័យ​បាល់ទាត់​សុទ្ធ​តែ​ម្តង​ដែល​គោល​ដៅ​សំខាន់​គឺ​បណ្តុះ​បណ្តាល​ធនធាន​កីឡាករ​បាល់ទាត់​សម្រាប់​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ទោះ​ជា​កន្លែង​បណ្តុះបណ្តាល​ក៏​ដោយ​ ក៏​មជ្ឈមណ្ឌល​ដែល​មាន​ទី​លាន​វាល់​ស្មៅ​ធម្មជាតិ​៤​នេះ​អាច​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ជាតិ អន្តរជាតិ និង​ព្រឹត្តិការណ៍​បាល់ទាត់​ផ្សេង​ទៀត​បាន​ដែរ។ មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​នេះ​ស្ថិត​នៅ​ស្រុក​​បាទី ខេត្ត​តាកែវ។

 

ចំពោះ​ក្លិប​បាល់ទាត់​ដែល​លេង​នៅ​លីក​កម្ពុជា​ផ្សេង​ជា​ច្រើន​ទៀត​សុទ្ធ​តែ​កំពុង​មាន​ឆន្ទៈ​បង្កើត​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​ផង​ដែរ ប៉ុន្តែ​តំណាង​ក្លិប​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​រង់​ចាំ​មើល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​សិន​ថា​តើ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត Home/Away បាន​ដល់​កម្រិត​ណា​មុន​ពេល​ពួក​គេ​ចាប់​ផ្តើម​ដែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី