កូន​កំលោះ​វាយ​កូន​ក្រមុំ​យប់​ផ្សំ​ដំណេក ព្រោះ​ដោះ​រ៉ូប​មិន​រួច

  • 2015-02-17 17:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ គូស្នេហ៍​ទាំង​ឡាយ​ហាក់​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​ជា​ពេល​មាន​ន័យ​បំផុត​ក្នុង​ជីវិត។ ឈាន​ចូល​ដល់​រាត្រី​ទឹក​ឃ្មុំ​ទៀត​សោត វេលា​ផ្អែមល្ហែម​មិន​អាច​បំភ្លេច​បាន ប៉ុន្តែ​ពេល​ខ្លះ រាត្រី​ទឹក​ឃ្មុំ​ប្រែ​ជា​ទឹក​ខ្មេះ ព្រោះ​បញ្ហា​ផ្សេងៗ​កើត​ឡើង​ដោយ​ចៃដន្យ។ ជាក់​ស្ដែង កូន​ក្រមុំ​ម្នាក់​​នៅ​ប្រទេស​អង់គ្លេស ត្រូវ​ស្វាមី​ថ្មីថ្មោង​របស់​ខ្លួន វាយ​ដំ​រង​របួស​ជា​ទម្ងន់​ក្នុង​យប់​រៀប​អាពាហ៍ពិពាហ៍ ព្រោះ​មិន​អាច​ដោះ​រ៉ូប​នាង​រួច។

 

 

កូន​ក្រមុំ​វ័យ ២២​ឆ្នាំ Amy Dawson ត្រូវ​កូន​កំលោះ​វ័យ ២៩​ឆ្នាំ​ Gavin Golightly ដែល​ខឹង​រឿង​ដោះ​រ៉ូប​មិន​ចេញ ចាប់​បោក​ឲ្យ​ដួល រួច​ឡើង​ជិះ​ពី​លើ និង​​វាយ​ដំ​ជា​ច្រើន​ដង។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ក្រោយ​ពិធី​ជប់លៀង​ទទួល​ភ្ញៀវ​​កិត្តិយស​ដែល​ជា​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​​ពិសា​ភោជនីយាហារ​នៅ​សណ្ឋាគារ​មួយ។ បន្ទាប់​ពី​ទទួល​រង​អំពើ​ហិង្សា កូន​ក្រមុំ​បាន​រត់​ចេញ​ពី​បន្ទប់​សណ្ឋាគារ​ជាមួយ​ស្នាម​ដាច់​រលាត់​លើ​ចិញ្ចើម និង​ស្នាម​ជាំ​លើ​មុខ ព្រម​ទាំង​ទ្រូង​ផង​ដែរ។ ក្រោយ​ពី​បង្ក​អំពើ​ហិង្សា​រួច កូន​កំលោះ​ហេង​ស៊យ​នោះ បាន​ចាកចេញ​ទៅ​បាត់ ឯ​កូន​ក្រមុំ​ត្រូវ​អ្នក​ជញ្ជូន​ឥវ៉ាន់​ជួយ​ហៅ​ទូរសព្ទ​ទៅ​ប៉ូលិស។ ​​​

 

កូន​កំលោះ Golightly បាន​អះអាង​ថា លោក​ប្រើ​គ្រឿងញៀន​មុន​ពេល​ផ្ទុះ​អំពើ​ហិង្សា​នេះ​ឡើង ហើយ​មិន​បាន​ចាំ​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ។ យ៉ាង​ណា​ក្ដី ក្រោយ​មក​លោក​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ក្នុង​ការ​បង្ក​របួស​ស្នាម​ទៅ​លើ​រូបរាង​កាយ​កូន​ក្រមុំ នៅ​​តុលាការ Peterlee Magistrates ចក្រភព​អង់គ្លេស។ លោក Golightly ត្រូវ​បង្គាប់​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល ២​ឆ្នាំ និង​​ហាម​ឃាត់​មិន​ឲ្យ​ជួប​ប្រពន្ធ នាង Dawson ​ដែល​លែង​លះ​រួច ព្រម​ទាំង​សង​សំណង​មួយ​ចំនួន​ផង​ដែរ។ ​​

 

នាង Dawson បាន​បញ្ជាក់​​ថា ទណ្ឌកម្ម​នេះ​ពិត​ជា​ស្រាល​ខ្លាំង​ណាស់។ កូន​ក្រមុំ​ដែល​ជា​និស្សិត​ផ្នែក​គណនេយ្យ បាន​និយាយ​បន្ទាប់​ពី​សវនាការ​ថា "ខ្ញុំ​គិត​ថា​ប្រហែល​មិន​រស់​ទេ​ពេល​នោះ... មើល​ទៅ​គាត់ ដូច​ជា​ចង់​សម្លាប់​ខ្ញុំ"។

 

តាម​ពិត​ទៅ គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​និង​ទើប​លែង​លះ​គ្នា​វិញ​នេះ បាន​រស់នៅ​ជាមួយ​គ្នា​តាំង​ពី​មុន​អាពាហ៍ពិពាហ៍​ម្ល៉េះ និង​ធ្លាប់​មាន​កូន​ម្នាក់​ជាមួយ​គ្នា​ទៀត​ផង ប៉ុន្តែ​បែរ​ជា​ផ្ទុះ​អំពើ​ហិង្សា​ឡើង​រហូត​ដល់​បែក​គ្នា​ក្នុង​ថ្ងៃ​រៀបការ​ទៅ​វិញ៕

 

ចុចអាន៖ ស្រី​ស្អាត​​ស្លៀក​​ឈុត​​ខ្លា​ឃ្មុំ​​ផេនដា ​លុត​ជង្គង់​សុំ​មិត្ត​ប្រុស​រៀបការ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​​

អត្ថបទពេញនិយម