ថ្ងៃនេះ ត្រាយអាស៊ី ធ្វើតេស្តរើសកីឡាករថ្មីឲ្យប្រាក់ខែពី៣០០ទៅ៥០០ដុល្លារ
- 2015-02-18 16:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ត្រាយអាស៊ី ធ្វើតេស្តរើសកីឡាករថ្មីឲ្យប្រាក់ខែពី៣០០ទៅ៥០០ដុល្លារ
ចន្លោះមិនឃើញ
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្លិបត្រាយអាស៊ីភ្នំពេញដែលទើបស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីនឹងធ្វើតេស្តជ្រើសរើសកីឡាករថ្មីវេលាម៉ោង២រសៀលនៅទីលានបាល់ទាត់កងទ័ពជើងទឹក ហើយនឹងផ្តល់ប្រាក់ខែចន្លោះពី៣០០ទៅ៥០០ដុល្លារក្នុងមួយខែ។
លោក ឈូក ពិសិដ្ឋ អតីតគ្រូបណ្តោះអាសន្នត្រាយអាស៊ី
អតីតគ្រូបណ្ដោះអាសន្ន លោក ឈូក ពិសិដ្ឋ បាននិយាយថា ដោយមើលឃើញពីចន្លោះប្រហោងរបស់ក្លិប លោកគ្រូបង្គោលថ្មីលោក Masakazu Kihara បានសម្រេចចិត្តបើកការធ្វើតេស្តមួយដើម្បីជ្រើសរើសអ្នកមានសមត្ថភាពក្នុងវិស័យបាល់ទាត់ឲ្យមកជួយក្រុមដែលការធ្វើតេស្តនៅទីលានបាល់ទាត់កងទ័ពជើងទឹក។
ការធ្វើតេស្តជ្រើសរើសកីឡាករថ្មីនេះ ក្លិបមិនកំណត់អាយុ ជាតិសាសន៍ និងកីឡាករអាជីព ឬមិនអាជីពឡើយ។ សម្រាប់អ្នកជាប់ធ្វើតេស្តចូលជាសមាជិក ក្លិបនឹងផ្ដល់ប្រាក់ខែសមរម្យដោយអាស្រ័យលើសមត្ថភាព និងបច្ចេកទេស។ អតីតគ្រូបណ្ដោះអាសន្នបាននិយាយថា ៖«សម្រាប់ប្រាក់ខែ អាស្រ័យលើកីឡាករមានបទពិសោធន៍ និងសមត្ថភាពក្នុងពេលកំពុងធ្វើតេស្ត ហើយអាចបានប្រាក់បៀវត្សចន្លោះពី៣០០ ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយខែ»។
បន្ទាប់ពីចប់ពាន Hun Sen Cup ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្លិបត្រាយអាស៊ីបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី។ ក្រុមហ៊ុនដែលជាម្ចាស់ថ្មីឈ្មោះ Forward គ្រោងចំណាយទឹកប្រាក់២៨ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយក្នុងរយៈពេល៣ឆ្នាំគិតចាប់ពី២០១៥នេះទៅគ្រោងយកជើងឯកលីកកំពូលកម្ពុជាឲ្យបាន។
ចំពោះការដាក់ពាក្យ អាចទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ ០៨៧ ៣០ ៣៥ ៣៤ និងឈប់ទទួលពាក្យគិតចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃធ្វើតេស្តនេះតែម្តង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា