សិល្បករ​សៀក ៥​ប្រទេស​នឹង​មក​ជួប​ជុំ​គ្នា​ក្នុង​ព្រឹត្តិការណ៍​សៀក​ដ៏​ធំ​នៅ​កម្ពុជា

  • 2015-02-26 16:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​មក​ពី​៥​ប្រទេស​រួម​ទាំង​កម្ពុជា​មាន បារាំង ស្វីស កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម គ្រោង​នឹង​មក​ជួប​ជុំ​គ្នា​នៅ​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​សៀក​ប្រចាំ​ឆ្នាំ​ហៅ​ថា "ទី​នេះ​ទី​នោះ"។

 

សិល្បករ​មក​ពី​ប្រទេស​ទាំង​នោះ​មាន ស្វីស ៨នាក់ បារាំង ៥នាក់ កោះ​តៃវ៉ាន់ ១០នាក់ វៀតណាម ៥នាក់ ឯ​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ មាន​ច្រើន​ជាង​គេ​ដោយ​ចែក​ជា​ផ្នែក​ៗ​ទៀត គឺ​សិល្បករ​មក​ពី​អង្គការ​ពន្លឺ​សិល្បៈ សិល្បករ​មក​ពី​សាលា​សៀក​ជាតិ សរុប​ទៅ​ប្រមាណ​ជា ៦០នាក់ បង្កើត​បាន​ជា​ព្រឹតិ្តការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ។ នេះ​បើ​តាម ឯកឧត្តម គង់ កន្តារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌។

 

 

“ទីនេះ​ទីនោះ" គឺ​ជា​មហា​ស្រព​សៀក​អន្តរជាតិ ដែល​រៀប​ចំ​ឡើង​មក​ដល់​ឆ្នាំ​ទី​៩​ហើយ។ ឆ្នាំ​ដំបូង​បំផុត​របស់ "ទី​នេះ​ទីនោះ" គឺ​កើត​ឡើង​នៅ​ឆ្នាំ ២០០៤។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១១ បាន​ផ្អាក​មួយ​រយៈ​ដោយ​សារ​បញ្ហា​ហិរញ្ញ​វត្ថុ។ រហូត​មក​ដល់​ឆ្នាំ ២០១៤​ទើប មហោស្រព​សៀក​ប្រចាំ​ឆ្នាំ​នេះ បាន​កើត​ឡើង​ជា​ថ្មី​ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Smart និង​ធនាគារ ANZ Royal។

 

មក​ដល់​ឆ្នាំ ២០១៥ “ទី​នេះ​ទីនោះ" បាន​បន្ត​មក​ដល់​ឆ្នាំ​ទី​២​បន្ទាប់​ពី​ចាប់​ផ្ដើម​ជា​ថ្មី។ ឯកឧត្តម គង់ កន្តារ៉ា ប្រាប់​ថា មិន​ថា​ឆ្នាំ​មុន ឬ​ឆ្នាំ​នេះ មហោស្រព​សៀក​អន្តរជាតិ​ប្រចាំ​ឆ្នាំ​នេះ មិន​ដើម្បី​ប្រឡង​ប​ប្រជែង​យក​ចាញ់​ឈ្នះ​គ្នា​ឡើយ។ "យើង​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ​សៀក​ខ្មែរ​ឲ្យ​ទូលំទូលាយ​ទី​១ និង​ទី​២ គឺ​ដើម្បី​បើក​ឱកាស​សិល្បករ​សៀក​យើង​បាន​ដក​ស្រង់​បច្ចេកទេស​ជាមួយ​សិល្បៈ​សៀក​មក​ពី​ប្រទេស​នានា​ប៉ុណ្ណោះ!”។

 

 

លោក ហួត តារា នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ​ខេត្ត​សៀមរាប បន្ថែម​ថា "ទី​នេះ​ទី​នោះ" ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព សហប្រតិបត្តិការ ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ការ​ទំនាក់​ទំនង។ ឈរ​លើ​គោល​ការណ៍​នេះ លោក​ថា "ទី​នេះ​ទីនោះ" ២០១៥ នឹង​មក​នូវ​ការ​សម្ដែង​ពិសេសៗ​ជា​ច្រើន ដើម្បី​ចែក​រំលែក​គំនិត​ច្នៃ​ប្រឌិត​ជាមួយ​ប្រជាជន​កម្ពុជា។

 

ឆ្លង​កាត់​ការ​ធ្វើ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក ឃួន ដេត នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់​ដំបង​ដែល​មាន​ទិសដៅ​បណ្ដុះ​បណ្ដាល​ការ​ស្រឡាញ់​សិល្បៈ​វប្បធម៌ លើក​កម្ពស់​ការងារ​សង្គមកិច្ច ដោយ​ជួយ​ឲ្យ​កុមារ​ក្រីក្រ និង​កំព្រា​មាន​ជំនាញ​ជា​ដើម បាន​គូស​បញ្ជាក់​ថា សិល្បៈ​សៀក​ខ្មែរ​បាន​កើន​ឡើង​នូវ​ការ​ចាប់​អារម្មណ៍ ដោយ​ផ្ដើម​ពី​ចំណុច​ទាប​ជាង​សម្រាប់​ការ​គាំទ្រ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក មក​ទល់​បច្ចុប្បន្ន មាន​សន្ទស្សន៍​ប្រហាក់​ប្រហែល​គ្នា​នឹង​ជន​បរទេស។

 

ក្រៅ​ពី​នេះ ការ​ចាប់​អារម្មណ៍​របស់​យុវវ័យ​ចំពោះ​ការ​ហាត់​រៀន​សិល្បៈ​សៀក​ក៏​មាន​ការ​កើន​ឡើង​ដែរ ក្នុង​នោះ​គ្រាន់​តែ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​របស់​លោក មាន​រហូត​ដល់​ទៅ ១២០០នាក់​ឯណោះ។

 

លោក​ស្រី ភោគ ឌីណា នាយិកា​សាលា​សៀក​ជាតិ ដែល​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ និង​សហគ្រាស​សង្គម​ហ្វារ បាន​ថ្លែង​ថា លោក​ស្រី​មាន​មាន​ក្ដី​សោមនស្ស​រីករាយ​ណាស់ ការ​ឈាន​មក​ដល់​របស់​មហោស្រព "ទីនេះ​ទីនោះ" ឆ្នាំ​នេះ ហើយ​លោក​ស្រី​សង្ឃឹម​ថា សិល្បៈ​សៀក​ខ្មែរ​នឹង​កាន់​តែ​មាន​ប្រជាប្រិយភាព​បន្ថែម​ទៀត។

 

 

 រូបភាព៖ http://www.pharecambodiancircus.org

 

ជាមួយ​នឹង​ការ​តាំង​ចិត្ត​របស់​អ្នក​រៀប​ចំ​ថា​នឹង​ធ្វើ​ឲ្យ​ធំ​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ “ទី​នេះ​ទី​នោះ" ២០១៥ ក៏​ ទទួល​បាន​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ធំ​ និង​ថ្មី​ៗ​ជា​ច្រើន ក្នុង​នោះ​ក្រៅ​ពី Smart និង​ធនាគារ ANZ Royal ដែល​ជា​អ្នក​ឧបត្ថម្ភ​ចាស់ ក្រុមហ៊ុន​តូតាល់ អាកាសយានដ្ឋាន​កម្ពុជា វិទ្យាស្ថាន​វប្បធម៌​បារាំង ជា​ដើម​ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ដែរ។

 

JASSAUD Yves តំណាង​ក្រុមហ៊ុន​តូតាល់ ដែល​ទើប​នឹង​ចូល​ឧបត្ថម្ភ​ក្នុង​ឆ្នាំ​នេះ​ថ្លែង​ថា លោក​បាន​ទៅ​ទស្សនកិច្ច​ផ្ទាល់​ដល់​អង្គការ​ហ្វារ និង​បាន​ឃើញ​ថា​អ្វី​ដែល​អង្គការ​នេះ បាន​ធ្វើ​គឺ​មាន​ប្រយោជន៍​ណាស់ ដោយ​ជួយ​ឲ្យ​កុមារ​ៗ​ក្រីក្រ និង​យុវវ័យ​កម្ពុជា​មាន​ជំនាញ​ពិត​ប្រាកដ​ជា​គ្រឹះ​សម្រាប់​អនាគត។ មើល​ឃើញ​ចំណុច​នេះ ទើប​តូតាល់​សម្រេច​ចូលរួម​ឧបត្ថម្ភ ជួយ​ផ្សព្វផ្សាយ​សិល្បៈ​សៀក​ខ្មែរ។

 

មហោស្រព​សៀក​អន្តរជាតិ “ទី​នេះ​ទីនោះ" នឹង​ធ្វើ​ឡើង​មាន​រយៈ​ពេល ៨ថ្ងៃ ដោយ​មាន​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ និង​សិក្ខាសាលា​រវាង​សិល្បករ​អន្តរជាតិ នៅ​តាម​ខេត្ត​ក្រុង​ចំនួន​៣ គឺ​ភ្នំពេញ​ពី​ថ្ងៃ​ទី ៧-៩ឧសភា។ សៀមរាប​ពី​ថ្ងៃ​ទី ១១-១៣ ឧសភា និង​បាត់​ដំបង​ពី​ថ្ងៃ​ទី ១៥ដល់​ថ្ងៃ​ទី ១៦​ឧសភា៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី