វ៉ាត់ ចំរើន៖ ឆ្នាំ ២០១៤ គឺជា​ ឆ្នាំ​ប្រវត្តិសាស្ត្រ​ កីឡាកម្ពុជា

  • 2015-02-26 22:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៤ ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ដោយ​ប្រទេស​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ទ្វីប​អាស៊ី​​ ដែល​ ៦០​ ឆ្នាំ​មក​ហើយ ខ្មែរ​ទើប​ទទួល​បាន​មេដាយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ លោក វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក។

 

http://youtu.be/g9CzwVE5VkI

 

លោក វ៉ាត់ ចំរើន​ បាន​ប្រាប់​គេហទំព័រ Sabay នៅ​ឯ​មហាសន្និបាត​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា NOCC បូក​សរុប​ការងារ​ឆ្នាំ ២០១៤ និង លើក​ទិសដៅ​ឆ្នាំ ២០១៥ កាល​ពី​ព្រឹក​មិញ​នេះ​ថា ឆ្នាំ ២០១៤ គឺជា ឆ្នាំ​ប្រវត្តិសាស្ត្រ​បំបែក​នៅ​កំណត់​ត្រា​កីឡា​ជាតិ​កម្ពុជា​​ គឺ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ នា​ឆ្នាំ ២០១៤ ដោយ ស៊ន សៀវមី ។

 

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ធំៗ បាន​ក្លាយ​ទៅ​ជា​ផលិតផល​ទេសចរណ៍ និង ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​វិជ្ជមាន​​នៅ​ក្នុង​សង្គម​ជាតិ ក៏ដូចជា ឯកភាព​ជាតិ និង ភាព​រីកចម្រើន​នៅ​ក្នុង​ប្រទេស​តាមរយៈ​កីឡា។

 

ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ ឆ្នាំ ២០១៤ កញ្ញា ស៊ន សៀវមី បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​បាន​ចាត់​ទុក​ឆ្នាំ ២០១៤ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ គឺជា​ ការ​លើក​ទឹក​ចិត្ត​ធំធេង​សម្រាប់​​នាង។ សៀវមី បញ្ជាក់​ថា "ខ្ញុំ​សប្បាយ​ចិត្ត​​ វា​ជា​ការ​លើក​ទឹក​ចិត្ត​ ហើយ​ខ្ញុំ​នឹង​ព្យាយាម​យក​ជយជំនះ​ថែម​ទៀត​នៅ​ឆ្នាំ ២០១៦ នា​ប្រទេស​ប្រេស៊ីល"។

 

នី សំណាង ម្ចាស់​មេដាយ​សំរិទ្ធ​ទ្វីប​អាស៊ី​លើ​ឆ្នេរ​ខ្សាច់​ប្រទេស​ថៃ ២០១៤ បាន​លើក​ឡើង​ដែរ​ថា ការ​លើក​ឡើង​របស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ខាង​លើ គឺជា​ ការ​លើក​ស្ទួយ​ស្រ្តី​ខ្មែរ លើក​ទឹក​ចិត្ត​កីឡាករ កីឡា​ការិនី និង ឲ្យ​កីឡាករ ជំនាន់​ក្រោយ​កាន់​តែ​ប្រឹងប្រែង​ និង យក​គំរូ​តាម​។

 

តាម​ការ​បញ្ជាក់​ពី​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ បាន​ចាត់​ទុក​ថា ការ​នាំ​ជូន​មេដាយ​មាស​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ ដោយ​កញ្ញា ស៊ន សៀមី និង នី សំណាង មេដាយ​សំរិទ្ធ​ទ្វីប​អាស៊ី​លើ​ឆ្នេរ​ខ្សាច់​ប្រទេស​ថៃ នា​ឆ្នាំ ២០១៤ គឺជា ប្រវត្តិសាស្រ្ត​របស់​កម្ពុជា និង ជា​មុខមាត់​ប្រទេស​ ហើយ​​មហាសន្និបាត​នៅ​ព្រឹក​មិញ​នេះ គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា កាន់​តែ​រីកចម្រើន​នៅ​លើ​ឆាក​អន្តរជាតិ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា