រូបភាពលៀសហាលមានសត្វល្អិត ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយតៗគ្នា ជាងមួយសប្តាហ៍មកហើយ។ អ្នកខ្លះជឿថា រូបភាពនេះមិនពិតប្រាកដទេ ឯកអ្នកខ្លះទៀតថា ពិតជាកើតមានមែន ព្រោះធ្លាប់ញ៉ាំប៉ះចំមានសត្វល្អិត។
កញ្ញា ធីតា និស្សិតសាកលវិទ្យាល័យប្រៀលប្រាយជំនាញគណនេយ្យបានប្រាប់ Sabay ថា ខ្លួនបានឃើញមិត្តភ័ក្ដិចែកចាយតៗគ្នាទាក់ទងនឹងលៀសហាលមានសត្វល្អិតនេះ។ ប៉ុន្តែមិនដឹងពិតប្រាកដ ឬរូបកាត់តនោះទេ។ "ធ្លាប់ញ៉ាំលៀសហាលម្តងម្កាលដែរ ប៉ុន្តែអត់ចាប់អារម្មណ៍មានដង្កូវ ឬសត្វល្អិតនោះទេ”។ ធីតា និយាយ។
កញ្ញា សុភា បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយបានរៀបរាប់ដែរថា ខ្លួនធ្លាប់ញ៉ាំលៀសហាលញឹកញាប់ដែរ ប៉ុន្តែមិនដែលប្រទះសត្វល្អិត ដូចការចែកចាយតៗគ្នានៅលើបណ្ដាញសង្គម Facebook នោះទេ។ យុវតីរូបនេះបានរៀបរាប់ទៀតថា ធម្មតាប្រភេទលៀស គ្រំ ខ្ចងជាដើម តែងមានសត្វល្អិតតោងជាប់ ឬស្ថិតនៅក្នុងពោះរបស់វា។ ដូច្នេះការដែលយកមកញ៉ាំឃើញមានសត្វល្អិតទាំងនោះ អាចមកពីអ្នកធ្វើ ឬអ្នកចំអិន មិនបានត្រាំទឹកមានឲ្យមានអនាម័យត្រឹមត្រូវ។ "អ្នកខ្លះត្រាំ ដល់ទឹកអំបិលផង តែដោយសារតែតម្រូវការច្រើនពេលខ្លះ អ្នកលក់ត្រូវប្រញាប់ ហើយភ្លេចគិតដល់បញ្ហាអនាម័យ”។
“ដំបូងខ្ញុំក៏អត់ជឿគេនិយាយតៗគ្នានេះទេ ប៉ុន្តែទាល់តែប៉ះចំខ្លួនឯងទើបជឿមួយរយភាគរយតែម្តង”។ ទាំងនេះគឺជាការរៀបរាប់របស់អ្នកស្រី ចាន់ណា អាជីវករលក់ខោអាវស្រីនៅផ្សារទឹកថ្លា។ អាជីវកររូបនេះបានរៀបរាប់ថា ខ្លួនបានទិញលៀសមកញ៉ាំគ្នាបីនាក់ បានឃើញផ្ទាល់ភ្នែកតែម្តង។ ម្នាក់ៗក្អួតស្ទើរមិនចេញ។ "សត្វល្អិតមានរាងសថ្លា និងមិនដូចអៀនទេ។ ខ្ញុំប្រហែលរាងចាលហើយលៀសហាលនេះ”។
លោក ម៉ៅ បូរ៉ា ដែលដើមឡើយជាអ្នកលក់ម៉ាំល្ហុង និងបានបន្ថែមមកលក់លៀសហាលអនាម័យបានប្រាប់ Sabay ថា
ពាក្យចចាមអារ៉ាមលៀសហាលមានសត្វល្អិតនេះ លោកបានឮអតិថិជនមកទិញលៀសបាននិយាយច្រើនគ្នា។ ប៉ុន្តែអ្នកលក់លៀសហាលមានយីអ៊ុនរូបនេះបានអះអាងថា លៀសនៅរដូវប្រាំងមិនមានសត្វល្អិតនោះទេ លើកលែងតែលៀសរដូវវស្សាដែលមានទឹកឡើងចុះ។
លោក បូរ៉ា បានបន្ថែមថា មុនយកទៅហាល លៀសលោកបាន
ត្រាំទឹកយ៉ាងតិចពី ២០-៣០នាទី និងលាងសំអាតបំបាត់ក្លិនដី បន្ទាប់មកយកទៅប្រឡាក់អំបិល ដែលមានគ្រឿងផ្សំជាច្រើនមុខ ដើម្បីកំចាត់ក្លិនឆ្អាប។ "ខ្ញុំមិនជឿថា លៀសរដូវប្រាំងមានព្រូន ឬសត្វល្អិតផ្សេងៗនោះទេ។ ម្យ៉ាងបើយើងលាងសម្អាតបានត្រឹមត្រូវខ្ញុំធានាថាមានអនាម័យ ជាក់ស្តែងលៀសខ្ញុំលក់មិនដែលសល់នោះទេ”៕
អត្ថបទ៖មៃ សុខលីម
រូបភាព៖បណ្តាញសង្គម