​នំ​អន្សម​យក្ស​កម្ពុជា​​កំពុង​ត្រៀម​ខ្លួន​បំបែក​ឯតទគ្គកម្ម​ពិភពលោក

  • 2015-03-05 15:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នំ​អន្សម​យក្ស​ធំ​ជាង​គេ​បង្អស់​លើ​ពិភព​លោក​ ​ដែល​​​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទឹក​ដី​អាណាចក្រ​អង្គរ​ ខេត្ត​សៀម​រាប​ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​​ទី ១៦ ខែ​មេសា ឆ្នាំ​២០១៥​ខាង​មុខ​ ​ គ្រោង​នឹង​បំបែក​ឯតទគ្គកម្ម​ពិភពលោក។   ​​​​ស្ថាប័ន​ចំនួន​បួន​ រួម​មាន​ ក្រសួង​ពាណិជ្ជកម្ម​ សមាគម​​ចុង​ភៅ​កម្ពុជា​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​​ស្ម័គ្រ​ចិត្ត​រួម​សហការ​គ្នា​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ក្នុង​ការ​កែ​ច្នៃ​គ្រឿង​ផ្សំ​ជា​វត្ថុ​ធាតុ​ដើម​​ផ្សេងៗ​​ទៀត​ ឲ្យ​​លេច​ចេញ​ជា​​រូប​រាង​នំ​អន្សម​ខ្មែរ ​ធំ​ជាង​គេ​បង្អស់​លើ​ពិភព​លោក​ (The Largest Sticky Rice Cake- Num Ansorm) ​ដើម្បី​ដាក់​ពាក្យ​​ចូល​កំណត់ត្រា​ឯកត្តកម្ម​ពិភព​លោក (Guinness​ World​ Record)។   លោក​ សោម រតនា ​អ្នក​នាំ​ពាក្យ​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថ្លែង​ថា៖ ក្រុម​ការងារ​របស់​លោក​​កំពុង​តែ​ខ្នះខ្នែង​​ រៀប​ចំ​​ធ្វើ​នំ​អន្សម​យក្ស​ខ្មែរ​ ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​ទាំង​ក្នុង​ប្រទេស​ និង​លើ​ឆាក​អន្តរជាតិ។ ​ទន្ទឹម​នឹង​នោះ​ដែរ​ ភាគី​ពាក់​ព័ន្ធ​របស់​លោក​កំពុង​តែ​ ត្រៀម​ខ្លួន​យក​នំ​អន្សម​យក្ស​ខ្មែរ​យើង​ ​ដាក់​ពាក្យ​ទៅ​ក្នុង​កម្មវិធី Guinness ​ World​ Record ​នា​ពេល​ខាង​មុខ​​ទៀង​ផង។   លោក​ បន្ថែម​ទៀត​ថា៖ "ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀម​រាប​ឆ្នាំ​នេះ​ យើង​នឹង​​រៀប​ចំ​ធ្វើ​ឲ្យ​អធិកអធម​​ទ្វេ​ដង ហើយ​ការ​ដែល​​ធ្វើ​នំ​អន្សម​យក្ស​ដែល​ធំ​ជាង​ឆ្នាំ​មុន​បែប​នេះ​ គឺ​ជា​ការ​​បង្ហាញ​ដល់​ពិភពលោក​​ពី​សក្ដានុពល​នៃ​ស្រូវ​អង្ករ​ខ្មែរ​យើង​ផង​ ក៏​ដូច​ជា​ការ​​ឆ្លុះ​បញ្ចាំង​ពី​​ឆន្ទៈ​នៃ​ការ​គាំ​ទ្រ​សកម្មភាព​លើក​តម្កើង​វប្បធម៌​ អរិយធម៌​ដ៏​ល្អ​ផូរផង់​​ និង​សម្បូរ​បែប​របស់​ខ្មែរ​យើង​ តាំង​ពី​បុរាណ​កាល​មក"។  

 
  ទាក់​ទង​ទៅ​នឹង​​បច្ចេកទេស​ចម្អិន​នំ​អន្សម​យក្ស​នេះ​ដែរ លោក​ ចាន់ សុភា ប្រធាន​សមាគម​ចុង​ភៅ​កម្ពុជា បញ្ជាក់​ថា៖ "នំ​អន្សម​យក្ស​យើង​ឆ្នាំ​នេះ​​​នឹង​ធ្វើ​ឲ្យ​ធំ​ជាង​ និង​ល្អ​ជាង​ឆ្នាំ​មុន។ ​គ្រាន់​តែ​គ្រឿង​ផ្សំ​ជា​វត្ថុ​ធាតុ​ដើម​យក​មក​ធ្វើ​ មាន​ទម្ងន់​ ៣,២ តោន អង្កត់​ផ្ចិត​ប្រវែង ១ ម៉ែត្រ និង​បណ្ដោយ​រហូត​ដល់​ ៥ ម៉ែត្រ​ឯណោះ ​ក្នុង​នោះ​នំ​អន្សម​​យក្ស​មួយ​ ត្រូវ​ចម្អិន​រយៈ​ពេល​២៤ម៉ោង​ទើប​ឆ្អិន"។   សមាជិក​នៃ​សមាគម​ចុង​ភៅ​ពិភព​លោក ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​ បន្ថែម​ទៀត​ថា៖ ​"ក្រុម​ការងារ​​ទាំង​មេ​ចុង​ភៅ​ និង​កូន​កាំ​បិត​ ​របស់​យើង​ដែល​មាន​គ្នា​​រហូត​ដល់​១០០នាក់​ ប្ដេជ្ញា​ថា​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រស​ជាតិ​ និង​គុណភាព​របស់​នំ​អន្សម​យក្ស​នេះ​​ល្បី​រន្ទឺ​ពេញ​ពិភពលោក​តែ​ម្ដង"។   គួរ​បញ្ជាក់​ដែរ​ថា​ ឆ្នាំ​មុន​​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ខេត្ត​សៀម​រាប​ ក៏​មាន​ធ្វើ​នំ​អន្សម​យក្ស​ដែរ​ តែ​សម្រាប់​ឆ្នាំ​នេះ ​នំ​អន្សម​យក្ស​ដែល​រំពឹង​ថា​ ធំ​ជាង​ឆ្នាំ​មុន​នឹង​​ត្រូវ​បាន​រៀប​ចំ​ដាក់​ពាក្យ​​​​ទៅ​ក្នុង​កម្មវិធី​ល្បី​​លំដាប់​ពិភពលោក​ Guinness  World​ Record។ ដោយ​ឡែក​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​មាន​បំណង​ទៅ​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​នេះ​ ក៏​អាច​ចូល​រួម​ភ្លក់​រស​ជាតិ​អន្សម​យក្ស​នេះ​ដោយ​សេរី​បាន​ទៀត​ផង៕  
 
 
 

អាន​អត្ថបទ៖ កម្ពុជា កំពុង​​ធ្វើ​មួក​ស្លឹក​ត្នោត​និង​អង្រុត​​យក្ស​ត្រៀម​​ អង្គរ​សង្ក្រាន្ត​២០១៥​     អត្ថបទ៖ យិន សំបូរ រូបភាព៖ ស.ស.យ.ក​​​​​​​​​​

អត្ថបទថ្មី